Tuesday, February 16, 2016

បទអត្ថាធិប្បាយ៖ តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាផ្តាច់ការមែនឬ?

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រូវក្រុមបាតុករមួយក្តាប់តូច ដែលត្រូវបានគេដឹងថាជាមនុស្សរបស់គណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិកនោះ ចោទប្រកាន់ថាជាមនុស្ស ផ្តាច់ការ អាយ៉ងយួន និងជាជនក្បត់ជាតិ ដែលបំផ្លាញជាតិខ្លួនឯង។
តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាផ្តាច់ការមែនឬ?
ការចោទប្រកាន់ទាំងអស់នេះ គឺមិនបានស្តែងឱ្យឃើញពីចរិតពិតប្រាកដរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ព្រោះលោក ហ៊ុន សែន ជាបន្តបន្ទាប់ត្រូវបានគេមើលឃើញថាតែងទទួលបានការគាំទ្រ ស្រឡាញ់ និងផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសម្ចាស់ឆ្នោតរាប់លាននាក់ បានបោះឆ្នោតគាំទ្រឱ្យដឹកនាំប្រទេសកម្ពុជា។ ដោយមិនរំលឹកឡើងវិញនូវអតីតកាលដ៏លំបាកបំផុត ដែលលោក ហ៊ុន សែនបានតស៊ូដើម្បីបុព្វហេតុជាតិ មាតុភូមិ គឺយើងខ្ញុំជាអ្នកអត្ថាធិប្បាយ សូមរៀបរាប់ត្រួសៗគិតត្រឹម ពេលដែលឡើងកាន់តំណែងមក កូនកសិករម្នាក់នេះ បានពុះពារខិតខំស្តារ និងអភិវឌ្ឍន៍ប្រទេសពីបាទដៃទទេរហូតប្រែក្លាយប្រទេសដ៏កំសត់មួយនេះ ទទួលបានសុខសន្តិភាពដូចសព្វថ្ងៃ។ ពោលលោក ហ៊ុន សែន ត្រូវបានប្រវត្តិសាស្ត្រចារឈ្មោះរួចមកហើយថា ជាវីរៈបុរសខ្មែរដែលបានរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ និងជាស្ថាបនិកសន្តិភាព។
លោក ហ៊ុន សែន ត្រូវបានទទួលស្គាល់ និងឱ្យតំលៃស្មើមុខស្មើមាត់លើកឆាកអន្តរជាតិពីសំណាក់មេដឹកនាំប្រទេសមហាអំណាច និងប្រទេសជាច្រើនទាំងលើពិភពលោក និងក្នុងតំបន់ថែមទៀតផង។ដូច្នេះការចោទប្រកាន់លើលោក ហ៊ុន សែន គ្រាន់តែការរៀបចំរបស់គណបក្សសង្គ្រោះជាតិ ដែលមានបំណងមួលបង្កាច់ ប្រមាថ និងលាបពណ៌ពីភាពពិតរបស់លោកហ៊ុន សែន និងស្ថានភាពជាក់ស្តែងក្នុងប្រទេសកម្ពុជាបច្ចុប្បន្នតែប៉ុណ្ណោះ។ ជុំវិញបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន នៅសហរដ្ឋអាមេរិក មានព័ត៌មានច្បាស់ការជាច្រើនបានបង្ហើបឱ្យដឹងថា បាតុកម្មនោះធ្វើឡើង​​តាមរយៈការដឹកនាំរបស់ក្រុមជនមួយតំបស្វា ជាសកម្មជនគាំទ្របក្សសង្គ្រោះជាតិ ក្នុងការប្រឆាំងវត្តមានលោក ហ៊ុន សែន នៅពេលចេញទៅក្រៅប្រទេសម្តងៗ។ អ្នកដឹកនាំបាតុករបានទទួលលុយជាលាបសក្ការៈជាច្រើន ដើម្បីភាពមានបានរបស់បក្ខពួកខ្លួន នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងរដ្ឋមួយនៅសហរដ្ឋអាមេរិកដែលបានចំណាយក្នុងការរៀបចំធ្វើបាតុកម្មនាពេលកន្លងមក។
វាប្រហែលជារឿងដែលគួរឱ្យអស់សំណើច សម្រាប់ក្រុមសកម្មជនរបស់គណបក្សសង្គ្រោះជាតិដែលស្រែកថាលោក ហ៊ុន សែន ជាមនុស្សផ្តាច់ការ ខណៈដែលមេដឹកនាំប្រទេសមហាអំណាច និងជាបិតាប្រជាធិបតេយ្យកំពុងចាប់ដៃស្វាគមន៍យ៉ាងកក់ក្តៅជាមួយលោក ហ៊ុន សែន! ពិភពលោក​​បានមើលឃើញរួចមកហើយ  ពីទំនាក់ទំនងជាអន្តរជាតិ រវាងមេដឹកនាំពិភពលោក សំខាន់ៗនិងជាប្រទេសបិតាប្រជាធិបតេយ្យជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជា លោក អូបាម៉ា ប្រធានាបតីអាមេរិក លោក ហ្វ្រង់ស្វ័រហូឡង់ ប្រធានាបតីបារាំង លោក បានគីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ....
ដោយឡែកពាក្យចោទប្រកាន់ថា លោក ហ៊ុន សែន ជាអាយ៉ងយួននោះ តើពេលណាទៅទើបគណបក្សសង្គ្រោះជាតិឈប់ប្រើ? បើលោក ហ៊ុន សែន អាយ៉ងយួនមែន មិនមែនលោកខំប្រឹងកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ជាមួយប្រទេសវៀតណាមនោះទេ! ហើយបើ​ ​ហ៊ុន សែន ក្បត់ជាតិ បំផ្លាញជាតិ លក់ទឹកដី ដូចការចោទប្រកាន់មែន នោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ប្រាកដជាមិនចាំបាច់វាស់វែង ស្រាវជ្រាវ កិច្ចការព្រំដែនអស់ពេលជាង១០ឆ្នាំ ទំរាំឈានដល់ការ​​បោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងនោះទេ! បើលក់ទឹកដីឱ្យគេមែន គឺមិនចាំបាច់ចរចារ មិនចាំបាច់មានកិច្ចព្រមព្រៀង ឬសុំការសហការពីអ្នកជំនាញបច្ចេកទេសប្រទេសបារាំង និងក៏គ្មានភាពក្លាហានស្នើសុំ UN បញ្ជូនផែនទីតំកល់នៅអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ ជាមួយផែនទីផ្លូវការរបស់រាជរដ្ឋាភិបាលនោះដែរ។ ដូច្នេះអ្នកដែលស្រែកឡូងៗថា លោក ហ៊ុន សែន អាយ៉ងនោះទៅវិញទេ ដែលជាអាយ៉ងបរទេសនោះ។ ជាក់ស្តែងលោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កឹម សុខា ធ្លាប់បានប្រកាសហើយថា គោលនយោបាយបក្សសង្គ្រោះជាតិ គឺមានបរទេសជាអ្នកជួយសរសេរ។ ថ្នាក់ដឹកនាំគណបក្សនេះទាំងតូច​​ទាំងធំ តែងតែរត់ត្រេទៅត្រេមកទៅបរទេសដូចជាទៅលេងស្រុកកំណើតខ្លួនចឹង! បើនិយាយទៅពួកគេមិនដែលទុកប្រទេសខ្មែរជាប្រទេសរបស់ខ្លួនផងទេ ព្រោះពួកគេធំធាត់ និងត្រូវបំពាក់បំប៉នមនោគមវិជ្ជាពីបរទេសទាំងស្រុង។ ជាពិសេសនៅពេលបង្កបញ្ហានៅក្នុងស្រុកម្តងៗក្រុមគណបក្សសង្គ្រោះជាតិតែងតែស្រែករកជំនួយពីបរទេស ដែលខ្លួនចាត់ទុកថា ជាអាណាព្យាបាលនោះជារឿយៗ។ ដូច្នេះតើក្រុមនេះ​​សម​​នឹងពាក្យថាអាយ៉ងដែរទេ? បើពួកគេចូលចិត្តលើកទូលបរទេសបែបនេះ តើឯណាទៅឯករាជ្យភាពរបស់ពួកគេ?
បក្សសង្គ្រោះជាតិតែងតែលាបពណ៌ បណ្តុះគំនិត ឱ្យសកម្មជនរបស់ខ្លួនស្អប់ខ្ពើម ប្រមាថ និងទម្លាក់កំហុសសព្វបែបយ៉ាងលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះបីជាលោក ហ៊ុន សែនខិតខំធ្វើអ្វីៗដើម្បីជាតិជាច្រើនរាប់មិនអស់តាំងពីការរំដោះជាតិប្រជាជន ចេញពីរណ្តៅមរណៈ និងប្រឹងប្រែងដឹកនាំកសាងប្រទេសតាំងពីឆ្នាំ១៩៧៩មកក៏ដោយ ក៏នៅតែខុសជានិច្ច។ ពោលគឺសម្រាប់គណបក្សសង្គ្រោះជាតិ ទោះបីលោក ហ៊ុន សែន ស្តារប្រទេសពីសូន្យមកកំពុងអភិវឌ្ឍន៍ ពីកំពុងអភិវឌ្ឍន៍ ទៅអភិវឌ្ឍន៍ និងពីអភិវឌ្ឍន៍កាន់តែជឿនលឿនក្តី ក៏គង់តែគេមិនពេញចិត្តដែរ។ ដូច្នេះវាមិនចំឡែកទេ ដែលពួកគេតែងតែចោទប្រកាន់ថា លោក ហ៊ុន សែន ផ្តាច់ការ ក្បត់ជាតិនោះ ព្រោះវាគឺជាគោលនយោបាយរបស់បក្សសង្គ្រោះជាតិទៅហើយ បើអ្នកណាមិនចេះជេរ លោក ហ៊ុន សែន ទេ អ្នកនោះមិនអាចចូលរួម និងធ្វើសកម្មភាពការងារក្នុងបក្សសង្គ្រោះជាតិ​​បានឡើយ។

យោងលើតំលៃនៃសច្ចធម៌ប្រវត្តិសាស្រ្ត និងកិត្តិយសរបស់លោក ហ៊ុន សែន ដែលបាននឹងកំពុងប្រឹងប្រែងក្នុងការរក្សាបាននូវស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងធ្វើសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយមេដឹកនាំសំខាន់ៗទាំងអាស៊ាន និងពិភពលោក ជាក់ស្តែងការចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិកគឺជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ថាលោកកំពុងបំពេញបេសកម្មជូនជាតិមាតុភូមិ ក្នុងទឹកដីសហរដ្ឋអាមេរិក គឺលោក ហ៊ុន សែនធ្វើអ្វីៗគ្រប់យ៉ាងដើម្បីលើកកម្ពស់កិត្យានុភាពជាតិខ្មែរទាំងមូល មិនដូចការនិយាយមួលបង្កាច់របស់ក្រុមជនមួយក្តាប់តូច ដែលតែងចោទថាលោកហ៊ុន សែន ជាជនផ្តាច់ការ និងបំផ្លាញជាតិនោះឡើយ៕

No comments:

Post a Comment