Tuesday, August 16, 2016

កិច្ចព្រមព្រៀង​និងអនុស្សរណៈ​ចំនួន៣នឹងត្រូវ​ចុះហត្ថលេខា ក្នុងដំណើរ​ទស្សនកិច្ច​របស់​សម្ដេចតេជោ​នៅប្រទេសទីម័រឡេស្តេ

កិច្ចព្រមព្រៀង និងអនុស្សរណៈចំនួន៣នឹងត្រូវចុះ   ហត្ថលេខា ក្នុងដំណើរ​ទស្សន​កិច្ចផ្លូវការនិងចូល​រួមខួបលើកទី៤១ នៃការ​បង្កើតកងកម្លាំង​រំដោះជាតិ ទីម័រឡេស្តេ នៅសាធារណ​រដ្ឋប្រជាធិបតេយ្យ​ទីម័រឡេស្តេ “ The 41st anniversary of the founding of the liberation forces, FALINTIL Day ” របស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ដែលជាការតប​តាមការអញ្ជើញ របស់ឯកឧត្ដម​បណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ (Rui Maria déAraujo) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ។
សេចក្ដីជូនព័ត៌មានរបស់​ក្រសួងការបរទេស​បានឱ្យដឹងថា គណៈប្រតិភូអម​ដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ ឯកឧត្ដមទេស​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការប​រទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ប៉ាន សុរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងសមាជិករាជរដ្ឋាភិបាល ដទៃទៀត។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបចរចារទ្វេភាគីជាមួយ ឯកឧត្ដមបណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ ហើយបន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣ រវាងប្រទេសទាំងពីរ ដែលក្នុងនោះមាន៖១-កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច។ ២-កិច្ចព្រមព្រៀង ស្ដីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លង ដែនការទូត និងលិខិតឆ្លងដែនផ្លូវការ។ ៣- អនុស្សរណៈនៃការយោគយល់គ្នា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ៕ ពីakp