Monday, December 05, 2016

សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុនកូកាកូឡា បានធ្វើឲ្យកម្ពុជាមានមោទភាព ព្រោះមានអក្សរខ្មែរនៅលើកំប៉ុង

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមហ៊ុនកូកាកូឡា បានធ្វើឲ្យកម្ពុជា មានមោទភាព ព្រោះមានអក្សរខ្មែរនៅលើកំប៉ុង ហើយសម្តេចបានមានប្រសាសន៍សម្តេច និងប្រជាពលរដ្ឋខ្មែរ ពេញចិត្តឱកាសផ្តល់ការងារដល់ប្រជាជនខ្មែរជាច្រើន ហើយសូមក្រុមហ៊ុនបន្តកិច្ចការនេះបន្តទៀត។
សម្តេចតេជោ បានបន្តថា ដោយសារតែភាពរីកចម្រើន នៃដំណើរការអាជីវកម្ម ក៏ដូចជាការគាំទ្រពីអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជានោះ ក្រុមហ៊ុនកូកាកូឡា កាលពីឆ្នាំ២០១៥កន្លងទៅ បានសម្រេចដាក់ទុនវិនិយោគ ប្រមាណ ១០០លាន ដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រដ៏ធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ លោក Marithin Jansen នាយកប្រចាំតំបន់ទទួលបន្ទុកក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនកូកាកូឡា ធ្លាប់បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនកូកាកូឡា មានការរីកចម្រើនទ្វេដង នៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៦០០នាក់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមហ៊ុនកូកាកូឡានៅកម្ពុជា មិនមែនសម្រាប់ផ្គត់ផ្គង់តែប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥លាននាក់ប៉ុណ្ណោះទេ តែក៏អាចនាំទៅប្រទេសក្នុងតំបន់អាស៊ាន ដែលមាន អ្នកប្រើប្រាស់ជាង ៦០០លាននាក់ផងដែរ៕

No comments:

Post a Comment