Thursday, April 01, 2021

កម្ពុជា-សឹង្ហបុរី ប្តេជ្ញាលើកកម្ពស់ទំនាក់ទំនង រិតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ

 បន្ទាប់ពីអញ្ជើញទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតថ្មី ប្រទេសហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជារួចមក លោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអនុញ្ញាតិឱ្យ លោកស្រី ទេវ ឡាយឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា បន្តទៀត។

លោកបានគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រី ឯកអគ្គរដ្ឋទូត និងចាត់ទុកបេសកកម្មការទូតរបស់លោកស្រី នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

លោក បានគូសបញ្ជាក់ថា កម្ពុជា-សឹង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី។ លោកប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជា និងសឹង្ហបុរី លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សុខាភិបាល និងវិស័យការពារជាតិ។

រដ្ឋសភាកម្ពុជា សូមអបអរសាទររដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ ជាមួយគ្នាកន្លងមក និងលើកទឹកចិត្តអោយពិចារណារួមគ្នា លើកិច្ចសហប្រតិបត្តិការផេ្សងៗទៀត ស្របតាមសក្តានុពលរបស់ប្រទេសទាំងពីរដែលមាន។

លោកប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរវិញ បានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសឱ្យថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ទាំងពីរប្រទេស បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នា ផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានឹងការវិវឌ្ឍន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលលោក បានចំណាយពេលដ៏មានតម្លៃទទួលជួបសវនាការជាមួយ លោកស្រី នាឱកាសនេះ។ លោកស្រី ឯកអគ្គរដ្ឋទូតបានគាំទ្រប្រសាសន៍លើកឡើងរបស់លោកប្រធានរដ្ឋសភា និងបានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតឱ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ទាំងនៅស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ពិសេសការកៀរគរអ្នកវិនិយោគសឹង្ហបូរីឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែម៕






No comments:

Post a Comment