Tuesday, February 16, 2016

រដ្ឋសភារៀបចំដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូ សហភាពអន្តរសភា (IPU) យ៉ាងកក់ក្តៅ

គណៈប្រតិភូមួយក្រុម នៃគណៈកម្មាធិការសិទ្ធិមនុស្ស របស់សហភាព អន្តរសភា (IPU) បានកំពុងបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រ កម្ពុជា ដោយត្រូវសិក្សាស្វែងយល់ពីសភាកម្ពុជា និងបញ្ហាមួយចំនួន ដូចជាបញ្ហាសិទ្ធិមនុស្សជាដើម ក្នុងរយៈពេល៥ថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ក្រោមការសម្របសម្រួលរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូនៃសហភាពអន្តរសភា (IPU) ដែលសមាសភាពបីរូប រួមមាន ឯកឧត្តម Alioune Abatalib GUEYE សមាជិករដ្ឋសភាប្រទេសសេណេហ្គាល់ ឯកឧត្តម Alis ALARADI សមាជិករដ្ឋសភា ប្រទេសបារ៉ែន និងលោកស្រី Gaelle LAROQUE មន្រ្តីការិយាល័យសិទ្ធិមនុស្ស នៃអគ្គលេខាធិការដ្ឋាន សហភាព អន្តរសភា (IPU) ត្រូវគេមើលឃើញថា បានកំពុងបំពេញ បេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា ដោយនៅក្នុងនោះគណៈប្រតិភូ បានជួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា ឥស្សរជនសំខាន់ៗ គណប្សនយោបាយ សង្គមស៊ីវិល ជាច្រើន ទៀត។
ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ គណៈប្រតិភូ ត្រូវបានអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។
បន្ទាប់មកទៀត នាព្រឹកថ្ងៃដដែលនោះ គណៈប្រតិភូ ក៏បានជួប ពិភាក្សាការងារជាមួយសមាជិកសមាជិការដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ឈាង វុន នៅវិមានរដ្ឋសភា។ ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ នៅវិមានរដ្ឋសភា។
ចំណែកនៅពេលរសៀលវិញ គណៈប្រតិភូ បានជួបពិភាក្សាការងារ ជាមួយគណៈកម្មការសិទ្ធិមនុស្ស របស់ព្រឹទ្ធសភា និងរដ្ឋសភា នៅ វិមានព្រឹទ្ធសភា។ ព្រមទំាងបានជួបពិភាក្សាការងារ ជាមួយតំណាង រាស្រ្តគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ ឯកឧត្តម កឹម សុខា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិផងដែរ។
សូមបញ្ជាក់ថាយោងតាមកម្មវិធី គណៈប្រតិភូគណៈកម្មាធិការ សិទ្ធិមនុស្ស នៃសហភាពអន្តរសភា (IPU) នេះនឹងជួបពិភាក្សា ការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្តេចក្រឡាហោម ស ខេង ឧបនាយកមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអង្គការ សង្គមស៊ីវិលជាតិ អន្តរជាតិ នៅថ្ងៃទី១៦កុម្ភៈ នេះ។
លុះដល់នៅថ្ងៃទី១៧ កុម្ភៈ គណៈប្រតិភូនឹងជួបពិភាក្សាការងារ និងរាយការណ៍ពីលទ្ធផល នៃដំណើរទស្សនកិច្ចជាមួយ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មុនគណៈ ប្រតិភូបញ្ចប់ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕




No comments:

Post a Comment