Saturday, May 29, 2021

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស​ប្រាប់​រដ្ឋមន្រ្តី​ឱ្យបញ្ឈប់​ការស្នើចាក់វ៉ាក់សាំង​តាមវិស័យ​នៅខេត្ត​នេះបន្តិចខេត្តនោះបន្តិច ដោយកម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត (Video inside)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេស ដោយណែនាំដល់រដ្ឋមន្រ្តី និងភិបាលខេត្តនានា ឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយអះអាងថា កម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងជាបន្តបន្ទាប់តាមលំដាប់លំដោយ នៃរាជធានី-ខេត្តអាទិភាព។


តាមរយៈសារសំឡេងផ្ញើទៅកាន់ជនរួមជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា កន្លងទៅមានការស្នើមកសម្តេចជាបន្តបន្ទាប់ ដោយស្នើចាក់វ៉ាក់សាំងកូវីដ១៩ តាមខេត្ត ឬតាមក្រសួង រួមទាំងមានការស្នើចាក់តាមវិស័យ ក្នុងខេត្តនេះខេត្តនោះ ហើយក្រុមហ៊ុនខ្លះក៏ស្នើចាក់វ៉ាក់សាំងនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ សម្តេចបានយកឱកាសនេះ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស លោកស្រី ឱ វណ្ណឌីន ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចាក់វ៉ាក់សាំង នោះគឺ «យុទ្ធសាស្រ្តផ្ការីក» ដោយចាក់ពីក្នុងចេញក្រៅ។

សម្តេចបញ្ជាក់ថា៖ «យើងមិនអាចចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចបានទេ បើធ្វើដូច្នេះយើងនឹងមិនទទួលបានផល នៅក្នុងបញ្ហាចាក់វ៉ាក់សាំងនេះទេ»។

សម្តេចបានបន្តថា ដើម្បីបង្កើនភាពសុាំ រាជរដ្ឋាភិបាលត្រូវតែចាប់ផ្តើមចាក់ពីរាជធានីភ្នំពេញមុន ដែលរហូតដល់ពេលនេះគឺចាក់បានជាង១លាននាក់ហើយ ដោយការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា បន្ទាប់ទៅគឺបណ្តាទីប្រជុំជននៅខេត្តកណ្តាល ហើយបន្ទាប់ទៀតទើបចេញទៅតាមទីប្រជុំជននៅតាមបណ្តាខេត្តនានា និងតំបន់រោងចក្រដែលមានកម្មករកកកុញ។

សម្តេចបានបញ្ជាក់ថា៖ «យើងមិនអាចចាក់វ៉ាក់សាំងដល់កម្មករដែលមានត្រឹមតែ ៤-៥ម៉ឺននាក់ នៅក្នុងខេត្តមួយដែលមានប្រជាជនជាង១លាននាក់បានទេ អញ្ចឹងនៅពេលដែលយើងចុះទៅគឺយើងចុះទៅចាក់ស្រោចតែម្តង បើមិនបានទៅដល់ជនបទទេ ក៏យើងប្រមូលចាក់ទីក្រុង ទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញ និយាយរួមកន្លែងដែលកកកុញតែម្តង ធ្វើដូច្នេះទើបមានភាពសុាំក្នុងសហគមន៍»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា សម្តេចនឹងពិភាក្សាជាមួយ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីផ្តល់អាទិភាពទៅខេត្តណាទៀត បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមសង្វាក់នៃដំណើរការតាមផែនការ។ សម្តេចបន្តថា គ្រប់ផ្នែកទាំងអស់មានទាំងកម្មករផង ត្រូវចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលយុទ្ធនាការវ៉ាក់សាំងចាប់ផ្តើមទៅដល់ខេត្តរបស់ខ្លួន លើកលែងតែករណីចាំបាច់ដែលត្រូវចាក់នៅរោងចក្រ។

សម្តេចបានបញ្ជាក់ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ ដែលនឹងមកដល់៤.៥លានដូសទៀតនៅខែមិថុនា និងមកដល់បន្តបន្ទាប់ទៀត។

សម្តេចក៏សូមអភ័យទោសចំពោះប្រជាពលរដ្ឋតាមបណ្តាខេត្ត ដែលបានចុះឈ្មោះចាក់វ៉ាក់សាំងហើយ តែមិនទាន់ទទួលដំណឹងពីអាជ្ញាធរក្នុងការប្រាប់ឱ្យមកចាក់វ៉ាក់សាំង ដោយសារតែវ៉ាក់សាំងមានការខ្វះខាត។ បន្ថែមពីនេះ ទោះបីជាទទួលបានវ៉ាក់សាំងក៏ដោយ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការពារខ្លួនដោយអនុវត្តតាមវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ៕

Thursday, May 27, 2021

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្តីពី ការអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការធ្វើតេស្តកូវីដ-១៩ លើអ្នកសង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់

 



អង្គភាពព័ត៌មាន​និង​ប្រតិកម្ម​រហ័ស ​​៖ «យើងត្រូវរៀនរស់ក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ ១៩»

អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២១នេះ បាន​បញ្ចេញ​ផ្សាយ​នូវ​វីដេអូអប់​រំ​ថ្មី​មួយ​ទៀត ក្រោម​ចំ​ណង​ជើងថា «យើងត្រូវរៀនរស់ក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មីក្នុងសម័យកូវីដ ១៩»។ វីដេអូនេះ មាន​រយៈពេល​១២នាទី និង​៣៣វិនាទី​។
វីដេអូ​នេះ​បាន​ផលិត​ឡើង​ ក្នុងគោលបំណងបន្តអប់រំ​ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យ​បន្តចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ជាពិសេស ការរៀនរស់នៅជាមួយកូវីដ-១៩ ទៅមុខទៀតនេះ និងបានបញ្ជាក់​ថា ពិភពលោកយើងនេះប្រហែលជាត្រូវបន្តរស់នៅយូរអង្វែងតទៅទៀតជាមួយជំងឺកូវីដ-១៩ ពីព្រោះជំងឺឆ្លងសកលដ៏កាចសាហាវមួយនេះមិនទាន់ទៅណាឆ្ងាយពីភពផែនដីយើងនៅឡើយ​នោះទេក្នុងរយៈពេលខ្លីឬមធ្យមខាងមុខនេះគួបផ្សំនឹងការ បំលែងខ្លួននៃវិរុសនេះទៅជាទំរង់ថ្មីៗថែមទៀតនោះ។ ថ្វីត្បិតតែយើងមិនទាន់អាចកម្ចាត់ចោលជំងឺនេះទាំងស្រុងបាន ប៉ុន្តែ យើងក៏មិនអាចរត់គេចពីវាបានរហូតដែរ។ ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា យើង ការដកចេញវិញនូវវិធានការបិទខ្ទប់ លើកលែងតែក្នុងករណីឆ្លងរាលដាលថ្មីនៅទីតាំងមួយចំនួន, ការបិទបញ្ចប់បំរាមគោចរនិងការអនុញ្ញាតឲ្យមុខរបរអាជីវកម្មមួយចំនួនធំដែល ពាក់ព័ន្ធនឹងសេចក្តីត្រូវការចាំបាច់នៃជីវភាពប្រជាពលរដ្ឋ អាចដំណើរការឡើងវិញជាធម្មតា មិនមែនមានន័យថា ស្ថានភាពកូវីដ ១៩ ត្រូវបានបិទបញ្ចប់នោះទេ។ ជំងឺនេះនៅតែមានលាក់ខ្លួន នៅគ្រប់ទិសទី និងអាចឆ្លងមក យើងបានគ្រប់ពេល និងគ្រប់ទីកន្លែងឲ្យតែយើងភ្លេចខ្លួនប្រហែសតែបន្តិច។ ស្ថានភាពនេះ ទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែរៀនរស់ក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មីក្នុងសម័យកូវីដ១៩។ អង្គភាពព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នូវ​បាន​បន្ថែម​ខ្លឹមសារទៀតថា កូវីដ ១៩ បានចូលមកផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់មនុស្សនៅលើភពផែនដីទាំងមូល។ អំណឹះតទៅ មនុស្សត្រូវតែរស់នៅក្នុងវិន័យ ត្រូវរៀនផ្លាស់ប្តូរទំលាប់ ហើយក៍ត្រូវធ្វើការកម្រិតសេរីភាពរបស់ខ្លួនអោយបានខ្លាំងជាងមុនដើម្បីរក្សាអាយុជីវិត រក្សាការងារនិងរក្សាមុខរបរអាជីវកម្មរបស់ខ្លួនព្រោះរហូតមកដល់បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រក្នុងពិភពលោកនៅតែមិនទាន់រកឃើញនៅឡើយនោះទេនូវថ្នាំសំរាប់ព្យាបាលជម្ងឺដ៍កាចសាហាវនេះ។ ដូច្នេះ ការពាក់ម៉ាស់ជាប្រចាំ, ការរក្សាគម្លាតសុវត្ថិភាពសង្គម និងការលាងដៃជាមួយសាប៊ូឬអាល់កុលជាញឹលញាប់ ជាពិសេសការកាត់ផ្តាច់ទំនាក់ទំនងរវាងមិត្តភ័ក្តិ បងប្អូន គឺជាបែបផែនរស់នៅដ៏លំបាក។ ប៉ុន្តែ យើងគ្រប់គ្នាពិតជាគ្មានជម្រើសឡើយក្រៅពីត្រូវតែរៀនរស់ក្នុងស្ថានភាពថ្មីនេះឲ្យបានដើម្បីរក្សាលំនឹងជីវភាពគ្រួសារផង និងចៀសផុតពីការឆ្លងជំងឺផង។ នេះហើយដែលហៅថា ការរស់នៅក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩។ វាពិតជាពិបាកបន្តិចមែន ប៉ុន្តែការបណ្តោយខ្លួនឲ្យឆ្លងជំងឺកូវីដ ១៩ វាក៏ពិតជាពិបាកជាងនេះឆ្ងាយណាស់ ហើយក៍អាចប្រឈមនឹងសេចក្តីស្លាប់គ្រប់ពេលវេលាផងដែរ៕ សូម​ទស្សនាវីដេអូ៖

Wednesday, May 26, 2021

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរក្នុងឱកាសខួបលើកទី៧២ ទិ​វាកុមារអន្តរជាតិ ១ មិថុនា (មានវីដេអូ)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុ​មប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានចេញសារលិខិតអបអរសាទរក្នុងឱកាសខួបលើកទី៧២ ទិ​វាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ ដោយបានសម្តែងនូវមនោសញ្ចេតនានឹករលឹក និងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ ចៅៗទាំងអស់ទូទាំងប្រទេសអស់ពីដួងចិត្ត។ សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖




អភិបាលរងខេត្តកោះកុងដឹកនាំកិច្ចប្រជុំប្រមូលទិញ និងដឹកញ្ជូនអនុផលព្រៃឈើ ពីសហគមន៍មូលដ្ឋានក្នុងស្រុកថ្មបាំង

កោះកុង៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកស្រី អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានសមាសភាព លោកប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម លោកអភិបាលស្រុកថ្មបាំង លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកនាយកឧទ្យានជាតិ លោកនាយកទីចាត់ការអន្តរវិស័យ និងអស់លោកមួយចំនួនទៀតបានចូលរួម។

កិច្ចប្រជុំមានរបៀបវារៈពីរគឺ ១-សំណើរបស់លោក ប៊ុត  បឿន ស្នើសូមប្រមូលទិញ និងដឹកញ្ជូនអនុផលព្រៃឈើ ពីសហគមន៍មូលដ្ឋានក្នុងស្រុកថ្មបាំង និង ២-ពាក់ព័ន្ធលិខិតលេខ ២៥៨ សជណរបស់ក្រសួងបរិស្ថាន។

បន្ទាប់ពីលោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំបានជម្រាបជូនអំពីរបៀបវារៈទាំងពីរ និងបានស្នើឲ្យសមាជិកអង្គប្រជុំចូលរួមយោបល់ ក្រោយពីសមាជិកបានចូលរួមយោបល់ពាក់ព័ន្ធរបៀបវារៈទាំងពីររួចមក បានសម្រេចដូចខាងក្រោម៖

១/ធ្វើលិខិតជម្រាបទៅលោក ប៊ុត បឿន ឲ្យទៅទំនាក់ទំនង ជាមួយមន្ទីរបរិស្ថានអំពីនីតិវិធីដោយអនុវត្តទៅតាមលិខិតលេខ: ២៥៨សជណ

២-ការប្រមូលទិញ និងដឹកជញ្ជូនអនុផលព្រៃឈើត្រូវធ្វើការទំនាក់ទំនង ជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទអំពីលិខិតបទដ្ឋានពាក់ព័ន្ធដែលមានជាធរមាន៕







ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៨៤គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកស្រី ឈឹម ស្រីមុំ ភរិយាលោក  ឈួរ ច័ន្ទឌឿន  អភិបាលខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥  ខែឧសភា  ឆ្នាំ២០២១  បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលបិទខ្ទប់មានករណីមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨៤គ្រួសារ រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុង លោក លោកស្រី ក្រុមការងារផងដែរ។ 


លោកស្រី បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាសុខភាពអនាម័យប្រចាំថ្ងៃ និងរក្សាគម្លាតសង្គមឱ្យបានល្អ ដើម្បីចៀងវាងការឆ្លងរីករាលដាលពីជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដោយអនុវត្តតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ និងត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ។


សូមជម្រាបជូនផងដែរថា៖ អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាឱកាសនេះគឺតាមរយៈលោក ឆេង ផល្លា ដែលជាអំណោយរបស់ មហាឧបាសក លឹម ឈន់ និងមហាឧបាសិកា ចាយ គង់ ឧបាសិកា ហ៊ឺ ប៊ុនសេង លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង  សុខា ព្រមទាំងបុត្រាបុត្រី ៕





ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយចែកជូនគ្រួសាររងគ្រោះខ្យល់ដោយសារកន្រ្តាក់

បន្ទាយមានជ័យ៖លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រី នួម សោភ័ណ អ្នកតំណាងរាស្ត្រ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត អមដំណើរដោយអាជ្ញាធរស្រុក ឃុំ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់បងប្អូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះ ចំនួន ៥៨គ្រួសារ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។


ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា លោក អ៊ុ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។


លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ- ១៩នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និងអនុសាខាតែងតែបានអនុវត្តតាមការណែនាំ របស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ អំពីអនាម័យ និង វិធានការនានាក្នុងការថែទាំសុខភាព ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើ  ប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ។


ក្នុងឱកាសនោះ លោក អ៊ុ រាត្រី បានមានប្រសាសន៍បន្តទៀតថាៈ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានតាម អនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីបហ៊ុន សែន គឺ៣ការពារ និង ៣កុំ។


អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម

ត្រីខ ១០កំប៉ុង មី០១កេសតូច ទឹកស៊ីអុីវ៣ដប មុង០១ ភួយ០១ សារុង០១ ក្រមា០១ អាវយឺត០១ និងទឹកបរិសុទ្ធ០១ យួរ៕






កងទ័ពមួកខៀវចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី២ ជូនពលរដ្ឋក្នុងខណ្ឌទួលគោក

កងទ័ពមួកខៀវ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃនេះបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន២នៃខណ្ឌទួលគោក  ខណៈតំបន់ក្រហមមានប្រជាពលរដ្ឋជិត៨០ម៉ឺននាក់ បានចាក់វ៉ាក់សាំង។ 


នៅថ្ងៃទី២៥ ខែឧសភា ក្រុមគ្រូពេទ្យកងទ័ពមួកខៀវ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយទីតាំងចាក់វ៉ាក់សាំងស្ថិតក្នុងសាលាបឋមសិក្សាបឹងសាឡាង។ ក្នុងដំណើរការចាក់ដូសទី២នេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះពិនិត្យអំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្រោមកិច្ចសហការ រវាងក្រុមគ្រូពេទ្យកងទ័ពមួកខៀវ ជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើឲ្យការរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយសណ្តាប់ធ្នាប់ និងអនុវត្តនូវវិធានការសុខាភិបាលយ៉ាងខ្ពស់ ដើម្បីបង្ការពីការឆ្លងជំងឺកូវីដ១៩។


លោក សែម សុវណ្ណនី បានបញ្ជាក់ថា៖ ថ្ងៃនេះជាការចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន២ និងទីតាំងតែមួយប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋសរុបដែលនឹងត្រូវចាក់វ៉ាក់សាំងមានចំនួនជាង ២ម៉ឺននាក់។ លោក បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនោះបានប្រែក្លាយមកជាតំបន់មិនមានហានិភ័យខ្ពស់ក៏ដោយ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលដូសទី២ សូមមេត្តាទៅទទួលតាមកាលបរច្ឆេទកំណត់ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃវ៉ាក់សាំង។


យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហម ក្នុងខណ្ឌចំនួន៦ នៃរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី២៥ ខែឧសភានេះមានប្រជាពលរដ្ឋជិត៨០ម៉ឺននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងប្រជាពលរដ្ឋកំពុងបន្តចាក់ដូសទី២ ចំនួនជិត៤០ម៉ឺននាក់ ខណៈប្រជាពលរដ្ឋសរុបដែលត្រូវចាក់វ៉ាក់សាំងចំនួនប្រមាណ១លាននាក់ ៕





កិច្ចប្រជុំពាក់ព័ន្ធសំណើសុំចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ១៣គ្រួសារ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត

 កំពត៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងសំណើសុំចេញប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ១៣គ្រួសារដែលកំពុងរស់នៅលើដីរដ្ឋ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ នាយខណ្ឌរដ្ឋបាលជលផល លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលក្រុងកំពត លោកចៅសង្កាត់ពាក់ព័ន្ធ ព្រមទាំងមន្រ្តីបច្ចេកទេស សរុបចំនួន២០រូប។

តាមការលើកឡើងរបស់អាជ្ញាធរក្រុងកំពត និងអាជ្ញាធរសង្កាត់ ប្រជាពលរដ្ឋទាំង ១៣គ្រួសារនេះបានតាំងលំ​នៅឋានរស់នៅទីនេះតាំងពីឆ្នាំ១៩៧៩ និងខ្លះឆ្នាំ ១៩៨០មកម្ល៉េះ ដោយសាងសង់ផ្ទះនៅលើមាត់ព្រែក រហូតមក​ដល់ពេលបច្ចុប្បន្នពួកគាត់បានចាក់ដីរបស់ពួកគាត់ចូលក្នុងព្រែកបន្តិចម្ដងៗ នឹងធ្វើការស្នើសុំកម្មសិទ្ធិដីធ្លី។

ក្រោយពីការចូលរួមយោបល់របស់អ្នកពាក់ព័ន្ធក្នុងកិច្ច ប្រជុំរួចមក លោក ជាវ តាយ អភិបាលខេត្ត បានណែនាំដល់អង្គប្រជុំ ស្នើសុំឲ្យគណៈកម្មការគ្រប់គ្រងដែនដីចុះពិនិត្យសិក្សាពិគ្រោះយោបល់ឡើងវិញនៅទីតាំងជាក់ ស្ដែងនៃការស្នើសុំរបស់ប្រជាពលរដ្ឋទាំង១៣គ្រួសារនេះ ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងដែនដី និងចំណីព្រែក រួចយកកិច្ចការងារនេះមកដាក់ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋដើម្បីពិនិត្យផ្ដល់យោបល់និងសម្រេច៕





ប្រជាពលរដ្ឋក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីព្រះសង្ឃ និងអាជ្ញាធរ

 កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ព្រះគ្រូរតនានុល័ក្ខ អុី កុសល ព្រះ រាជាគណៈ ថ្នាក់កិតិ្តយសទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិតទេព វង្ស សម្តេចព្រះ មហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិន័យធរស្រុកកំពង់ត្រឡាច និងជាព្រះគ្រូចៅអធិការវត្តពានី ព្រមទាំងគណៈកម្មការវត្ត ដោយមានការចូលរួមពីមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំង៩ និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពឃុំពានី ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលបានបិទខ្ទប់ធ្វើចត្តាឡីស័កនៅផ្ទះ ដែលមានការពាក់ព័ន្ធនឹងកម្មកររោងចក្រ និងអ្នកធ្វើការផ្ទាល់នៅរោងចក្រ ហឹរ៉ាយហ្សិន, រោងចក្រ ខេនស្ពត និងរោងចក្រ តឹកហ្វុកចំនួន ៦៦គ្រួសារ។

ក្នុងឱកាសនៃការចុះចែកសម្ភារនោះដែរក្រុមការងារបានធ្វើការណែនាំដល់កម្មករកម្មការិនីដែលត្រូវធ្វើចត្តាឡីស័ក ទាំងអស់ត្រូវមានអនាម័យជាប់ជាប្រចាំជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

សម្ភារដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ចំនួន ១០គីឡូក្រាម, មី១០កញ្ចប់, ប៊ីចេង១កញ្ចប់, អំបិល១កញ្ចប់, ទឹកត្រី១ដប, ទឹកសីុអីុវ២ដប, ភេសជ្ជៈ២កំប៉ុង, ទឹកដោះគោ១កំប៉ុង, ត្រីខ២កំប៉ុង, ស្កសរ១កញ្ចប់, ថ្នាំពេទ្យ១ប្រអប់ សរុបថវិកាចំណាយមានចំនួន ៣,២៦៨,០០០រៀល ៕






អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសតែងតាំងអភិបាលរងក្រុងសិរីសោភ័ណ

 បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២១ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជេីញជាអធិបតីភាព ប្រកាសផ្ទេរភារកិច្ច និងតែងតាំង អភិបាលរងក្រុងសិរីសោភ័ណ លោក ខែន រិទ្ធី នាយករដ្ឋបាលនៃសាលាស្រុកស្វាយចេក ទៅជាអភិបាលរងក្រុងសិរីសោភ័ណ ជំនួសលោក ម៉ៅ វណ្ណា អភិបាលរង ក្រុង ត្រូវបានផ្ទេរទៅបម្រេីការងារនៅសាលាខេត្តបន្ទាយ មានជ័យ។

លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ក៏បានលេីកឡេីងថា ការតែងតាំងមន្ត្រី គឺជាការលេីកទឹកចិត្តចំពោះមន្ត្រីដែល ដែលបានខិតខំបំពេញតួនាទី ភារកិច្ច បានយ៉ាងល្អប្រសេីរ ។ ទន្ទឹមនឹងជាមួយ នោះក្នុងនាមថ្នាក់ដឹកនាំ មិនត្រូវយកសិទ្ធអំណាចទៅគាប់សង្កត់ រាស្ត្រ ទន់ខ្សោយ ដេីម្បីតែផលប្រយោងផ្ទាល់ខ្លួន ឡេីយតែផ្ទុយទៅវិញត្រូវខិតខំបម្រេីររាស្រ្ត ដោយភាពស្មោះត្រង់ ត្រូវចុះមូលដ្ឋានឲ្យបានជាប់ ប្រចាំដេីម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ ដោះស្រាយឲ្យបានទាន់ពេលវេលា។

ជាមួយសភាពការជាក់ស្តែង ក្នុងដំណាកកាលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ លោកអភិបាលខេត្ត បានជម្រុញដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសកងកម្លាំងដែលកំពុងឈរជេីងតាមបន្ទាត់ព្រំដែន ត្រូវបន្តខិតខំយាមកាមឲ្យបានតឹងរឹងទប់ស្កាត់ឲ្យខានតែបាននូវសកម្មភាពពលករលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ក្នុងន័យចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩។

ជាមួយគ្នានោះ លោក អ៊ុំ រាត្រី ក៏បានថ្លែងនូវការកោតសរសេីរចំពោះដល់មន្ត្រីកងកម្លាំង គ្រូពេទ្យ និងភាគីពាក់ព័ន្ធទាំងអស់ដែលកន្លងមកបានខិតខំយ៉ាងសកម្ម ក្នុងសកម្ម ភាពកិច្ចការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត​សកលកូវីដ- ១៩ ដែលកំពុងលុកលុយក្នុងភូមិសាស្រ្តខេត្តបន្ទាយ មានជ័យ ពិសេសនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ទាំងមូល។ ម្យ៉ាងវិញទៀត ត្រូវបន្តផ្សព្វផ្សាយឲ្យបានផុសផលនូវវិធានការនានា ឲ្យពលរដ្ឋបានកាន់តែយល់ច្បាស់ ដេីម្បីអនុវត្តន៍វិធានការទាំងនោះឲ្យកាន់តែមាន ប្រសិទ្ធភាពនិងត្រូវបន្តចូលរួមអនុវត្តវិធានការដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ” ៣ការពារ ៣កុំ ” ឲ្យ បានខ្ជាប់ខ្ជួនទាំងអស់គ្នា៕




ប្រជុំដកបទពិសោធន៍ចាក់វ៉ាក់សាំង ភូមិសាស្ត្ររាជធានីភ្នំពេញ នៅកងពលតូចលេខ ៧០

 នៅបញ្ជាការដ្ឋានកងពលតូចលេ៧០ កងទ័ពជើងគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំវេទិការ ពិភាក្សាដកបទពិសោធន៍ជាមួយបណ្តាកងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសាលារាជធានីភ្នំពេញ បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ដោយកម្លាំងក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ក្នុងដូសទី១ ត្រូវបានបញ្ចប់ និងបន្តចាក់ដូសទី២បន្ត នៅតាមបណ្តាខណ្ឌទាំង៦ ក្នុងរាជធានីភ្នំពេញ មានខណ្ឌពោធិ៍សែនជ័យ, មានជ័យ, ដង្កោ, កំបូល, ទួលគោក និងខណ្ឌឬស្សីកែវ។

បន្ទាប់ពី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ ជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ បានចូលរួមមតិស្វាគមន៍រួចមក នាយឧត្តមសេនីយ៍ នាង ផាត ក្នុងនាម លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ ជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ.១៩ ព្រមទាំងប្រធានក្រុមការងារដឹកនាំអនុវត្តផ្ទាល់ និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ របស់កងយោធពលខេមរភូមិន្ទ ក្នុងប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ និងកម្មករ និយោជិត។

ទន្ទឹមនឹងភារកិច្ចខាងលើនេះ លោក នាង ផាត បានបន្តជំរុញនឹងអនុវត្តឲ្យមានប្រសិទ្ធិខ្ពស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងប្រសាសន៍ណែនាំរបស់ លោកឧបនាយករដ្ឋមន្រ្តី ។ ក្នុងកិច្ចប្រជុំ នោះដែរ ក៏បានផ្តល់ឱកាសឲ្យតំណាងស្ថាប័នចូលរួមពិភាក្សាដកបទពិសោធន៍ ពីចំណុចខ្លាំង និងចំណុចខ្វះខាតដែលអង្គប្រជុំបន្តរួមគ្នាកែលម្អរ ធ្វើយ៉ាងណាឲ្យសម្រេចបានជោគជ័យទៅតាមផែនការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ពិសេសអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាស្រោចឲ្យបានជោគជាំនូវវ៉ាក់សាំង ទៅដល់ប្រជាពលរដ្ឋនៅភូមិសាស្ត្ររាជធានីភ្នំពេញ។

លែងប្រាប់អ្នកយកព័ត៌មានក្រោយកិច្ចប្រជុំ លោក ឥត សារ៉ាត់ បានបញ្ជាក់អំពីផែនការចាក់វ៉ាក់សាំងរបស់គ្រូពេទ្យ ខភម គឺត្រូវចាក់វាក់សាំងដល់ប្រជាពលរដ្ឋ ដែលនៅសេសសល់ អោយអស់ នូវដូសទី១ ពីពេលនេះទៅដល់ថ្ងៃទី៣១ ឧសភា។ លោក ក៏បានលើកឡើងពីសារៈសំខាន់ នៃបណ្ណចាក់វាក់សាំង របស់បងប្អូនប្រជាពលរដ្ឋយើងក្រោយពីការចាក់វាក់សាំង។ បណ្ណចាក់វាក់សាំងនេះ គឺបានបង្ហាញអំពីកាតព្វកិច្ចចំពោះពលរដ្ឋ ដែលបានបំពេញភារកិច្ចចាក់វាក់សាំង ក៏ដូចជាការចូលរួមប្រឆាំងការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕





ពិធីប្រគល់ និងទទួលមូលនិធិពីអង្គភាពសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង

 ស្វាយរៀង៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ បានធ្វើពិធីប្រគល់ និងទទួលមូលនិធិពីសប្បុរសជន ក្រោមវត្តមានចូលរួមពីលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី ពៅ សុភាព ហេរញ្ញឹក គណៈកម្មាធិការសាខា និងសមាជិក សមាជិការសាខា ។

មូលនិធីដែលទទួលបានពីអង្គភាពសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង តំណាងដោយលោក ងួន ស៊ីថា អនុប្រធានសាខា និងសហការី ចំនួន ៥ លានរៀល ព្រមទាំងការិយាល័យគយ និងរដ្ឋាករច្រកទ្វាព្រំដែន អន្តរជាតិបាវិត ១,០០០ ដុល្លារ ការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍ ១០០ ដុល្លារ ការិយាល័យគយ និងរដ្ឋាករ បុសមន ៣០០,០០០ រៀល និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ២០ ម៉ឺនរៀល ស្បៀង និងសម្ភារមួយចំនួន រួមជាមួយលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ១ លានរៀល ។

លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ ឆ្លើយតប ទៅនឹងទឹកចិត្តជ្រះថ្លារបស់លោក លោកប្រធានអង្គភាព និងសហការី បានយកមូលនិធិ ស្បៀង និង សម្ភារ មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងថ្ងៃនេះពិតជាបានរួមចំណែកការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយតាមសហគមន៍ ដោយស្រមតាមប្រធានបទ (ទាំងអស់គ្នា រួមជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ) ។






រដ្ឋបាលទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ ផ្តល់អំណោយម៉ាសជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

 កំពង់ចាម៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនអ្នកទៀត ទទួលបានការឧបត្ថម្ភពីរដ្ឋបាលទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ នូវម៉ាសចំនួន ៣០.០០០ម៉ាស ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ជំនួយ ដែលបាននាំអំណោយជាម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋ ប្រើប្រាស់ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម នាពេលបច្ចុប្បន្ននេះ៕




Tuesday, May 25, 2021

លោក ជាវ​ តាយ​ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩

 កំពត÷ លោក ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន៩៨គ្រួសារ នៅស្រុកជុំគីរី ខេត្តកំពត។

ជាមួយគ្នានោះ ក៏មានការចូលរួម​ពីសមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ​ ដែលប្រារព្ធធ្វើនៅបរិវេណសាលាស្រុកជុំគីរី។

ថ្លែងនៅក្នុងពិធីនោះ លោក ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

ក្នុងនោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន៩៨គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១កេស និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារសរុបចំនួន៤៥ម៉ឺនរៀល៕





រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ

 លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃនិងយប់ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ពោលគឺធ្វើយ៉ាងណាអោយរាជធានីភ្នំពេញវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។

លោកថ្លែងបែបនេះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈដែលលោកបាននាំយកស្បៀងអាហារជាច្រើនមុខជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍លើកឡើងថា ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងណាស់ដោយមិនបានគិតថា ថ្ងៃឬយប់ឡើយ ធ្វើយ៉ាងណា
ទប់ស្កាត់អោយបាននូវការរីករាលដាលមេរោគកូវីដ-១៩។ ស្ថានភាពកូវីដ-១៩ នៅភ្នំពេញមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ព្រោះនៅមានតំបន់លឿងទុំនូវឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ យើងត្រូវតែបើកអោយការធ្វើចរាចរណ៍ឡើងវិញ ជាមួយនិងការជម្រុញអោយអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលនិងការអនុវត្ត៣កុំនិង៣ការពារ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណចំពោ លោកកិត្តិសេដ្ឋាបណ្ឌិត ដែល
បានឧបត្ថម្ភ៖ ១- ថវិកា ចំនួន ១២១,៦៩៤,០០០រៀល
២- សាប៊ូ ចំនួន៣០០កញ្ចប់,៣- ទឹកត្រី និងទឹកស៊ីម៉ីច ចំនួនៈ ៦,០០០ដប ,៤- ទឹកបរិសុទ្ធហាយធិច ចំនួន ២០០កេស, ៥- ពងមាន់ ចំនួនៈ ២,០០០គ្រាប់, ៦ – សាច់មាន់ចំនួន ១០០ក្បាល,៧- សាច់កែច្នៃចំនួន ១០០គីឡូក្រាម ,៨- សាច់ក្រក ចំនួន៥០កញ្ចប់,៩- មាន់អាំង ចំនួន៥០កញ្ចប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩នេះ។

លោកបន្តថា ការផ្តល់នូវជំនួយទាំងអស់ខាងលើនេះ បានស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់លោក កិត្តិសេដ្ឋបណ្ឌិត ដែលកន្លងមកតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានតែងតែចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ដោយឈរលើបុព្វហេតុជាតិ នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩៕




Monday, May 24, 2021

រដ្ឋបាលខេត្តកំពង់ចាម សម្រេចការបង្កើតក្រុមការងារ វាយតំលៃថ្នាក់ខេត្ត ដើម្បីរៀបចំការធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី

 រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ វាយតំលៃថ្នាក់ខេត្ត ដើម្បីរៀបចំការធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ។

សូមអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាមនៅខាងក្រោម៖





Friday, May 21, 2021

TOP NEWS: សាលារាជធានីភ្នំពេញ ប្រកាសបិទបញ្ចប់បំរាមគោចរ និងអនុញ្ញាតឲ្យបើកអាជីវកម្មមួយចំនួនក្នុង «តំបន់លឿង» ចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភានេះតទៅ (Video inside)

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញសេចក្ដីសម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។

 
ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖

«ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១តទៅ ដូចខាងក្រោម៖

* ទី១៖ បិទបញ្ចប់បម្រាមគោចរនៅក្នុង «តំបន់លឿង» ដែលមុននេះបានហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង២០ (ម្ភៃ) ដល់ម៉ោង៣ (បី)។

* ទី២៖ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។

* ទី៣៖ បិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ»។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការដូចក្នុងប្រការ១ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕