Friday, November 13, 2020

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ស្រូវពូជផ្តល់ជូនប្រជាកសិករដោយឥតប្រកាន់និន្នាការនយោបាយទេ សំខាន់គឺស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ

 ត្បូងឃ្មុំ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ  មេបញ្ជាការ កងទ័ព ជើង គោក  តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន  សែន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅស្រុកចំនួន០៥ស្រុក មាន១៣ឃុំ ស្មើនឹង៣២០០គ្រួសារ ដេីម្បីស្ដារឡើងវិញឡើងវិញបន្ទាប់ពីរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ ដែលពិធីនេះរៀបឡើងនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តត្បូងឃ្មុំ។

ក្នុងកម្មវិធីនេះដោយមានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងក្រុមការងាររបស់រាជរដ្ឋា

ភិបាល និងស្រុកស្ទឹងត្រង់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តត្បូងឃ្មុំ អភិបាលខេត្តក្រចេះ អភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលដ្ឋ សរុបប្រមាណ ៣.៥០០នាក់។

តាមរបាយការណ៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជំនន់ទឹកភ្លៀងប៉ះពាល់ដល់ ០៩ស្រុក ១ក្រុង ស្មើនឹង ៥០ឃុំ-សង្កាត់ (ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្ទឹងត្រង់ ចំការលើ បាធាយ ជើងព្រៃ ព្រៃឈរ កងមាស និងស្រុកស្រីសន្ធរ) ប៉ះពាល់ប្រជាជន ៣៧១ខ្នងផ្ទះ លិចសាលារៀន ២០កន្លែង លិចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំ ប្រមាណ ២៣,១៥គ.ម និងខូចខាតប្រវែង ១៤,៣២ម៉ែត្រ។ លិចដំណាំស្រូវ ចំនួន ២.៩០៤ហិកតា ស្មើនឹង៣.៩៣២គ្រួសារ ក្នុងនោះ ខូចខាត ១៩៦៧ហិចតា  ស្មើនឹង៣.២០០គ្រួសារ។ 

អភិបាលខេត្ត បានបន្តថាវិធានការចាំបាច់នានាត្រូវបានដាក់ឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញចុះអន្តរាគមន៍ ដោយយកគ្រឿងចក្រចុះកាយបើកមុខទឹកភ្លៀង រំដោះទឹកភ្លៀង មិនឱ្យជន់លិចដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងផ្លូវគមនាគមន៍បានទាន់ពេលវេលា ពិសេសបានជួយសង្គ្រោះផ្លូវជាតិ៧ ដែលរងការជន់លិច មិនឱ្យខូចខាតធ្ងន់ធ្ងរ។

តាងនាមឲ្យគណៈអភិបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំង៣.២០០គ្រួសារ ឯកឧត្តមអភិបាលខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដែលបានផ្តល់ពូជស្រូវ ដល់ប្រជាកសិករដែលរងការខូចខាតនាពេលនេះ និងគោរពជូនពរ លោកទាំងទ្វេរ សូមមានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិកម្ពុជា និងសូមគាំទ្រលោក ជានាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ទៀត។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍ថា មានប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន សែន តែង តែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង លោកមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។ 

ហើយថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនស្រូវពូជ ដល់បងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយមិនប្រកាន់និន្នាការនយោបាយ សម្រាប់ការបង្កបង្កើនផលក្នុងការស្តារឡេីងវិញ នូវអ្វីដែលជាការខូតខាត ដោយជំនន់ទឹកភ្លៀងកន្លងទៅ។

លោក ហ៊ុន ម៉ាណែត បានចូលរួមសោកស្តាយចំពោះផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក ដែលបង្កឲ្យខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋ។ លោក បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព និងចូលរួមថែរក្សាសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ដែលបង្កើតឱកាសក្នុងការកសាង អភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានណែនាំដល់ អាជ្ញាធរមូលដ្ឋាន ចូលរួមបង្ការ ទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការនានា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

អំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ចែកជូនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ចាម ចំនួន ៣២០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល៕





សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា”

 កំពង់ឆ្នាំង៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ខេត្តកំពង់ឆ្នាំង មានបើកសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពលោក សួន សិទ្ធី អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក ហេង ពិទូ អភិបាលរងខេត្ត។

ក្នុងពិធីនោះ មានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក។ សិក្ខាសាលាផ្សព្វផ្សាយនេះមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រៀបចំនៅសណ្ឋាគារ រស្មីសុខាញូយ៉ក ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕





អំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋេរងគ្រោះដោយសារជំនន់ទឹកភ្លៀង

 ប៉ៃលិន៖ ប្រជាពលរដ្ឋ ៦២គ្រួសារនៅក្នុងខេត្តប៉ៃលិន ដែលដំណាំស្រូវខូចខាត ដោយសារជំនន់ទឹកភ្លៀង កាលពីខែតុលាកន្លងមកនេះ បានទទួលពូជស្រូវ និងអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយស្តារការបង្កបង្កើនផលដំណាំស្រូវ និងបន្លែបង្ការឡើងវិញនិងសម្រួលដល់ជីវភាពរស់នៅ ដែលកំពុងជួបការលំបាកដោយ សារតែការបំផ្លាញពីគ្រោះមហន្តរាយធម្មជាតិនេះ ។

អំណោយដ៏ថ្លៃថ្លានេះត្រូវបានលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន រួមនឹងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងចែកពូជស្រូវ ព្រមទាំងអំណោយជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តប៉ៃលិនចំនួន ៦២គ្រួសារ ដែលបានរៀបចំនៅស្រុកសាលាក្រៅ នៅថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ លោកនាយករដ្ឋមន្រ្ដីទោះនាពេលនេះមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ ក៏លោកតែងតែគិតគូរជានិច្ចដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនោះចំពោះប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះដែលជួបការលំបាកដោយប្រការផ្សេងៗ នៅគ្រប់ទីកន្លែងទាំងអស់។

ក្នុងនាមលោកនាយករដ្ឋមន្រ្តី លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងជួយសម្រួលការចាប់ផ្ដើមជីវភាពឡើងវិញ ជាពិសេសការបង្ករបង្កើនផល ដោយលោកបានលើកទឹកចិត្ត ជំរុញឱ្យកសិករយើងត្រូវជម្នះគ្រប់ឧបសគ្គ តស៊ូព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រី ឡើងវិញបន្ទាប់ពីទឹកស្រកចុះ។

លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ បានប្រកាន់ខ្ជាប់នូវប្រពៃណីផ្សារភ្ជាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានបែងចែកការទទួលខុសត្រូវ ឱ្យមន្រ្តីចុះតាមគ្រប់មូលដ្ឋាន ដើម្បីតាមដានបញ្ហាប្រឈម សំណូមពរនានា និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយយើងទាំងអស់គ្នា រួមសុខរួមទុក្ខជាមួយគ្នា និងមិនមានទម្លាប់រត់ចោលគ្នានោះទេ។

ជាមួយនោះដែរលោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សា សុខភាព ដោយអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំដើម្បីទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងៗទៀត ហើយត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំកូនចៅចៀសឱ្យផុតពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន មានប្រសាសន៍ឱ្យដឹងថា៖ ដំណាំកសិកម្មទូទាំងខេត្តប៉ៃលិន អនុវត្តន៍បានសរុបចំនួន ៦៩២០៦ ហ.ត ខូចខាតមានចំនួន ៣,៧៨៥ហ.ត ក្នុងនោះរួមមាន៖ ដំណាំស្រូវ ផ្ទៃដីអនុវត្តន៍បានសរុបចំនួន ៦,១៥៤ ហ.ត ខូចខាតចំនួន ៦២ហ.ត ដំណាំសាកវប្បកម្មផ្ទៃដីអនុវត្តន៍បានសរុបចំនួន ១០,៩១៣ ហ.ត ខូចខាតចំនួន ៤៤ហ.ត ដំណាំឧស្សាហកម្មផ្ទៃដីអនុវត្តន៍បានសរុបចំនួន ៥២,១៣៩ ហ.ត ខូចខាតចំនួន ៣,៦៧៩ហ.ត ក្នុងនោះដំណាំដំឡូងមីផ្ទៃដីអនុវត្តន៍បានសរុបចំនួន ៣៩,៧៤០ ហ.ត ខូចខាតចំនួន ៣,១០៦ហ.ត ដំណាំពោតក្រហមវគ្គ២ផ្ទៃដីអនុវត្តន៍បានសរុបចំនួន ៥ ៨០៥ ហ.ត ខូចខាតចំនួន ៥៧៣ហ.ត។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលបានទទួលអំណោយរបស់លោកនាយករដ្ឋមន្រ្ដី នាឱកាសនោះ មានចំនួន ៦២គ្រួសារ ដោយក្នុងមួយគ្រួសារ ៗទទួលបានពូជស្រូវសែនក្រអូប (OM5451) ចំនួន ០៤ការ៉ុង ស្មើនឹង ១០០គីឡូក្រាម, អង្ករ ២៥គីឡូក្រាម, មី ១កេស, ឃីត ១កញ្ចប់ (កន្ទេល ១ ភួយ ១ មុង ១) ៕







ក្រសួងសុខាភិបាលធ្វើតេស្ដបន្ថែមលើមនុស្ស៥៦នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់»

 នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានបន្ដធ្វើតេស្ដបន្ថែមលើមនុស្សចំនួន៥៥នាក់ ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា ហើយលទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់»។ ដូច្នេះគិតចាប់តាំងពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ចំនួនសំណាកតេស្តសរុប២៥៥៣។ នេះបើយោងតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យបានបន្ថែមថា ចំពោះអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានសុខភាពល្អជាធម្មតា មិនមានអ្វីប្រែប្រួលនោះទេ។ ក្រសួងសុខាភិបាល នឹងបន្តធ្វើតេស្ត និងតាមដានស្រាវជ្រាវអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា តទៅទៀត ហើយនឹងបន្តត្រៀមធ្វើតេស្តលើកទី៣ នៅថ្ងៃទី១៤ និងថ្ងៃទី១៥ វិច្ឆិកាខាងមុខ។ ជារួមការធ្វើតេស្តលើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានវិជ្ជមានចំនួន៤នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ព្រមទាំងអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលកំ ពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

សូមជំរាបថា ការធ្វើតេស្តរកជំងឺកូវីដ១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី និងសណ្ឋាគារសុខា សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល៕



ជំនួបថ្នាក់ដឹកនាំកម្ពុជា-ជប៉ុន ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីក្នុងភាពជាដៃគូអភិវឌ្ឍលើគម្រោងវិនិយោគថ្មីៗ

 លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងជាពិសេសស្វែងរកព័ត៌មាន ឬទិន្នន័យថ្មីៗ ដែលក្រសួងផែនការសម្រេចបាន ដើម្បីជាមូលដ្ឋានគ្រឺះសម្រាប់ក្រុមហ៊ុនជប៉ុន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

មានប្រសាសន៍ក្នុងជំនួប លោកឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងនូវការអបអរសាទរ កោតសរសើរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងអាចទប់ស្កាត់បាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក និងប្រទេសជប៉ុន បានកំពុងជួបប្រទះដូចគ្នា ហើយស្ថិតក្នុងកាលៈទេសៈនេះ ជប៉ុនបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមទាំងប្រកាសផ្តល់នូវហិរញ្ញប្បទានឥតសំណងដល់កម្ពុជាផងដែរ ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាធ្វើឱ្យប្រសើរឡើងវិញនូវការកសាងសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និងក្រោយ នៃការរីករាលដាលជំងឺកូវីដ១៩។

ក្នុងជំនួបនេះផងដែរ លោកឯកអគ្គរដ្ឋទូតជប៉ុន ក៏បានលើកឡើងពីសារៈសំខាន់នៃទិន្នន័យជាច្រើន ដែលបានមកពីការធ្វើជំរឿន រួមមាន៖ ជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា , ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, ជំរឿន និងអង្កេតផ្សេងៗទៀត ដែលវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្ត ដើម្បីសម្រេចបាននូវប្រភពទិន្នន័យមួយដែលមានគុណភាព និងមានសារៈសំខាន់ ជាជំនួយស្មារតីដល់ដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាក្រុមហ៊ុនវិនិយោគរបស់ជប៉ុន ស្វែងរកឱកាសវិនិយោគថ្មីៗទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនាមលោកជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា រីករាយក្នុងការជួយជ្រោមជ្រែង សហការឱ្យមានការវិនិយោគថ្មីៗទៀត ដល់កម្ពុជា។

មានប្រសាសន៍សំណេះសំណាល លោកទេសរដ្ឋមន្ត្រី បានថ្លែងនូវអំណរអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងស្មារតី និងសម្ភារៈ ដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន ចំពោះសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជាដូចសព្វថ្ងៃ ជាពិសេសក្នុងអំឡុងពេលសម័យអ៊ុនតាក់ ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។

លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការចៃកា(JICA) ក្នុងកិច្ចសហប្រតិបត្តិការទ្វេរភាគីជាមួយក្រសួងផែនការ ចាប់តាំងពីឆ្នាំ២០០៥ មកដល់ដំណាច់ឆ្នាំ២០០៥ ភាគីជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ជួយដល់ក្រសួងផែនការ រួមមានទាំងការបណ្តុះបណ្តាលមន្ត្រីជំនាញ ប្រមាណជាង៦០០នាក់,ផ្តល់នូវអគារកម្ពស់៥ជាន់ សម្រាប់ដំណើការធ្វើជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៨ , រួមសហការគ្នាជាមួយអង្គការUNFPA ក្នុងការធ្វើជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៨, ការធ្វើបញ្ជីសហគ្រាសទូទាំងប្រទេសឆ្នាំ២០០៩ , ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលជាការងារជាតិដំបូងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមទាំងការអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០១៣ , អង្កេតចន្លោះជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ និងជំនួយបច្ចេកទេស សម្ភារៈ ដល់មន្ទីរផែនការ នៅថ្នាក់ក្រោមជាតិ ទាំង២៥រាជធានីខេត្តផងដែរ។

លោកកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា នៅរយៈពេលដ៏ខ្លីខាងមុខ ក្រសួងផែនការ នឹងរៀបចំប្រកាសលទ្ធផលជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ជាផ្លូវការ ហើយទិន្នន័យជំរឿននេះ គឺជាប្រភពទិន្នន័យដ៏សំខាន់ សម្រាប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងជាពិសេសក្រុមហ៊ុនវិនិយោគជប៉ុន ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា កម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ មិនមែនកើតមកដោយឯកឯងនោះទេ ជប៉ុនគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ លោកសូមសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបង្កើតឡើងដោយខ្លួនឯង នូវសន្តិភាព និងការអភិវឌ្ឍន៍មួយដ៏ពិតប្រាកដ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យមួយដ៏វែងឆ្ងាយ ប្រកបដោយការអភិវឌ្ឍ រីកចម្រើន ហើយលោក ក៏បានមើលឃើញពីការរីកចម្រើនខាងវិស័យបច្ចេកវិទ្យា ឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលទៅថ្ងៃមុខ ជប៉ុនក៏អាចនឹងមានឱកាសរៀនសូត្រពីកម្ពុជាលើវិស័យបច្ចេកវិទ្យា ឌីជីថល ផងដែរ។

ជាចុងក្រោយ លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងនូវអំណរគុណផងដែរចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់នូវអាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា មានមច្ឆិតាក្នុងកំណែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅ ប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ស្របតាមការរីកចម្រើនផ្នែកវិស័យបច្ចេកវិទ្យាសកល។ ជាទីបញ្ចប់ លោកកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើនូវការសួរសុខទុក្ខ តាមរយៈលោកអគ្គរដ្ឋទូត ជូនចំពោះទីប្រឹក្សា និងជំនាញការJICAទាំងអស់ ដែលធ្លាប់មកធ្វើការនៅក្រសួងផែនការកន្លងមក សូមជូនពរឱ្យមានសុខភាពល្អ ជៀសផុតពីជំងឺបៀតបៀន និងសូមជូនពរលោកឯកអគ្គរដ្ឋទូត និងសហសេវិក មានសុខភាពល្អ និងជោគជ័យ ក្នុងឱកាសបំពេញភារកិច្ចដ៏មានសារៈសំខាន់នៅកម្ពុជា ៕








ក្រសួងសុខាភិបាល ប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ម្នាក់ និងមិនមានករណីឆ្លងថ្មីនៅកម្ពុជាឡើយ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩មា្នក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ អ្នកជាសះស្បើយនេះ ជាស្ត្រីជនជាតិបារាំង អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយឡែក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន៥៦នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ គិតពីថ្ងៃទី០៤ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៥៣វត្ថុសំណាក់ (ក្នុងចំនួននេះ មានអ្នកដែលធ្វើតេស្តលើកទី១ ចំនួន១៧៣៤នាក់ និងលើកទី២ ចំនួន៨១៩នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថា មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកមានលទ្ធផលអវិជ្ជមាន មានចំនួន១៧៣០នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០១នាក់ (ស្ត្រី៦១នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យា បាលជាសះស្បើយចំនួន២៨៩នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១២នាក់៕




ក្រុមប្រឹក្សាខេត្តបាត់ដំបង មានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១៨ សម្រាប់អាណត្តិទី៣

 បាត់ដំបង៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី ១៨ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖
-ពិនិត្យ អនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំវិសាមញ្ញលើកទី១៨
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំទី១៥៧
-ស្តាប់របាយការសកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ប្រចាំខែតុលា ឆ្នាំ២០២០
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង
-ពិនិត្យ ពិភាក្សា និងឯកភាពលើសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសម្រេច ស្តីពីការបង្កើតក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ សម្រាប់ឆ្នាំ២០២០
-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការ និងតារាងបែងចែកក្រុមជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត តាមបណ្តាក្រុង ស្រុក
-ពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈវេទិការបស់ក្រុមប្រឹក្សា និងប្រធានបទ ៖ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន
.សំនួរ-ចម្លើយ និងការបញ្ចេញមតិយោបល់ផងដែរ៕






អ្នកនយោបាយតុកាហ្វេ៖​ ក្រុមឧទ្ទាមក្រៅច្បាប់ ធ្លាក់ខ្លួន អស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី (វីដេអូ)