Thursday, December 19, 2019

លិខិតមិត្តអ្នកអាន៖ សកម្មភាពមិនមានសង្គតិភាពរបស់អតីតស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប

ជាង២ឆ្នាំហើយដែលសហភាពអឺរ៉ុបយល់ឃើញថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិម​នុស្សនៅកម្ពុជាមានការធ្លាក់ចុះខ្លាំង។ បញ្ហានេះជំរុញឲ្យសហភាពអឺរ៉ុប ចាប់ផ្តើមនីតិវិធីដែលអា​ចនាំទៅដល់ការដកភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម EBA។ យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជាមិនបានយល់ស្របនឹងទស្សនៈ និងការព្រួយបារម្ភរបស់សហភាពអឺរ៉ុបនោះទេ ដោយបានហៅសកម្មភាពរបស់សហភាពអឺរ៉ុបថា គឺជាការលូកដៃដោយអយុត្តិធម៌ចូលក្នុងកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពរបស់កម្ពុជា។ ភាគីទាំង២មានការបញ្ជាក់ពីភាពត្រឹមត្រូវដែលមានមូ​លដ្ឋានច្បាប់ចំពោះសកម្មភាពរបស់របស់ពួកគេ។
កាលកំណត់ថ្ងៃទី១២ ខែធ្នូ សម្រាប់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងរបាយការណ៍របស់ស​ហ​ភាពអឺរ៉ុបស្តីពីការរកឃើញ និងសេចក្តីសន្និដ្ឋានស្របតាមមាត្រា១៩(៧) នៃបទប្បញ្ញត្តិ (EU) 978/2012 ទាក់ទងនឹងនីតិវិធីសម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះអនុវត្តចំ​ពោះ​ព្រះរាជាណាចក្រកម្ពុជា តាមមាត្រា១៩ នៃបទប្បញ្ញត្តិ (EU) No 978/2012 បានកន្លងផុត ហើយរដ្ឋាភិបាលកម្ពុជាបានផ្ញើការឆ្លើយតបនៅថ្ងៃចុងក្រោយនោះ។ គណៈកម្មការអឺរ៉ុប (អង្គនីតិប្រតិបត្តិ) នឹងត្រូវធ្វើសេចក្តីសម្រេចក្នុងទម្រង់ជាច្បាប់ delegated acts ប្រសិនជាត្រូវដកដោយផ្នែក ឬទាំងស្រុងនូវអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្មក្រោមកម្មវិធី EBA ដែលផ្តល់ឲ្យប្រ​ទេ​​សកម្ពុជាក្រោមប្រព័ន្ធអនុគ្រោះទូទៅរបស់ខ្លួន។ សភាអឺរ៉ុប និងក្រុមប្រឹក្សា (អង្គនីតិបញ្ញត្តិ) មិនជាប់ទាក់ទងនឹងការអនុម័តច្បាប់ delegated acts នោះទេ តែអាចជំទាស់នឹងច្បាប់ទាំងនោះក្នុងរយៈពេល២ខែ។
ប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុបគឺជាប្រព័ន្ធដែលគេបានប្រើប្រាស់យ៉ាងទូលំទូលាយច្រើនជាងគេបំផុតក្នុងចំណោមប្រព័ន្ធអនុគ្រោះទូទៅរបស់ប្រទេសអភិវឌ្ឍន៍ទាំងអស់។ ទំហំនៃ​ការនាំចូលទៅក្នុងសហភាពអឺរ៉ុបដោយប្រទេសកំពុងអភិវឌ្ឍន៍ក្រោមប្រព័ន្ធអនុគ្រោះទូទៅនេះ គឺមានទំហំធំជាងការនាំចូលទៅក្នុងសហរដ្ឋអាមេរិក កាណាដា និងជប៉ុន រួមគ្នា។ ក្រោ​មប្រព័ន្ធអនុគ្រោះទូទៅរបស់ខ្លួនកម្មវិធី EBA គឺជាភាពអនុគ្រោះផ្នែកពាណិជ្ជកម្មដែលមានលក្ខណៈសប្បុរសធម៌បំផុត។ សហភាពអឺរ៉ុបនិងប្រជាពលរដ្ឋរបស់ខ្លួនអាចមានមោទនភាពក្នុងនា​មជាទីផ្សារមួយដែលមានភាពបើកចំហបំផុតសម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។
បច្ចុប្បន្ន ក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចទាំង៤៧ កម្ពុជា គឺជាអ្នកទទួលផ​លធំមួយពី EBA ដោយមានទឹកប្រាក់នាំចេញសរុបទៅសហភាពអឺរ៉ុប មានចំនួនលើសពី៥ពា​ន់លានដុល្លារ។ មែនហើយភាពអនុគ្រោះដែលផ្តល់ឲ្យប្រទេសទទួលទាំងឡាយក្រោមប្រព័ន្ធនេះត្រូវបានផ្សារភ្ជាប់ ជាមួយលក្ខខណ្ឌនៃការគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែ​លសហភាពអឺរ៉ុបបានអះអាងថា ជាតម្លៃស្នូលរបស់ខ្លួន។ ហើយដោយហេតុថា ភាពអនុគ្រោះគឺត្រូវបានផ្តល់ឲ្យដោយឯកតោភាគី សហភាពអឺរ៉ុប មានសិទ្ធិពេញលេញក្នុងការដកទៅវិញ ប្រ​​សិនជាខ្លួនបានត្រួតពិនិត្យហើយសន្និដ្ឋានថា ប្រទេសទទួលណាមួយមិនបានអនុលោមទៅតាមតម្លៃស្នូលដែលសហភាពអឺរ៉ុបបានអះអាងថាជារបស់ខ្លួននោះ។
តម្លៃស្នូលដែលបានអះអាងធៀបនឹងសកម្មភាពដែលមានសង្គតិភាព
ខណៈដែលយើងយល់ស្រប និងកោតសរសើរតម្លៃស្នូលរបស់សហភាពអឺរ៉ុប តើសហភាពអឺ​រ៉ុបមានសង្គតិភាពក្នុងសកម្មភាពរបស់ខ្លួនក្នុងការការពារ​តម្លៃស្នូលនេះ​ដែរឬទេ?
ច្បាស់ណាស់ មានប្រទេសជាច្រើនដែលទទួលបានភាពអនុគ្រោះនេះ មានកំណត់ត្រានៃការគោរពសិទ្ធិមនុស្សអន់ជាងកម្ពុជាទៅទៀត ហើយសហភាពអឺរ៉ុប​មិនបានចាត់វិធានការទៅលើប្រទេសទាំងនោះទេ។ ហើយផ្ទុយទៅវិញមុនពេល​ចាប់ផ្តើមនីតិវីធីក្នុងការដកប្រព័ន្ធអនុគ្រោះពីកម្ពុជា សហភាពអឺរ៉ុបបានចាប់ផ្តើមការ​ចរចាពាណិជ្ជកម្ម​សេរីជាមួយប្រទេសវៀតណាមតាំងពីខែមិថុនា ឆ្នាំ២០១២ ហើយ​យោងតាមគោលការណ៍និងស្តង់ដារលោកខាងលិច ប្រទេសវៀតណាម គឺជា​ប្រទេស​ដែលមិន​មានលទ្ធិប្រជាធិបតេយ្យ និងមានកម្រិតទាប​ក្នុងការគោរពសិទ្ធិ​មនុស្ស។
មកដល់ពេលនេះ វៀតណាមនៅតែជាប្រទេសកុម្មុយនីស្ត ដែលមានប្រព័ន្ធឯកបក្សគ្មានការបោះឆ្នោតទូទៅ។ ប្រទេសនេះអនុញ្ញាតតិចបំផុតចំពោះសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ។ អំពីការការពារសិទ្ធិកម្មករ វៀតណាមបានចុះហត្ថលេខាផ្តល់សច្ចាប័នលើអនុសញ្ញាស្នូ​ល​របស់អង្គការអន្តរជាតិខាង​ការងារតិចជាងកម្ពុជាឆ្ងាយ​ណាស់ជាពិសេសអនុសញ្ញាលេខ៨​៧​ ស្តីពីសេរីភាពនៃការបង្កើតសមាគមនិងសហជីព និងអនុសញ្ញាលេខ៩៨ស្តីពីសិទ្ធិក្នុងការរៀបចំនិងការចរចាជាសមូហភាព។ វៀតណាមមិនអនុញ្ញាតឲ្យមានការបង្កើតសហជីពច្រើនទេ លើកលែងតែសហជីពកណ្តាលមួយដែលគេមើលឃើញថា មិនមានឯករាជ្យភាពពីការគ្រ​ប់គ្រង​របស់រដ្ឋាភិបាលនោះទេ។ យោងតាមអ្នកទិតៀននៅលោកខាងលិច វៀតណាគឺជារដ្ឋដែលមានការកៀបសង្កត់ផ្នែកនយោបាយខ្លាំង។ រដ្ឋាភិបាលកុម្មុយនីស្តមានអំណាចផ្តាច់មុខ ហើយគ្មានសារព័ត៌មានឯករាជ្យទេ។ គ្មានអ្នកប្រឆាំងណាត្រូវបានអត់ឱននោះទេ ហើយការទិតៀនរដ្ឋាភិបាលត្រូវបានផ្តន្ទាទោសដោយការដាក់ពន្ធនាគារយ៉ាងយូរ។
ទោះបីជាប្រទេសវៀតណាមលើកតម្កើងប្រព័ន្ធតម្លៃក្នុងទ្រង់ទ្រាយផ្សេងក្នុងបរិបទដែលអាចដំ​ណើរការបានល្អផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ដែលប្រជាជាតិនៅអាស៊ីភាគច្រើនកោតសរសើរនិងទទួលស្គាល់នោះ ប្រទេសវៀតណាមបរាជ័យខ្លាំង បើផ្អែកលើគោលការណ៍និងបទដ្ឋានលោកខាងលិច។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកនៅមិនទាន់ស​ម្រេចផ្តល់ប្រព័ន្ធអនុគ្រោះទូទៅ GSP ដល់វៀតណាមនៅឡើយផង ដោយសារហេតុផលច​ម្បង២ ទី១៖ គឺជាប្រទេសកុម្មុយនីស្ត និងទី២៖ ដោយសារកង្វះខាតក្នុងការការពារសិទ្ធិកម្មករដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ប៉ុន្តែលក្ខខណ្ឌទាំង ពីរនេះ កម្ពុជាអាចឆ្លើយតបបាន។
ជាការចំអក ឬជាការធ្វើឲ្យកាន់តែអាម៉ាស់មកលើប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសារសង្គ្រាម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom និងក្រុមរបស់លោកស្រីបានមកប្រទេសវៀតណាមយ៉ាងមានមោទនភាពដើម្បីចុះហត្ថលេខាលើកិច្ចព្រងព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប និងវៀតណាម កាលពីខែមិថុនា ឆ្នាំនេះ ខណៈដែលកម្ពុជាកំពុងស្ថិតនៅក្រោមដំណើរការដែលអាចមានការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម​។ កិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីស​ហភាពអឺរ៉ុប និងវៀតណាមបានផ្តល់ឲ្យវៀតណាមនូវអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្មយ៉ាងច្រើនដោយបានដក​ចេញស្ទើរតែទាំងស្រុងនូវ​របាំងពន្ធគយ​លុបបំបាត់ជាង៩៩% នៃពន្ធគយសម្រាប់ការនាំចូលទៅអឺរ៉ុប។
ហេតុអ្វីបានជាសហភាពអឺរ៉ុបគ្មានសង្គតិភាពនៅក្នុងសកម្មភាពរបស់ខ្លួនដោយសម្រេចផ្តល់អត្ថប្រ​យោជន៍ផ្នែកពាណិជ្ជកម្មដល់ប្រទេសវៀតណាម ខណៈដែលខ្លួនកំពុងពិចារណាលើស​កម្មភាពដែលអាចនឹងដាក់ទណ្ឌកម្មដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្មករក្រីក្រជាស្ត្រីដែ​លងាយរងគ្រោះ ដែលកំពុងបម្រើការ ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ???
យើងប្រហែលមានសិទ្ធិសួរ ឬគ្មានសិទ្ធិសួរ ប៉ុន្តែវាច្បាស់ដែរថា សម្រាប់សហភាពអឺរ៉ុប ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងនយោបាយមានសារៈសំខាន់ជាងអ្វីៗផ្សេងទៀត។
តម្លៃស្នូលរបស់កម្ពុជា
ឆ្លងចេញពីភាពជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ សង្គ្រាមស៊ីវិល និងការប្រល័យពូជសាសន៍ដ៏យូរ ចំណុចជាអាទិភាពរបស់កម្ពុជាគឺសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ខណៈព្យាយាមលើកតម្កើងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សមិទ្ធផលសម្រេ​ចបានរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំដ៏ខ្លី ក្រោយប្រទេសមានសន្តិភាពពេញលេញគឺជារឿងដែលគួរកោតសរសើរបាន។ កម្ពុជាត្រូវបានគេទទួលស្គាល់ថា បានសម្រេចបានគោលដៅអភិ​វឌ្ឍន៍សហស្សវត្ស និងផ្នែកជាច្រើននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការស​ហប្រជាជាតិ។ ធនាគារពិភពលោក បានទទួលស្គាល់កម្ពុជាថា ជាប្រទេសមួយដែលមានកំ​ណើ​​​​នសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោកដោយមានស្ថិរភាពនយោបាយខ្ពស់បំផុតក្នុងចំណោ​​មប្រទេសក្រោយសង្គ្រាម។
នេះមានន័យយ៉ាងដូចម្តេច? វាមានន័យថា ប្រជាពលរដ្ឋកម្ពុជា ជាច្រើនត្រូវបានទាញចេញផុ​តពីភាពក្រីក្រដោយមានសិទ្ធិទទួលបាននូវឱកាសសេដ្ឋកិច្ច ការងារ ប្រាក់ចំណូលមានស្ថិរភា​ព អត្ថប្រយោជន៍សន្តិសុខសង្គម ការអប់រំ ការផ្តល់អំណាចដល់ស្ត្រី។ល។ កម្ពុជាកំពុងនៅលើផ្លូវត្រឹមត្រូវឆ្ពោះទៅក្លាយ​ជាប្រទេសដែល​មានប្រាក់​ចំណូលមធ្យមកម្រិតទាបត្រឹមឆ្នាំ២០៣០ និ​ងប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ បើសិនជាស្ថិរភាពនយោបាយត្រូវបានរក្សា ហើយកំណែទម្រង់​ការិយា​ធិបតេយ្យមានជានិរន្តរ៍។ ដើម្បីរក្សាឲ្យប្រទេសមានភាពប្រកួតប្រជែងនិងមានស្ថិ​រភាព កំណែទម្រង់ការិយាធិបតេយ្យនឹងត្រូវធ្វើលឿន​ជាងកំណែទម្រង់​នយោបាយ។
ចំពោះនយោបាយ ទោះបីជាមានការទិតៀនប្រជាពលរដ្ឋកម្ពុជាពិតជាមានឱកាសក្នុងការផ្លា​ស់​ប្តូរដ្ឋាភិបាលរបស់ពួកគេជារៀងរាល់៥ឆ្នាំម្តង។ ពួកគេគ្រាន់តែត្រូវការនូវការអប់រំឲ្យបានត្រឹ​មត្រូវ ទទួលបាននូវការផ្តល់ព័ត៌មានបានល្អ និងជាងណាៗទាំងអស់យល់ពីកាតព្វកិច្ចនៃការចូលរួមក្នុងនយោបាយ។ មានគណបក្សនយោបាយជាច្រើនក្នុងការប្រកួតប្រជែង ហើយការដាក់ក្តីសង្ឃឹមទាំងស្រុងទៅលើគណបក្សប្រឆាំងតែ១ទំនងជាមិនត្រឹមត្រូវទាំងស្រុងទេ។ ទោះ​ជាមានសមិទ្ធិផលយ៉ាងណាក៏ដោយ មានការងារជាច្រើនទៀតដែលត្រូវធ្វើ ហើយកម្ពុជាបន្តត្រូវការទាំងការគាំទ្រ និងទាំងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ ឈរលើមូលដ្ឋាននៃផលប្រយោជន៍ទាំងសងខាង និងការគោរពអធិបតេយ្យភាពទៅវិញទៅមក និងសិទ្ធិក្នុ​ងការកំណត់ជោគវាសនារបស់ខ្លួនដោយខ្លួនឯងផ្ទាល់។

ដោយ៖ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា

No comments:

Post a Comment