Monday, August 18, 2014

បទអត្ថាធិប្បាយ​៖ ការ​អនុវត្ត​នីតិវិធី​ច្បាប់​​ ​និង​​ដំណោះ​ស្រាយ​នយោបាយ​ មិនអាច​លាយឡំ​គ្នា​បានទេ

ដោយ៖ សួន​ ចំរើន

ក្រោយ​ពី​មេដឹកនាំ​នៃ​គណបក្ស​​ទាំងពីរបាន​​ប្ដេជ្ញា​ថា នឹង​​បញ្ឈប់​ការប្រកួតប្រជែង​គ្នា យក​​ស្លា​ប់​រស់ យក​ចាញ់ឈ្នះ​ និង​បញ្ឈប់​ការប្រើ​នយោបាយ​លាប​ពណ៌​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក​ ដោយ​​ការ​ហៅ​គ្នា​ថា «អាយ៉ង» និង​បញ្ឈប់​ការប្រើ​នយោបាយ«ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី» និង​សន្យា​កសាង​​ប្រទេស​ឲ្យ​មាន​ការ​អភិវឌ្ឍ​មក​ មិន​បាន​​ប៉ុន្មាន​ថ្ងៃ​ផង​​ លោក​​ សម រង្ស៊ី ដែល​ជា​មេដឹកនាំ​បក្សប្រឆាំង​បានប្រើ​វោហាសាសន៍​​​ព្រមានជាថ្មី​ទៀត​​ថា វិបត្តិ​​នយោបាយ​នៅកម្ពុជា​ នឹង​មិនទាន់​បញ្ចប់។ នយោបាយ​បង្កភាព​តាន​តឹង​សារ​ជាថ្មី​នេះ ត្រូវ​បាន ​លោក​ សម រង្ស៊ី​ ប្រកាស​ក្តែងៗ​ «​របៀប​ស៊ីញ៉េ​នឹងដៃ​ ​លុបនឹង​ជើង​»​​ នៅ​ពេល​​ដែល​លោក​​ ចុះ​ទៅ​ញុះញង់​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ​ ដែល​ស្នាក់​​នៅ​​ក្នុង​វត្ត​សាមគ្គី​រង្សី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៤ ។​​​ ទន្ទឹម​នឹង​នោះ​ក៏មាន​ក្រុម​សង្គម​ស៊ីវិល​ និង​​អ្នក​វិភាគ​ មួយចំនួនដែល​ស្និត​នឹង​បក្ស​ប្រឆាំងក៏​បាន​នាំ​គ្នា​បន្ទរ​សម្លេង​ចោទ​រាជរដ្ឋាភិ​បាល​ ថា​បាន​ដាក់​ការ​គាប​សង្កត់​ទៅលើ​បក្ស​ប្រឆាំង តាម​រយះ​ប្រព័ន្ធ​តុលាការ​​ដោយ​សារ​តែ​​​​សកម្មជន​របស់​​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​បើក​ចំណាត់​ការ​តាម​នីតិវិធី​របស់​ខ្លួន ក៏​ដោយ​​។​​

តាមពិត​ ការឃាត់ខ្លួន​សកម្មជន​ទាំង​បី​នាក់ «​គឺជា​ការអនុវត្ត​ដ៏​ត្រឹមត្រូវ​របស់​សមត្ថកិច្ច​» យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ក្នុង​ការ​ចា​ត់​វិធានការណ៍ច្បាប់​​ ទៅ​លើ​​​ជន​អាណា​​​ធិបតេយ្យ​ ​ដែល​​បាន​​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ​​​ទៅ​លើ​កង​សន្តិសុខ ​​ ខណ្ឌដូន​ពេញ​ ដែល​កំពុង​បំពេញ​​ភារៈ​កិច្ច​​ រក្សា​សណ្តាប់​ធ្នាប់ បណ្តាល​ឲ្យមាន​របួស​ ធ្ងន់​ ស្រាល​ រហូត​ដល់​៣៨​ នាក់​​ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា​ ឆ្នាំ​២០១៤ នៅ​ចំណុច​ស្ពាន​នាគ​ ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ​ តែប៉ុណ្ណោះ​​។

បើតាម​ការ​វិភាគ​ របស់​អ្នក​តាម​ដាន​​បញ្ហា​សង្គម​យល់​ឃើញ​ថា​ ការព្រមាន​ជាថ្មី​​​របស់​លោក​​ សម រង្ស៊ី​​ វា​គឺជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​​​​ ដើម្បី​បង្ក​ហេតុ​​សារ​ជាថ្មី​ ធ្វើ​ឲ្យ​កម្ពុជា​ជួប​នូវ​​អស្ថេរភាព​នយោបាយ​ឡើង​​វិញ​យ៉ាងពិត​​ប្រាកដ​​​​ ។​ ​ មាន​ន័យ​ថា​ ការ​យល់​ព្រម​ ចូល​ធ្វើ​សច្ចាប្រណិធាន​ កាន់​តំណែង​ជាសមាជិក​រដ្ឋ​សភា​របស់​បក្ស​សង្គ្រោះ​ជាតិ​ គឺគ្រាន់​តែ​​ដើម្បី​ទទួល​​បាន​នូវ​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​ និង​ដើម្បី​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នូវ​បទ​ល្មើស​​នានា​ តែប៉ុណ្ណោះ​។ វា​ក៏​បញ្ជាក់​ផង​ដែរ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ គ្មាន​ឆន្ទៈពិត​ប្រាកដ​ ក្នុង​ការ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​ឡើយ​ ពី​ព្រោះ​ពួកគេ​តែង​តែ​ប្រើ​យុទ្ធ​វិធី រក​ដំណោះ​ស្រាយ​បាន​មួយ លើក​បញ្ហា​ពីរ​មក​​បន្ថែម​ ដូច្នេះ​​ទំនាស់​ វានឹង​បន្ត​កើត​មាន​រហូត​ ដូច​​ពាក្យ​​​​អ្នក​នយោបាយ​ហៅ​​ថា​ «ជាយុទ្ធសាស្ត្រ​ចិញ្ចឹម​​ទំនាស់​»​ របស់​បក្ស​សង្គ្រោះ​ជាតិ​។

ទាក់​ទង​រឿង​សកម្មជន​គណបក្ស​ប្រឆាំង​​ ប្រព្រឹត្តិ​បទល្មើស​អំពើហិង្សា​​ វាគឺ​ជា​បទ​ល្មើស​​​​ជាក់​ស្តែង​ របស់​បុគ្គលម្នាក់​ៗបាន​ប្រព្រឹត្តិ​ ហើយបុគ្គល​នោះ​ត្រូវ​តែ​ទទួល​ខុសត្រូវ​នៅ​​ចំពោះ​មុខ​ច្បាប់​ ដោយ​មិន​អាច​យក​មក​រាប់​បញ្ចូលជាកញ្ចប់​​ នៅក្នុង​បញ្ហា​ដំណោះស្រាយ​​​​​នយោបាយ​ បាន​ឡើយ។​
ការ​យល់​ច្រឡំ​ដ៏ខុស​ឆ្គង​ នូវ​អត្ថន័យ​របស់​ពាក្យ «​ដំណោះ​ស្រាយ​នយោបាយ»​ដែល​​បាន​​​ព្រម​ព្រៀង​គ្នា​​កាល​ពី​ថ្ងៃ​ទី​​២២ ខែកក្កដា​ ឆ្នាំ​២០១៤ គឺ​ជារឿង​មួយ​គួរ​ឲ្យ​សោក​ស្តាយ​។

​កិច្ចព្រម​ព្រៀងនយោបាយ​​ គឺ​មិន​បាន​រួម​បញ្ចូល​គ្នា​នូវ​អ្វី​ដែល​ទាក់​ទង​ទៅ​នឹង​ការ​អនុវត្ត​​​ច្បាប់​របស់​ប្រទេស​ និ​ង​ការ​ប្រើ​អំពើ​ហិង្សា​របស់​បុគ្គល ​ឬក្រុម​​ណា​មួយ​ ដែល​បាន​រំលោភ​លើ​សិទ្ធិ​​ពលរដ្ឋ​​​ដូច​គ្នា​​ថា​នឹង​មិន​ទទួល​ទោសទណ្ឌ​នោះ​ទេ​​។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ ចែង​ថា​ ពល​រដ្ឋ​​គ្រប់​​​រូប​ត្រូវ​បាន​ការ​ពារដោយ​ស្មើ​ភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​។​​ ការ​​​បង្កើតនូវ​ វប្បធម៌​​​និ​ទណ្ឌ​ភាព​នៅ​ក្នុង​​សង្គម​  គឺ​ជារឿង​អយុត្តិ​ធម៌​សម្រាប់​ជន​រង​គ្រោះ ហើយ​​ «យុត្តិធម៌​និង​​នយោបាយ​មិនអាច​លាយឡំ​គ្នា​បានទេ»  សង្គមមួយ​ដែល​រស់​ក្នុង​​នីតិរដ្ឋ​ រាល់​ការ​ទាម​ទារ​​ទាំង​ឡាយ​ណា​​ដែល​គ្មាន​មូល​ដ្ឋាន​ច្បាប់​ គឺជា​ការ​ដើរខុសផ្លូវ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។

កន្លង​មក​ គណបក្ស​សង្គ្រោះ​ជាតិ​​តែង​តែ​លើក​ឡើង​កុំ​ឲ្យ​មាន​និទណ្ឌ​ភាពនៅ​កម្ពុជា​ ហើយ​តែង​​ចោទ​ស្ថាប័ន​តុលាការ​ថា​មិន​ឯក​រាជ្យ​ ឬ​នៅក្រោម​ការ​បញ្ជារបស់​អ្នក​នយោបាយ​ ប៉ុន្តែ​ពេល​​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រព្រឹត្តិ​បទល្មើស​ជាក់​ស្តែង​ បង្ក​អំពើ​ហិង្សា​ បែរ​ជា​ លោក​ សម រង្ស៊ី ព្រមាន​ដល់​ស្ថាប័ន​តុលាការ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ល្មើស និង​ព្រមាន​ថា ​​​នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយ​សារ​ជាថ្មី​ទៀត ទៅ​វិញ​។ តើ​ឯណាទៅ​យុត្តិ​ធម៌​ សម្រាប់​ជន​រង​គ្រោះនោះ​​?​​

​តាមពិត​ មក​ដល់​តំណាក់​កាលនេះ ​​លោក​ សម រង្ស៊ី មិនគួរ​ប្រើ​ពាក្យព្រមាន​ អុជអាល ញុះញង់ ឬ​បំភ្លៃ​រឿង​ពិត ដែល​ជំរុញ​ឲ្យ​​បក្សនយោបាយទាំង​ពីរ​ ​បន្ត​ឈ្លោះ​គ្នា​តទៅ​ទៀតនោះទេ​​។​ ប្រ​ការ​ដែលមិន​បាន​បែង​ចែក​ច្បាស់​លាស់​អំពី​ទិដ្ឋភាព​ច្បាប់​ និង​ទិដ្ឋភាព​​នយោបាយ​ វា​នឹង​នាំឲ្យ​​សង្គម និង​ប្រទេស​ជាតិ​ ​កាន់តែ​ប្រេះស្រាំ​គ្មាន​ទីបញ្ចប់ ហើយ​​ទី​បំផុត​ពាក្យ​ នីតិរដ្ឋ​ ដែល​បក្ស​សង្គ្រោះ​​ជាតិ តែង​តែ​ប្រើ​ប្រាស់​ ដើម្បី​សុំ​សន្លឹក​​ឆ្នោត​​ពី​ប្រជាពលរដ្ឋ​ នឹង​មិន​អាច​មាន​ក្នុង​សង្គម​ខ្មែរ​​បានឡើយ​​។ ត្រង់​ចំណុច​នេះ​ ចង់​បញ្ជាក់ថា​ លោក​ សម រង្ស៊ី​ ដែល​ធ្លាប់​មាន​ប្រវត្តិ​​ជាអ្នក​ច្បាប់​​ផង​នោះ​ ពិត​​​ជាដឹង​ច្បាស់​ថា​ សកម្មជន​របស់​ខ្លួន​ពិត​ជាបាន​ប្រព្រឹត្តិ​នូវ​បទល្មើស​ព្រហ្ម​ទណ្ឌ​​យ៉ាង​ពិត​ប្រាកដ​ ទើប​ពេល​នេះ​​ លោក​​​​ ស្នើ​​ឲ្យ​​មាន​ការ​ដោះ​លែងសកម្មជន​ទាំង​នោះ​ ដោយ​​រាប់​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​      «​ដំណោះ​ស្រាយ​​នយោបាយ​» ទៅវិញ​។​​

ដូច្នេះ​ ប្រសិន​បើ​រាល់​ពេល​ដែល​ជន​ល្មើស ពាក់​​ស្លាកជាសកម្មជន ​នយោបាយ​របស់​គណបក្ស​ណា​មួយ​​​ ហើយ​បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់​ស្តែង​ សុទ្ធតែ​ត្រូវបាន​លើក​លែង​ទោស​​​បែប​នេះ​ តើ​ប្រទេ​ស​​ អាច​អនុវត្ត​នូវ​នីតិរដ្ឋ​ បាន​ដែរ​ឬទេ​?​ ​ គួរ​រួម​គ្នា​បញ្ឈប់​នូវ​វប្បធម៌​និទណ្ឌភាព​ សម្រាប់​ប្រទេស​ជាតិ​យើង​។​

ជារួម​ កិច្ចព្រមព្រៀង​លើ​ដំណោះ​ស្រាយ​នយោបាយ​ មិន​អាច​យក​មក​អនុវត្ត​ក្នុង​ប្រព័ន្ធ​តុលាការ​បាន​ទេ​ ប្រសិន​បើ​គ្រប់​អ្នក​នយោបាយ​​ចង់​បាន​ប្រទេស​មួយ​ដែលប្រកប​ដោយ​នីតិរដ្ឋ​ មាន​ការ​​គោរព​សិទ្ធិ​មនុស្សពេញ​លេញ​​ និង​ការ​អនុវត្ត​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​​ពិតៗ​ ៕​