Sunday, December 22, 2019

លោក វ៉ា គឹមហុង៖ បារាំង មិនខ្វល់រឿងទាមទារទឹកដីខ្មែរក្រោមទេ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានលើកឡើងថា រឿងទាមទារទឹកដីខ្មែរកម្ពុជាក្រោមកុំរំពឹងបារាំង ឬអង្គការសហប្រជាជាតិឈឺឆ្អាល ឬជួយតាមការពឹងពាក់របស់កម្ពុជា។ ទឹកដីខ្មែរក្រោម បើទោះបីបាត់បង់នៅក្នុងប្រវត្តិសាស្ត្រយូរឆ្នាំមកហើយក្តី នៅតែមានមនុស្សចំនួនអះអាងថា ខ្មែរអាចទាមទារមកវិញបាន ហើយបារាំង អតីតម្ចាស់អាណានិគម ជាប្រទេសដ៏សំខាន់ក្នុងការជួយទាមទារទឹកដីនេះ។ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចូលបំភ្លឺការងារកំណត់ព្រំសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានលើកឡើងថា បារាំងមិនមករញ៉េរញ៉ៃក្នុងរឿងរបស់ខ្មែរនោះទេ។ លោក វ៉ា គឹមហុង ក៏បានរំលឹកថា កាលពីទសវត្សរ៍ឆ្នាំ៥០ នៅពេលរដ្ឋាភិបាលវៀតណាមខាងត្បូង របស់ ង៉ោ ឌិនយៀម ទាមទារយកកោះមួយចំនួនរបស់ខ្មែរនៅមុខកែប និងកំពត រាជរដ្ឋាភិបាលបានស្វែងរកបារាំងក្នុងនាមជាម្ចាស់អាណានិគមលើដែនដីនេះ តែបារាំងមិនបានធ្វើដឹងឮនោះឡើយ។ ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង «យើងមិនដឹងរឿងពិត នៃនយោបាយបារាំងទេ ព្រោះគេឲ្យយើងឯករាជ្យរួចរាល់ហើយ តាំងពីឆ្នាំ១៩៥៣ ដូច្នេះគេអត់មករញ៉ែរញ៉ៃ ជាមួយយើងទៀតទេ នេះសូមជម្រាបឲ្យច្បាស់ គេអត់ចង់មករញ៉ែរញ៉ៃយើងទៀតទេ»។ លោក វ៉ា គឹមហុង បានបញ្ជាក់បន្ថែមថា «យើងតវ៉ានៅឆ្នាំ៥០ប្លាយ នៅពេលណុងប្រធានាធិបតី ង៉ោ ឌិនយៀម (ប្រធានាធិបតីវៀតណាមខាងត្បូង) ទាមទារយកកោះយើងច្រើនណាស់នៅមុខកែប មុខកំពត។ យើងធ្វើការតវ៉ាទាំងអស់ ឱ្យបារាំងក្នុងនាមជាអតីតអាណានិគមសូមឱ្យលោកជួយដោះស្រាយ គេអត់មានជួយធ្វើឱ្យយើងទេ។ យើងចោទថា បាត់ដោយសារបារាំងធ្វើអ៊ីចេះធ្វើអ៊ីចុះ គេឆ្លើយមកវិញថា បារាំងមិនបានគិតថា គេបានទទួលិខិតតូបករណ៍ពីរដ្ឋាភិបាលក្នុងការឱ្យដីកូសាំងស៊ីនមកឱ្យបារាំងនោះទេ។ ដីកូសាំងស៊ីន បារាំងមិនមែនបានមកពីស្តេចខ្មែរយើងទេ គឺបានមកពីព្រះចៅអាណាម»។ ពាក់ព័ន្ធការទាមទឹទឹកដីខ្មែរក្រោមក៏មានមតិមួយចំនួនទៀតលើកឡើងថា ហេតុអ្វីក៏ស្វែងរកការជួយអន្តរជាតិពីអង្គការសហប្រជាជាតិ? ឆ្លើយតបការលើកឡើងនេះ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានបញ្ជាក់ថា រឿងអង្គការសហប្រជាជាតិនេះ កម្ពុជាធ្លាប់មានប្រវត្តិម្ដងរួចមកហើយ កាលមានបញ្ហាជាមួយប្រទេសថៃ ដែលកាលនោះអង្គការសហប្រជាជាតិ មិនអាចជួយអ្វីកម្ពុជាបានឡើយ ដោយគ្រាន់តែឲ្យកម្ពុជា ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់។ លោក វ៉ា គឹមហុង «កុំរំពឹងថាព្រំដែនទាំងមូល កម្ពុជា-វៀតណាម, កម្ពុជា-ឡាវ អីអង្គការសហប្រជាជាតិគេមកដោះស្រាយឱ្យយើង។ ខ្លាំងណាស់គេបញ្ជូនយើងឱ្យទៅអង្គការក្រុងឡាអេឱ្យដោះស្រាយ ព្រោះហ្នឹងជាស្ថាប័នរបស់អង្គការសហប្រជាជាតិ។ កុំចេះតែនិយាយឱ្យធូរមាត់ និយាយឱ្យតែរួចពីមាត់ ដូច្នេះវាមានតែអំណត់ដោះស្រាយទ្វេភាគីជាមួយគ្នាដោយសន្តិភាព ដោយការចរចា ដោយវិធីសាស្ត្រណាដែលយើងអាចសម្រុះសម្រួលគ្នាបាន»៕ #កម្ពុជា #វៀតណាម #Cambodia #Vietnam #Border


No comments:

Post a Comment