Sunday, December 22, 2019

(Video) ការបំភ្លឺរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី លើសំណួរដែលថា តើប្រទេសកម្ពុជា មានបាត់ផ្ទៃដីរបស់ខ្លួនដែរឬទេ

(ភ្នំពេញ)៖ អ្វីដែលជាចម្ងល់របស់ក្រុមនិន្នាការប្រឆាំង តែងតែចោទសួរថា «តើប្រទេសកម្ពុជា មានបាត់ផ្ទៃដីរបស់ខ្លួនដែរ ឬទេ?» មិនមែនជារឿងថ្មីនោះទេ ពោលសំណួរតែងតែចោទសួរឡើងជាហូរហែរ ហើយក៏ធ្លាប់ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៤ បានពន្យល់យ៉ាងច្បាស់លើបញ្ហានេះ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជា មិនមានបាត់បង់ដីបន្ដិចណានោះទេ ពោលបើផ្អែកតាមតួលេខ ដែលគេតែងចាំរត់មាត់ ចំនួន១៨១,០៣៥គីឡូម៉ែត្រក្រឡា ហើយបានកត់ត្រាទុកក្នុងគេហទំព័ររបស់អង្គការសហប្រជាជាតិ បើធៀបជាមួយតួលេខជាក់ស្ដែង គឺមានចំនួនលើស អ្វីដែលបានកត់ត្រាទុកកន្លងមកទៀត។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានឲ្យដឹងថា បើអ្វីដែលពិនិត្យនិងវាស់ជាក់ស្ដែង តិចបំផុតក៏លើសប្រមាណ៣០០គីឡូម៉ែត្រក្រឡាដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីពេលកន្លងទៅនេះទើបនឹងចុះហត្ថលេខា ទទួលស្គាល់លើការងារកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនជាមួយគ្នា ដែលសម្រេចបាន ៨៤ភាគរយ លើព្រំដែនគោកប្រវែង១,២៧០គីឡូម៉ែត្រ៕

នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ចុះហត្ថលេខាជាប្រវត្តិសាស្ត្រទទួលស្គាល់បង្គោលព្រំដែននៃប្រទេសពីរចំនួន ៨៤% (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ។ ការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា និងវៀតណាម។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចាត់ទុកលទ្ធផលនេះ ជាលទ្ធផលមួយដ៏រីករាយ និងគួរជាទីមោទនភាព។
កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដោយយោងទៅតាមការកំណត់ក្នុងផែនទីបោនខ្នាត១ លើ១០០ពាន់ ដែលបន្សល់ទុកពីសម័យអាណានិគម និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ប្រទេសទាំងពីរក៏បានចុះសន្ធិសញ្ញារួមគ្នាមួយកំណត់ព្រំដែនប្រទេសទាំងពីរកាលពី១៩៨៥ និងបានធ្វើសន្ធិសញ្ញាបំពេញបន្ថែមមួយទៀតកាលពីឆ្នាំ២០០៥កន្លងទៅ ដើម្បីឈានទៅការកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនរួមគ្នា។
ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលបច្ចុប្បន្នការបោះបង្គោលព្រំដែននេះសម្រេចបានប្រមាណ ៨៤ភាគរយប៉ុណ្ណោះ។ បើទោះបីការបោះបង្គោលព្រំដែនមិនទាន់ចប់សព្វគ្រប់យ៉ាងណាក្តី កម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បានព្រមព្រៀងគ្នាចុះហត្ថលេខាទទួលស្គាល់លទ្ធផលការងារដែលសម្រេចបាននេះ។
ពិធីចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែន និងព្រំសីមា ដែលបានបោះ និងកំណត់រួចរាល់នេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបភាពនៃនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម ព្រមទាំងមន្ត្រីគណៈកម្មការព្រំដែនចម្រុះប្រទេសទាំងពីរ អភិបាលខេត្តមានព្រំដែនជាប់គ្នានៃប្រទេសទាំងពីរ និងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា និងមន្ត្រីរបស់វៀតណាមទទួលបន្ទុកការងារព្រំដែន បានបង្ហាញពីការលំបាកជាច្រើនលើការងារបោះបង្គោលព្រំដែននេះ។ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានលើកឡើងថា ការងារបោះបង្គោលព្រំដែននេះ មិនអាចសម្រេចទៅបាននោះឡើយ ប្រសិនបើគ្មានការជម្នះ និងពុះពារនូវឧបសគ្គទាំងពីមន្ត្រីគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ជាពិសេសបើគ្មានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំរបស់វៀតណាមទេនោះ។
សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក បានសម្តែងការរីករាយ និងពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលដែលសម្រេចបាននេះ។ ក្នុងសុន្ទរកថាមុនពិធីចុះហត្ថលេខា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលនេះបានបញ្ជាក់ពីដំណោះស្រាយព្រំដែនរវាងប្រទេសទាំងពីរ បានបោះជំហ៊ានទៅមុខជាលំដាប់គួរឱ្យមោទនភាពបំផុត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «សមិទ្ធផលផ្លែផ្កាដ៏ធំធេងដែលប្រទេសយើងទាំងពីរសម្រេចបាននេះ កើតចេញដោយការស្វះស្វែងរកដំណោះស្រាយរួមប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមកក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ»
បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ជារឿងដ៏ស្មុគស្មាញមួយសម្រាប់ប្រទេសទាំងពីរ ដោយសារតែសំណល់នៃវិបត្តិប្រវត្តិសាស្ត្រ។ ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែចងចាំ ឈឺចាប់ និងចោទប្រកាន់វៀតណាមលួចយកទឹកដីរបស់ខ្លួនបង្កើតទៅជាវិវាទកម្មផ្លូវចិត្តរវាងប្រជាជាតិទាំងពីរ។ ក្នុងនោះអ្នកនយោបាយនៅកម្ពុជា ក៏តែងតែយកបញ្ហានេះធ្វើជាឈ្នាន់ដើម្បីស្វែងរកប្រជាប្រិយភាពនយោបាយរបស់ពួកគេផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលនៃការបោះបង្គោលព្រំដែន និងការកំណត់ព្រំសីមារវាងប្រទេសទាំងពីរ ក៏ជាការរួមចំណែកបញ្ចប់វិវាទ និងទំនាស់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
«ជាការពិតប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំងពីរនឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ»។ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បន្ថែម។
នៅក្នុងពិធីនេះទាំងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វុក បានប្តេជ្ញាចិត្តផងដែរ ក្នុងការដោះស្រាយលើបញ្ហាព្រំដែនប្រមាណ ១៦ភាគរយទៀតដែលនៅសេសល់ ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តន៍ជាអន្តរជាតិ ស្តីពីការទទួលស្គាល់គោលការណ៍ខ្សែព្រំដែនមិនកែប្រែដែលអាណានិគមបានបន្សល់ទុកឱ្យសម្រាប់ធ្វើជាមូលដ្ឋានរឹងមាំនាំមុខបន្តទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក បានអំពាវនាវទៅដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចូលរួមថែរក្សាបង្គោលព្រំដែនឱ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជានិច្ចនិរន្ត ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសទាំងពីរ។
នៅក្នុងពិធីនាព្រឹកមិញនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចុះហត្ថលេខាទទួលស្គាល់ផែនទីថ្មីខ្នាត ១លើ២៥ពាន់ចំនួន ៩២ផ្ទាំង ដែលផលិតឡើងដោយប្រើបច្ចេកវិទ្យាខ្ពស់ បង្ហាញពីបង្គោលព្រំដែន និងខ្សែខណ្ឌសីមានៃប្រទេសទាំងពីរ។ បើតាមលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា ផែនទីនេះនឹងត្រូវយកទៅតម្កល់នៅអង្គការសហប្រជាជាតិផងដែរ៕

សន្និសីទព័ត៌មានបង្ហាញពីការបោះបង្គោលព្រំដែនជាមួយវៀតណាម

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ធ្វើសន្និសីទព័ត៌មានបង្ហាញពីការបោះបង្គោលព្រំដែនជាមួយវៀតណាម នាថ្ងៃត្រង់ទី១០ ខែតុលា ឆ្នាំ២០១៩។

លោក សុខ សុគន្ធ៖ កោះត្រល់មិនមែនបាត់ដោយសម្តេច សីហនុ ឬសម្តេចតេជោ ហ៊ុន សែន ដូចការចោទរបស់ក្រុមប្រឆាំងឡើយ (Video inside)

(ភ្នំពេញ)៖ កោះត្រល់ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ដោយវៀតណាមហៅថាកោះហ្វូគុកនោះ ជាប្រធានបទមួយដែលក្រុមអ្នកនយោបាយមាននិន្នាការប្រឆាំងតែងលើកយកមកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតែម្តង។ ពួកគេបានព្យាយាមសាបព្រោះទៅកាន់ប្រជាពលរដ្ឋខ្មែរដោយលើកឡើងថា កោះត្រល់នេះត្រូវបានបាត់បង់ដោយសារតែសម្តេចតេជោ ហ៊ុន សែន ក្នុងបំណងទាញទម្លាក់ប្រជាប្រិយភាពរបស់សម្តេចតេជោ និងកេងយកផលចំណេញផ្នែកនយោបាយ និងទាញយកប្រជាប្រិយភាព។

រហូតមកដល់ពេលបច្ចុប្បន្ននៅតែមានប្រជាពលរដ្ឋខ្មែរមួយចំនួនលង់ជឿតាមការបកស្រាយរបស់អ្នកនយោបាយមាននិន្ទាការប្រឆាំងនោះ ដាក់ការមន្ទិលសង្ស័យជុំវិញរឿងនេះ និងមានចិត្តអគតិគិតថា កោះត្រល់ត្រូវបានបាត់បង់ដោយសារសម្តេចតេជោ ហ៊ុន សែន តាមរយៈការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមរវាងសម្តេច ជាមួយភាគីវៀតណាមកាលពីទសវត្សរ៍ឆ្នាំ១៩៨៥។
លោក សុខ សុគន្ធ ហៅ ជេម សុខ ដែលជាអ្នកអធិប្បាយលើបញ្ហាសង្គម និងនយោបាយមួយរូបកំពុងមានប្រជាប្រិយភាពលើបណ្តាញសង្គម Facebook នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ បានចេញមកវែកញែក និងបកស្រាយទៅលើបញ្ហាមួយនេះ ដោយមានលើកយកនូវសម្រង់ឯកសារមួយចំនួនមកបង្ហាញផងដែរ។
ដោយយោងតាមឯកសារដែលខ្លួនបានស្រាវជ្រាវ លោក សុខ សុគន្ធ បានបង្ហាញថា កោះត្រល់ត្រូវបានដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលកូសាំងស៊ីន នៅក្នុងឆ្នាំ១៩៣៩ ក្នុងពេលដែលបារាំងដាក់អាណានិគមនៅក្នុងប្រទេសឥណ្ឌូចិនរួមមានវៀតណាម កម្ពុជា និងឡាវ។ លុះក្រោយមកក្នុងសម័យគ្រប់គ្រង់របស់លោក ប្រេវីយេ លោកក៏បានបង្កើតជាខ្សែបន្ទាត់គ្រប់គ្រងមួយនៃតំបន់រដ្ឋបាលរវាងវៀតណាម និងកម្ពុជា ហើយបានកំណត់យកកោះត្រង់នេះស្ថិតនៅក្នុងទឹកដីវៀតណាម។
បន្ថែមពីលើនេះ លោក សុខ សុគន្ធ ក៏បានលើកយកព្រះរាជបន្ទូលរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានឆ្លើយតបទៅនឹងព័ត៌មាន «The Daily Mirror» របស់ហ្វីលីពីន នៅឆ្នាំ១៩៦៨ មកបញ្ជាក់ឱ្យបានជ្រាបផងដែរ។ នៅក្នុងទំព័រសារព័ត៌មាននោះ សម្តេច នរោត្តម សីហនុ បានគូសបញ្ជាក់ថា កម្ពុជាចង់បាននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយបោះបង់ចោលនូវការទាមទារទឹកដីរួមទាំងកោះត្រល់ផង ដោយសុំឱ្យវៀតណាមទទួលស្គាល់នូវព្រំដែនកម្ពុជានាពេលបច្ចុប្បន្នតែប៉ុណ្ណោះ។
លោក សុខ សុគន្ធ បានអះអាងថា ការបាត់បង់កោះត្រល់មិនមែនបាត់ដោយសារសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ឬសម្តេចតេជោ ហ៊ុន សែន ពោលកោះនេះត្រូវបានបារាំងកាត់ទៅឱ្យវៀតណាមក្នុងពេលធ្វើអាណានិគម ហើយពេលកម្ពុជាទាមទារបានឯករាជ្យវិញនៅឆ្នាំ១៩៥៣ បារាំងមិនបានបញ្ជាក់ពីការផ្ទេរកោះត្រល់មកឱ្យកម្ពុជាវិញនោះឡើយ។
អ្នកអធិប្បាយបញ្ហាសង្គមរូបនេះ បានលើកឡើងថា មានមធ្យោបាយតែមួយគត់ក្នុងការទាមទារកោះត្រល់មកវិញ គឺការប្តឹងទៅបារាំង ដែលជាប្រទេសធ្វើអាណានិគម និងជាអ្នកបែងចែក និងកំណត់ព្រំដែនកម្ពុជា និងវៀតណាមកាលពីពេលនោះ។
ជាមួយការពន្យល់ហេតុផលនាំឱ្យបាត់បង់កោះត្រល់ និងវិធីទាមទារយកមកវិញហើយនោះ លោក សុខ សុគន្ធ ក៏បានរិះគន់ទៅក្រុមប្រឆាំង រួមទាំងទណ្ឌិត សម រង្សុី ផងថា មានដែលបានប្តឹងទាមទារកោះត្រល់ពីប្រទេសបារាំងដែរ? ខណៈដែលរូបលោករស់នៅក្នុងប្រទេសបារាំងស្រាប់នោះ។
លោក សុខ សុគន្ធ បានធ្វើការអះអាងថា លោក សម រង្សុី រួមនឹងអ្នកប្រឆាំងដទៃទៀត មិនដែលបានប្តឹងទៅរដ្ឋាភិបាលបារាំងក្នុងការទាមទារកោះត្រល់ម្តងណានោះឡើយ។ ការមិនទាមទារមានហេតុផលសំខាន់ចំនួនពីរ ទីមួយគឺបារម្ភខ្លាចបារាំងដេញពួកគេចេញពីប្រទេសបារាំង និងទីពីរ គឺគេទុកបញ្ហានេះ ដើម្បីកេងចំណេញផ្នែកនយោបាយពីប្រជាពលរដ្ឋខ្មែរ។
លោក សុគន្ធ ក៏បានវាយសំពងទៅលើលោក រ៉ុង ឈុន ដែលបានលើកយកបញ្ហាកោះត្រល់ដោយត្រឹមសំអាងលើសៀវភៅសិក្សាភូមិវិទ្យារបស់ខ្មែរថ្នាក់ទី៧ បោះពុម្ពផ្សាយនៅឆ្នាំ១៩៨៥។ លោកបានអះអាងថា សៀវភៅសិក្សាមិនអាចយកមកជាសំអាងក្នុងការតវ៉ារឿងទឹកដីដូចជាឯកសារនានានោះឡើយ។
លោកបានលើកឡើងថា នៅគ្រប់ប្រទេសដែលមានជម្លោះទឹកដីដូចជាវៀតណាម ថៃ ឡាវ និងចិនជាដើម គឺគេតែងតែនិយាយយកចំណេញដោយការអះអាងថា តំបន់នេះ ឬតំបន់នោះ គឺជាទឹកដីរបស់ពួកគេ តែការសម្រេចលើបញ្ហាទឹកដីមិនអាចសំអាងលើការនិយាយ ឬការអះអាងរបស់ប្រទេសណាមួយនោះឡើយ គឺស្ថិតនៅលើការភស្តុតាង ដែលមានបញ្ជាក់នៅក្នុងឯកសារពាក់ព័ន្ធជាប្រវត្តិសាស្ត្រ៕

លោក វ៉ា គឹមហុង៖ បារាំង មិនខ្វល់រឿងទាមទារទឹកដីខ្មែរក្រោមទេ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានលើកឡើងថា រឿងទាមទារទឹកដីខ្មែរកម្ពុជាក្រោមកុំរំពឹងបារាំង ឬអង្គការសហប្រជាជាតិឈឺឆ្អាល ឬជួយតាមការពឹងពាក់របស់កម្ពុជា។ ទឹកដីខ្មែរក្រោម បើទោះបីបាត់បង់នៅក្នុងប្រវត្តិសាស្ត្រយូរឆ្នាំមកហើយក្តី នៅតែមានមនុស្សចំនួនអះអាងថា ខ្មែរអាចទាមទារមកវិញបាន ហើយបារាំង អតីតម្ចាស់អាណានិគម ជាប្រទេសដ៏សំខាន់ក្នុងការជួយទាមទារទឹកដីនេះ។ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចូលបំភ្លឺការងារកំណត់ព្រំសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានលើកឡើងថា បារាំងមិនមករញ៉េរញ៉ៃក្នុងរឿងរបស់ខ្មែរនោះទេ។ លោក វ៉ា គឹមហុង ក៏បានរំលឹកថា កាលពីទសវត្សរ៍ឆ្នាំ៥០ នៅពេលរដ្ឋាភិបាលវៀតណាមខាងត្បូង របស់ ង៉ោ ឌិនយៀម ទាមទារយកកោះមួយចំនួនរបស់ខ្មែរនៅមុខកែប និងកំពត រាជរដ្ឋាភិបាលបានស្វែងរកបារាំងក្នុងនាមជាម្ចាស់អាណានិគមលើដែនដីនេះ តែបារាំងមិនបានធ្វើដឹងឮនោះឡើយ។ ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង «យើងមិនដឹងរឿងពិត នៃនយោបាយបារាំងទេ ព្រោះគេឲ្យយើងឯករាជ្យរួចរាល់ហើយ តាំងពីឆ្នាំ១៩៥៣ ដូច្នេះគេអត់មករញ៉ែរញ៉ៃ ជាមួយយើងទៀតទេ នេះសូមជម្រាបឲ្យច្បាស់ គេអត់ចង់មករញ៉ែរញ៉ៃយើងទៀតទេ»។ លោក វ៉ា គឹមហុង បានបញ្ជាក់បន្ថែមថា «យើងតវ៉ានៅឆ្នាំ៥០ប្លាយ នៅពេលណុងប្រធានាធិបតី ង៉ោ ឌិនយៀម (ប្រធានាធិបតីវៀតណាមខាងត្បូង) ទាមទារយកកោះយើងច្រើនណាស់នៅមុខកែប មុខកំពត។ យើងធ្វើការតវ៉ាទាំងអស់ ឱ្យបារាំងក្នុងនាមជាអតីតអាណានិគមសូមឱ្យលោកជួយដោះស្រាយ គេអត់មានជួយធ្វើឱ្យយើងទេ។ យើងចោទថា បាត់ដោយសារបារាំងធ្វើអ៊ីចេះធ្វើអ៊ីចុះ គេឆ្លើយមកវិញថា បារាំងមិនបានគិតថា គេបានទទួលិខិតតូបករណ៍ពីរដ្ឋាភិបាលក្នុងការឱ្យដីកូសាំងស៊ីនមកឱ្យបារាំងនោះទេ។ ដីកូសាំងស៊ីន បារាំងមិនមែនបានមកពីស្តេចខ្មែរយើងទេ គឺបានមកពីព្រះចៅអាណាម»។ ពាក់ព័ន្ធការទាមទឹទឹកដីខ្មែរក្រោមក៏មានមតិមួយចំនួនទៀតលើកឡើងថា ហេតុអ្វីក៏ស្វែងរកការជួយអន្តរជាតិពីអង្គការសហប្រជាជាតិ? ឆ្លើយតបការលើកឡើងនេះ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានបញ្ជាក់ថា រឿងអង្គការសហប្រជាជាតិនេះ កម្ពុជាធ្លាប់មានប្រវត្តិម្ដងរួចមកហើយ កាលមានបញ្ហាជាមួយប្រទេសថៃ ដែលកាលនោះអង្គការសហប្រជាជាតិ មិនអាចជួយអ្វីកម្ពុជាបានឡើយ ដោយគ្រាន់តែឲ្យកម្ពុជា ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់។ លោក វ៉ា គឹមហុង «កុំរំពឹងថាព្រំដែនទាំងមូល កម្ពុជា-វៀតណាម, កម្ពុជា-ឡាវ អីអង្គការសហប្រជាជាតិគេមកដោះស្រាយឱ្យយើង។ ខ្លាំងណាស់គេបញ្ជូនយើងឱ្យទៅអង្គការក្រុងឡាអេឱ្យដោះស្រាយ ព្រោះហ្នឹងជាស្ថាប័នរបស់អង្គការសហប្រជាជាតិ។ កុំចេះតែនិយាយឱ្យធូរមាត់ និយាយឱ្យតែរួចពីមាត់ ដូច្នេះវាមានតែអំណត់ដោះស្រាយទ្វេភាគីជាមួយគ្នាដោយសន្តិភាព ដោយការចរចា ដោយវិធីសាស្ត្រណាដែលយើងអាចសម្រុះសម្រួលគ្នាបាន»៕ #កម្ពុជា #វៀតណាម #Cambodia #Vietnam #Border


ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង៖ ការបោះបង្គោលព្រំដែនជាមួយវៀតណាម កុំថាឡើយដីខ្មែរ សូម្បីផ្នូរខ្មោចខ្មែរក៏មិនបាត់ដែរ (Video inside)

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានអះអាងថា ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម រហូតសម្រេចលទ្ធផលបានជាង ៨៤ភាគរយ ធ្វើឡើងដោយការផ្ចិតផ្ចង់មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ បើតាមទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ក្រុមការងារបច្ចេកទេសព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម បានធ្វើការងារយ៉ាងច្បាស់លាស់ និងត្រឹមត្រូវជាទីបំផុត ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសរៀងៗខ្លូន។
ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ជំនួបពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានគូសបញ្ជាក់ថា ពេលពិភាក្សារឿងព្រំដែន ពេលខ្លះក្រុមការងារប្រទេសទាំងពីរមិនឯកភាពគ្នា ហើយការប្រជុំត្រូវធ្វើរហូតដល់ម៉ោង១២យប់ក៏មាន។
លោកទេសរដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «ការដែលយើងធ្វើនេះ មិនមែនធ្វើលំៗនោះទេ ព្រោះយើងបានតស៊ូមតិខ្លាំងខ្លាណាស់ ដើម្បីការពារផលប្រយោជន៍របស់យើង។ ឧទាហរណ៍៖ ការចរចាមួយពេលនៅទីក្រុងហូជីមិញ យើងអត់ឯកភាពគ្នា ហើយប្រជុំរហូតដល់ម៉ោង ១២យប់ យើងអត់សុខចិត្ត អត់ចុះហត្ថលេខាលើកំណត់ហេតុ»
ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ក៏បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយរបស់ក្រុមអ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ដែលចោទថា រាជរដ្ឋាភិបាលធ្វើឲ្យបាត់ដីរបស់ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន។
លោកទេសរដ្ឋមន្ត្រី បានអះអាងទៅវិញថា គ្មានពលរដ្ឋណាម្នាក់បាត់បង់ដីនោះទេ ពោលសូម្បីតែផ្នូរខ្មោចក៏មិនបាត់ផង។ លោកសង្កត់ធ្ងន់ទៀតថា ប្រសិនបើមានពលរដ្ឋណាម្នាក់បាត់ដីនោះ សូមមកជួបលោកដើម្បីលោកដោះស្រាយជូន។
លោកទេសរដ្ឋមន្ដ្រី គូសបញ្ជាក់ទៀតថា មូលហេតុដែលលោកហ៊ានអះអាងថា គ្មានពលរដ្ឋខ្មែរណាម្នាក់បាត់បង់ដីនោះ ព្រោះរាជរដ្ឋាភិបាលមានយន្ដការច្បាស់លាស់ ដើម្បីការពារដីរបស់ពលរដ្ឋ ពោលការបោះបង្គោលព្រំដែនមិនមែនឲ្យពលរដ្ឋទទួលបាននូវទឹកភ្នែកនោះទេ។ លោកបន្ថែមថា ប្រសិនបើបោះបង្គោលទៅប៉ះដីស្រែរបស់ពលរដ្ឋ ក្រុមការងារបច្ចេកទេសសុខចិត្តឆ្កៀលដី នៅកន្លែងផ្សេងឲ្យភាគីវៀតណាមវិញ ដើម្បីសងគ្នា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វុ៊ក នាយករដ្ឋមន្ត្រីវៀតណាម កាលពីសប្តាហ៍កន្លងទៅនេះ ទើបនឹងចុះហត្ថលេខា ទទួលស្គាល់លើការងារកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនជាមួយគ្នា ដែលសម្រេចបាន ៨៤ភាគរយ លើព្រំដែនគោកប្រវែង ១,២៧០គីឡូម៉ែត្រ។
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុញ្ញាតឱ្យចូលឆ្លើយបំភ្លឺជុំវិញការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជូនដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
ក្នុងជំនួបនោះ ត្រូវបានលោក ឈឹម ផលវរុណ អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អះអាងថា បានពិភាក្សាដេញដោលគ្នាយ៉ាងកក្ដៅគគុក ហើយសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមកពីគណបក្សនយោបាយចំនួន១៦ បានចុចសួរនូវបញ្ហាផ្សេងៗ ដែលមហាជនកំពុងតែមានការងឿងឆ្ងល់។
លោក ឈឹម ផលវរុណ បានបញ្ជាក់យ៉ាងដូច្នេះថា «សំណួរទាំងអស់ គឺកើតចេញពីឆន្ទៈ និងអ្វីដែលជាចម្ងល់របស់ប្រតិភូគណបក្សសាមីនីមួយៗ។ សំណួររបស់ប្រតិភូនីមួយៗ គឺផ្ដោតចំៗ និងខ្លាំងៗ នូវអ្វីដែលខ្លួនមានមន្ទិល មិនមែននិយាយកោតសរសើរ ឬក៏ពេញចិត្តទេ អត់មានតែម្ដង មានតែបង្ហាញពីការមន្ទិល ហើយចង់ឲ្យបញ្ជាក់»
ក្រុមការងាររបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបង្ហាញទាំងផែនទី, វិធីនៃការដៅចំណុច, របៀបនៃការកំណត់ និងវិធីសាស្ដ្រផ្សេងតាមលក្ខណៈបច្ចេកទេសជាដើម។ នេះជាអ្វីដែលលោក ឈឹម ផលវរុណ បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ៕ 

លោក វ៉ា គឹមហុង បង្ហាញតឹកតាងមួយចំនួននាំឱ្យខ្មែរបាត់បង់សិទ្ធិ ទាមទារដីខ្មែរក្រោម (Video inside)

(ភ្នំពេញ)៖ លោក វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន បានចាត់ទុកក្រុមមនុស្សមួយចំនួន ដែលបានលើកឡើងថា កម្ពុជានៅតែមានសិទ្ធិទាមទារដីកម្ពុជាក្រោម គឺជាអ្នកដែលមិនបានដឹងច្បាស់ពីសាវតារនៃការបាត់បង់ទឹកដីរបស់ខ្លួន។
ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនរូបនេះ ថែមទាំងបានអះអាងទៀតថា ដីកម្ពុជាក្រោមមិនមែនបាត់បង់ដោយសារតែសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នោះឡើយ។
ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចូលបំភ្លឺការងារកំណត់ព្រំសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ លោក វ៉ា គឹមហុង បានលើកឡើងថា ក្រោយពេលសភាបារាំងសម្រេចប្រគល់ដែនដីកូសាំងស៊ីនដែលខ្មែរហៅថាដីកម្ពុជាក្រោមឱ្យទៅព្រះចៅបៅដាយនៅឆ្នាំ១៩៤៩ គឺបារាំងបានទុកផ្លូវឱ្យខ្មែរតវ៉ាពេលដែនដីនេះមានការប្រែប្រួលការគ្រប់គ្រងថ្មី។ ប៉ុន្តែដោយសារតែខ្មែរមានវិបត្តិសង្គ្រាម និងរបបគ្រប់គ្រងត្រូវបានផ្លាស់ប្តូរច្រើន រដ្ឋាភិបាលខ្មែរតាំងពីឆ្នាំ១៩៥៤ មិនដែលតវ៉ា ឬសើរើទាមទារសិទ្ធិគ្រប់គ្រងដីកូសាំងស៉ីននោះឡើយ។
លោក វ៉ា គឹមហុង បានបញ្ជាក់ដូច្នេះ «ការបាត់បង់វាមានរួចទៅហើយ វាមានឯកសារពេលបាត់បង់យើងទាមទារក៏មិនបាន។ ពេលបាត់បង់ទឹកដីកម្ពុជាក្រោមនៅឆ្នាំ១៩៤៩ ដែលបារាំងផ្ទេរដីកូសាំងស៊ីន ទៅឱ្យព្រះចៅបៅដាយ នៅទីក្រុងប៉ារីសហ្នឹង យើងបានធ្វើ យើងទទួលស្គាល់យើងបានធ្វើក្នុងនាមជាសមាជិករបស់សភាឥណ្ឌូចិន យើងបានធ្វើការតវ៉ា ព្រោះថានៅក្នុងច្បាប់បារាំងលើការផ្ទេរទឹកដីទាំងអស់ត្រូវមានការឯកភាពគ្នាពីរដ្ឋសភាបារាំង។ រដ្ឋសភាបារាំងឯកភាពបានលុះត្រាតែបានការឯកភាពពីសភាសហព័ន្ធរបស់ឥណ្ឌូចិន។ យើងក្នុងនាមជាសមាជិកសភាសហព័ន្ធយើងបានធ្វើការតវ៉ានៅទីក្រុងប៉ារីសអត់ឱ្យធ្វើទេ អត់ឱ្យផ្ទេរទៅឱ្យព្រះចៅបៅដាយទេ។ ប៉ុន្តែក្រោយមកយើងសម្រុះសម្រួល គេថាគ្មានការកៀបសង្កត់។ ក្រោយមកក៏មានការធ្វើញត្តិគាំទ្ររបស់តំណាងរាស្ត្រ យ៉ាស់ស្យុង ដឺហ្វែរ»។
លោកបន្តថា «យ៉ាស់ស្យុង ដឺហ្វែរ បានធ្វើញត្តិសម្របសម្រួលមួយ មានន័យថាវាគាំងហើយចេញអត់រួចទេ ព្រោះតំណាំងកម្ពុជាប្រឆាំង។ គេសម្របសម្រួលឱ្យធ្វើទៅចុះ ច្បាប់ហ្នឹងធ្វើដើម្បីផ្ទេរទឹកដីកូសាំងស៊ីន ទៅឱ្យព្រះចៅបៅដាយ (កាលណុងគេមិនមែនហៅកម្ពុជាក្រោមទេ គេហៅកូសាំងស៊ីន) ប៉ុន្តែក្នុងហ្នឹងគេដាក់ថាឱ្យវៀតណាម និងកម្ពុជា ចរចាគ្នាដើម្បីរកដំណោះស្រាយសមស្របមួយដែលអាចឱ្យភាគីទាំងពីរទទួលយកបាន។ នៅក្នុងហ្នឹងទៀត គេដាក់ទៀតថាក្នុងកាលៈទេសៈដែលស្ថានភាពកូសាំងស៊ីមានការប្រែប្រួលកម្ពុជា មានសិទ្ធិតវ៉ាមិនទទួលស្គាល់ក្នុងការប្រគល់ដីកូសាំងស៊ីនឱ្យវៀតណាម។ ប៉ុន្តែក្នុងសាវតាររបស់យើង យើងដឹងស្រាប់ហើយថា មានការវិវឌ្ឍន៍មានរបបខ្មែរក្រហម ពេលគេបង្រួបបង្រួមទៅយើងអត់បានរក្សាសិទ្ធិរបស់យើងក្នុងការតវ៉ា រហូតមកដល់រដ្ឋាភិបាលខ្មែរក្រោយទៀត ក៏អត់មាននរណាធ្វើការតវ៉ារក្សាសិទ្ធិទាមទារ។ ដូច្នេះការរក្សាសិទ្ធិដែលបានដាក់ក្នុងញត្តិរបស់លោក យ៉ាស់ស្យុង ដឺហ្វែរ នៅឆ្នាំ១៩៤៩ យើងអត់បានប្រើទេ នៅក្នុងសន្និសីទហ្សឺណែវឆ្នាំ១៩៥៤ ក៏យើងអត់បានប្រើដែរ អីចឹងវាការធ្វេសប្រហែសតៗគ្នារបស់រដ្ឋាភិបាលយើង ព្រោះរដ្ឋាភិបាលយើងមានការប្រែប្រួលពីរបបមួយទៅរបបមួយ។ កិច្ចការហ្នឹងយើងមិនអាចតវ៉ាអីបានទេ»
លោក វ៉ា គឹមហុង ក៏បានលើកយកទិដ្ឋភាពច្បាប់អន្តរជាតិមកពន្យល់ផងដែរ។ ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏កម្ពុជា ពិបាកក្នុងការទាមទារយកទឹកដីដែលបាត់បង់ទៅនោះផងដែរ។
លោក វ៉ា គឹមហុង បានពន្យល់ថា ច្បាប់អន្តរជាតិ ទាល់តែគេមានទឡ្ហីករណ៍ឲ្យរឹងមាំ។ លើទិដ្ឋភាពច្បាប់អន្តរជាតិនេះ កម្ពុជាបានទទួលស្គាល់ខ្សែព្រំដែនរវាងកូសាំងស៉ីន និងកម្ពុជា ក្នុងរជ្ជកាលសម្តេចព្រះបាទ នរោត្តម ដោយបានចុះហត្ថលេខាលើអនុសញ្ញានាឆ្នាំ១៨៧៣ ហើយថែមទាំងបានបោះបង្គោល បង្កើតគណៈកម្មការចម្រុះបារាំង-ខ្មែរ រហូតបោះបង្គោលព្រំដែន ១២៤បង្គោលថែមទៀតផង។
លោកបន្តថា «ក្រោយមកទៀត យើងដាក់នៅអង្គការសហប្រជាជាតិ យើងយកផែនទីដែលបានទាមទារខ្សែព្រំដែនមិនកែប្រែ នៅពេលយើងបានឯករាជ្យនៅឆ្នាំ១៩៥៣ ដែលមានផែនទីអម ១/១០០.០០០ ដែលយើងដាក់ថាផែនទីផ្លូវការ យកឲ្យគេទទួលស្គាល់នៅអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក នៅប្រទេសមួយចំនួនទៀត។ ដូច្នេះវាមានកិច្ចការខ្លួនឯង នៅក្នុងរដ្ឋធម្មនុញ្ញមាត្រា២ យើងនិយាយទៀត បូរណភាពទឹកដីខ្មែរ ១/១០០.០០០ ដូច្នេះយើងទាមទារយកអីទៀតឥឡូវ»


ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ឆ្នាំ២០១៩ ជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង



ពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ឆ្នាំ២០១៩ ជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
The Opening 8th Sea Festival 2019 Round 2 in Kampot province on “ Clean City, Beautiful Bay, Healthy Tourism ” presided by Samdech Akka Moha Sena Padei Techo Hun Sen Prime Minister of the Kingdom of Cambodia
ថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩

អត្ថបទធ្លាប់ចេញផ្សាយមួយចំនួនពាក់ព័ន្ធការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ា គឹមហុង បញ្ជាក់លើបញ្ហាព្រំដែនជាមួយវៀតណាម

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមស្តីពីការកំណត់ ព្រំដែនប្រទេសទាំងពីរនៅឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ឈរលើមូលដ្ឋានផែនទីបន្សល់ពីសម័យអាណានិគមបារាំង និង សន្ធិសញ្ញាបំពេញបន្ថែមទាំងពីរកម្ពុជា និង វៀតណាម បានកំណត់ខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក នៅលើដីជាក់ស្តែងពីខេត្ត រតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ ខែកក្កដា ឆ្នាំ២០១៩ សម្រេចបានលទ្ធផល៨៤ភាគរយ លើព្រំដែនគោករួមប្រវែងប្រមាណ ១,២៧០គីឡូ ម៉ែត្រ។
ក្នុងពេលចុះហត្ថលេខាលើសន្ធិសញ្ញានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការសម្រេចបាននូវការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយវៀតណាម សមិទ្ធផលផ្លែផ្កាដ៏ធំធេង ដែលប្រទេសទាំងពីរសម្រេចបាននេះ កើតចេញមកដោយការស្វះស្វែងរកដំណោះស្រាយ រួមប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រសិនបើប្រទេសទាំងពីរមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសទាំងពីរនឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេច រាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិតជាមានមោទនភាព ដោយប្រទេសទាំងពីរទម្លុះនូវការលំបាក និងស្ទើរតែបញ្ចប់ទាំងស្រុងព្រំដែនគោករវាងប្រទេសទាំងពីរ។
ច្បាប់ស្តីពីសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និង សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានអនុម័តនិង ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។
ក្រោយច្បាប់ស្តីសន្ធិសញ្ញាបំបេញបន្ថែមទាំងពីរត្រូវបានឡាយព្រះហស្ថលេខាទទួលស្គាល់ និងដាក់ឱ្យប្រើប្រាស់ដោយព្រះមហាក្សត្រខ្មែរ គេបានក្រុមមនុស្សប្រឆាំងក្រៅច្បាប់ដែលកំពុងរស់នៅក្រៅប្រទេស ព្រមទាំងបក្ខពួករបស់គេនៅក្នុងប្រទេសកម្ពុជាមួយចំនួនផង បើកការវាយប្រហារយ៉ាងសន្ធាប់ទៅលើព្រះមហាក្សត្រខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្ត្រខ្មែរ។
បើធៀបសន្ធុះប្រតិកម្មនាពេលនេះ គឺមានសភាពខ្លាំងជាងពេលដែលសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក កាលពីខែតុលាទៅទៀត។ តាមសកម្មភាពនេះបានបង្ហាញក្រុមមនុស្សប្រឆាំងនៅក្រៅប្រទេស ដែលសុទ្ធសឹងជាប្រទេសមិនមែនកាន់របបរាជានិយម និងបក្ខពួករបស់គេនៅក្នុងស្រុក បាននឹងកំពុងដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅលើព្រះមហាក្សត្រខ្មែរ។ ពួកគេបាននិងកំពុងបង្កើនយុទ្ធនាការ និងសកម្មភាពដើម្បីបំបាត់ប្រជាប្រិយភាព និងបំផុសឱ្យមានចលនានៃការស្អប់ខ្ពើមចំពោះព្រះមហាក្សត្រខ្មែរ។
ទង្វើរបស់ពួកគេមានទោសទណ្ឌយ៉ាងធ្ងន់ធ្ងរបើយោងទៅតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ព្រះចេស្តារបស់ព្រះមហាក្សត្រមិនឱ្យជនណាម្នាក់ប្រមាថបាននោះឡើយ។
បញ្ហាព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាងរួមមានវៀតណាម ថៃ និងឡាវ ក្រុមមនុស្សដែលតែងតែសម្ញែង និងបង្អួតថាខ្លួនស្រឡាញ់ទឹកដីខ្ពស់ជាងរាជរដ្ឋាភិបាលនោះ តែងតែវាយប្រហារជាប់ជានិច្ចចំពោះរាជរដ្ឋាភិបាលថា ធ្វើឱ្យបាត់បង់ទឹកដីអ៊ីចេះអ៊ីចុះជាពិសេសជាមួយប្រទេសវៀតណាមតែម្តង។ តែជាការកត់សម្គាល់ក្រុមមនុស្សបង្អួតខ្លួនថា ជាអ្នកស្រឡាញ់ទឹកដីនេះ គេមិនដែលបានបង្ហាញពីវិធានការនានាក្នុងការថែរក្សាការពារ ចំពោះបូរណភាពទឹកដីរបស់ខ្លួននោះឡើយ។
ជាក់ស្តែងក្នុងពេលកម្ពុជាមានវិវាទព្រំដែនជាមួយប្រទេសថៃឆ្នាំ២០០៨ និងវិវាទព្រំដែនជាមួយប្រទេសឡាវនៅឆ្នាំ២០១៧ និងនៅឆ្នាំ២០១៩នេះ គេឃើញមានតែរាជរដ្ឋាភិបាលទេ ដែលបានប្រឹងប្រែងប្រើគ្រប់លទ្ធភាពទាំងកម្លាំងប្រដាប់អាវុធ និងនយោបាយការទូតបូកជាមួយច្បាប់អន្តរជាតិនានា ដើម្បីការពារទឹកដីទាំងនេះ។ ដោយឡែកក្រុមមនុស្សដែលសម្ញែងថាខ្លួនស្រឡាញ់ទឹកដីនោះ ហាក់មិនបានឃើញស្រមោលរបស់ពួកគេនោះឡើយ។
ការស្រឡាញ់ទឹកដីមិនមែនជាការនិយាយ ឬជេរស្តីបន្ទោសអ្នកនេះអ្នកនោះតាមបណ្តញសង្គមនោះឡើយ គឺទាមទារឱ្យមានគោលនយោបាយមួយច្បាស់លាស់។ តើរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើអ្វីខ្លះ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន? ដើម្បីការពារនូវបូរណភាពទឹកដីរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា ក្រៅពីប្រឹងប្រែងចរចាជាមួយប្រទេសជិតខាង ដើម្បីកំណត់ខណ្ឌសីមា និងព្រំដែនហើយនោះ ក៏បានប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន តាមបន្ទាត់ព្រំដែន ដាក់ចេញនយោបាយអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន បង្កើតផ្សារ បង្កើតកន្លែងដោះដូរទំនិញ និងជំរុញប្រជាពលរដ្ឋទៅតាំងទីលំនៅជាដើម។
រឿងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ត្រូវសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធបានចេញមកបញ្ជាក់ជាច្រើនលើកច្រើនសារផងដែរ។ ដើម្បីបានជ្រាបច្បាស់នោះ សូមអានអត្ថបទដែលមានភ្ជាប់មកជាមួយនៅខាងក្រោម៖





(Video) ការបំភ្លឺរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី លើបញ្ហា កូសាំងស៊ីន

សម្តេចតេជោ ហ៊ុន សែន ពន្យល់ពីការបាត់បង់កោះត្រល់ (Video inside)

(ភ្នំពេញ)៖ បញ្ហាបាត់បង់កោះត្រល់នៅតែជាបញ្ហាប្រទាញប្រទង់គ្នានៅក្នុងទស្សនៈខ្មែរ។ ក្នុងនោះក្រុមខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលខ្មែរនាពេលបច្ចុប្បន្ន តែងតែព្យាយាមចោទប្រកាន់ថា ការបាត់បង់កោះត្រល់ទៅក្នុងដៃវៀតណាម ដោយសារតែរាជរដ្ឋាភិបាលបានចុះហត្ថលេខាលើសន្ធិសញ្ញាឆ្នាំ១៩៨៥។ តែរាជរដ្ឋាភិបាលខ្មែរតែងតែអះអាងម្តងហើយម្តងទៀតថា ការធ្វើសន្ធិសញ្ញាព្រំដែនជាមួយវៀតណាមនៅឆ្នាំ១៩៨៥ គឺយោងទៅតាមច្បាប់រវាងប្រទេសទាំងពីរ និងអនុលោមតាមច្បាប់អន្តរជាតិផងដែរ។ ពោលសន្ធិសញ្ញានេះ គ្រាន់តែជាការសម្រួលក្នុងការកំណត់ព្រំសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាដើម្បីកាត់ដីឱ្យវៀតណាមដូចការចោទប្រកាន់នោះឡើយ។ ដោយចង់បញ្ចប់វិវាទកម្ម និងឈ្លោះប្រកែកគ្នាលើរឿងទឹកដីនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំរដ្ឋសភាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ បានចំណាយពេលអស់ជាច្រើនម៉ោង ដើម្បីបកស្រាយបំភ្លឺ និងបញ្ជាក់ទៅលើការបាត់បង់ទឹកដី ការកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបញ្ហាបាត់បង់កោះត្រល់ផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន មានព្រឹត្តិការណ៍សំខាន់ៗចំនួន៣ជាសក្ខីកម្មយ៉ាងច្បាស់ថា កោះត្រល់ត្រូវបានលាក់ទៅក្នុងដៃរបស់វៀតណាមតាំងពីអតីតកាលដ៏យូរលង់ណាស់មកហើយ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ ទី១. នៅឆ្នាំ១៩៣៩ គឺលោក ប្រេវីយ៉េ ទេសាភិបាលបារាំង បានកាត់កោះត្រល់ដាក់នៅក្រោមការគ្រប់គ្រងរបស់កូសាំងស៊ីន, ទី២. នៅឆ្នាំ១៩៤៩ ទឹកដីកូសាំងស៊ីនត្រូវបានបារាំង ប្រគល់ឱ្យព្រះចៅ បៅដាយ និងទី៣. នៅឆ្នាំ១៩៦៤ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយកខ្សែប្រេវីយ៉េ ឆ្នាំ១៩៣៩ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយស្នើឱ្យអន្តរជាតិ និងប្រទេសសាមី ទទួលស្គាល់ថាជាព្រំដែនសមុទ្រវាងកម្ពុជា និងវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចចុងក្រោយនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់របស់រដ្ឋាភិបាលកម្ពុជានាសម័យនោះ ទទួលស្គាល់ថា កោះត្រល់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម៕

ការបំភ្លឺរបស់សម្ដេចតេជោ ហ៊ុន សែន លើសំណួរដែលថា «តើប្រទេសកម្ពុជាមានបាត់ផ្ទៃដីរបស់ខ្លួនដែរ ឬទេ?» (Video inside)

(ភ្នំពេញ)៖ អ្វីដែលជាចម្ងល់របស់ក្រុមនិន្នាការប្រឆាំង តែងតែចោទសួរថា «តើប្រទេសកម្ពុជា មានបាត់ផ្ទៃដីរបស់ខ្លួនដែរ ឬទេ?» មិនមែនជារឿងថ្មីនោះទេ ពោលសំណួរតែងតែចោទសួរឡើងជាហូរហែរ ហើយក៏ធ្លាប់ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៤ បានពន្យល់យ៉ាងច្បាស់លើបញ្ហានេះ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជា មិនមានបាត់បង់ដីបន្ដិចណានោះទេ ពោលបើផ្អែកតាមតួលេខ ដែលគេតែងចាំរត់មាត់ ចំនួន១៨១,០៣៥គីឡូម៉ែត្រក្រឡា ហើយបានកត់ត្រាទុកក្នុងគេហទំព័ររបស់អង្គការសហប្រជាជាតិ បើធៀបជាមួយតួលេខជាក់ស្ដែង គឺមានចំនួនលើស អ្វីដែលបានកត់ត្រាទុកកន្លងមកទៀត។ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានឲ្យដឹងថា បើអ្វីដែលពិនិត្យ និងវាស់ជាក់ស្ដែង តិចបំផុតក៏លើសប្រមាណ៣០០គីឡូម៉ែត្រក្រឡាដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីសប្តាហ៍កន្លងទៅនេះ ទើបនឹងចុះហត្ថលេខា ទទួលស្គាល់លើការងារកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនជាមួយគ្នា ដែលសម្រេចបាន ៨៤ភាគរយ លើព្រំដែនគោកប្រវែង ១,២៧០គីឡូម៉ែត្រ។

ដើម្បីជ្រាបកាន់តែច្បាស់ថាតើសម្ដេចតេជោ ហ៊ុន សែន បកស្រាយយ៉ាងណានោះ សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖

 #HunSen #Cambodia #ផែនទីកម្ពុជា #ដែនដីកម្ពុជា

ការបំភ្លឺរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីលើគោលការណ៍កំណត់ព្រំដែនជាមួយប្រទេសជិតខាង



ការបំភ្លឺរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី លើគោលការណ៍កំណត់ព្រំដែន ជាមួយប្រទេសជិតខាង ក្នុងកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៤ បានពន្យល់យ៉ាងច្បាស់លើបញ្ហានេះ។
#HunSen #Cambodia #ផែនទីកម្ពុជា #ដែនដីកម្ពុជា