Monday, December 05, 2016

សម្តេច ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កត់សម្តីរបស់តំណាងសិទ្ធិមនុស្ស និងអ្នកវិភាគនៅកម្ពុជាដែលថាការបង្រ្កាបក្រុមបាតុករប្រឆាំងនៅអាមេរិក គឺជារឿងត្រឹមត្រូវ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានស្នើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស កត់សម្តីរបស់តំណាងសិទ្ធិមនុស្ស និងអ្នកវិភាគនៅកម្ពុជាមួយចំនួនថា ការបង្រ្កាបក្រុមបាតុករប្រឆាំងលោក ដូណាល់ ត្រាំ នៅអាមេរិក គឺជារឿងត្រឹមត្រូវ និងមិនរំលោភសិទ្ធិមនុស្ស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានព្រមានខ្លាំងៗធ្ងន់ៗចំពោះការធ្វើប្រៀបធៀបការធ្វើបាតុកម្មនៅកម្ពុជា និងសហរដ្ឋអាមេរិក ដោយស្នើឲ្យកត់ចំណាំការលើកឡើង របស់បណ្តាសង្គមស៊ីវិលនានាថា ការធ្វើបាតុកម្ម និងការបង្ក្រាបនៅសហរដ្ឋអាមេរិកគឺជារឿងត្រឹមត្រូវ។ ដូច្នេះការបង្ក្រាបបាតុកម្មកាលពីមុនដើម្បីរក្សាសណ្តាប់ធ្នាប់នៅកម្ពុជា ក៏ជារឿងត្រឹមត្រូវដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យបណ្តាញផ្សព្វផ្សាយនៅកម្ពុជា យកសម្តីលោក សម រង្ស៊ី ដែលវាយប្រហារលោក ដូណាល់ ត្រាំ ថាជា «ជនផ្តាច់ការ» តាមទំព័រ ឌឺខេមបូឌា ដេលី មកផ្សព្វផ្សាយឡើងវិញ៕

No comments:

Post a Comment