Friday, March 13, 2020

(Video)៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះមតិយោបល់របស់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ដើម្បីរៀបចំបុណ្យនៅខេត្តបាត់ដំបង ឲ្យរលូន និងជោគជ័យ

បាត់ដំបង៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឺកម្ចាស់ដី ដើម្បីឲ្យដំណើរការរៀបចំពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ពិធីបុណ្យទន្លេលើកទី៦នេះ នឹងចាប់ផ្តើមនៅថ្ងៃស្អែក ដែលមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ១៤ ១៥ ខែមីនា ឆ្នាំ២០២០ ដែលក្នុងនោះ មានរៀបចំជាព្រឹត្តិការណ៍មុនពិធី (Pre Event) និងសកម្មភាពជាច្រើន រួមមាន៖
-ពិធីដាំដើមឈើ (ព្រឹកថ្ងៃទី ១២ មីនា)
-សិក្ខាសាលាស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ (ព្រឹកថ្ងៃទី ១២ មីនា)
-កីឡាជិះកង់កម្សាន្ត ១០គម
-រត់ប្រណាំងកំសាន្ត
-ការប្រកួតកីឡាបាល់ទាត់ បាល់ទះមិត្តភាព
-កីឡាប៉េតង់
-ប្រដាល់គុណខ្មែរអន្តរជាតិ
-កីឡាចំបាប់បុរាណ
-កីឡាទាញព្រាត់
-ការប្រកួតអុកចត្រង្គ
-ការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលបរទេស
-មហោស្រពម្ហូបអាហារ និងភេសជ្ជៈ
-ការសំដែងទស្សនីយភាពសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី
-ការបាញ់កាំជ្រួចអបអរសាទរបុណ្យទន្លេ។

គួរកត់សំគាល់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះផងដែរ ៕





ក្រសួងការបរទេសកម្ពុជា៖ ការលើកឡើងរបស់ លោក Patrick Murphy ពាក់ព័ន្ធនឹងសវនាការ លោក កឹម សុខា គឺផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការខកចិត្តជាខ្លាំងចំពោះមតិយោបល់របស់ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ការថ្លែងបែបនេះ គឺជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នានិងការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធធ្វើពិធីអបអរសាទរខួបចំណងមិត្តភាព៧០ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំនេះ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពី អគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy ដែលបានចូលស្ដាប់សវនាការ លោក កឹម សុខា ពីម្សិលមិញ បានលើកឡើងថា សហរដ្ឋអាមេរិកមានការរំខានចិត្តដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិតដែលត្រូវបានប្រឌិតរឿងទាក់ទងនឹងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ការថ្លែងយោបល់បែបនេះ គឺជាការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យនិងដាច់ដោយឡែក ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្ហាញឲ្យឃើញពីឥរិយាបទគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះ។
យោងតាមបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ការបញ្ចេញយោបល់បែបនេះ គឺជាការរំលោភបំពានលើមាត្រាទី៤១ នៃអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត និងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគ្រប់អ្នកការទូតតំណាងមកពីប្រទេសនានា ទោះបីប្រទេសនោះជាប្រទេសធំ ឬតូច ត្រូវតែគោរពឲ្យបានពេញលេញ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖






លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទាត់ចោលការផ្សាយព័ត៌មានក្លែងក្លាយរបស់ទូរទស្សន៍បរទេសមួយ ដែលថាលោកឆ្លង Covid-19

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលអញ្ជើញចូលរួម បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ លោកបានចេញមកទាត់ចោលនូវការផ្សាយព័ត៌មានក្លែងក្លាយ ផ្សាយដោយទូរទស្សន៍បរទេសមួយ ដែលថាលោកបានឆ្លង ឬប្រហែលឆ្លងជំងឺ Covid-19 ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថាសុខភាពរបស់លោកនៅល្អមាំមួន និងមិនមានការឆ្លងជំងឺ Covid-19 ដូចការចុះផ្សាយបំភ្លៃរបស់ទូរទស្សន៍បរទេសនោះទេ ពោលគឺ នៅព្រឹកថ្ងៃនេះលោកបានបង្ហាញវត្តមាន ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ហើយថ្ងៃស្អែកលោកនឹងអញ្ជើញទៅចូលរួមបុណ្យទន្លេ នាខេត្តបាត់ដំបងផងដែរ។
ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឲ្យមានការប្រឆាំងជាដាច់ខាតនូវព័ត៌មានក្លែងក្លាយ ដែលវាជាជំងឺកាចសាហាវ ជាងជំងឺ Covid-19 ទៅទៀត។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «មានទូរទស្សន៍បរទេសមួយបានផ្សាយថា ខ្ញុំបានឬប្រហែលឆ្លង កូវីត១៩ទៅហើយ។
ពេលនេះខ្ញុំ កំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។ កូវីត១៩ វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជម្ងឺនេះ ទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ។

សូមបងប្អូនជនរួមជាតិ ចូលរួមទប់ស្កាត់ ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈវិធានការអនាម័យ ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗ ដើម្បីធានាថា នៅកម្ពុជាយើងគ្មានជម្ងឺឆ្លងបន្ថែមទៀត លើចំនួនដែលបានឆ្លងរួចមកហើយ ចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់ និង ចិន១នាក់ ដែលបានព្យាបាលជាសះស្បើយរួចហើយ» ៕



រដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់៥ទៀត


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើ សេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់៥ទៀត។
កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងសមាជិករដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលផងដែរ។
សេចក្តីព្រាងច្បាប់ ទាំង៦ ដែលលើកមកពិភាក្សា និងអនុម័តនាពេលនេះ រួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍។
២៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៤៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។
៥៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៦៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម៕