Monday, July 07, 2014

សម្តេច​តេជោ៖ ប្រទេស​​មាន​​ព្រះមហា​ក្សត្រ ព្រះរាជ​ក្រឹត្យ​​ចេញ​​ដោយ​​ព្រះមហា​ក្សត្រ​​គឺ​​គ្រប់​​គ្រាន់​​សម្រាប់​​ភាព​​ស្រប​​ច្បាប់​​នៃ​ការ​​ដឹកនាំ

សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាព្រឹក​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០១៤ បាន​បញ្ជាក់​សារ​ជាថ្មី​អំពី​ភាព​ស្រប​ច្បាប់​នៃ​រាជរដ្ឋាភិបាលអាណត្តិ​ទី​៥ នៃ​រដ្ឋ​សភា របស់​សម្តេច​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​ប្រឆាំង​ជ្រុល​និយម ដែល​ចេះ​តែ​និយាយ​បំភ្លៃការពិត បំភ័ន្ធ​​សាធារ​ណៈ​មតិ​ជាតិ និង​អន្តរជាតិ​ ពិសេសពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​បក្ស​ប្រឆាំង​ទាក់ទង​អំពី​ភាព​ស្របច្បាប់ ដែល​សម្ដេច​តេ​ជោ​បាន​ថ្លែង​នៅ​ខេត្តកំពង់ឆ្នាំង​នោះ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការដាក់​ឲ្យ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ពិការភាព ២០១៤-២០១៨ ត្រូវ​នឹង​ខួប​គម្រប់ ៥ឆ្នាំ​ នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើក​កម្ពស់​​សិទ្ធិ​ជនពិការនៅ​សា​ល​មហោស្រព​កោះ​ពេជ្រ សម្តេច​តេ​ជោមាន​ប្រសាសន៍​បញ្ជាក់​ថា ភាពស្របច្បាប់​នៅកម្ពុជា គឺ​ភាព​ស្រប​ច្បាប់​របស់ខ្លួន​ត្រង់​ថា ​អស់​ត្រឹម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ។ ខ្ញុំ​គ្រាន់តែ​ផ្ដាំ​ជូន​ប៉ុណ្ណឹង​ទៅវិញ បើ​ខ្លួន​ល្ងង់​ក៏​ល្ងង់​តែម្នាក់ឯង​ទៅ។ សម្តេច​តេជោ​ក៏​បាន​ធ្វើការ​ប្រៀប​ធៀប​ភាព​ស្រប​ច្បាប់​នៃ​ការ​គ្រប់​គ្រង​ប្រទេសក្នុង​ប្រទេស​ថៃ​ថា “នៅ​ប្រទេស​ថៃ​ក៏​អី​ញ្ចឹ​ង​ដែរ ប្រា​យុទ្ធ ចាន់​អូ​ចា គាត់​មាន​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​គាត់​ធ្វើ​ការងារ​បាន ឯ​រឿង​នៅទីនេះ​បញ្ហា​ធំ​ជាង​គេ​ គឺ​សភា​ប្រជុំ តែបើ​សភា​ប្រជុំ​ហើយ​មិនទាន់មាន​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​ក៏​អត់​ បាន​ដែរ​។ អាហ្នឹង​វាច​ប់​ត្រឹម​ប៉ុណ្ណឹង ស្របច្បាប់​មិន​ស្របច្បាប់​លោក​ឯង​គិត​មើលទៅ”។​

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ​​ច្បាប់​ដែល​កំពុងមាន​ជា​ធរមាន បើ​មិនទាន់​មានច្បាប់​ថ្មី​មក​ជំនួស បានសេចក្ដីថា​នៅ​រក្សា​ដដែល​ទាំងអស់ ច្បាប់​ត្រូវ​កែ​ដោយ​សភា សូម្បីតែ​លិខិត​បទ​ដ្ឋាន​ដែល​លើកឡើង​ក្នុង​ចំណុច ទី​៤ បើកាលណា​ឯកឧត្ដម លោកជំទាវ ក្រសួង​មិន​រៀបចំ​លិខិត​បទដ្ឋាន​ថ្មី​ទេ លិខិតបទដ្ឋាន​ចាស់​វា​នៅតែ​ដដែល។ ដូចគ្នានេះដែរ ច្បាប់បោះឆ្នោត​នីតិវិធី​ទាំងឡាយ​ទាក់ទិន​ជាមួយនិង​ការបោះឆ្នោត បើ​មិនមាន​ច្បាប់​ថ្មី​ចូលមក​ជំនួស​ទេ ច្បាប់​ចាស់​នៅ​បន្ត។ ដូចនេះ​ឆ្នាំ២០១៨ ប្រហែលជា​គ្មាន​ការចាំបាច់​ដើម្បី​និយាយ​អ្វី​ច្រើន​ទេ នៅ​រក្សា​ការ​បោះឆ្នោត​ខែ​៧ (កក្កដា) តទៅទៀត កុំ​ឲ្យ​វា​ឈឺក្បាល​ពេក ដល់​ពេលនោះ​ចេះតែ​ធ្វើការ​ទៅ អ្នក​ណា​ចូល​ឬ​មិន​ចូល​ក៏​ហី​ទៅ​។​

សម្តេចតេ​ជោ​ថ្លែងបញ្ជាក់​បន្ថែម​ថា ច្បាប់បោះឆ្នោត​កំណត់ថា រៀងរាល់ ៥ឆ្នាំ​ម្ដង នា​អាទិត្យ​ទី​៤ ខែកក្កដា​ ត្រូវធ្វើ​ការបោះឆ្នោត បើ​អត់​មានច្បាប់​ថ្មី​មក​ដូរ​ទេ ច្បាប់​ចាស់​វា​នៅ​ដដែល​កុំ​ខ្វល់​ច្រើន​ពេក។ សម្ដេច​គូសបញ្ជាក់ថា ផ្លូវច្បាប់​នៅ​កម្ពុជា​ក៏ដោយ​នៅទីណា​ក៏ដោយ បើ​នៅ​ប្រ​ទេស​មាន​ប្រមុខរដ្ឋ តែ​ថ្នាក់​ប្រមុខរដ្ឋ​គេ​ចេញ​ឲ្យ​ហើយ​គឺ​វា​រួចទៅហើយ ប្រទេស​មាន​ព្រះម​ហា​ក្សត្រ ព្រះរាជក្រឹត្យ​ចេញ​ដោយ​ព្រះមហាក្សត្រ​គឺ​រួចទៅហើយ គ្មានអ្វី​រង់ចាំ​ទៀត​ទេ កុំ​រញ៉រ​ញ៉ៃ។

សម្តេច​តេជោ​ក៏បាន​ធ្វើការ​បដិសេធន៍ និង​រិះគន់​ចំពោះការ​ផ្សាយ​មិន​ត្រឹម​ត្រូវ ដោយ​បណ្តាញ​ទូរ​ទស្សន៍ វិទ្យុ និង​សារព័ត៌មាន​មួយ ចំនួន ដែល​ថា ការ ដោះលែង​អ្នកទោស​ជន ជាតិ​ថៃ វីរៈ សុង​ខ្វាម​ឃី​ត ថា មាន​លក្ខខណ្ឌ​សម្រាប់​ការ​ដោះ​ដូរ ជាមួយ​ជនជាតិ​កម្ពុជា​ចំនួន ១៤នាក់​ដែល​កំពុង​ជាប់ឃុំ ឃាំង​ក្នុងប្រទេស​ថៃ​នោះផង​ដែរ។

សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ បញ្ជាក់​ថា ការដោះលែង វីរៈ សុង​ខ្វាម​ឃី​ត គឺ​គ្មាន​ការដោះដូរ​នោះទេ ភាគី​ខាង​ថៃ​គាត់ និយាយ​ត្រឹមត្រូវ ហើយ​បញ្ហា​ខ្ញុំ​ស្នើសុំ​ឲ្យ​ ឬ​មិន​ឲ្យ​គឺជា​សិទ្ធិ​របស់​ខាង​ថៃ ឯ​ខាង​កម្ពុជា​ដោះលែង​ឲ្យ​ទៅដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ ​បញ្ជូន​ទៅ​​ដល់​បាងកក​បាត់​ទៅហើយ។ ខ្ញុំ​សូមបញ្ជាក់​ព្រោះថា មានពេលខ្លះ​ផ្នែក​សារព័ត៌មាន​របស់​យើង​ធ្វើ​ឲ្យ​មានការ​រំខាន​ត្រឡប់​ទៅវិញ មិន​ត្រឹមតែ​មិនបាន​ក្លាយទៅជា​ការពិត វា​ទៅជា​រឿង​យើ​ង​ដោះដូរ​បញ្ជូនទៅ​ម្នាក់ ឲ្យ​ដោះដូរ​ប៉ុន្មាន​នាក់​មកវិញ អត់​ទេ អត់​មាន​លក្ខខណ្ឌ​ដោះដូរ​អ្វី​ទេ ខ្ញុំ​សូម​បញ្ជាក់​៕

សម្តេច​​តេជោ​ដាក់​​ចេញ​​ការ​​ណែនាំ​​ដើម្បី​​ធានា​​ឲ្យ​​ការ​​អនុវត្ត​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​ជាតិ​​ស្តី​ពី​​ពិការ​​​ភាព​ ២០១៤-២០១៨ ទទួល​​បាន​​ជោគ​ជ័យ

នា​ព្រឹក​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ នៅ​សា​ល​​មហោស្រព​កោះពេជ្រ​ ដើម្បី​ចូល​រួម​អប​អរ​សាទរ​ខួបគម្រប់ ៥ឆ្នាំ នៃ​ច្បាប់ស្តីពីកិច្ចការពារ និង​លើក​កម្ពស់សិទ្ធិជន​ពិការ​ សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ជា​សាធា​រ​ណៈ​ នូវ​ការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្រ្តជាតិ ស្តីពី​ពិការ​ភាព ២០១៤-២០១៨  ព្រម​ទាំង​បានដា​ក់​ចេញនូវ​ការ​ណែ​នាំ​ជា​ច្រើន​ចំណុច ដើម្បីធានា​ឲ្យការអនុវត្ត​ផែន​ការ​នេះទទួលបាន​ជោ​គ​ជ័យ​។

សេចក្តី​ណែនាំ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​សម្តេច​តេជោនាយករដ្ឋមន្ត្រី​​រួមមាន៖ ទី១-គ្រប់​ក្រសួង ស្ថាប័ន ព្រម​ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ចាប់​ផ្តើម​កសាង​ផែនការ​សកម្ម​ភាព​លម្អិត និង​ចាត់​ជាអាទិភាព​ជាក់​លាក់ ពាក់​ព័ន្ធវិស័យ​ពិការភាព ចូល​ទៅ​ក្នុង​គម្រោ​ង​ផែនការ​សកម្មភាព​របស់​ខ្លួន ដោយ​ត្រូវ​រួម​ចំណែក​ពង្រឹង និង​ពង្រីក​វិធានការ​ទប់ស្កាត់​ពិការ​ភាព​ឲ្យកាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត ពិសេស​ត្រូវ​បង្ក​ឱកាស​ឲ្យបាន​ច្រើន​បន្ថែម​ទៀត​ដល់​បង​ប្អូន​ជនពិការ។

ទី២-ក្រុម​ការ​ងារ​សកម្ម​ភាព ជនពិការ​នៅ​តាម​ក្រសួង ស្ថាប័ន និង​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ថ្នាក់​រាជធានី ខេត្ត​មាន ភារកិច្ច​ជួយ​សម្រប សម្រួល​ការផ្លាស់ ប្តូរ ទិន្នន័យ និង បញ្ជ្រាប​ផែន​ការ​យុទ្ធសាស្រ្ត​ជាតិ​ស្តី​ពីពិការភាព ២០១៤-២០១៨ នេះ ទៅ ក្នុង គោលនយោបាយ កម្មវិ​ធី​នៅ​តាម​ក្រសួង ស្ថាប័ន​នានា។ ទន្ទឹម​ត្រូវ​មាន​របាយ​ការណ៍​វឌ្ឍនភាព​ការងារ​ការ​តាម​ដាន ត្រួត​ពិនិត្យ​ផែ​ន​ការ​យុទ្ធ​សាស្រ្ត​ជាតិស្តីពី​ពិការភាព ២០១៤-២០១៨ ទាំង​នៅ​ពាក់​កណ្តាល​អាណត្តិ និង​នៅ​ចុង​អាណត្តិ ដើម្បី​ប្រើ​ជាមូលដ្ឋាន​ដ៏សំខាន់​ក្នុង​ការ​វាយ​តម្លៃ និង​ធានា​ថា ជីវិត​ជន​ពិការ​នៅ​កម្ពុជា ត្រូវ​បាន​អភិវឌ្ឍន៍​កាន់​តែប្រសើរ​ឡើង។

ទី៣-ក្រសួង​ស្ថាប័ន​អង្គភាព​ត្រូវ​វាយតម្លៃ​អំពី​គោល​នយោបាយ និង​យុទ្ធសាស្រ្ត​ដែល​មាន​ស្រាប់​របស់​ខ្លួន​ជាមួយ​នឹង​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្តីពី​ពិការភាព ដើម្បី​កំណត់​ពី​វឌ្ឍនភាព​នៃ​ផ្នែក​នីមួយៗ​ដែល​មិន​ទាន់​បាន​ធ្វើ និង​កែ​តម្រូវ​ឲ្យ​បាន​ស្រប​គ្នា។ គ្រប់​ក្រសួង ស្ថាប័ន អង្គ​ភាព និង​ដៃ​គូ​ពាក់ព័ន្ធ ត្រូវ​រាយការណ៍​អំពី​ការសម្រេច​បាន​លើ​ការងារ​ពិការភាព​ជារៀល​រាល់​ឆ្នាំ​ជូន​ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ​ដើម្បី​បូក​សរុប។

ទី៤-ត្រូវ​បន្ត​ជំរុញ​ការ​រៀបចំ កសាង​លិខិត​បទដ្ឋាន​គតិយុត្តិ ទាក់​ទង​នឹង​ច្បាប់​ស្តីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិជន​ពិការ​ដូចជា​ការរៀបចំ​អនុក្រឹត្យ សារាចរ​ណែនាំ​ប្រកាស​អន្តរក្រសួង ​ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព។ ចំណុច​នេះសម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ខ្ញុំ​យល់​ថា ច្បាប់ និង​បទដ្ឋាន​គតិ​យុត្តិ​ទាំង​នេះ​នឹង​រួម​ចំណែក​ប្រែ​ក្លាយ​សេវា​ជនពិការ ដែល​ពី​មុន​មានចរិត​មនុស្ស​ធម៌​ភាគ​ច្រើន ទៅ​ជា​សេវា​ដែល​មាន​ចរិត​ជា​ប្រព័ន្ធ​ធានា​រ៉ាប់​រង​សង្គម​សម្រាប់​ជនពិការ ដែល​អាច​ជួយ​ពង្រឹង​ស្មារតីម្ចាស់​ការ និង​លើក​កម្ពស់​សមត្ថភាព​របស់​ជនពិការ និង​ជាការ​ជំរុញ​ល្បឿន នៃ​ការ​ធ្វើសមាហរណ​កម្ម​ជន​ពិការ​ទៅ​ក្នុង​សង្គម ដោយ​គ្មាន​ឧបសគ្គ​រារាំង។

ទី៥-​សម្តេច​តេជោ​បាន​រំលឹក​ដល់​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ត្រូវ​អនុវត្តន៍​ការ​ជ្រើស​រើស​ជន​ពិការ​ឲ្យចូល​បម្រើ​ការងារ​តាម​ក្រសួង ស្ថាប័ន និង​ក្រុមហ៊ុន​នីមួយៗ តាម​ការ​កំណត់​ក្នុង​រយៈ​ពេល ៣ឆ្នាំ ដោយ​ត្រូវ​ជ្រើសរើស​ជនពិការ​ឲ្យ​គ្រប់​ចំនួន ២% សម្រាប់​ក្រសួង ស្ថាប័ន​រដ្ឋ និង១% សម្រាប់​វិស័យ​ឯកជន។ ទាក់​ទង​ការ​ងារ​នេះ សម្តេច​តេជោ​បានមាន​ប្រ​សាសន៍​ថា ​ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ ត្រូវ​បន្ត​ជំរុញ​ការ​អនុវត្ត​អត្រាជន​ពិការ​ចូល​បម្រើ​ការ​ងារ​ក្នុងវិស័យ​ឯកជន និង​បន្ត​ធ្វើបច្ចុប្បន្ន​ភាព នៃការ​ស្រង់​ទិន្ន​ន័យ​អត្រា​ជនពិការ​ចូល​បម្រើ​ការ​ងារ​តាម​ក្រសួង ស្ថាប័ន និង​វិស័យ​ឯកជនឲ្យ​បាន​ទៀង​ទាត់។ ក្រសួង ស្ថាប័ន និង​នីតិ​បុគ្គល ត្រូវ​បន្ត​ការរៀបចំ​សម្រប​សម្រួល​ការងារ នេះ​ឲ្យ​សម​ស្រប​សម្រាប់​ជនពិការ​អាច​បំពេញ​កា​រងារបាន​ពេញលេញនៅ​ក្នុងក្រសួង ស្ថាប័ន និង​អង្គ​ភាព​របស់ខ្លួន។

​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​មានការ​ចាត់វិ​ធាន​ការ​ជាបឋម ដើម្បី​ការពារ​កុមារ ជាពិសេស​កុមារ​នៅតាម​មណ្ឌល​កុមារកំព្រា នៅ​​ពេល​ដែល​ព័ត៌មាន បាន​ផ្សព្វ​ផ្សាយ​អំពី​ការធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​យង់ឃ្នង​ទៅលើ​កុមារ​ នា​ពេល​ថ្មីៗ​នោះ ដែល​នាំ​ឲ្យ​មាន​កង្វល់​អំពី​ការកេងប្រវ័ញ្ច​កុមារ​ដោយ​ជនជាតិ​កម្ពុជា​ ខ្លួនឯង​នោះ​។

សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍លើក​ជា​ទឡ្ហីករណ៍នៃ​ការ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​នា​ពេល​កន្លង​មកដូច​ជា​ ករណី​ប្រព្រឹត្ត​​អំពើហិង្សា​ទៅលើ​កុមារ​នៅ​ខេត្តបន្ទាយមានជ័យ ដែល​បង្ករ​ឡើង​ដោយ​​ព្រះសង្ឃ​។ សម្ដេច​តេ​ជោបាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់ថា រឿងរ៉ាវ​ដែល​បាន​ចុះផ្សាយ​តាមទូរ​ទស្សន៍ កា​សែត​អំពី​ការធ្វើ​បាប​កុមារ ដោយ​លោកជំទាវ ដោយ​លោកស្រី ហើយ​កាលពីម្សិលមិញ​នេះ​គឺ​ព្រះសង្ឃ​តែម្ដង ហេតុអ្វី​បានជា​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌​ឃោរ​ឃៅ​ទាំងនេះ​។ ដូច្នេះ​យើង​ត្រូវ​បិទ​ក្រោលសេះ​មុនពេល ដែល​សេះ​វា​ចេញ​ផុតពី​ក្រោល ឬ​យើង​ត្រូវ​ប្រមូលសេះ​នៅពេល​ដែល​សេះ​ទើបនឹង​ចេញពី​ក្រោល​ឲ្យ​វា​ចូល​ក្រោល​វិញ​។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា ខ្ញុំ​ស្នើ​ឲ្យ​គ្រប់​ទីកន្លែង​យកចិត្តទុកដាក់​បង្កើត​វិធានការការពារ​កុមារ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ឲ្យ​ជាប់លាប់ បើ​យើង​ការពារ​កន្លែង​ណា​មិនទាន់បានទេនោះ ។ ឥឡូវ​បញ្ហា​នេះ​មានការ​ចោទប្រកាន់​ទៅ​តុលាការ នៅពេលដែល​អ្នកមាន​ទ្រព្យ​ធន ខ្លះ​បាន​ទៅ​យក​កុមារ​ពី​មណ្ឌល​កុមារកំព្រា​ថា យកមក​ជួយ​ចិញ្ចឹម ប៉ុន្តែ​បែរជា​យកមក​បម្រើ​ធ្វើដូច​កូន​ឈ្នួល រួចហើយ​មិន​ឲ្យ​រៀនសូត្រ​ថែមទាំង​វាយ​ធ្វើបាប​ទៀត ដែល​ថ្ងៃក្រោយ​បញ្ហា​នេះ អាច​នឹង​ឈា​នទៅដល់​ការជួញដូរ​កុមារ តាមរយៈ​បញ្ហា​នៃ​ការសុំ​កូន​ដោយ​ជនជាតិ​កម្ពុជាគ្នាឯង​នេះ​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​សម្តេចថា មុន​នេះ​យើង​មានការ​ព្រួយបារម្ភ​បានជា​យើង​បង្កើត​ច្បាប់​ស្មុំ​​កូន​ឆ្លង​ប្រទេស ​យើង​ចាត់វិធានការ ហើយ​វា​កាន់តែ​អន្តរាយ​បើសិនជា​ទៅយក​ក្មេងស្រី ពី​មណ្ឌល​​កុមារកំព្រា​នោះ ថ្ងៃក្រោយ​វា​ទៅ​ជា​សម្រាប់​ការរំលោភ ដែល​នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មែន​ទែន បន្ថែម​លើ​នោះ​ជួនកាល​អាច​ធ្លាយ​កុមារ​នោះ តាម​ខ្សែរយៈ​ផ្សេងៗ ព្រោះ​ស្រុក​ឥឡូវ​នៅ​លើ​​ពិភពលោក​មានការ​លំបាក​ណាស់។

ពាក់ព័ន្ធ​ការធ្វើ​អាជីវកម្ម​ក្រលៀន ដែល​ទើបនឹង​លេចឡើង​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​កម្ពុ​ជា​នោះ សម្តេច​តេ​ជោ​ថ្លែងថា គេ​ត្រូវការ​ក្រលៀន​គេ​យក​កូនក្មេង​របស់​យើង​គេ​អាចធ្វើ​តេស្ត​ឈាម​បានដឹង​រួចហើយ​យកទៅ​បាត់ ទី​ចុង​បំផុត​យកទៅ​កាន់​ប្រទេស​ណាមួយ​ដែលជាបញ្ហា​យើង​ត្រូវ​ប្រុងប្រយ័ត្ន។ ដូច្នេះ​សូមអ្នក​ទាំងឡាយ​បើ​ចង់​ចិញ្ចឹម​កុមារ​សូមមេត្តា​ផ្ដល់ក្តី​អាណិត ក្ដី​ស្រឡាញ់​ចំពោះ​កុមារកំព្រា​នោះ ជួយ​ឲ្យ​ពួកគេ​ទទួលបាន​នូវ​ការអប់រំ​បណ្ដុះបណ្ដាល​កម្រិត​ខ្ពស់ ហើយ​បើ​មិនបាន​ដូច្នោះ​ទេ ក៏ត្រូវ​ឲ្យ​គ្នា​ទទួលបាន​នូវ​ការបណ្ដុះបណ្ដាល កុំ​យកគ្នា​ទៅ​បម្រើ​ខ្លួន​ហើយ​មិនបាន​រៀនសូត្រ​នោះ​។

ក្នុង​កិច្ច​ការ​លើក​ស្ទួយ​សិទ្ធិ​ និង​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជន​ពិការ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន សម្រេច​បាន​នូវអត្រា​ទទួល​ឲ្យ​ជនពិការ​ចូល​បម្រើការ​ងារ​តាមក្រ​សួង ស្ថាប័​នរ​ដ្ឋចំនួន៤០ គិតក្នុងឆ្នាំ ២​០១៣ មានជន​ពិការ​ចំនួន ២ ៤៦០ នាក់។ ទន្ទឹម​នេះបងប្អូ​នជនពិការ​ត្រូវបាន​ផ្តល់​អាទិភាព​ក្នុង​​ការ​ផ្តល់ដីសម្ប​ទានសង្គមកិ​ច្ច សម្រាប់សា​ង​សង់​លំនៅដ្ឋាន ធ្វើអា​ជីវកម្មក​សិកម្ម​ជា​លក្ខណៈ​គ្រួសារ​នៅតាកែន​កោះស្លា តំបន់​អភិវឌ្ឍន៍​ជនពិកា៣១៧ នៅស្រុក​គូលែន ខេត្ត​សៀម​រាប និង​នៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ការផ្តល់​សេវាស្តារ​លទ្ធភាព​ពល​កម្ម​នៅសហ​គមន៍ ការព្យា​បាល ការស្តារ​លទ្ធភាព​ពលក​ម្មកាយ​សម្ប​ទា ការប​ណ្តុះបណ្តា​លវិជ្ជាជីវៈ និង​មុខ​របរ ការអ​ភិវឌ្ឍអ​ក្សរស្ទាប​ភាសាសញ្ញា ដែល​ត្រូវ​បាន​ដាក់ប​ញ្ចូលទៅ​ក្នុងក​ម្មវិធីសិក្សា និង​អនុវត្តន៍​តាមស្ថានី​យ៍ទូរ​ទស្សន៍នានា ដើម្បី​ផ្តល់​ព័ត៌​មាន​ជូន​ជនពិការ។ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជា​ជន​ពិការ​ក៏​ទទួលបានឱ​កាសក្នុង​ការសិ​ក្សាអប់រំនៅ​តាមសាលា សា​ធារ​ណៈ ដោយ​មិន​មាន​ការ​រើសអើង អាគារ​សិក្សាមួយ​ចំនួនបា​នរៀបចំ​ឲ្យមាន​ជម្រាល សម្រា​ប់​សិស្ស​ពិការ ហើយ​មជ្ឈ​មណ្ឌល និងសា​លាសម្រាប់​កុមារ​ពិការភ្នែក និង គ ថ្លង់ ត្រូវទទួល​បាន​នូវ​ការផ្គត់ផ្គង់​ជីវ​ភាព​រស់នៅ និងការសិ​ក្សាអប់​រំរហូត​ដល់ក​ម្រិត​ឧត្តមសិក្សា៕