Tuesday, October 22, 2019

កម្ពុជាត្រូវការទិញរថយន្ត៤៥៥គ្រឿង ដើម្បីបម្រើឲ្យការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា កម្ពុជាត្រូវការទិញ រថយន្ដ ចំនួន៤៥៥គ្រឿង ដើម្បីបម្រើឲ្យការរៀបចំកិច្ច ប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់មួយនេះ។ លោកបានថ្លែងដូចនេះក្នុងឱកាស អញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រជូននិស្សិត ជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅ មជ្ឈមណ្ឌលកោះពេជ្រ។
គួរជម្រាបថា ដើម្បីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំ ខាន់មួយនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានស្វែងរកការគាំទ្រជាច្រើនពីបណ្តាប្រទេសនៅតំបន់អាស៊ី និងនៅអឺរ៉ុប ហើយប្រទេសទាំងនោះ ក៏បានបង្ហាញការឯកភាពផងដែរ។ សេចក្តីសម្រេចផ្តល់ឲ្យកម្ពុជា ធ្វើជាម្ចាស់នៅកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ ត្រូវបានធ្វើ ឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី១២ នៅប្រទេសប៊ែលហ្ស៊ិក ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៨។
អាស៊ី-អឺរ៉ុប (ASEM) គឺជាវេទិកាសម្រាប់កិច្ចសហប្រតិ បត្តិការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី និងតំបន់អឺរ៉ុបជាមួយការផ្ដោតសំខាន់លើសសរស្តម្ភចំនួន៣ រួម មាននយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ ASEM តំណាងឲ្យ ៥០% នៃ GDP របស់ពិភពលោក ព្រមទាំងស្មើនឹង ៦០% នៃចំនួនប្រជាជនពិភពលោក និង ៦០% នៃពាណិជ្ជកម្មពិភពលោក។
កិច្ចប្រជុំ ASEM លើកដំបូងត្រូវបានធ្វើឡើងកាលពីខែមីនា ឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ បច្ចុប្បន្ន ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាននៅ តំបន់អាស៊ី Asia ២១ប្រទេស រួមទាំងសមាជិកអាស៊ានទាំង ១០ប្រទេស។ ប្រទេសក្នុងតំបន់អឺរ៉ុប ចំនួន ៣០ ប្រទេស ក្នុងនោះ ២៨ប្រទេសជាសមាជិក សហភាពអឺរ៉ុប និងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុបចំនួន ២ទៀត គឺន័រវែស និងស្វីស។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពី លេខាធិការដ្ឋានអាស៊ាន និងសហ ភាពអឺរ៉ុបផងដែរ។
សម្រាប់កម្ពុជា បានក្លាយជាសមាជិកនៃវេទិកានេះ ក្នុងកិច្ចប្រជុំកំពូល ASEM លើកទី៥ រៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០០៤។ ការទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ គឺជាកិត្តិយសមួយរបស់កម្ពុជា និងជាឱកា សក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរជាមួយប្រទេសជាសមាជិករហូតដល់៥០ប្រទេសនោះ៕






ទស្សនៈមិត្តអ្នកអាន៖ ផែនការធ្វើរដ្ឋប្រហារ៩វិច្ឆិការបស់ក្រុមឧទ្ទាម ប្រៀបដូចជាស្គរ ទូង…ៗ ប្រហោងក្នុង


នៅពេល​ដែល​កាលបរិច្ឆេទកំណត់​វិល​ចូល​ស្រុក​របស់​ឧក្រិដ្ឋជន សម រង្ស៊ី និង​គូកន​កាន់​តែខិត​ជិត​មក​ដល់​ ក្រុម​ប្រឆាំង​ហាក់​កំពុងជ្រួលច្របល់​កាន់​តែខ្លាំង ដោយ​សារ​ថា គម្រោងនៃការ​វិល​ចូល​ស្រុក​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ប្រៀបបាន​ដូច​ជាស្គរ ទូង…ៗ ប្រហោង​ក្នុង ពោល​គឺ​មិន​អាច​គៀរករ​រក​មនុស្ស​ឲ្យ​មក​ចូល​រួម​ក្នុង​ផែន ការ​ក្បត់​នេះ​បាន​ឡើយ។
គិត​ត្រឹម​ថ្ងៃនេះ នៅ​សល់​មិន​ដល់​ ២០ថ្ងៃ​ទៀត​ទេ ដែល​ឧក្រិដ្ឋជន សម រង្ស៊ី និង​គូកន បាន​កំណត់​ថា​ នឹង​វិល​ចូល​ស្រុក​វិញដើម្បី​ធ្វើរដ្ឋ​ប្រហារផ្តួលរំលំរដ្ឋាភិបាល​ និង​ផ្លាស់​ប្តូរ​របប។ ក្នុង​រយៈពេល​ជាង ២សប្តាហ៍ទៀត​នេះ ក្រុម​ឧទ្ទាម​បាន​បរាជ័យ​រួច​ស្រេច​ទៅហើយ​ក្នុងផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ថ្ងៃទី​៩វិច្ឆិកា​ខាង​មុខ​នេះ។ បរាជ័យ ដោយ​សារ​ក្រុម​ឧទ្ទាម​ មិន​​អាចបំផុស​បំផុល​ញុះញង់ប្រជាពលរដ្ឋ និង​ទិញ​ទឹក​ចិត្ត​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ឡើយ ​ពីព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​ មានការសិក្សា​​ចេះដឹង​ និង​យល់​ច្រើនពី​បរិបទ​សង្គម​ដែលពួកគេ​​កំពុង​រស់​នៅ​ក្នុង​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ។
ទោះ​យ៉ាង​នេះក្តី ដើម្បី​បំភាន់​សាធារណៈមតិ​បម្រើ​ឲ្យ​ផែនការ​ក្បត់​​ ​ឧទ្ទាម​ មូរ សុខហួរ និង អេង ឆៃអ៊ាង តាមរយៈរូប​ថត​មួយ​សន្លឹកបាន​អះអាង​ថា ខ្លួន​បាន​មក​ដល់​ប្រទេស​ថៃ​ហើយដើម្បី​រៀប​ចំ​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំ​លំ​រាជរដ្ឋាភិបាល និង​ផ្លាស់​ប្តូរ​របប ​ក្រោម​លេសដំណើរ​មាតុភូមិនិវត្តន៍​របស់​ឧក្រិដ្ឋជន សម រង្ស៊ី។ ​តាម​​ពិត​រូប​ ឧទ្ទាម មូរ សុខហួរ និង​ អេង ឆៃអ៊ាង រួម​នឹង​គូកន​ថត​ជាមួយ​​គ្នានោះ​ បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​អតីតមន្ត្រីអតីតបក្ស​ប្រឆាំង​កូតា​គណបក្ស​សិទ្ធិ​មនុស្ស គឺរូប​នោះ​​ស្ថិត​នៅក្នុងតំបន់​មួយនៃ​​ប្រទេស​​ម៉ាឡេស៊ី​។
ការ​ផូស​រូប​ខ្លួន និង​សកម្មជន​ប៉ុន្មាន​នាក់​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុកថា​ ខ្លួន​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​ថៃដើម្បី​រៀប​ចំ​ផែនការ​ថ្ងៃ៩វិច្ឆិការបស់​ឧទ្ទាម​ មូរ សុខហួរ គឺគ្រាន់​តែ​ជាសង្គ្រាម​ចិត្ត​សាស្ត្រ​ដើម្បីផ្តល់​​ក្តី​សង្ឃឹម​​ក្នុង​ភាព​អស់​សង្ឃឹមដល់​កម្មជន​​ដែល​នៅ​សេសសល់​តិច​តួច​បំផុតទាំងនៅ​ក្នុង និងក្រៅ​ស្រុក។
ក្រុមឧទ្ទាម​ក្រៅ​ច្បាប់​ដឹកនាំ​ដោយឧក្រិដ្ឋ​ជន​ សម រង្ស៊ី តែង​បាន​អួត​អាងថា នឹង​ដឹកនាំ​ពលករខ្មែរ​​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ២លាន​នាក់ ​អម​ដំណើរ​ខ្លួនចូល​​មកប្រទេស​​កម្ពុជា​វិញ។ ​តើ​ពលករខ្មែរ​ប្រមាណ​​​ ២លាន​នាក់ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ គឺ​សុទ្ធ​តែ​ជាអ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ទាំង​អស់​ឬ?
ជាការពិត​ ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ មានអ្នកគាំទ្រ​បក្ស​ប្រឆាំង​ខ្លះ​ដែរ មិនមែន​​ទាំង​ស្រុងទេ ក៏ប៉ុន្តែ​ភាគច្រើន​លើស​លប់​​​​​ជាអ្នក​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ ពោល​គឺ​​​ពួក​គេ​ខិត​ខំ​ធ្វើការ​ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់ជីវភាព​​គ្រួ​សារ​​នៅ​ឯស្រុក​កំណើត​ឯណោះទៅវិញ​ទេ​ ហើយ​ក៏គ្មាន​ពេល​​គិត​ពី​រឿង​ឥតប្រយោជន៍ ហើយលង់ខ្លួន​​ជឿ​លើពួក​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ប៉ុនប៉ង​​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​នោះ​ដែរ។ បច្ចុប្បន្ន គឺ​ជា​យុគសម័យ​ឌីជីថល ពួ​កគេ​ថ្វីត្បិត​ថាមិនបាន​​នៅស្រុក​កំណើត​ ក៏ប៉ុន្តែ​ពួក​គេ​បាន​ដឹង​ពី​ស្ថាន​ភាព​ស្រុក​ទេស​​​ច្បាស់​ជាង​ក្រុម​ប្រឆាំង ​ដែល​ចេះ​ត្រឹម​តែញុះ​ញង់​ ដុត​កំហឹង ​ឲ្យ​ស្អប់​​រាជរដ្ឋាភិបាល​តាម​រយៈការ​បំពុលផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​​ជា​ច្រើន ពោល​គឺ​ព័ត៌មានដ៏​សម្បូរ​បែប​ស្ថិត​នៅក្នុង​ដៃ​ពួកគេ​គ្រប់ៗគ្នា។
អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ គឺការផ្សាយ​របស់​វិទ្យុ​បរទេសផ្សាយ​ជា​ខេមរភាសា​ថា ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ប្តេជ្ញា​វិល​​ចូល​ស្រុក​​អម​ដំណើរ​​ឧក្រិដ្ឋជន​ សម រង្ស៊ី នៅ​ថ្ងៃទី​៩វិច្ឆិកានោះ​ តាម​ពិត គឺ​​មាន​តែ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជា​សកម្ម​​ជ​​ន​អតីត​បក្ស​ប្រ​ឆាំង​រត់ភៀស​ខ្លួនពីកម្ពុជា​​​ទៅ​ប្រទេស​ថៃស្រែក​កោកកាក​តែ​ប៉ុណ្ណោះ ចំណែកពលករ​ខ្មែរ​ធ្វើ​ការ​​នៅ​ប្រទេស​ថៃពិត​ប្រាកដ​ ​​​ពួកគេ​ខិត​ខំ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ដើម្បី​ទទួល​បាន​ប្រាក់កំរៃផ្គត់ផ្គង់ជីវភាព​រស់​នៅឲ្យ​កាន់​តែ​ប្រសើរ គ្មាន​ពេល​ទំនេរ​គិត​ពី​រឿងផ្សេងនោះ​​ឡើយ កុំ​ថា​ឡើយពួកគេ​ត្រូវ​ចូល​រួម​ក្នុង​ផែនការ​ក្បត់​ជាតិ​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំ​លំ​រដ្ឋាភិបាល​ ដែល​នាំ​ទុក្ខ​ទោស​ដល់​ខ្លួន ក្រុម​គ្រួសារ និង​សង្គម​ជាតិ​។​
សរុប​ម​ក​វិញ ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ឧក្រិដ្ឋ​ជន​ សម រង្ស៊ី មិន​អាច​សម្រេច​បាន​ឡើយ​ ដោយ​​សារ​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយរាជរដ្ឋាភិបាល​​នឹង​ចាត់​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​​ក្រុម​ឧទ្ទាម​​ក្រៅ​ច្បាប់​ និង​អ្នក​ចូល​រួម​ក្នុង​ផែន​ការក្បត់​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​បង្ករភាព​វឹកវរ ចលាចលសង្គម នាំ​ប្រទេស​​ជាតិធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​​រ៉ាំរៃ ដូចកាល​ពី​អតីតកាល​បាន​ជា​ដាច់​ខាត។ ជាក់​ស្តែង​ អ្នក​ចូល​រួមផ្សំ​គំនិត​ជា​មួយ​ឧក្រិដ្ឋ​ជន​ សម រង្ស៊ី ត្រូវ​បាន​តុលាការ​កោះ​ហៅ និង​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់។ ទន្ទឹម​គ្នា​នេះ ក៏​មានអតីត​សកម្ម​ជន​បក្ស​ប្រឆាំង​ដែល​ទទួល​អនុវត្ត​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​ឧក្រិដ្ឋ​ជន​ សម រង្ស៊ី បាន​ចេញ​មក​សារភាព​ចំពោះ​មុខអាជ្ញាធរ​មាន​សមត្ថកិច្ច​ជា​បន្ត​បន្ទាប់ ក្រោយ​ដឹង​ខ្លួន​ថា បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ជន​ក្បត់​ជាតិ​រូប​នេះ។ ទោះ​យ៉ាង​ណា​ រាជរដ្ឋាភិបាល​សូម​លើក​ទឹក​ចិត្ត​ដល់​​អ្នកពាក់​ព័ន្ធ​ក្នុងផែន​ការ​ក្បត់​​ជាមួយ​ឧក្រិដ្ឋជន សម រងស៊ី ​​ចូល​មក​សារ​ភាព​​ឲ្យ​ទាន់​ពេល​វេលា ដើម្បី​ទទួល​បាន​ការលើក​លែង​ទោស​តាម​បញ្ញត្តិពិសេស​នៃមាត្រា ៥៤៥ នៃក្រមព្រហ្មទណ្ឌ៕
ដោយ៖ សុខ សុវណ្ណ




កិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់គណៈកម្មការពិនិត្យ និងតាមដានការសាងសង់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានការរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់គណៈកម្មការពិនិត្យ និងតាមដានការសាងសង់អាកាសយានដ្ឋានអន្តរជាតិទាំងអស់នៅប្រទេសកម្ពុជា ជាមួយនិងក្រុមហ៊ុនសម្បទានបារាំង SCA និងក្រុមហ៊ុនវិស្វករឯករាជ្យ Egis ក្រោមអធិបតីភាពលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដោយមានវត្តមានចូលរួមពីលោក លោកស្រីមួយចំនួនទៀត ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារអាកាសយានដ្ឋានអន្តរជាតិទាំងបី (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ) ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា។

លោក តឹករ៉េត សំរេច បានថ្លែងទៀតថា ក្រុមហ៊ុន SCA  និងក្រុមហ៊ុនវិស្វករឯករាជ្យ Egis បានធ្វើបទបង្ហាញពីដំណើរការការងារនៃអាកាសយានដ្ឋានទាំងបី ជាពិសេសការរៀបចំរចនាសម្ព័ន្ធដើម្បីទទួលភ្ញៀវអន្តរជាតិ មកចូលរួមក្នុងកិច្ចប្រជុំកំពូល ASEM ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ និងកិច្ចប្រជុំកំពូល ASEAN ឆ្នាំ២០២២ នៅខេត្តព្រះសីហនុនាពេលខាងមុខ។

ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាពីគម្រោងវិនិយោគចាំបាច់នានាសម្រាប់ឆ្នាំ២០២០ នៃអាកាសយានដ្ឋានអន្តរជាតិទាំងបីផងដែរ៕















វីដេអូ៖ កម្ពុជានឹងទិញរថយន្តចំនួន ៤៥៥ គ្រឿង សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ច ប្រជុំអាស៊ី-អឺរ៉ុប ក្នុងឆ្នាំ២០២០ ខាងមុខ



ប្រភព៖ GN

លិខិតមិត្តអ្នកអាន៖ បាតុកម្មរបេះរបោះនៅកូរ៉េ ទទួលបានលទ្ធផលត្រឹមភាពអាម៉ាស់ !


    បាតុកម្មដែលត្រូវបានក្រុមប្រឆាំងមួយដំបរស្វារៀបចំឡើង ក្នុងគោលដៅទាមទារឱ្យអន្តរជាតិជួយដោះស្រាយបញ្ហារបស់អ្នកនយោបាយប្រឆាំង ដែលកំពុងតែនិរទ្ទេសខ្លួននៅក្រៅប្រទេស ហើយចង់កៀរគរការគាំទ្រក្នុងការវិលចូលស្រុកវិញ ដែលធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យទី២០ តុលា ២០១៩ មិន មានអ្នកចូលរួមច្រើនតាមផែនការគ្រោងទុកឡើយ។ ទោះបីពួកគេខំបំប៉ោងថា​ នោះគឺជាមហាបាតុកម្មក្តី ប៉ុន្តែលទ្ធផលចេញមក គឺខកបំណងយ៉ាងខ្លាំង​ ហើយអ្វីដែលទទួលបាន គឺគ្មានអ្វីក្រៅពីភាពអាម៉ាស់ និងការបរាជ័យឡើយ។
ភាពអាម៉ាស់ និងការបរាជ័យទាំងស្រុង នូវអ្វីដែលគេហៅថា ជាមហាបាតុកម្មនៅកូរ៉េនេះរួមមាន៣ចំណុចសំខាន់ៗ៖
១-ចំនួនអ្នកចូលរួមតិចតួច របេះរបោះ ខុសឆ្ងាយពីការគ្រោងទុក
ចំនួនក្រុមបាតុករដែលគេរំពឹងទុកថា មានអ្នកចូលរួមរហូតដល់ទៅ៥ពាន់អ្នកនោះ បានធ្លាក់មកនៅត្រឹមតែ២០០ ទៅ៣០០នាក់ប៉ុណ្ណោះ។ ខណៈដែលពលករខ្មែរនៅកូរ៉េផ្សេងទៀត មិនខ្ចីមកក្បែរ ហើយក៏មិនខ្ចីខ្វល់ពីទង្វើរឥតបានការដែលនាំឱ្យខាតបង់ពេលវេលា និងលុយកាក់របស់ពួកគេ។ ការធ្លាក់ចុះចំនួនអ្នកចូលរួមដែលបានគ្រោងទុកនេះ គឺសបញ្ជាក់យ៉ាងច្បាស់ពីបរាជ័យយ៉ាងអាម៉ាស់ ដែលកើតចេញពីការអស់ជំនឿ និងការភ្ញាក់រលឹករបស់បងប្អូនពលករខ្មែរនៅកូរ៉េ ដែលធ្លាប់ចាញ់បោកការឃោសនាបោកប្រាស់ របស់ក្រុមប្រឆាំង។ ការបរាជ័យក្នុងការប្រមែប្រមូលមនុស្សមកធ្វើបាតុកម្មនេះ ក៏ព្រោះតែការបែកបាក់ផ្ទៃក្នុង និងភាពប្រេះឆា របស់ក្រុមប្រឆាំងនៅកូរ៉េផងដែរ។ ដំបៅដែលលាក់មិនជិតនោះគឺ ជម្លោះដណ្តើមប្រជាប្រិយភាព និងហែកហួរគ្នារវាងក្រុមអាសង្ហារ និងក្រុមរបស់ យឹម ស៊ីណន ដែលធ្វើឱ្យអ្នកជើងក្រោមខ្ចាត់ខ្ចាយព្រោះតែភាពរញ៉េរញ៉ៃ និងបញ្ហាមិនចេះចប់ ដែលគេហៅថាក្រុមក្នុងក្រុម។ មួយវិញទៀត បច្ចុប្បន្នខុសឆ្ងាយពីគ្រាមុន ឥឡូវនេះបងប្អូនពលករខ្មែរនៅកូរ៉េភាគច្រើនលើសលប់យល់យ៉ាងច្បាស់ថា ការដែលពួកគេបានមកធ្វើការនៅកូរ៉េនេះ គឺដោយសារតែរាជរដ្ឋាភិបាលជាអ្នកផ្ចុងផ្តើម និងជួយសម្របសម្រួល គឺមិនមែនមេក្រុមប្រឆាំងទេ។ ពួកគេយល់យ៉ាងច្បាស់ថា គោលដៅពិតប្រាកដដែលពួកគេមកធ្វើការនៅកូរ៉េនេះ ព្រោះតែប្រាក់ខែខ្ពស់ លក្ខខណ្ឌការងារល្អ ហើយអាចឱ្យពួកគេជួយផ្គត់ផ្គង់គ្រួសារ និងស្តារជីវភាពភាពខ្លួនឯងនិងគ្រួសារ ឱ្យល្អប្រសើរបាន។ ដោយឡែកការចូលរួមធ្វើបាតុកម្ម គ្មានប្រយោជន៍អ្វីទាល់តែសោះសម្រាប់ពួកគេ ណាមួយខ្លឹមសារនៃបាតុកម្មទៀតសោត គឺមិនបានឆ្លុះបញ្ចាំងពីតម្រូវការរបស់បងប្អូនពលករខ្មែរឡើយ មានតែបម្រើឱ្យ មហិច្ឆតា និងផលប្រយោជន៍ពួកមេដឹកនាំប្រឆាំងមួយដំបរស្វាតែប៉ុណ្ណោះ។ ដូច្នេះវាគ្មានភាពចាំបាច់ណាមួយដែលបងប្អូនពលករត្រូវទៅចូលរួមនោះទេ។ មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យអ្នកចូលរួមធ្វើបាតុកម្មមានចំនួនតិចតួច និងកាន់តែខ្សោះទៅៗ។  
២-​ក្បាលម៉ាស៊ីនដឹកនាំដែលគ្រោងមក បែរជាអត់ហ៊ានអើតក្បាល
តាមការគ្រោងទុក មេដឹកនាំចលនាប្រឆាំងនៅបរទេស បានត្រៀមលក្ខណៈរៀបចំមហាបាតុកម្មទ្រង់ទ្រាយធំនៅកូរ៉េនេះ ដែលមានក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់ និងជាចាស់ទុំក្នុងចង្កោមក្រុមប្រឆាំង។ សមាសភាពដែលគេគ្រោង គឺមានទាំង មូរ សុខហួរ អ៊េង ឆៃអ៊ាង និងមុខសញ្ញាចាស់ៗមួយចំនួនទៀត ប៉ុន្តែជាក់ស្តែង ក្បាលម៉ាស៊ីនទាំងនោះ បែរជាអត់ហ៊ានអើតក្បាលមកទៅវិញ។ មូលហេតុត្រូវបានទម្លាយឱ្យដឹងថា ដោយសារតែអ្នកចូលរួមតិចតួចពេក មេដឹកនាំបាតុកម្មបានប្តូរចិត្ត ព្រោះតែមិនរីករាយក្នុងការដឹកនាំមនុស្សរបេះរបោះ ហើយក៏មិនចង់ស្ពាយភាពអាម៉ាស់ជាប់ខ្លួន ក៏ប្រើត្រឹមតែដៃជើងឱ្យដឹកនាំតាមបែបកំដរបរិយាកាស គ្រាន់បើជាងរំសាយ ព្រោះបើរំសាយឬលុបចោលផែនការគឺវាអាម៉ាស់ខ្លាំងពេក។ ម្យ៉ាងវិញទៀត តាមបទពិសោធន៍ធ្វើបាតុកម្មដ៏ចាស់វស្សា ក៏អាចថាជាមូលហេតុមួយ ដែលមេដឹកនាំបាតុកម្មអត់ហ៊ានអើតក្បាលមកដែរ ព្រោះទម្រង់ដែលត្រូវលេង គឺលេងទៅមិនរួច ហើយលទ្ធផលមិនបានតាមការរំពឹងទុកផង ចឹងហើយមានតែសង្ងំស្ងៀមចាំមើលក្មេងជំនាន់ក្រោយសម្តែងកំដររោង ទាំងអស់សង្ឃឹម។
៣- ហែរញ្ញតិទៅដាក់ តែគេមិនទទួល ខណៈដែលចំនួនអ្នកចុះហត្ថលេខាលើញាតិមានតិចតួច
មិនត្រឹមតែមិនមានមនុស្សចូលរួមច្រើនកុះករដូចការរៀបចំទុកនោះទេ សូម្បីអ្នកដែលចុះហត្ថលេខា ឬផ្តិតមេដៃគាំទ្រលើញាតិ ក៏មានចំនួនតែជាង៣០០នាក់ប៉ុណ្ណោះ។ តួលេខនេះគឺវាប្រាស់ចាកទាំងស្រុងទៅនឹងអ្វីដែលពួកប្រឆាំងធ្លាប់អះអាងថា មានមនុស្សរាប់ពាន់អ្នកគាំទ្រ។ ជាក់ស្តែងបើសិនមានមនុស្សដល់រាប់ពាន់អ្នកគាំទ្រទង្វើឆ្កួតលីលា ឬគាំទ្រដំណើរវិលត្រឡប់មកវិញ របស់ឧក្រិដ្ឋជន សម រង្ស៊ី និងគូកនមែននោះ ម្លេះសមថា ទោះបីពួកគេមិនហ៊ានមកចូលរួមបាតុកម្ម ក៏ហ៊ានចូលរួមចុះហត្ថលេខា ឬផ្តល់ស្នាមមេដៃក្នុងញាតិដែរ តែនេះគឺហ្សេរ៉ូ (០) តែម្តង។ ពោល គឺមានតែមនុស្សប៉ុន្មាននាក់ដដែលៗ ដែលត្រូវបានក្រុមប្រឆាំងពង្វក់ ឱ្យដើរតាមនយោបាយរបស់ពួកគេ ដើម្បីបម្រើឱ្យមហិច្ឆតាដណ្តើមអំណាច មហិច្ឆតាបំផ្លាញសុខសន្តិភាព បំផ្លាញប្រទេសជាតិ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមបែបហិង្សា។ អ្វីដែលរឹតតែអាម៉ាស់ខ្លាំងហួសថ្លែងនោះ គឺការបំផ្លើសពីតួលេខអ្នកចូលរួមបាតុកម្ម ដែលផ្ទុយទាំងស្រុងពីការពិតជាក់ស្តែង ដែលសមត្ថកិច្ចកូរ៉េបានរាយការណ៍។ អ្នកដឹកនាំបាតុកម្ម​ ដែលជាយុវជនឈាមរាវរបស់ក្រុមប្រឆាំង បានប្រើប្រាស់ក្បួនបោក និងភូតភរតាមមេកើយរបស់ខ្លួនទាំងឥតអៀនខ្មាស់ ខណៈដែលពួកចាំបន្ទរផ្សាយ បម្រើឱ្យក្រុមប្រឆាំងក៏ខំប្រឹងបំប៉ោងតាម ទាំងដែលតួរលេខគឺវាខុសគ្នាឆ្ងាយដូចមេឃ និងដី។ ការបោកប្រាស់ពីចំនួនអ្នកចូលរួមនេះ គឺសបញ្ជាក់ពីការសាបព្រោះនូវវប្បធម៌ភូតភរ វប្បធម៌បំពុល និងបំភ័ន្ត បំភ្លៃការពិត ដែលកន្លងមកទាំង សម រង្ស៊ី និងមេក្រុមប្រឆាំងផ្សេងទៀត តែងតែបង្រៀនដល់សកម្មជនជើងក្រោមរបស់ខ្លួន ឱ្យចេះបោកគេតាមខ្លួន។
គួរកត់សំគាល់ថា រយៈពេលចុងក្រោយនេះឧក្រិដ្ឋជន សម រង្ស៊ី និងគូកន បានប្រកាសដាក់ចេញនូវផែនការធ្វើរដ្ឋប្រហាររបបរាជានិយមតាមរយៈការបើកនូវយុទ្ធនាការជេរប្រមាថ តិះដៀលអង្គព្រះមហាក្សត្រយ៉ាងកប់ៗមាត់ និងប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធងើបឡើងបះបោរ និងបែរចុងកាណុងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ទង្វើជ្រុលនិយម ដែលស្តែងឱ្យឃើញពីចេតនាក្បត់ជាតិ និងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជានេះ បានធ្វើឱ្យមហាជនថ្កោលទោស និងធ្វើឱ្យអ្នកដែលធ្លាប់ជឿតាមក្រុមប្រឆាំងភ័យខ្លាច និងលែងចង់ចូលរួមជាមួយក្រុមនេះ ដោយសារតែមិនចង់ជាប់ទោសទណ្ឌដល់ខ្លួន។ ដូច្នេះការខ្សោះខ្សោយទៅ នៃចំនួនអ្នកគាំទ្រឧក្រិដ្ឋជន សម រង្ស៊ី គឺបង្ហាញយ៉ាងច្បាស់ពីភាពបរាជ័យយ៉ាងអាម៉ាស់ ដែលមិនចាំបាច់រង់ចាំដល់ថ្ងៃទី៩វិច្ឆិកានោះទេ ពោលគឺចាប់ផ្តើមឱ្យសញ្ញានៃភាពបរាជ័យជាបណ្តើរៗហើយ៕
        ដោយ៖ ស ជាតិ