Thursday, December 19, 2019

លោក គួច ចំរើន ជួបសំណេះសំណាលជាមួយគ្រូបង្រៀនដែលបានស្មគ្រ័ចិត្តពង្រាយតាមសាលាដែលខ្វះគ្រូបង្រៀននៅក្នុងព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ដែលបានស្មគ្រ័ចិត្តពង្រាយតាមសាលាដែលខ្វះគ្រូក្នុងក្រុងព្រះសីហនុ នៅសាលាវិទ្យាល័យក្រុងព្រះសីហនុ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរមន្ទីរអប់រំ ដែលបានរៀបចំគោលនយោបាយពង្រាយគ្រូបង្រៀនក្នុងឆ្នាំសិក្សា២០១៩-២០២០ ពីសាលានៅទីប្រជុំជន ទៅបង្រៀននៅក្រៅទីប្រជុំជន ពីសាលាដែលមានគ្រូបង្រៀនច្រើន ទៅសាលាដែលខ្វះគ្រូបង្រៀន គោលនយោបាយនេះ យើងត្រូវធ្វើការផ្សព្វផ្សាយបន្តដល់លោកគ្រូ-អ្នកគ្រូ ដែលមានទេពកោសល្យ ដើម្បីទៅបង្រៀននៅតាមសាលាដែលខ្វះខាតគ្រូ នៅតាមជនបទក្នុងក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំងខេត្តព្រះសីហនុ ដែលពួកគាត់បានស្មគ្រចិត្តទៅកាន់សាលានានាទូទាំងខេត្ត ដែលត្រូវការគ្រូចាំបាច់សម្រាប់បង្រៀនកូនចៅរបស់យើង ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ត្រូវជ្រើសរើសគរុសិស្សដែលបញ្ចប់ការសិក្សាចេញទៅបង្រៀនតាមសាលាក្នុងខេត្តព្រះសីហនុ ដែលសិក្សាបាននិទ្ទេសល្អ ត្រូវផ្តល់អាទិភាព ជ្រើសរើសប៉ុស្តិ៍បង្រៀននៅតាមក្រុង ស្រុក ឃុំសង្កាត់ ចៀសវាងការពង្រាយគ្រូមកកាន់សាលាដែលមានគ្រូច្រើនលើសតម្រូវការ ព្រមទាំងបានថ្លែងអំណរគុណលោកគ្រូ-អ្នកគ្រូ ដែលបានស្មគ្រ័ចិត្តចំនួន ១៧នាក់ ទៅកាន់សាលាដែលខ្វះគ្រូ ។

ក្នុងឱកាសនោះលោក គួច ចំរើន ក៍បានផ្តល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ ចំនួន ១៧នាក់ ដែលបានស្មគ្រ័ចិត្តទៅបង្រៀននៅសាលាដែលខ្វះគ្រូ ក្នុងម្នាក់ទទួលបានថវិកា ១លានរៀលផងដែរ ៕




No comments:

Post a Comment