Thursday, April 01, 2021

ព្រឹកនេះគណៈកម្មការចំពោះកិច្ច បើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ លើជនគោលដៅជាង ៧៤ម៉ឺននាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស

 គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥,០០០នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ថា ក្រុមជនដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះរួមមាន៖

១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ច ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន
២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ

៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គណៈកម្មការចំពោះកិច្ច តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ)

៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធាន-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្ត)

៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះដោយក្រសួងអប់រំ យុវជន និងកីឡាដោយបានផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ)

៦៖ មន្ត្រី-បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ

៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ

៨៖ កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូនគណៈកម្មការចំពោះកិច្ច។
ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ច បានពង្រីកទីតាំងចាក់វ៉ាក់សាំង ដោយបានធ្វើឡើងនៅទីតាំងស្ថាប័នជាតិ និងក្រសួងស្ថាប័ននានាផ្ទាល់តែម្តង។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ទីតាំងសម្រាប់ចាក់វ៉ាក់សាំងនេះមានប្រមាណ ១០៩កន្លែង ហើយគ្រោងពង្រីកឱ្យបានរហូតដល់ទៅ ២៥០កន្លែង។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ នឹងធ្វើឡើងសម្រាប់បុគ្គលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដោយមិនកំណត់ត្រឹម ៥៩ឆ្នាំនោះទេ។
ការបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាទិញបានវ៉ាក់សាំងចំនួន ១.៥លានដូសពីក្រុមហ៊ុនចិន ហើយដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ លោកស្រី បានបញ្ជាក់ទៀតថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងតែដំណើរការចាក់រាប់សិបលាននាក់រួចមកហើយ។
លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ជនគោលដៅដែលបានកំណត់ចាក់វ៉ាក់សាំង អញ្ជើញទៅចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពាសហគមន៍ កុំឱ្យមេរោគកូវីដ១៩ វាយលុកចូលទៅក្នុងខ្លួន ចូលទៅក្នុងផ្ទះ និងចូលទៅក្នុងសហគមន៍ ដែលធ្វើឱ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ៕





រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ផ្អាកការចរាចរ សកម្មភាពអាជីវកម្មពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍

 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ។ 

តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឱ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»

ដោយឡែក ប្រការ២ បានបញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ដែលទទួលអតិថិជនចូលមកទទួលទានអាហារភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងនៅចន្លោះម៉ោង៨៖០០យប់ ដល់ម៉ោង៥៖០០ទៀបភ្លឺ ប៉ុន្តែទីតាំងអាជីវកម្មទាំងអស់អាចលក់ជាលក្ខណៈវេជ្ជខ្ចប់បាន។

ទន្ទឹមនឹងនេះ នៅក្នុងប្រការ៣ នៃសេចក្តីសម្រេច បានបញ្ជាក់បន្ថែមថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងចន្លោះម៉ោង៨៖០០យប់ ដល់ម៉ោង៥៖០០ទៀបភ្លឺ លើកលែងតែចំពោះករណីដូចខាងក្រោម៖

- ការជួបជុំក្នុងចំណោមសមាជិកគ្រួសារនៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា
- ការរៀបចំពិធីបុណ្យសប ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
- ការជួបជុំរបស់បុគ្គលិកសិក្ខាភិបាល ដើម្បីយកសំណាកបុគ្គលដែ៊លពាក់ព័ន្ធដោយផ្ទល់ ឬដោយប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត។
- ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
- ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។





ប្រមុខរដ្ឋស្តីទី ផ្ញើលិខិតជូនពរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ

 លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតជូនពរចំពោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ។ នេះបើយោងតាមលិខិតជូនពរដែលទទួលបាន។

ប្រមុខរដ្ឋស្តីទី បានជូនពរយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយាខ្ញុំ សូមគោរពជូនពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គលវិបុលសុខគ្រប់ប្រការក្នុងឱកាសដ៏មហា នក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមនស្សរីករាយ នៃថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាពេលខាងមុខនេះ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចម្រើន និងសម្បូររុងរឿងលើគ្រប់វិស័យ»។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះដែរ លោក សាយ ឈុំ សូមវាយតម្លៃ និងសូមសម្តែងនូវមោទនភាព និងសូមកោតសរសើរចំពោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ព្រោះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោក ប្រទេសជាតិទទួលបាននូវ សុខសន្តិភាពយ៉ាងពេញលេញ ប្រជាជនមានជីវភាពសម្បូរសប្បាយ និងជឿជាក់។ កិត្យានុភាពនិងឧត្តមភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក តាមរយៈសកម្មភាពការទូតដ៏ប៉ិនប្រសប់របស់សម្តេច។ ពិសេសស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាង១ឆ្នាំកន្លងមកនេះ សម្តេចបានខិតខំប្រឹងប្រែងបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។

លោកប្រមុខរដ្ឋស្តីទី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៉ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះ ជាលិខិតជូនពររបស់លោក សាយ ឈុំ ៖



កម្ពុជា-សឹង្ហបុរី ប្តេជ្ញាលើកកម្ពស់ទំនាក់ទំនង រិតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ

 បន្ទាប់ពីអញ្ជើញទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតថ្មី ប្រទេសហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជារួចមក លោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអនុញ្ញាតិឱ្យ លោកស្រី ទេវ ឡាយឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា បន្តទៀត។

លោកបានគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រី ឯកអគ្គរដ្ឋទូត និងចាត់ទុកបេសកកម្មការទូតរបស់លោកស្រី នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

លោក បានគូសបញ្ជាក់ថា កម្ពុជា-សឹង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី។ លោកប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជា និងសឹង្ហបុរី លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សុខាភិបាល និងវិស័យការពារជាតិ។

រដ្ឋសភាកម្ពុជា សូមអបអរសាទររដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ ជាមួយគ្នាកន្លងមក និងលើកទឹកចិត្តអោយពិចារណារួមគ្នា លើកិច្ចសហប្រតិបត្តិការផេ្សងៗទៀត ស្របតាមសក្តានុពលរបស់ប្រទេសទាំងពីរដែលមាន។

លោកប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរវិញ បានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសឱ្យថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ទាំងពីរប្រទេស បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នា ផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានឹងការវិវឌ្ឍន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលលោក បានចំណាយពេលដ៏មានតម្លៃទទួលជួបសវនាការជាមួយ លោកស្រី នាឱកាសនេះ។ លោកស្រី ឯកអគ្គរដ្ឋទូតបានគាំទ្រប្រសាសន៍លើកឡើងរបស់លោកប្រធានរដ្ឋសភា និងបានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតឱ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ទាំងនៅស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ពិសេសការកៀរគរអ្នកវិនិយោគសឹង្ហបូរីឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែម៕






ឯកអគ្គរដ្ឋទូតហ្វីលីពីនសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជានឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ

 ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោកស្រី ម៉ារៀ អាមីលីតា អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចំានៅកម្ពុជា បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អ នៅមុនពេលផ្ទុះជំងឺកូវីដ-១៩ នោះ នឹងវិលទៅរកសភាពដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាងក្នុងចំនួនច្រើន។ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះវិធានការទប់ស្កាត់និងការពារជំងឺកូវីដ-១៩ មានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មការទូតរបស់លោកស្រី នៅកម្ពុជា។ លោកលើកឡើងថា កម្ពុជា និងហ្វីលីពីនមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៧ ហើយចំណងការទូតនេះ បានបន្តចាក់គ្រឹះយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃ។

លោកបានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មការទូតថ្មីរបស់លោកស្រី Maria Amelita C. Aquino នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងហ្វីលីពីន ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

លោកប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ចំពោះទំនាក់ទំនងរដ្ឋសភាកម្ពុជា និងហ្វីលីពីន មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើន លើវិស័យការទូតសភានៅក្នុង វេទិកាអន្តរសភា ទាំងក្នុងតំបន់ និងសកលលោក ជាពិសេស កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន ដែលសភាហ្វីលីពីន ជាសហស្ថាបនិកមួយដ៏សំខាន់ផងនោះ។ សភាប្រទេសទាំងពីរ ក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសអោយសមាជិករដ្ឋសភា នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណាអោយវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ក្នុងនាមរដ្ឋសភាកម្ពុជា លោកបានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងហ្វីលីពីន លើវិស័យជាច្រើន នៅក្នុងនោះប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន ក្នុងនោះមានវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ ។

ជាចុងបញ្ចប់ ឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន បានថ្លៃងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ថែរក្សាប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅកម្ពុជា នៅក្នុងនោះបានផ្តល់វ៉ាក់សំាងកូវីដ-១៩ ដល់ប្រជាពលរដ្ឋហ្វីលីពីនផងដែរ។ ប្រទេសហ្វីពីនមានគម្រោងផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជាលើផ្នែកបច្ចេកវិទ្យាផងដែរ៕








យុទ្ធនាការចុះអប់រំផ្សព្វផ្សាយអំពីវិធានការបង្ការ និងវិធីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ត្រីសាខា និងអនុសាខាកាកបាទក្រហមស្រុក បានចុះអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅឃុំចោងម៉ោងនិងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោក អម សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព, រក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ៣ ការពារ និង៣ កុំ។ ក្នុងនោះក្រុមការងារបានចុះបិទស្ទីគ័រ តាមទីប្រជុំជនផ្សាររមាសផងដែរ៕






លោក គួច ចំរើន អញ្ជើញចុះពិនិត្យទីតាំងដែលត្រូវបានរៀបចំជាកន្លែងចាក់វ៉ាកសាំង ដើម្បីយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្នុងក្រុងព្រះសីហនុ

 ព្រះសីហនុ៖ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើលទីតាំងដែលត្រូវបានរៀបចំជាកន្លែងចាក់វ៉ាកសាំងជូនដល់មន្ត្រីរាជការ អាជីវករ បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នាពេលនេះគឺចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងនោះ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរក្រុង និងក្រុមការងារត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩។ អនុវត្តតាមការណែនាំ ៣ ការពារ និង៣ កុំ របស់រាជរដ្ឋាភិបាល៕





រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

 នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ស្របតាមច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមអានអនុក្រឹត្យដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖