Monday, December 05, 2016

បក្សប្រឆាំងស្នើសុំផ្លាស់ប្តូរប្រធានក្រុមតំណាងរាស្រ្តសម្លេងភាគតិច ដកលោក សម រង្ស៊ី ដាក់លោក កឹម សុខា ជំនួសវិញ!

អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានថ្លែងឲ្យដឹងនារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនរដ្ឋសភា ដោយស្នើសុំផ្លាស់ប្តូរតំណែងប្រធាន ក្រុមតំណាងរាស្រ្តសម្លេងភាគតិចពីលោក សម រង្ស៊ី ជំនួសដោយលោក កឹម សុខា វិញ។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា សមាសភាពថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តសម្លេងភាគតិច នៅក្នុងលិខិតដែលស្នើសុំមករដ្ឋសភានោះមាន៖ ១៖ លោក កឹម សុខា ជាប្រធាន, ទី២៖ លោក យឹម សុវណ្ណ អនុប្រធាន និងទី៣៖ យ៉ែម បុញ្ញប្ញទ្ធិ ជាសមាជិក។ ចំណែកសមាសភាពកាលពីមុខគឺ៖ លោក សម រង្ស៊ី ប្រធាន, លោក កឹម សុខា អនុប្រធាន និងលោក យឹម សុវណ្ណ ជាសមាជិក។
សូមបញ្ជាក់ផងដែរថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្មីៗនេះ ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោក កឹម សុខា ក៏បានប្រកាសថា នៅពេលខាងមុខនេះលោកនឹងចូលរួមប្រជុំសភាបន្ទាប់ពីអវត្តមានអស់រយៈពេលប្រមាណ៥ខែមកនេះ  ដោយសារជាប់ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង នៃការបដិសេធមិនចូលខ្លួនក្នុងនាមជាសាក្សី ក្នុងសំណុំរឿង សញ្ចារកម្ម។ ប៉ុន្តែ នាពេលចុងក្រោយនេះ លោក កឹម សុខា ហាក់ដូចជាមានរាសីឡើងខ្ពស់ ខណៈទណ្ឌិត សម រង្ស៊ី កំពុងដាំក្បាលចុះ។ តាមរយៈតួនាទី ជាប្រធានក្រុមសភាសំឡេងភាគតិច លោក កឹម សុខា ត្រូវបានគេរំពឹងថា នឹងមានឱកាសបានជួបពិភាក្សាការងារជាច្រើនជាមួយតំណាងគណបក្សកាន់អំណាចនៅពេលខាងមុខនេះ៕


តុលាការសម្រេចប្រកាសផ្តន្ទាទោសលោកមេឃុំ ស៊ាង ចែត ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសមរង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។
លោក ស៊ាង ចែត ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ដើម្បីកុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច ពាក់ព័ន្ធរឿងសញ្ចារកម្ម ដែលកើតចេញពីរឿងអាស្រូវរបស់ លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
សវនាការនេះ នឹងប្រកាសដោយ លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
ក្នុងលិខិតចំហរនោះ ស្រីមុំ បានចោទលោក ស៊ាង ចែត ថាបានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់រូបនាង កុំឱ្យនិយាយការពិត ប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងរវាងនាង និងលោក កឹម សុខា ដែលសមត្ថកិច្ចសង្ស័យថា ជារឿងសញ្ចារកម្ម៕


សម្តេច ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កត់សម្តីរបស់តំណាងសិទ្ធិមនុស្ស និងអ្នកវិភាគនៅកម្ពុជាដែលថាការបង្រ្កាបក្រុមបាតុករប្រឆាំងនៅអាមេរិក គឺជារឿងត្រឹមត្រូវ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានស្នើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស កត់សម្តីរបស់តំណាងសិទ្ធិមនុស្ស និងអ្នកវិភាគនៅកម្ពុជាមួយចំនួនថា ការបង្រ្កាបក្រុមបាតុករប្រឆាំងលោក ដូណាល់ ត្រាំ នៅអាមេរិក គឺជារឿងត្រឹមត្រូវ និងមិនរំលោភសិទ្ធិមនុស្ស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានព្រមានខ្លាំងៗធ្ងន់ៗចំពោះការធ្វើប្រៀបធៀបការធ្វើបាតុកម្មនៅកម្ពុជា និងសហរដ្ឋអាមេរិក ដោយស្នើឲ្យកត់ចំណាំការលើកឡើង របស់បណ្តាសង្គមស៊ីវិលនានាថា ការធ្វើបាតុកម្ម និងការបង្ក្រាបនៅសហរដ្ឋអាមេរិកគឺជារឿងត្រឹមត្រូវ។ ដូច្នេះការបង្ក្រាបបាតុកម្មកាលពីមុនដើម្បីរក្សាសណ្តាប់ធ្នាប់នៅកម្ពុជា ក៏ជារឿងត្រឹមត្រូវដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យបណ្តាញផ្សព្វផ្សាយនៅកម្ពុជា យកសម្តីលោក សម រង្ស៊ី ដែលវាយប្រហារលោក ដូណាល់ ត្រាំ ថាជា «ជនផ្តាច់ការ» តាមទំព័រ ឌឺខេមបូឌា ដេលី មកផ្សព្វផ្សាយឡើងវិញ៕

សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុនកូកាកូឡា បានធ្វើឲ្យកម្ពុជាមានមោទភាព ព្រោះមានអក្សរខ្មែរនៅលើកំប៉ុង

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមហ៊ុនកូកាកូឡា បានធ្វើឲ្យកម្ពុជា មានមោទភាព ព្រោះមានអក្សរខ្មែរនៅលើកំប៉ុង ហើយសម្តេចបានមានប្រសាសន៍សម្តេច និងប្រជាពលរដ្ឋខ្មែរ ពេញចិត្តឱកាសផ្តល់ការងារដល់ប្រជាជនខ្មែរជាច្រើន ហើយសូមក្រុមហ៊ុនបន្តកិច្ចការនេះបន្តទៀត។
សម្តេចតេជោ បានបន្តថា ដោយសារតែភាពរីកចម្រើន នៃដំណើរការអាជីវកម្ម ក៏ដូចជាការគាំទ្រពីអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជានោះ ក្រុមហ៊ុនកូកាកូឡា កាលពីឆ្នាំ២០១៥កន្លងទៅ បានសម្រេចដាក់ទុនវិនិយោគ ប្រមាណ ១០០លាន ដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រដ៏ធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ លោក Marithin Jansen នាយកប្រចាំតំបន់ទទួលបន្ទុកក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនកូកាកូឡា ធ្លាប់បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនកូកាកូឡា មានការរីកចម្រើនទ្វេដង នៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៦០០នាក់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមហ៊ុនកូកាកូឡានៅកម្ពុជា មិនមែនសម្រាប់ផ្គត់ផ្គង់តែប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥លាននាក់ប៉ុណ្ណោះទេ តែក៏អាចនាំទៅប្រទេសក្នុងតំបន់អាស៊ាន ដែលមាន អ្នកប្រើប្រាស់ជាង ៦០០លាននាក់ផងដែរ៕

លោក ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ខេត្តត្បូងឃ្មុំ ដែលជួយបង្រៀនសិស្សត្រៀមប្រឡងទុតិយភូមិដោយឥតគិតថ្លៃ

នៅថ្ងៃទី០៤ ខែឆ្នូ ឆ្នាំ២០១៦ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ខេត្តត្បូងឃ្មុំ ដែលបានចំណាយពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តក្នុងការបង្រៀនវគ្គសិក្សាបំប៉នដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្ស ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងមក។
លោក ហ៊ុន ម៉ានី បានបន្តថាទឹកចិត្ត និងកាយវិការប្រកបដោយអត្ថន័យនេះ បង្ហាញនូវឆន្ទៈដ៏មោះមុតក្នុងការចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ លើវិស័យអប់រំ និងពង្រឹងសមត្ថភាពយុវជនជំនាន់ក្រោយដែលជាធនធានមនុស្សសម្រាប់បន្តវេន សង្គមកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
គួរបញ្ជាក់ថា លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ ក្នុងពិធីថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនវគ្គបំប៉នត្រៀមប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥-២០១៦ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែឆ្នូ ឆ្នាំ២០១៦៕








ព្រឹទ្ធ​សភា បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​ ដើម្បី​ពិភា​ក្សានិង​ឱ្យយោ​បល់ លើសេច​ក្តីព្រាង​ច្បាប់​ថវិកា​​ជាតិ​ឆ្នាំ២០១៧

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី0៥ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រឹទ្ធសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សានិងឱ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ ថវិកាជាតិឆ្នាំ២០១៧ រួមជាមួយនឹងរបៀបវារៈមួយចំនួនទៀត។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣ ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមពៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ទៅក្នុងរបៀបវរៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣៕

រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បើក​វេទិ​កា​ស្រាវ​ជ្រាវវិ​ទ្យាសាស្ត្រ​លើក​ទី២ ​ប្រចាំ​ឆ្នាំ​២០១៦​

រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី0៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រលើកទី២ ប្រចាំឆ្នាំ២០១៦ ដើម្បីផ្ដល់ឱកាសឲ្យអ្នកស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា បានផ្សព្វផ្សាយពីស្នាដៃស្រាវជ្រាវដែលបានធ្វើការស្រាវជ្រាវ កាលពីឆ្នាំ២០១៥ កន្លងទៅ។
លោកស្រីបណ្ឌិត ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ការរៀបចំវេទិកាស្រាវជ្រាវវិទ្យាសាស្រ្តប្រចាំឆ្នាំនេះដើម្បីជំរុញ និងលើកកម្ពស់ការស្រាវជ្រាវ និងការចងក្រងឯកសារ សម្រាប់ផ្សព្វផ្សាយលើគ្រប់មុនជំនាញ ដើម្បីចែករំលែកព័ត៌មាន និងលទ្ធផលនៃការស្រាវជ្រាវថ្មីៗរបស់ខ្លួន ដល់គ្រប់មជ្ឈដ្ឋានទូទៅ ពិសេសផ្ដល់ឱកាសដល់មន្រ្តីជ្រាវស្រាវ នៅវិទ្យាស្ថានទាំង៦ ក៏ដូចជា មន្រ្តីនៅតាមអង្គការចំណុះដទៃទៀត របស់រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវលទ្ធផលស្រាវជ្រាវរបស់ខ្លួន បន្ទាប់ពីបានខិតខំស្រាវជ្រាវអស់រយៈពេលពេញ១ឆ្នាំ។
លោកស្រីបណ្ឌិតបានបន្តថា ការស្រាវជ្រាវវិទ្យាសាស្រ្ត គឺនាំមកនូវនវានុវត្ត និងការបង្កើតថ្មីទាំងទស្សនៈ គំរូ និងបទពិសោធន៍ ដែលអាចផ្ដល់ជាប្រទីបបំភ្លឺផ្លូវដល់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការត្រិះរិះពិចារណាក្នុងឋានៈជាពលរដ្ឋរបស់សង្គមស៊ីវិល័យ ឬក៏ជួយសម្រួលដល់ក្រសួងស្ថាប័ននានា របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការ និងគោលនយោបាយប្រកបដោយភាពត្រឹមត្រូវ និងស័ក្កិសិទ្ធិ ព្រមទាំងអាចបញ្ជៀសបាននូវហានិភ័យនានា ជាអតិបរមាថែមទៀត។
គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៧ ខែធ្នូ ឆ្នាំ២០១៦ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់៕