Tuesday, November 26, 2019

កម្ពុជារៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ»

ដើម្បីអបអរសាទរពិធីបុណ្យឆ្លងចូលឆ្នាំថ្មីឆ្នាំសកល២០២០ ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ នឹងរៀបចំឱ្យមានកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ -Best Countdown City of the Year»។ នេះបើតាមលិខិតរបស់ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត។
កម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» ធ្វើឡើងដោយផ្អែកលើលក្ខណៈពិសេសមួយចំនួន ដូចជា ការតុបតែងរចនាលម្អ អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរ និងអ្នកចូលរួម។
ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធីនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានស្នើរដ្ឋបាលរាជធានី-ខេត្ត ដែលទីក្រុងរបស់ខ្លួនឱ្យរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល (ទាំងការរៀបចំដោយរដ្ឋបាលរាជធានី-ខេត្តផ្ទាល់ ឬព្រឹត្តិការណ៍ដែលរៀបចំដោយផ្នែកឯកជន និងដៃគូពាក់ព័ន្ធផ្សេងទៀត) ដោយរៀបចំនូវបញ្ជីសម្រង់ព័ត៌មានអំពី ព្រឹត្តិការណ៍ទាំងនេះ (ដូចមានគំរូជូនភ្ជាប់) និងសូមផ្ញើមកកាន់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ឱ្យបានមុនថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ៕
ខាងក្រោមនេះជាលិខិតរបស់ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត៖



ក្រុមហិង្សានិយម និងក្រុមអហិង្សានិយម គឺ ជាទឹកនិងប្រេងមិនអាចចូលគ្នាបាន


ថ្មីៗនេះនៅលើទំព័រហ្វេសប៊ុករបស់លោក មុត ចន្ថា ដែលជានាយកខុទ្ទកាល័យរបស់លោក កឹម សុខា បានបង្ហោះខ្លឹមសារលើកឡើងដោយលោក កឹម សុខាថា ៖ ខ្ញុំនឹងមិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិរបស់ខ្ញុំ ដែលខ្លួនខ្ញុំរស់នៅក្រោមដំបូលដែរនោះទេ។ ខ្ញុំមិនដែលនឹកចង់ ឬ ពុំដែលមានបំណងចាកចេញពីប្រទេសកំណើតរបស់ខ្ញុំម្តងណាឡើយ ព្រោះខ្ញុំបានជ្រើសរើសយកប្រទេសរបស់ខ្ញុំជាដំបូលតែមួយ ដែលខ្ញុំត្រូវរស់នៅ និងជាមូលដ្ឋាននៃជីវភាពនយោបាយរបស់ខ្ញុំ។

ការលើកឡើងរបស់លោក កឹម សុខា យ៉ាងដូច្នេះ ត្រូវបានមហាជនមើលឃើញថា ជាការទះមួយកំភ្លៀង​យ៉ាងខ្លាំងរបស់ កឹម សុខ ចំមុខ សម រង្ស៊ី និងគូកន ហើយក៏បានបង្ហាញឲ្យឃើញកាន់តែច្បាស់ផងដែរ នូវជំហនយោបាយផ្ទុយគ្នាស្រឡះរវាងក្រុមនយោបាយហិង្សានិយម និង ក្រុមនយោបាយអហិង្សានិយម។  មហាជនទូទៅក៏បានមើលឃើញច្បាស់ថា ក្រុមនយោបាយទាំងពីរ ដូចជាទឹក និងប្រេងដែលមិនអាចចូលគ្នាបានឡើយ។
ជាក់ស្តែង លោក កឹម សុខា ទំនងបានមើលឃើញអំពីគ្រោះថ្នាក់ដល់ជាតិ និងប្រជាជន តាមរយៈការញុះ​ញង់ និងបំផុសបំផុលរបស់ក្រុមអ្នកនយោបាយហិង្សានិយម ឲ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធងើបបះបោរផ្តួលរំលំរដ្ឋាភិបាល និងដូររបបរាជានិយម ជាមួយនឹងការប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរ។
ជាការចំអកមួយទៀតដល់ក្រុមអ្នកនយោបាយហិង្សានិយម គឺថា លោក កឹម សុខាសុខចិត្តជាប់ឃុំក្នុងប្រទេស ហើយលោកមិនដែលបាននឹកចង់ចាកចោលស្រុកទៅសម្ងំរស់នៅក្រៅប្រទេស ដូចក្រុមអ្នកនយោបាយហិង្សានិយមមួយចំនួន រត់ចោលស្រុក ដើម្បីសេចក្តីសុខផ្ទាល់ខ្លួនឡើយ។
ដោយ ឡុង បូរិតា 


លិខិតប្រជាជន៖ កម្ពុជាមោទកភាពនឹងសន្តិភាពដែលខ្លួនមាន



ជាបឋម ខ្ញុំសូមអបអរសាទរចំពោះលិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រគល់ដោយដៃផ្ទាល់ពីសំណាក់លោក ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រក​បដោយអត្ថន័យ និងខ្លឹមសារក្នុងការគោរពអធិបតេយ្យ សន្តិភាព និងវិបុលភាពរបស់ប្រទេស និងប្រជាជនកម្ពុជា ជាពិសេសសហរដ្ឋអាមេរិកប្រឆាំងដាច់ខាតការផ្លាស់ប្តូររបបនៅកម្ពុជា។
ការបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់របស់រដ្ឋបាលសហរដ្ឋអាមេរិកនេះ គឺបានឆ្លុះបញ្ចាំងដល់កិច្ចសហប្រតិបត្តិការល្អនៃប្រទេស និងប្រជាជនទាំងពីរ (កម្ពុជា-អាមេរិក) លើគ្រប់វិស័យ។ ការពង្រឹងភាពជាម្ចាស់ និងភាព​ជាដៃគូល្អដោយការគោរពគ្នាទៅវិញទៅមកដូចស្មារតីខ្លឹមសារលិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបែបនេះ ពិតជាធានាបាននូវកិច្ចសហការល្អយូរអង្វែងតទៅអនាគត។
គួររំលឹក​ថា ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កន្លងមកធ្លាប់មានភាពរកាំរកូស​ខ្លះៗដូចជា ដូចជាបញ្ហានានាដែលកើតឡើងនៅកម្ពុជាក្នុងកាលពីអតីតកាល ពិសេសបដិវត្តន៍ពណ៌ដែលហៀបនឹងកើតឡើងនៅកម្ពុជាកាលពីឆ្នាំ២០១៣ ដែលពួកប្រឆាំងអះអាងថាសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយជាដើម។ ទោះយ៉ាងណា នៅពេលនេះជំហរការទូតសហរដ្ឋអាមេរិកមានការវិត្តន៍ថ្មីបែបនេះ ធ្វើឲ្យអារម្មណ៍របស់ប្រជាជនកម្ពុជាមានភាពកក់ក្តៅ​ គឺចង់ឲ្យសហរដ្ឋអាមេរិកប្រកាន់គោលជំហរ និងកិច្ចសហប្រតិបត្តិការបែបនេះ ហើយចូលរួមពង្រឹងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅ​កម្ពុជា ក៏ដូចជានៅក្នុងតំបន់ ដើម្បីកសាងទំនាក់ទំនងល្អ និងធានាផលប្រយោជន៍នៃប្រទេសទាំងពីររឹងមាំយូរអង្វែងតទៅ។
ប្រជាជនកម្ពុជា អរគុណណាស់ចំពោះប្រទេសមហាអំណាចមួយដែលយើងគិតថា ជាអ្នកចូលរួមចំណែកក្នុងការទ្រទ្រង់សន្តិភាពរបស់ប្រទេសនីមួយៗលើពិភពលោកកុំឲ្យមានការជ្រៀតជ្រែកគ្នា​ ក៏មានជំហរបែបនេះជា​មួយ​​នឹង​​ប្រទេសកម្ពុជាដែរ។ ​ប្រជាជនកម្ពុជាបច្ចុប្បន្នបាននិងកំពុងរស់នៅក្នុងស្ថានភាពបែបនេះ ស្របពេលដែល​សហ​​រដ្ឋអាមេរិកបានតែងតាំងលោក ប៉ាទ្រីក មើហ្វី ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ បើធៀបនឹងឯក​អគ្គរដ្ឋទូតសហរដ្ឋអាមេរិកមុនៗ លោក ប៉ាទ្រីក មើហ្វី មានជំហរការទូតទាន់ភ្លន់ជាងជាមួយនឹងកម្ពុជាក្នុងនាមប្រទេសជាមិត្ត។
លោក ប៉ាទ្រីក មើហ្វី នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញជំហរថា នឹងយកចិត្តទុកដាក់ធ្វើឱ្យប្រើសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្នុងពេលបំពេញ​​បេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះលោក មើហ្វី បានបញ្ជាក់ពីក្តីសង្ឃឹមថា ការងារជាបន្តបន្ទាប់ នឹងត្រូវធ្វើឡើងក្នុងពេលខាងមុខ ដើម្បីពង្រឹងចំណងទាក់ទងដ៏សំខាន់រវាងប្រទេស និងប្រជាពល​រដ្ឋ​ទាំងពីរ។ ហើយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកក៏បាន​លើកឡើងបែបនេះទៀត គឺធ្វើ​ឲ្យ​ប្រជាជនកម្ពុជាមានភាព​កក់ក្តៅណាស់។ ទាំងអស់នេះ អាចកើតមានទៅបានតែនៅក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព​ប៉ុណ្ណោះ។
សន្តិភាព មានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរីកចម្រើន និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ ហើយកម្ពុជាបច្ចុប្បន្ន គឺមិនមែនស្ថិតនៅក្នុងស្ថានភាពដូចអតីតកាលឡើយ។​​​​​​​​ សន្តិភាពនៅកម្ពុជា បានធ្វើឲ្យមានការផ្លាស់ប្តូរ​មុខ​​មាត់របស់កម្ពុជា ថែមទាំងបានជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបាននូវការចាប់អារម្មណ៍ពីប្រ​ទេស​​ទាំងឡាយក្នុងពិភពលោកផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាស្ថាបនិកនៃការបញ្ចប់​សង្រ្គាមដ៏រាំ​រ៉ៃនៅកម្ពុជា និងផ្តល់ជូនសន្តិភាពយ៉ាងពេញលេញដល់ប្រជាជនខ្មែរក្នុងឆ្នាំ១៩៩៨ ដោយឈរលើមូលដ្ឋានផ្សះផ្សារ​ជាតិ និងគោលនយោបាយឈ្នះ ឈ្នះ គឺខ្មែរ​ទាំងអស់គ្នាឈ្នះ ដែលនេះជាសន្តិភាពពិតប្រាកដ ជាសន្តិភាពកើតចេញ​​ពីឆន្ទៈរបស់ខ្មែរ ហើយរាស្ត្រខ្មែរជាកម្មសិទ្ធិ។
ពីរទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជា​សម្រេចបានកំណើនជាង ៧ភាគរយជាប្រចាំ។ ទីក្រុងភ្នំពេញបានផ្លាស់​​ប្តូរចេញពីមូលដ្ឋានដ៏ខ្លោចផ្សារ ដែលមានមនុស្សត្រឹម ៧០នាក់ មកកាន់ទីក្រុងដ៏មមាញឹកមួយ ដែលមានមនុស្ស​ជាង ៣លាននាក់រស់នៅ និងចេញចូលជាប្រចាំ។ ទីក្រុងដែលមិនធ្លាប់មានអាគារខ្ពស់ ដល់តែងើយចង់បាក់ “ក” ទើបឃើញកំពូលអាគារ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដោយមានអាគារខ្ពស់ប្រមាណ​ ជាង ១០០០អាគារនា​ពេល​បច្ចុប្បន្ន។
អត្រាភាពក្រីក្របានធ្លាក់ចុះពី ៥៤ភាគរយឆ្នាំ១៩៩៣ មកនៅត្រឹម ១៣ភាគរយនៅឆ្នាំ២០១៤ ហើយបន្តធ្លាក់ចុះក្រោម ១០ភាគរយនៅឆ្នាំ២០១៨ កន្លងមកនេះ។ រីឯប្រាក់ចំណូលប្រជាជនបាន​កើនឡើងដល់ ១៤៣២​​ដុល្លារ នៅឆ្នាំ២០១៧ ដល់១៩០០ដុល្លារនៅឆ្នាំ២០២០ ខាងមុខ។
ប្រទេសដែលមានងារជាប្រទេសអភិវឌ្ឍន៍តិចតួច បានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងបន្តឈានទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់(ចន្លោះពី៤៨០០ដុល្លារ ទៅ ១២០០០ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ) នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ (ប្រជាជនម្នាក់ មានប្រាក់ចំណូលចាប់ពី ១២០០០ដុល្លារអាមេរិកឡើងក្នុងមួយឆ្នាំ) នៅឆ្នាំ២០៥០ ជាផែន​ការ និងវិថីមាស ដែលរាជរដ្ឋាភិបាល​បានរៀបចំផែនការ និងយុទ្ឋសាស្រ្តច្បាស់លាស់រួចទៅហើយ។
ហេតុនេះតម្លៃសន្តិភាព ត្រូវតែមាន និងគួរស្ថិតក្នុងចិត្តប្រជាពលរដ្ឋគ្រប់រូប ដែលចង់បានសន្តិភាព និងការអភិវឌ្ឍនៃសេដ្ឋកិច្ចបុគ្គល សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមបន្តទៀត។ អ្វីដែលប្រជាពលរដ្ឋ អាចរួមចំណែក​អភិវឌ្ឍន៍ប្រទេសរបស់ខ្លួនបាន គឺការចូលរួមអភិវឌ្ឍន៍ខ្លួនឯងជាមុន ចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈការចែករំលែកក្តីស្រលាញ់មនុស្សជុំវិញខ្លួន ស្រលាញ់បរិស្ថានជុំវិញខ្លួន និងស្រលាញ់ប្រទេសជាតិរបស់ខ្លួន និងរក្សាសន្តិភាពសម្រាប់ប្រទេសជាតិរបស់ខ្លួន។
កាំភ្លើងបានគួចកាណុងហើយ សន្តិភាពកំពុងមានហើយ ស្នូរគ្រាប់កាំភ្លើងចេញពីព្រៃដែលធ្លាប់ប្រយុទ្ឋគ្នារវាងខ្មែរ និងខ្មែរបានបញ្ចប់រយៈពេលពីរទសវត្សរ៍ហើយ។ ហេតុនេះអ្វីដែលនៅសល់ គឺតម្លៃនៃសន្តិភាពដែលគួរស្ថិតក្នុងចិត្តប្រជាជនកម្ពុជាគ្រប់រូប និងចូលរួមថែររក្សាទាំងអស់គ្នា ដើម្បីកសាងសង្គមកម្ពុជាមួយ ដែលមានសន្តិភាពទាំងចិត្ត ទាំងកាយ និងក្លាយជាសង្គមស៊ីវីល័យ និងវិបុលភាពនាពេលអនាគត៕​
ដោយ៖ សុខ សុវណ្ណ


រដ្ឋសភាអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២០

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលរៀបចំដោយ រាជរដ្ឋភិបាលកម្ពុជា ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ការអនុម័តនេះ បានធ្វើឡើងដោយសំឡេង១០៨។ សម័យប្រជុំពេញអង្គនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានរបៀបវារ:ចំនួន៤ រួមមាន៖ ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង២០១៨។
ទី៣៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីសហជីព។
ទី៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិ នៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ស្តុកត្រី ផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អនុមតកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយបញ្ជូនមកកាន់រដ្ឋសភា។
តាមផែនការ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយសរុបប្រមាណ ៣៣,៣៣៩,៦៣៣លានរៀល ដែលស្មើនឹងប្រមាណ ៨២២៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះមានប្រមាណ២៨.០១% នៃ ផសស (GDP) និងកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
ក្នុងចំណោមគម្រោងចំណាយថវិកាជាតិជាង៨ពាន់លានដុល្លារសហរដ្ឋអាមេរិករបស់កម្ពុជា សម្រាប់ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលមានទិសដៅជាយុទ្ធសាស្រ្ត កំណត់ចំណាយថវិកាថ្នាក់ជាតិឲ្យស្ថិតក្នុងកម្រិតចំនួន ៣១,០៩៥,៨៥៥លានរៀល ដែលស្មើនឹងប្រមាណជាង៧៦០០លានដុល្លារ ត្រូវជា២៦,១២% នៃផសស កើនឡើង២០,៧% បើធៀបនឹងច្បាប់ឆ្នាំ២០១៩ ដែលក្នុងនោះចំណាយចរន្តថ្នាក់ជាតិ មានចំនួន ១៨,០៣៦,៨៨៤លានរៀល (ប្រមាណ៤៤៥៩លានដុល្លារ) និងចំណាយមូលធនថ្នាក់ជាតិ មានចំនួន ១៣,០៥៨,៩៧១លានរៀល (៣២០០លានដុល្លារ)។
សូមជំរាបថា នៅក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦លានរៀល ដែលប្រហាក់ប្រហែលនឹង ៦៧០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ២០១៩។ ចំនួនបានកើនឡើង១១.៤% បៀបនឹងគម្រោងចំណាយថវិការដ្ឋ ឆ្នាំ២០១៨ ដែលមានចំនួនសរុបចំនួន ២៤,៣៧៥,១០២លានរៀល៕