Tuesday, November 26, 2019

លិខិតប្រជាជន៖ កម្ពុជាមោទកភាពនឹងសន្តិភាពដែលខ្លួនមាន



ជាបឋម ខ្ញុំសូមអបអរសាទរចំពោះលិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រគល់ដោយដៃផ្ទាល់ពីសំណាក់លោក ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រក​បដោយអត្ថន័យ និងខ្លឹមសារក្នុងការគោរពអធិបតេយ្យ សន្តិភាព និងវិបុលភាពរបស់ប្រទេស និងប្រជាជនកម្ពុជា ជាពិសេសសហរដ្ឋអាមេរិកប្រឆាំងដាច់ខាតការផ្លាស់ប្តូររបបនៅកម្ពុជា។
ការបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់របស់រដ្ឋបាលសហរដ្ឋអាមេរិកនេះ គឺបានឆ្លុះបញ្ចាំងដល់កិច្ចសហប្រតិបត្តិការល្អនៃប្រទេស និងប្រជាជនទាំងពីរ (កម្ពុជា-អាមេរិក) លើគ្រប់វិស័យ។ ការពង្រឹងភាពជាម្ចាស់ និងភាព​ជាដៃគូល្អដោយការគោរពគ្នាទៅវិញទៅមកដូចស្មារតីខ្លឹមសារលិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបែបនេះ ពិតជាធានាបាននូវកិច្ចសហការល្អយូរអង្វែងតទៅអនាគត។
គួររំលឹក​ថា ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កន្លងមកធ្លាប់មានភាពរកាំរកូស​ខ្លះៗដូចជា ដូចជាបញ្ហានានាដែលកើតឡើងនៅកម្ពុជាក្នុងកាលពីអតីតកាល ពិសេសបដិវត្តន៍ពណ៌ដែលហៀបនឹងកើតឡើងនៅកម្ពុជាកាលពីឆ្នាំ២០១៣ ដែលពួកប្រឆាំងអះអាងថាសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយជាដើម។ ទោះយ៉ាងណា នៅពេលនេះជំហរការទូតសហរដ្ឋអាមេរិកមានការវិត្តន៍ថ្មីបែបនេះ ធ្វើឲ្យអារម្មណ៍របស់ប្រជាជនកម្ពុជាមានភាពកក់ក្តៅ​ គឺចង់ឲ្យសហរដ្ឋអាមេរិកប្រកាន់គោលជំហរ និងកិច្ចសហប្រតិបត្តិការបែបនេះ ហើយចូលរួមពង្រឹងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅ​កម្ពុជា ក៏ដូចជានៅក្នុងតំបន់ ដើម្បីកសាងទំនាក់ទំនងល្អ និងធានាផលប្រយោជន៍នៃប្រទេសទាំងពីររឹងមាំយូរអង្វែងតទៅ។
ប្រជាជនកម្ពុជា អរគុណណាស់ចំពោះប្រទេសមហាអំណាចមួយដែលយើងគិតថា ជាអ្នកចូលរួមចំណែកក្នុងការទ្រទ្រង់សន្តិភាពរបស់ប្រទេសនីមួយៗលើពិភពលោកកុំឲ្យមានការជ្រៀតជ្រែកគ្នា​ ក៏មានជំហរបែបនេះជា​មួយ​​នឹង​​ប្រទេសកម្ពុជាដែរ។ ​ប្រជាជនកម្ពុជាបច្ចុប្បន្នបាននិងកំពុងរស់នៅក្នុងស្ថានភាពបែបនេះ ស្របពេលដែល​សហ​​រដ្ឋអាមេរិកបានតែងតាំងលោក ប៉ាទ្រីក មើហ្វី ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ បើធៀបនឹងឯក​អគ្គរដ្ឋទូតសហរដ្ឋអាមេរិកមុនៗ លោក ប៉ាទ្រីក មើហ្វី មានជំហរការទូតទាន់ភ្លន់ជាងជាមួយនឹងកម្ពុជាក្នុងនាមប្រទេសជាមិត្ត។
លោក ប៉ាទ្រីក មើហ្វី នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញជំហរថា នឹងយកចិត្តទុកដាក់ធ្វើឱ្យប្រើសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្នុងពេលបំពេញ​​បេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះលោក មើហ្វី បានបញ្ជាក់ពីក្តីសង្ឃឹមថា ការងារជាបន្តបន្ទាប់ នឹងត្រូវធ្វើឡើងក្នុងពេលខាងមុខ ដើម្បីពង្រឹងចំណងទាក់ទងដ៏សំខាន់រវាងប្រទេស និងប្រជាពល​រដ្ឋ​ទាំងពីរ។ ហើយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកក៏បាន​លើកឡើងបែបនេះទៀត គឺធ្វើ​ឲ្យ​ប្រជាជនកម្ពុជាមានភាព​កក់ក្តៅណាស់។ ទាំងអស់នេះ អាចកើតមានទៅបានតែនៅក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព​ប៉ុណ្ណោះ។
សន្តិភាព មានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរីកចម្រើន និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ ហើយកម្ពុជាបច្ចុប្បន្ន គឺមិនមែនស្ថិតនៅក្នុងស្ថានភាពដូចអតីតកាលឡើយ។​​​​​​​​ សន្តិភាពនៅកម្ពុជា បានធ្វើឲ្យមានការផ្លាស់ប្តូរ​មុខ​​មាត់របស់កម្ពុជា ថែមទាំងបានជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបាននូវការចាប់អារម្មណ៍ពីប្រ​ទេស​​ទាំងឡាយក្នុងពិភពលោកផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាស្ថាបនិកនៃការបញ្ចប់​សង្រ្គាមដ៏រាំ​រ៉ៃនៅកម្ពុជា និងផ្តល់ជូនសន្តិភាពយ៉ាងពេញលេញដល់ប្រជាជនខ្មែរក្នុងឆ្នាំ១៩៩៨ ដោយឈរលើមូលដ្ឋានផ្សះផ្សារ​ជាតិ និងគោលនយោបាយឈ្នះ ឈ្នះ គឺខ្មែរ​ទាំងអស់គ្នាឈ្នះ ដែលនេះជាសន្តិភាពពិតប្រាកដ ជាសន្តិភាពកើតចេញ​​ពីឆន្ទៈរបស់ខ្មែរ ហើយរាស្ត្រខ្មែរជាកម្មសិទ្ធិ។
ពីរទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជា​សម្រេចបានកំណើនជាង ៧ភាគរយជាប្រចាំ។ ទីក្រុងភ្នំពេញបានផ្លាស់​​ប្តូរចេញពីមូលដ្ឋានដ៏ខ្លោចផ្សារ ដែលមានមនុស្សត្រឹម ៧០នាក់ មកកាន់ទីក្រុងដ៏មមាញឹកមួយ ដែលមានមនុស្ស​ជាង ៣លាននាក់រស់នៅ និងចេញចូលជាប្រចាំ។ ទីក្រុងដែលមិនធ្លាប់មានអាគារខ្ពស់ ដល់តែងើយចង់បាក់ “ក” ទើបឃើញកំពូលអាគារ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដោយមានអាគារខ្ពស់ប្រមាណ​ ជាង ១០០០អាគារនា​ពេល​បច្ចុប្បន្ន។
អត្រាភាពក្រីក្របានធ្លាក់ចុះពី ៥៤ភាគរយឆ្នាំ១៩៩៣ មកនៅត្រឹម ១៣ភាគរយនៅឆ្នាំ២០១៤ ហើយបន្តធ្លាក់ចុះក្រោម ១០ភាគរយនៅឆ្នាំ២០១៨ កន្លងមកនេះ។ រីឯប្រាក់ចំណូលប្រជាជនបាន​កើនឡើងដល់ ១៤៣២​​ដុល្លារ នៅឆ្នាំ២០១៧ ដល់១៩០០ដុល្លារនៅឆ្នាំ២០២០ ខាងមុខ។
ប្រទេសដែលមានងារជាប្រទេសអភិវឌ្ឍន៍តិចតួច បានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងបន្តឈានទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់(ចន្លោះពី៤៨០០ដុល្លារ ទៅ ១២០០០ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ) នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ (ប្រជាជនម្នាក់ មានប្រាក់ចំណូលចាប់ពី ១២០០០ដុល្លារអាមេរិកឡើងក្នុងមួយឆ្នាំ) នៅឆ្នាំ២០៥០ ជាផែន​ការ និងវិថីមាស ដែលរាជរដ្ឋាភិបាល​បានរៀបចំផែនការ និងយុទ្ឋសាស្រ្តច្បាស់លាស់រួចទៅហើយ។
ហេតុនេះតម្លៃសន្តិភាព ត្រូវតែមាន និងគួរស្ថិតក្នុងចិត្តប្រជាពលរដ្ឋគ្រប់រូប ដែលចង់បានសន្តិភាព និងការអភិវឌ្ឍនៃសេដ្ឋកិច្ចបុគ្គល សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមបន្តទៀត។ អ្វីដែលប្រជាពលរដ្ឋ អាចរួមចំណែក​អភិវឌ្ឍន៍ប្រទេសរបស់ខ្លួនបាន គឺការចូលរួមអភិវឌ្ឍន៍ខ្លួនឯងជាមុន ចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈការចែករំលែកក្តីស្រលាញ់មនុស្សជុំវិញខ្លួន ស្រលាញ់បរិស្ថានជុំវិញខ្លួន និងស្រលាញ់ប្រទេសជាតិរបស់ខ្លួន និងរក្សាសន្តិភាពសម្រាប់ប្រទេសជាតិរបស់ខ្លួន។
កាំភ្លើងបានគួចកាណុងហើយ សន្តិភាពកំពុងមានហើយ ស្នូរគ្រាប់កាំភ្លើងចេញពីព្រៃដែលធ្លាប់ប្រយុទ្ឋគ្នារវាងខ្មែរ និងខ្មែរបានបញ្ចប់រយៈពេលពីរទសវត្សរ៍ហើយ។ ហេតុនេះអ្វីដែលនៅសល់ គឺតម្លៃនៃសន្តិភាពដែលគួរស្ថិតក្នុងចិត្តប្រជាជនកម្ពុជាគ្រប់រូប និងចូលរួមថែររក្សាទាំងអស់គ្នា ដើម្បីកសាងសង្គមកម្ពុជាមួយ ដែលមានសន្តិភាពទាំងចិត្ត ទាំងកាយ និងក្លាយជាសង្គមស៊ីវីល័យ និងវិបុលភាពនាពេលអនាគត៕​
ដោយ៖ សុខ សុវណ្ណ


No comments:

Post a Comment