Tuesday, February 16, 2016

ទេសចរណ៍ “វប្បធម៌ និងធម្មជាតិ លំដាប់ពិភពលោក“ កំពុងទាក់ទាញការមកទស្សនា ពីភ្ញៀវអន្តរជាតិរាប់លាននាក់មកពីជុំវិញពិភពលោក

យោងតាមតាមសេចក្តីប្រកាសព័ត៌មានរបសក្រសួងទេសចរណ៍ ស្តីពីសិ្ថតិទេសចរណ៍ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រោមពនឺ្លនៃសនិ្តភាព សុវត្ថិភាព សន្តិសុខល្អ ស្ថិរភាពនយោបាយ និងក្រោម ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជាគឺជាគោលដៅទេសចរណ៍ “វប្បធម៌ និងធម្មជាតិ លំដាប់ពិភពលោក“ ដែលបាន និងកំពុងទាក់ទាញការមកទស្សនាពីភ្ញៀវអន្តរជាតិរាប់លាននាក់មកពីជុំវិញពិភពលោក។
ជាក់ស្តែងក្នុងឆ្នាំ២០១៥កន្លងមក កម្ពុជាទទួលបានទេសចរអន្តរជាតិ ៤,៧៨លាននាក់ បន្តកើនឡើង ៦,១ % ថែមទៀត។ តាមនិន្នាការនេះ នឹងជំរុញទេសចរអន្តរជាតិ មកកម្ពុជាដែលនឹងកើនឡើងដល់ប្រមាណ៧លាននាក់ ក្នុងឆ្នាំ២០២០ និងទេសចរជាតិប្រមាណពី ៨ទៅ១០លាននាក់បន្ថែមទៀត។
កាលពីឆ្នាំ២០១៥ មានការកើនឡើងនៃការហោះហើរត្រង់ មកកាន់ខេត្តសៀមរាប (ពិសេសពីប្រទេសចិន ទេសចរចិនកើន ២៤% ហើយជាប់ចំណាប់ថ្នាក់ទី១ នៃការមកដល់តាមផ្លូវអាកាស)។ កត្តានេះនាំឲ្យភ្ញៀវចូលទស្សនាអង្គរកើនឡើង ២% (២០១៤ មាន ២,០៥លាននាក់ ហើយ២០១៥ មាន ២,១លាននាក់)។
តំបន់សក្តានុពលទេសចរណ៍ថ្មីៗជាច្រើនរះឡើង ដែលកំពុងស្រូបទាញទេសចរ ហើយបន្ថែមសារៈសំខាន់នៃភាពទាក់ទាញឲ្យកម្ពុជា។ ប៉ុន្តែនិន្នាការនេះ ក៏បានបង្ហាញឲ្យឃើញថា តំបន់អាទិភាពមួយចំនួនហាក់មានការថយចុះខ្លះ ដូចជា សៀមរាប ទទួលបានទេសចរអន្តរជាតិ ២,១ លាននាក់ (២០១៥) ថយចុះ ៩% ធៀបនឹងឆ្នាំ២០១៤ ដែលមានចំនួន ២,៣លាននាក់ ។ ការថយចុះនេះភាគច្រើនតាមផ្លូវគោក ដោយហេតុថា និន្នាការភ្ញៀវធ្វើដំណើរជាអន្តរជាតិថយចុះជារួម ព្រោះការបារម្ភអំពីភេរវកម្មក្នុងពិភពលោក កត្តាសេដ្ឋកិច្ចមានការលំបាក និងបញ្ហានយោបាយនៃប្រទេសមួយចំនួន ។ ម្យ៉ាងទៀតស្ថានភាពជួសជុល និងកែលំអផ្លូវទៅកាន់គោលដៅទេសចរណ៍ ដូចជាផ្លូវ ភ្នំពេញ-សៀមរាប ដែលបាននិងកំពុងកែលំអ ក៏អាចបង្កការលំបាកចំពោះមុខ ហើយបង្វែរភ្ញៀវឲ្យធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ផ្សេងៗទៀត ក្រៅពីសៀមរាប ដូចជាតំបន់ភ្នំពេញ និងតំបន់ឆ្នេរសមុទ្រជាដើម។
សេចក្តីប្រកាសព័ត៌បញ្ជាក់ថា តំបន់អង្គរមានភាពទាក់ទាញ និងការចាប់អាម្មរណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវ ហើយទេសចរខ្លះចូលទស្សនាអង្គរច្រើនដង។ ដូច្នេះ ទិន្នន័យភ្ញៀវអន្តរជាតិទៅកាន់ខេត្តសៀមរាប និងចូលទស្សនាប្រាសាទអង្គរមិនដូចគ្នាទាំងស្រុងទេ៕

បទអត្ថាធិប្បាយ៖ តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាផ្តាច់ការមែនឬ?

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រូវក្រុមបាតុករមួយក្តាប់តូច ដែលត្រូវបានគេដឹងថាជាមនុស្សរបស់គណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិកនោះ ចោទប្រកាន់ថាជាមនុស្ស ផ្តាច់ការ អាយ៉ងយួន និងជាជនក្បត់ជាតិ ដែលបំផ្លាញជាតិខ្លួនឯង។
តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាផ្តាច់ការមែនឬ?
ការចោទប្រកាន់ទាំងអស់នេះ គឺមិនបានស្តែងឱ្យឃើញពីចរិតពិតប្រាកដរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ព្រោះលោក ហ៊ុន សែន ជាបន្តបន្ទាប់ត្រូវបានគេមើលឃើញថាតែងទទួលបានការគាំទ្រ ស្រឡាញ់ និងផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសម្ចាស់ឆ្នោតរាប់លាននាក់ បានបោះឆ្នោតគាំទ្រឱ្យដឹកនាំប្រទេសកម្ពុជា។ ដោយមិនរំលឹកឡើងវិញនូវអតីតកាលដ៏លំបាកបំផុត ដែលលោក ហ៊ុន សែនបានតស៊ូដើម្បីបុព្វហេតុជាតិ មាតុភូមិ គឺយើងខ្ញុំជាអ្នកអត្ថាធិប្បាយ សូមរៀបរាប់ត្រួសៗគិតត្រឹម ពេលដែលឡើងកាន់តំណែងមក កូនកសិករម្នាក់នេះ បានពុះពារខិតខំស្តារ និងអភិវឌ្ឍន៍ប្រទេសពីបាទដៃទទេរហូតប្រែក្លាយប្រទេសដ៏កំសត់មួយនេះ ទទួលបានសុខសន្តិភាពដូចសព្វថ្ងៃ។ ពោលលោក ហ៊ុន សែន ត្រូវបានប្រវត្តិសាស្ត្រចារឈ្មោះរួចមកហើយថា ជាវីរៈបុរសខ្មែរដែលបានរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ និងជាស្ថាបនិកសន្តិភាព។
លោក ហ៊ុន សែន ត្រូវបានទទួលស្គាល់ និងឱ្យតំលៃស្មើមុខស្មើមាត់លើកឆាកអន្តរជាតិពីសំណាក់មេដឹកនាំប្រទេសមហាអំណាច និងប្រទេសជាច្រើនទាំងលើពិភពលោក និងក្នុងតំបន់ថែមទៀតផង។ដូច្នេះការចោទប្រកាន់លើលោក ហ៊ុន សែន គ្រាន់តែការរៀបចំរបស់គណបក្សសង្គ្រោះជាតិ ដែលមានបំណងមួលបង្កាច់ ប្រមាថ និងលាបពណ៌ពីភាពពិតរបស់លោកហ៊ុន សែន និងស្ថានភាពជាក់ស្តែងក្នុងប្រទេសកម្ពុជាបច្ចុប្បន្នតែប៉ុណ្ណោះ។ ជុំវិញបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន នៅសហរដ្ឋអាមេរិក មានព័ត៌មានច្បាស់ការជាច្រើនបានបង្ហើបឱ្យដឹងថា បាតុកម្មនោះធ្វើឡើង​​តាមរយៈការដឹកនាំរបស់ក្រុមជនមួយតំបស្វា ជាសកម្មជនគាំទ្របក្សសង្គ្រោះជាតិ ក្នុងការប្រឆាំងវត្តមានលោក ហ៊ុន សែន នៅពេលចេញទៅក្រៅប្រទេសម្តងៗ។ អ្នកដឹកនាំបាតុករបានទទួលលុយជាលាបសក្ការៈជាច្រើន ដើម្បីភាពមានបានរបស់បក្ខពួកខ្លួន នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងរដ្ឋមួយនៅសហរដ្ឋអាមេរិកដែលបានចំណាយក្នុងការរៀបចំធ្វើបាតុកម្មនាពេលកន្លងមក។
វាប្រហែលជារឿងដែលគួរឱ្យអស់សំណើច សម្រាប់ក្រុមសកម្មជនរបស់គណបក្សសង្គ្រោះជាតិដែលស្រែកថាលោក ហ៊ុន សែន ជាមនុស្សផ្តាច់ការ ខណៈដែលមេដឹកនាំប្រទេសមហាអំណាច និងជាបិតាប្រជាធិបតេយ្យកំពុងចាប់ដៃស្វាគមន៍យ៉ាងកក់ក្តៅជាមួយលោក ហ៊ុន សែន! ពិភពលោក​​បានមើលឃើញរួចមកហើយ  ពីទំនាក់ទំនងជាអន្តរជាតិ រវាងមេដឹកនាំពិភពលោក សំខាន់ៗនិងជាប្រទេសបិតាប្រជាធិបតេយ្យជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជា លោក អូបាម៉ា ប្រធានាបតីអាមេរិក លោក ហ្វ្រង់ស្វ័រហូឡង់ ប្រធានាបតីបារាំង លោក បានគីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ....
ដោយឡែកពាក្យចោទប្រកាន់ថា លោក ហ៊ុន សែន ជាអាយ៉ងយួននោះ តើពេលណាទៅទើបគណបក្សសង្គ្រោះជាតិឈប់ប្រើ? បើលោក ហ៊ុន សែន អាយ៉ងយួនមែន មិនមែនលោកខំប្រឹងកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ជាមួយប្រទេសវៀតណាមនោះទេ! ហើយបើ​ ​ហ៊ុន សែន ក្បត់ជាតិ បំផ្លាញជាតិ លក់ទឹកដី ដូចការចោទប្រកាន់មែន នោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ប្រាកដជាមិនចាំបាច់វាស់វែង ស្រាវជ្រាវ កិច្ចការព្រំដែនអស់ពេលជាង១០ឆ្នាំ ទំរាំឈានដល់ការ​​បោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងនោះទេ! បើលក់ទឹកដីឱ្យគេមែន គឺមិនចាំបាច់ចរចារ មិនចាំបាច់មានកិច្ចព្រមព្រៀង ឬសុំការសហការពីអ្នកជំនាញបច្ចេកទេសប្រទេសបារាំង និងក៏គ្មានភាពក្លាហានស្នើសុំ UN បញ្ជូនផែនទីតំកល់នៅអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ ជាមួយផែនទីផ្លូវការរបស់រាជរដ្ឋាភិបាលនោះដែរ។ ដូច្នេះអ្នកដែលស្រែកឡូងៗថា លោក ហ៊ុន សែន អាយ៉ងនោះទៅវិញទេ ដែលជាអាយ៉ងបរទេសនោះ។ ជាក់ស្តែងលោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កឹម សុខា ធ្លាប់បានប្រកាសហើយថា គោលនយោបាយបក្សសង្គ្រោះជាតិ គឺមានបរទេសជាអ្នកជួយសរសេរ។ ថ្នាក់ដឹកនាំគណបក្សនេះទាំងតូច​​ទាំងធំ តែងតែរត់ត្រេទៅត្រេមកទៅបរទេសដូចជាទៅលេងស្រុកកំណើតខ្លួនចឹង! បើនិយាយទៅពួកគេមិនដែលទុកប្រទេសខ្មែរជាប្រទេសរបស់ខ្លួនផងទេ ព្រោះពួកគេធំធាត់ និងត្រូវបំពាក់បំប៉នមនោគមវិជ្ជាពីបរទេសទាំងស្រុង។ ជាពិសេសនៅពេលបង្កបញ្ហានៅក្នុងស្រុកម្តងៗក្រុមគណបក្សសង្គ្រោះជាតិតែងតែស្រែករកជំនួយពីបរទេស ដែលខ្លួនចាត់ទុកថា ជាអាណាព្យាបាលនោះជារឿយៗ។ ដូច្នេះតើក្រុមនេះ​​សម​​នឹងពាក្យថាអាយ៉ងដែរទេ? បើពួកគេចូលចិត្តលើកទូលបរទេសបែបនេះ តើឯណាទៅឯករាជ្យភាពរបស់ពួកគេ?
បក្សសង្គ្រោះជាតិតែងតែលាបពណ៌ បណ្តុះគំនិត ឱ្យសកម្មជនរបស់ខ្លួនស្អប់ខ្ពើម ប្រមាថ និងទម្លាក់កំហុសសព្វបែបយ៉ាងលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះបីជាលោក ហ៊ុន សែនខិតខំធ្វើអ្វីៗដើម្បីជាតិជាច្រើនរាប់មិនអស់តាំងពីការរំដោះជាតិប្រជាជន ចេញពីរណ្តៅមរណៈ និងប្រឹងប្រែងដឹកនាំកសាងប្រទេសតាំងពីឆ្នាំ១៩៧៩មកក៏ដោយ ក៏នៅតែខុសជានិច្ច។ ពោលគឺសម្រាប់គណបក្សសង្គ្រោះជាតិ ទោះបីលោក ហ៊ុន សែន ស្តារប្រទេសពីសូន្យមកកំពុងអភិវឌ្ឍន៍ ពីកំពុងអភិវឌ្ឍន៍ ទៅអភិវឌ្ឍន៍ និងពីអភិវឌ្ឍន៍កាន់តែជឿនលឿនក្តី ក៏គង់តែគេមិនពេញចិត្តដែរ។ ដូច្នេះវាមិនចំឡែកទេ ដែលពួកគេតែងតែចោទប្រកាន់ថា លោក ហ៊ុន សែន ផ្តាច់ការ ក្បត់ជាតិនោះ ព្រោះវាគឺជាគោលនយោបាយរបស់បក្សសង្គ្រោះជាតិទៅហើយ បើអ្នកណាមិនចេះជេរ លោក ហ៊ុន សែន ទេ អ្នកនោះមិនអាចចូលរួម និងធ្វើសកម្មភាពការងារក្នុងបក្សសង្គ្រោះជាតិ​​បានឡើយ។

យោងលើតំលៃនៃសច្ចធម៌ប្រវត្តិសាស្រ្ត និងកិត្តិយសរបស់លោក ហ៊ុន សែន ដែលបាននឹងកំពុងប្រឹងប្រែងក្នុងការរក្សាបាននូវស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងធ្វើសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយមេដឹកនាំសំខាន់ៗទាំងអាស៊ាន និងពិភពលោក ជាក់ស្តែងការចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិកគឺជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ថាលោកកំពុងបំពេញបេសកម្មជូនជាតិមាតុភូមិ ក្នុងទឹកដីសហរដ្ឋអាមេរិក គឺលោក ហ៊ុន សែនធ្វើអ្វីៗគ្រប់យ៉ាងដើម្បីលើកកម្ពស់កិត្យានុភាពជាតិខ្មែរទាំងមូល មិនដូចការនិយាយមួលបង្កាច់របស់ក្រុមជនមួយក្តាប់តូច ដែលតែងចោទថាលោកហ៊ុន សែន ជាជនផ្តាច់ការ និងបំផ្លាញជាតិនោះឡើយ៕

រដ្ឋសភារៀបចំដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូ សហភាពអន្តរសភា (IPU) យ៉ាងកក់ក្តៅ

គណៈប្រតិភូមួយក្រុម នៃគណៈកម្មាធិការសិទ្ធិមនុស្ស របស់សហភាព អន្តរសភា (IPU) បានកំពុងបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រ កម្ពុជា ដោយត្រូវសិក្សាស្វែងយល់ពីសភាកម្ពុជា និងបញ្ហាមួយចំនួន ដូចជាបញ្ហាសិទ្ធិមនុស្សជាដើម ក្នុងរយៈពេល៥ថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ក្រោមការសម្របសម្រួលរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូនៃសហភាពអន្តរសភា (IPU) ដែលសមាសភាពបីរូប រួមមាន ឯកឧត្តម Alioune Abatalib GUEYE សមាជិករដ្ឋសភាប្រទេសសេណេហ្គាល់ ឯកឧត្តម Alis ALARADI សមាជិករដ្ឋសភា ប្រទេសបារ៉ែន និងលោកស្រី Gaelle LAROQUE មន្រ្តីការិយាល័យសិទ្ធិមនុស្ស នៃអគ្គលេខាធិការដ្ឋាន សហភាព អន្តរសភា (IPU) ត្រូវគេមើលឃើញថា បានកំពុងបំពេញ បេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា ដោយនៅក្នុងនោះគណៈប្រតិភូ បានជួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា ឥស្សរជនសំខាន់ៗ គណប្សនយោបាយ សង្គមស៊ីវិល ជាច្រើន ទៀត។
ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ គណៈប្រតិភូ ត្រូវបានអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។
បន្ទាប់មកទៀត នាព្រឹកថ្ងៃដដែលនោះ គណៈប្រតិភូ ក៏បានជួប ពិភាក្សាការងារជាមួយសមាជិកសមាជិការដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ឈាង វុន នៅវិមានរដ្ឋសភា។ ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ នៅវិមានរដ្ឋសភា។
ចំណែកនៅពេលរសៀលវិញ គណៈប្រតិភូ បានជួបពិភាក្សាការងារ ជាមួយគណៈកម្មការសិទ្ធិមនុស្ស របស់ព្រឹទ្ធសភា និងរដ្ឋសភា នៅ វិមានព្រឹទ្ធសភា។ ព្រមទំាងបានជួបពិភាក្សាការងារ ជាមួយតំណាង រាស្រ្តគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ ឯកឧត្តម កឹម សុខា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិផងដែរ។
សូមបញ្ជាក់ថាយោងតាមកម្មវិធី គណៈប្រតិភូគណៈកម្មាធិការ សិទ្ធិមនុស្ស នៃសហភាពអន្តរសភា (IPU) នេះនឹងជួបពិភាក្សា ការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្តេចក្រឡាហោម ស ខេង ឧបនាយកមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអង្គការ សង្គមស៊ីវិលជាតិ អន្តរជាតិ នៅថ្ងៃទី១៦កុម្ភៈ នេះ។
លុះដល់នៅថ្ងៃទី១៧ កុម្ភៈ គណៈប្រតិភូនឹងជួបពិភាក្សាការងារ និងរាយការណ៍ពីលទ្ធផល នៃដំណើរទស្សនកិច្ចជាមួយ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មុនគណៈ ប្រតិភូបញ្ចប់ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕




អបអរ​សាទរ រាជធានីភ្នំពេញ​យើងនឹងមាន​រថភ្លើងអាកាស (Sky train) ដូចទីក្រុង​ទំនើបៗផ្សេងទៀត​ហ្នឹងគេហើយ

ដោយមើលឃើញបញ្ហាប្រឈមទាំងនេះរាជរដ្ឋាភិបាល ពិសេសអាជ្ញាធររាជធានីភ្នំពេញ នាពេលនេះកំពុងរៀបចំធ្វើផែនការថ្មីមួយ ដើម្បីអភិវឌ្ឍរាជធានីភ្នំពេញឱ្យក្លាយទៅជាទីក្រុងប្រកបដោយភាពស៊ីវីល័យនៅសតវត្សរ៍ទី21នេះ។
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស កាលពីពេលថ្មីៗនេះបានបង្ហាញផែនការរបស់សាលារាជធានី ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដោយឯកឧត្តមមានប្រសាសន៍ថា យ៉ាងយូរ5ឆ្នាំទៀតនឹងមានមធ្យោបាយដឹកជញ្ជូនផ្លូវដែកលើអាកាសចំនួន3ខ្សែ ខ្សែទី1 ចាប់ផ្តើមចេញពីចំណុចមហាវិថីព្រះមុនីវង្ស ឆ្ពោះតាមមហាវិថីកម្ពុជាក្រោម ទៅមហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ, ខ្សែទី2 ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង រួចបត់ឆ្វេងតាមផ្លូវតាំងកសាងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ខ្សែទី3 ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល ឆ្ពោះទៅមហាវិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង និងរង្វង់មូលចោមចៅបត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
កាលពីខែសីហាកន្លងមក សាលារាជធានីភ្នំពេញបានសហការជាមួយទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីសិក្សាលើគម្រោងសាងសង់ផ្លូវរថភ្លើងអាកាស Sky Train ចំនួន3ខ្សែ នៅរាជធានីភ្នំពេញមានតម្លៃក្នុង1ខ្សែ ជាង500ទៅ600លានដុល្លារ។
ឯកឧត្តម ប៉ា សុជាតិវង្ស មានប្រសាសន៍ថា៖ “តំបន់កណ្ដាលរាជធានីភ្នំពេញ គឺជាបណ្ដុំនៃគ្រប់វិស័យដែលជាហេតុធ្វើឱ្យមានលំហូរចូលនៃប្រជាពលរដ្ឋមកធ្វើការងារ និងរកស៊ីជាច្រើន ដូច្នេះបញ្ហាកកស្ទះចរាចរណ៍ក៏បានក្លាយទៅជាកង្វល់មួយដែលអាជ្ញាធរត្រូវគិតគូរ។ ឯកឧត្តមបានបន្តថា៖ “យើងនឹងព្យាយាមកាត់បន្ថយការកកស្ទះចរាចរណ៍ជាលំដាប់ដូចជាទី1 ពង្រីក និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ទី2 បង្កើនផ្លូវក្រវាត់ក្រុងបន្ថែមទៀត និងទី3 កាត់បន្ថយជាបន្តបន្ទាប់ឱ្យអស់នៅឆ្នាំ2016 ដោយរថយន្តក្រុងដឹកអ្នកដំណើរត្រូវតែមានចំណតនៅក្រៅក្រុង។
លោកបណ្ឌិត វ៉ាន់ វ៉ាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល និងជាអ្នកឯកទេសផ្នែករៀបចំដែនដី និងរដ្ឋបាលដីធ្លី បាននិយាយថា ការមិនអនុញ្ញាតឱ្យរថយន្តធំ និងរថយន្តក្រុងចូលក្នុងក្រុងជារឿងល្អ តែក៏មានប្រទេសមួយចំនួនគេអនុញ្ញាតឱ្យរថយន្តក្រុងចូលដែរ គ្រាន់តែគេបែងចែកពេលឱ្យចូល។
លោកមានប្រសាសន៍ថា៖ “វាជារឿងល្អដែលរដ្ឋាភិបាលគិតគូរពីបញ្ហានេះដើម្បីជួយសម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។ គម្រោងបង្កើតរថភ្លើងលើអាកាសនេះ មិនមែនសម្រាប់ដោះស្រាយកំណើនប្រជាពលរដ្ឋក្នុងទីក្រុងតែមួយមុខនោះទេ តែរដ្ឋាភិបាលក៏កំពុងបង្កើតប៉ូលសេដ្ឋកិច្ចផ្សេងៗទៀតនៅជាយរាជធានីភ្នំពេញផងដែរ។ លោកបានបន្តថា៖ “ការមានរថភ្លើងលើអាកាស វាបង្ហាញពីភាពជឿនលឿនរបស់ទីក្រុង ក៏ដូចជាបង្ហាញពីភាពស៊ីវីល័យ និងភាពទាក់ទាញភ្ញៀវទេសចរបានផងដែរ។
គម្រោងការបង្កើតរថភ្លើងអាកាស ពិតជាចូល រួមចំណែកជាច្រើនក្នុងការសម្រួលសេវាសាធារណៈនៅរាជធានីភ្នំពេញ ដូចជា ទី1 កាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ទី2 កាត់បន្ថយការចំណាយ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ និងទី3 កាត់បន្ថយការបំភាយឧស្ម័នពុលពីផ្សែងយានយន្តក្នុងទីក្រុង។
នៅពេលសួរថាតើប្រជាជននឹងប្រើប្រាស់សេវាកម្មនេះដែរឬទេ ព្រោះបច្ចុប្បន្នប្រជាជនក្នុងទីក្រុងនេះ មិនទាន់បានប្រើប្រាស់រថយន្តក្រុងសាធារណៈនៅឡើយ? លោក វ៉ាន់ វ៉ាត បានអះអាងថា៖ “ខ្ញុំគិតថាការប្រើប្រាស់សេវាកម្មនេះវាមិនមែនបញ្ហាធំលើប្រជាជនទេ វាអាស្រ័យលើការគ្រប់គ្រងប្រព័ន្ធការផ្សព្វផ្សាយ និងការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានយល់ពីសេវាកម្មសាធារណៈបែបនេះថា ចំណេញអ្វីខ្លះ?” លោកបានបញ្ជាក់ថា៖ “ដោយសារការអប់រំរបស់ប្រជាពលរដ្ឋនៅមានកម្រិតទាប អីុចឹងគឺទាមទារឱ្យមានការផ្សព្វផ្សាយ អប់រំ និងពន្យល់ប្រជាពលរដ្ឋឱ្យបានច្រើនទើបសេវាកម្មនេះទទួលបានជោគជ័យ”៕ ប្រភព៖ កាសែតឡារ៉ែន


លោកជំទាវម៉ែន សំអន អញ្ជើញចូលរួមអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

នាយប់​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោកជំទាវ​ឧបនាយក​រដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋ​មន្ត្រី​ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច បានអញ្ជើញ​ចូលរួមអាហារ​សាមគ្គីជាមួយបងប្អូន​ប្រជាពលរដ្ឋខ្មែរ​ដែលកំពុង​រស់នៅទីក្រុងស៊ីដនី ប្រទេសអូ​ស្ត្រាលី និង​បានការអញ្ជើញចូល​រួមពីសំណាក់ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូត នៃព្រះរាជា​ណាចក្រកម្ពុជា ប្រចាំនៅ​ប្រទេសអូស្ត្រាលី និង ណូវែ​លហ្សេឡង់ ព្រមទាំង​សមាជិក សមាជិការ​សមាគមយុវជន​កម្ពុជាប្រចាំ​នៅទីក្រុងស៊ី​ដនីផ​ងដែរ។

លោកជំទាវ ម៉ែន សំអន បានថ្លែង​អំណរគុណ ចំពោះសមាគម​ខ្មែរប្រចាំ​នៅប្រទេស អូស្ត្រាលី​ ដែលបាន​ជំនួយឧបត្តម្ភដល់​ការព្យាបាល​ជម្ងឺភ្នែក និងការផ្តល់​អង្ករជូនដល់​ប្រជាពល​រដ្ឋខ្មែរនៅ​តាមជនបទ​ប្រមាណ​ជាង ៧ម៉ឺនគ្រួ​សារ។

លោក​ជំទាវ ម៉ែន សំអន ក៏បាន​ជម្រាបជូន​បង្អូន​ខ្មែរទាំងអស់ដែល​បានចូលរួម​ក្នុង​ពិធី នោះថា កម្ពុជាបច្ចុប្បន្ន ក្រោមការដឹក​នាំរបស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជាមាន​ការរីកចម្រើន​យ៉ាងខ្លាំងលើ​ហេដ្ឋារចនា​សម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម មណ្ឌល​សុខភាព ដោយរក្សា​បានកំណើន​សេដ្ឋកិច្ចក្នុង​រង្វង់ប្រមាណ ៧% ក៏ដូចជា គិតគូរ​ក្នុងការតម្លើង​ប្រាក់បៀវត្សជូនមន្ត្រីរាជ​ការជាដើម ។


លោក​ជំទាវ ម៉ែន សំអន បានសំណូម​ពរកុំឲ្យបងប្អូន​ជឿតាមការញុះ​ញង់របស់ជន​មួយក្តាប់តូច ដែលតែងតែ​រារាំងដល់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការអភិវឌ្ឍន៍​ប្រទេសម្តង​ហើយ​ម្តង ទៀត​៕