Friday, September 09, 2022

វិភាគអន្តរជាតិ៖ តើវិស័យឧស្ម័នរុស្ស៉ី អាចដកដង្ហើមបាន ដោយគ្មានអឺរ៉ុប ឬ?


(វ៉ាស៊ីនតោន)៖ ការព្រួយបារម្ភរបស់បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីននឹងប្រើថាមពលជាអាវុធសងសឹក បានក្លាយជាការពិតហើយ បន្ទាប់ពីវិមានក្រឹមឡាំង កាលពីថ្ងៃទី៥ ខែកញ្ញានេះបានប្រកាសកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៉ីតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream 1 ទៅកាន់អឺរ៉ុប រហូតទាល់តែ ទណ្ឌកម្មប្រឆាំងមកលើទីក្រុងមូស្គូត្រូវបានដកចេញទៅវិញ។


ការសម្រេចចិត្តខាងលើរបស់វិមានក្រឹមឡាំងធ្វើឡើងចំពេលដែលវិបត្តិថាមពលនៅទូទាំងតំបន់អឺរ៉ុបមានសភាពកាន់តែធ្ងន់ធ្ងរ ដោយរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបមួយចំនួន កំពុងប្រឈមមុខនឹងបាតុកម្មតវ៉ាជុំវិញការខ្វះខាតថាមពល ក្រោយបានដាក់ចេញវិធានការរឹតត្បិតជាច្រើនលើការប្រើប្រាស់ឧស្ម័នសំដៅស្ដុកទុកថាមពលទាំងនេះដើម្បី ឆ្លងឱ្យផុត «រដូវរងា» ដែលនឹងចូលមកដល់នៅប៉ុន្មានខែខាងមុខ។


ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង រុស្ស៉ីបានចាប់ផ្ដើមកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបរួចទៅហើយ ដែលនេះបានជំរុញឱ្យប្រទេសអឺរ៉ុបតួយ៉ាងដូចជាអាល្លឺម៉ង់ ដែលពឹងផ្អែកខ្លាំងជាងគេលើការនាំចូលឧស្ម័នពីរុស្ស៉ី ចាប់ផ្ដើមស្វែងរកអ្នកផ្គត់ផ្គង់ថ្មី និងបានដាក់ចេញវិធានការដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរុស្ស៉ី។ ចំណែកឯ រុស្ស៉ី វិញក៏បានបង្វែរការលក់ឧស្ម័នទៅឱ្យឥណ្ឌា និងជាពិសេសគឺចិន ដែលត្រូវបានគេរាយការណ៍ថាបានបង្កើនការទិញឧស្ម័នពីរុស្ស៉ីយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក៏ប៉ុន្តែ ខណៈអឺរ៉ុប ប្រឈមមុខនឹងវិបត្តិថាមពល ចុះសេដ្ឋកិច្ចរុស្ស៉ីដែលមួយភាគធំពឹងផ្អែកលើការនាំចេញឧស្ម័នទៅកាន់ទីផ្សារអឺរ៉ុបនឹងទៅជាយ៉ាងណាវិញ? ហើយថាតើចិនអាចនឹងក្លាយជា ទីផ្សារធំជំនួសអឺរ៉ុបសម្រាប់រុស្ស៉ីបានដែរ ឬទេ?


ការវិភាគថ្មីចុងក្រោយមួយរបស់សាកលវិទ្យាល័យ យែល (Yale) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថាបំពង់ឧស្ម័ន Power of Siberia 1 ដែលតភ្ជាប់រវាងតំបន់ស៊ីបេរីរបស់រុស្ស៉ី និងចិន នៅមិនទាន់អាចធ្វើប្រតិបត្តិការបានពេញលេញនៅឡើយទេ ដែលនេះមានន័យថាបំពង់ឧស្ម័ននេះមិនអាចសម្របខ្លួនទៅនឹងទីផ្សារបានភា្លមៗនោះទេ។ មិនតែប៉ុណ្ណោះ វាក៏នៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាតម្លៃដែរ ដោយភាគីចិនចង់ទិញឧស្ម័នក្នុងតម្លៃថោក បើធៀបទៅនឹងតម្លៃឧស្ម័នដែលបណ្ដាប្រទេសអឺរ៉ុបខាងលិចបង់ឱ្យរុស្ស៉ី។ បើតាម ការវិភាគនេះដដែល ទោះបីជាមានការព្យាយាមងាកទៅរកទីផ្សារចិនក៏ដោយ ក៏ក្នុងរយៈពេលខ្លី ឧស្ម័នរុស្ស៉ីមួយភាគធំមិនអាចបង្ហូរទៅកាន់ប្រទេសចិន ក្នុងទំហំស្មើគ្នានឹង ទីផ្សារអឺរ៉ុបឡើយ។ កាលពីឆ្នាំ២០២១ ចិនបានទិញឧស្ម័នពីរុស្ស៉ីត្រឹមតែ ១៦.៥ពាន់លានម៉ែត្រគូបប៉ុណ្ណោះពីរុស្ស៉ី ខណៈក្នុងរយៈពេលដូចគ្នានេះ អឺរ៉ុបបានទិញឧស្ម័នពីរុស្ស៉ី ដល់ទៅ ១៧០ពាន់លានម៉ែត្រគូបឯណោះ។ ប៉ុន្តែ ការវាយតម្លៃពីភាពខុសគ្នានេះមានការលំបាកយ៉ាងខ្លាំងក្នុងឆ្នាំ២០២២នេះ ដ្បិតចិនមិនបានបញ្ចេញទិន្នន័យថ្មីនៃការនាំចូល ឧស្ម័នឡើយ ហើយម្យ៉ាងវិញទៀត ចិនកំពុងព្យាយាមស្វែងរកអ្នកផ្គត់ផ្គត់ចម្រុះ។ ដូច្នេះវាមិនអាចទៅរួចឡើយដែលមេដឹកនាំចិនបង្កើនការពឹងផ្អែកតែទៅលើការនាំចូលពីដៃគូ តែមួយគត់ដូចជារុស្ស៉ី នៅក្នុងវិស័យដ៏សំខាន់មួយនេះ។ ជាឧទាហរណ៍ ការនំាចូលឧស្ម័នធម្មជាតិរាវ ឬ LNG របស់ចិនមានមួយធំមានប្រភពមកពីសហរដ្ឋអាមរិក និងអូស្ត្រាលី ដែលជាប្រភពនាំចូលឧស្ម័នដ៏សំខាន់របស់ចិនពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ជាមួយការផ្គត់ផ្គង់ឧស្ម័ន LNG ៣០.៧លានតោន ឬស្មើនឹងជាង ៤២.៣ពាន់លានម៉ែត្រគូប។


លើសពីនេះទៅទៀត ចិនក៏មានបំពង់បង្ហូរឧស្ម័នធម្មជាតិដែលតភ្ជាប់ពីតំបន់អាស៊ីកណ្ដាលផងដែរ នោះគឺពីប្រទេសតួកម៉េនីស្ថាន។ កាលពីឆ្នាំ២០២១ តម្រូវការឧស្ម័នរបស់ ចិនមាន ៣៦៥ពាន់លានម៉ែត្រគូប ហើយការនាំចូលឧស្ម័នពីរុស្ស៉ីមាន ១៦.៥ពាន់លានម៉ែត្រគូបដែលនេះជាចំនួនដ៏តិចតួចបំផុត បើធៀបទៅនឹងទីផ្សារអឺរ៉ុប។ ពោលគឺចិន មិនមែនពឹងផ្អែកតែទៅលើការនាំចូលឧស្ម័នតែពីរុស្ស៉ីនោះទេ រីឯរុស្ស៉ីវិញក៏នឹងពិបាកក្នុងការស្វែងរកអ្នកទិញឧស្ម័នរបស់ខ្លួនជំនួសអឺរ៉ុបបានដែរក្នុងរយៈពេលខ្លី។


យល់ដូចគ្នានេះដែរ លោក នីកូស សាហ្វូស (Nikos Tsafos) ជាអ្នកជំនាញខាងថាមពលម្នាក់បានធ្វើការសន្និដ្ឋានថា «រុស្ស៉ីនឹងមិនអាចមានទីផ្សារថាមពលដ៏ធំក្នុងតំបន់អាស៊ី ទេ បើធៀបទៅនឹងទីផ្សារអឺរ៉ុប»។ លោកបន្ថែមថា «ការបង្វែរឧស្ម័នរបស់រុស្ស៉ីទៅកាន់ទីផ្សារអាស៊ី ពិតណាស់វានឹងដំណើរការ ក៏ប៉ុន្តែអាស៊ីនឹងមិនអាចក្លាយជាទីផ្សារលក់ឧស្ម័ន ជំនួសអឺរ៉ុបបានក្នុងពេលដ៏ខ្លីឡើយ។ ពីព្រោះថាបើចង់យកអាស៊ីជំនួសអឺរ៉ុប នោះរុស្ស៉ីត្រូវការរយៈពេលវែង និងត្រូវសម្រេចឱ្យបានជាមុនសិននូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់ឧស្ម័នដ៏ធំសម្បើមមួយ។


គួរបញ្ជាក់ថា សម្រាប់ចិន ការអភិវឌ្ឍបំពង់ឧស្ម័នជាមួយរុស្ស៉ី គឺជាផ្នែកមួយដ៏សំខាន់នៃ «ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ» រវាងប្រទេសទាំង២ ហើយក៏ជាមធ្យោបាយ ដោះស្រាយកង្វល់របស់ចិនផងដែរ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចិនពឹងផ្អែកលើការនាំចូលឥន្ធនៈផូស៊ីល ជាពិសេសគឺប្រេង មកពី និងឆ្លងកាត់តាមច្រកសមុទ្រ ម៉ាឡាកា (Malacca) ជាទីដែលកងទ័ពជើងទឹកអាមេរិកកំពុងរក្សាវត្តមាននៅទីនោះ។ បានន័យថាប្រសិនបើអាមេរិកបិទខ្ទប់ច្រកសមុទ្រម៉ាឡាកាដោយប្រការណាមួយ នោះ ចិនអាចនឹងប្រឈមមុខនឹងការខ្វះខាតថាមពល ដែលធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ខ្លួន។ តែទោះជាបែបនេះក្ដី ការវិវឌ្ឍទំនាក់ទំនងរកស៊ីឧស្ម័នរវាងចិន និងរុស្ស៉ី នឹងមិនអាចកែប្រែធម្មជាតិពិតនៃវិសមភាពក្នុងភាពជាដៃគូរវាងប៉េកាំង និងមូស្គូបានទេ ដូចដែលគេកំពុងឃើញក្នុងពេលបច្ចុប្បន្ន នោះគឺរុស្ស៉ីត្រូវការចិនជាទីផ្សារនាំចេញ ខ្លាំងជាងចិនត្រូវការរុស្ស៉ីជាអ្នកផ្គត់ផ្គង់។


ស្ថានភាពសព្វថ្ងៃ ទាំងរុស្ស៉ី និងអឺរ៉ុបសុទ្ធតែកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញ ដ្បិតម្ខាងជាអ្នកលក់ ម្ខាងជាម៉ូយ ដោយក្នុងរយៈពេលខ្លី រុស្ស៉ីមិនអាចធ្វើពិពិធកម្មទីផ្សារឧស្ម័ន ហើយអ៉ឺរ៉ុបក៏ដូចគ្នាដែរ គឺមិនអាចរកអ្នកផ្គត់ផ្គង់ឧស្ម័នជំនួសរុស្ស៉ីទេ។ តែអ្វីដែលគេអាចនិយាយបាន នោះគឺទំនាក់ទំនងថាមពលជាមួយរុស្ស៉ី នឹងកាន់តែផ្ដល់ជម្រើស កាន់តែច្រើនសម្រាប់ចិនក្នុងការទិញឧស្ម័នក្នុងតម្លៃថោក៕

ដោយៈ Fresh News


សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃសុក្រថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២)