Tuesday, February 16, 2016

អបអរ​សាទរ រាជធានីភ្នំពេញ​យើងនឹងមាន​រថភ្លើងអាកាស (Sky train) ដូចទីក្រុង​ទំនើបៗផ្សេងទៀត​ហ្នឹងគេហើយ

ដោយមើលឃើញបញ្ហាប្រឈមទាំងនេះរាជរដ្ឋាភិបាល ពិសេសអាជ្ញាធររាជធានីភ្នំពេញ នាពេលនេះកំពុងរៀបចំធ្វើផែនការថ្មីមួយ ដើម្បីអភិវឌ្ឍរាជធានីភ្នំពេញឱ្យក្លាយទៅជាទីក្រុងប្រកបដោយភាពស៊ីវីល័យនៅសតវត្សរ៍ទី21នេះ។
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស កាលពីពេលថ្មីៗនេះបានបង្ហាញផែនការរបស់សាលារាជធានី ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដោយឯកឧត្តមមានប្រសាសន៍ថា យ៉ាងយូរ5ឆ្នាំទៀតនឹងមានមធ្យោបាយដឹកជញ្ជូនផ្លូវដែកលើអាកាសចំនួន3ខ្សែ ខ្សែទី1 ចាប់ផ្តើមចេញពីចំណុចមហាវិថីព្រះមុនីវង្ស ឆ្ពោះតាមមហាវិថីកម្ពុជាក្រោម ទៅមហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ, ខ្សែទី2 ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង រួចបត់ឆ្វេងតាមផ្លូវតាំងកសាងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ខ្សែទី3 ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល ឆ្ពោះទៅមហាវិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង និងរង្វង់មូលចោមចៅបត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
កាលពីខែសីហាកន្លងមក សាលារាជធានីភ្នំពេញបានសហការជាមួយទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីសិក្សាលើគម្រោងសាងសង់ផ្លូវរថភ្លើងអាកាស Sky Train ចំនួន3ខ្សែ នៅរាជធានីភ្នំពេញមានតម្លៃក្នុង1ខ្សែ ជាង500ទៅ600លានដុល្លារ។
ឯកឧត្តម ប៉ា សុជាតិវង្ស មានប្រសាសន៍ថា៖ “តំបន់កណ្ដាលរាជធានីភ្នំពេញ គឺជាបណ្ដុំនៃគ្រប់វិស័យដែលជាហេតុធ្វើឱ្យមានលំហូរចូលនៃប្រជាពលរដ្ឋមកធ្វើការងារ និងរកស៊ីជាច្រើន ដូច្នេះបញ្ហាកកស្ទះចរាចរណ៍ក៏បានក្លាយទៅជាកង្វល់មួយដែលអាជ្ញាធរត្រូវគិតគូរ។ ឯកឧត្តមបានបន្តថា៖ “យើងនឹងព្យាយាមកាត់បន្ថយការកកស្ទះចរាចរណ៍ជាលំដាប់ដូចជាទី1 ពង្រីក និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ទី2 បង្កើនផ្លូវក្រវាត់ក្រុងបន្ថែមទៀត និងទី3 កាត់បន្ថយជាបន្តបន្ទាប់ឱ្យអស់នៅឆ្នាំ2016 ដោយរថយន្តក្រុងដឹកអ្នកដំណើរត្រូវតែមានចំណតនៅក្រៅក្រុង។
លោកបណ្ឌិត វ៉ាន់ វ៉ាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល និងជាអ្នកឯកទេសផ្នែករៀបចំដែនដី និងរដ្ឋបាលដីធ្លី បាននិយាយថា ការមិនអនុញ្ញាតឱ្យរថយន្តធំ និងរថយន្តក្រុងចូលក្នុងក្រុងជារឿងល្អ តែក៏មានប្រទេសមួយចំនួនគេអនុញ្ញាតឱ្យរថយន្តក្រុងចូលដែរ គ្រាន់តែគេបែងចែកពេលឱ្យចូល។
លោកមានប្រសាសន៍ថា៖ “វាជារឿងល្អដែលរដ្ឋាភិបាលគិតគូរពីបញ្ហានេះដើម្បីជួយសម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។ គម្រោងបង្កើតរថភ្លើងលើអាកាសនេះ មិនមែនសម្រាប់ដោះស្រាយកំណើនប្រជាពលរដ្ឋក្នុងទីក្រុងតែមួយមុខនោះទេ តែរដ្ឋាភិបាលក៏កំពុងបង្កើតប៉ូលសេដ្ឋកិច្ចផ្សេងៗទៀតនៅជាយរាជធានីភ្នំពេញផងដែរ។ លោកបានបន្តថា៖ “ការមានរថភ្លើងលើអាកាស វាបង្ហាញពីភាពជឿនលឿនរបស់ទីក្រុង ក៏ដូចជាបង្ហាញពីភាពស៊ីវីល័យ និងភាពទាក់ទាញភ្ញៀវទេសចរបានផងដែរ។
គម្រោងការបង្កើតរថភ្លើងអាកាស ពិតជាចូល រួមចំណែកជាច្រើនក្នុងការសម្រួលសេវាសាធារណៈនៅរាជធានីភ្នំពេញ ដូចជា ទី1 កាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ទី2 កាត់បន្ថយការចំណាយ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ និងទី3 កាត់បន្ថយការបំភាយឧស្ម័នពុលពីផ្សែងយានយន្តក្នុងទីក្រុង។
នៅពេលសួរថាតើប្រជាជននឹងប្រើប្រាស់សេវាកម្មនេះដែរឬទេ ព្រោះបច្ចុប្បន្នប្រជាជនក្នុងទីក្រុងនេះ មិនទាន់បានប្រើប្រាស់រថយន្តក្រុងសាធារណៈនៅឡើយ? លោក វ៉ាន់ វ៉ាត បានអះអាងថា៖ “ខ្ញុំគិតថាការប្រើប្រាស់សេវាកម្មនេះវាមិនមែនបញ្ហាធំលើប្រជាជនទេ វាអាស្រ័យលើការគ្រប់គ្រងប្រព័ន្ធការផ្សព្វផ្សាយ និងការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានយល់ពីសេវាកម្មសាធារណៈបែបនេះថា ចំណេញអ្វីខ្លះ?” លោកបានបញ្ជាក់ថា៖ “ដោយសារការអប់រំរបស់ប្រជាពលរដ្ឋនៅមានកម្រិតទាប អីុចឹងគឺទាមទារឱ្យមានការផ្សព្វផ្សាយ អប់រំ និងពន្យល់ប្រជាពលរដ្ឋឱ្យបានច្រើនទើបសេវាកម្មនេះទទួលបានជោគជ័យ”៕ ប្រភព៖ កាសែតឡារ៉ែន


No comments:

Post a Comment