Friday, November 13, 2020

ក្រសួងសុខាភិបាល ប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ម្នាក់ និងមិនមានករណីឆ្លងថ្មីនៅកម្ពុជាឡើយ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩មា្នក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ អ្នកជាសះស្បើយនេះ ជាស្ត្រីជនជាតិបារាំង អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយឡែក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន៥៦នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ គិតពីថ្ងៃទី០៤ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៥៣វត្ថុសំណាក់ (ក្នុងចំនួននេះ មានអ្នកដែលធ្វើតេស្តលើកទី១ ចំនួន១៧៣៤នាក់ និងលើកទី២ ចំនួន៨១៩នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថា មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកមានលទ្ធផលអវិជ្ជមាន មានចំនួន១៧៣០នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០១នាក់ (ស្ត្រី៦១នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យា បាលជាសះស្បើយចំនួន២៨៩នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១២នាក់៕




No comments:

Post a Comment