Tuesday, February 16, 2016

គណៈប្រតិ​ភូគណៈ​កម្មការ​ទី៤ នៃរដ្ឋសភា ចុះសិក្សា​ស្វែង​យល់ ពីភាព​រីកចម្រើន និងបញ្ហា​ប្រឈមរ​បស់​ខេត្តកំពង់ឆ្នាំង

នៅក្នុងដំណើរបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈូរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ ដោក សុធា ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដើម្បីស្វែងយល់ពីភាពរីកចម្រើន និងបញ្ហាប្រឈមនានាដែលខេត្តបានជួបប្រទះនាពេលកន្លងមក ។
នៅក្នុងកិច្ចប្រជុំនៅឯសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍ថា គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ចុះមកកាន់ខេត្តកំពង់ឆ្នាំងនាពេលនេះ គឺដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា ដែលរដ្ឋសភាបានអនុម័តនាពេលកន្លងមក និងការអនុវត្តសេចក្តីណែនាំ ឬលិខិតបទដ្ឋានផ្សេងៗរបស់រាជរដ្ឋាភិបាលជាដើម។ ឯកឧត្តមប្រធានគណៈកម្មការ បានមានប្រសាសន៍ទៀតថា គណៈប្រតិភូគណៈកម្មការទី៤ ក៏ចង់ដឹងពីការរៀបចំវេទិកាសាធារណៈ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរជូនប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសលើការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងភាពវិជ្ជមាន និងអវិជ្ជមាន នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងក្រោយពីមានការសម្របសម្រួលពីប្រមុខរាជរដ្ឋាភិបាលលើផលប៉ះពាល់មួយចំនួន ដែលប្រជាពលរដ្ឋបានសំណូមពរ ថាតើវាប្រព្រឹត្តទៅ មានភាពងាយស្រួល ឬជួបឧបសគ្គអ្វីខ្លះ?។
ឯកឧត្តម ឈូរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ជម្រាបជូន គណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាថា រដ្ឋបាលថ្នាក់ខេត្តបានបន្តអនុវត្តន៍កាន់តែស៊ីជម្រៅ លើកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល លើការងារកែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ ដោយអាជ្ញាធរខេត្តខិតខំបន្តយន្តការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់មន្ទីរអង្គភាពនានា។ ទន្ទឹមនឹងនោះ អាជ្ញាធរដែនដីខេត្ត បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារពង្រឹងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាសុវត្ថិភាពជូនប្រពលរដ្ឋបានកាន់តែប្រសើរឡើង តាមរយៈការបង្កើតជាវេទិកាសាធារណៈនៅតាមភូមិ-ឃុំ និងសាលារៀន ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងពីខ្លឹមសារច្បាប់ ក៏ដូចជាសារាចរណ៍ និងសេចក្តីណែនាំផ្សេងៗ។
ក្រោយពីស្តាប់នូវការរាយការណ៍របស់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តរួចមក ឯកឧត្តម ហ៊ុន ណេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ឆ្លើយតបទៅនឹងផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសជាតិ និងស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កាងារនៅខេត្តកំពង់ឆ្នាំង គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ នឹងត្រូវបន្តដំណើរបំពេញបេសកកម្មនៅតាមបណ្ដាខេត្តភាគខាងលិចនៃប្រទេសកម្ពុជាផ្សេងៗទៀត មានដូចជា ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ៕




No comments:

Post a Comment