Friday, March 22, 2024

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៦ចំណុចដើម្បីលើកកម្ពស់វិស័យអប់រំនៃសាសនាឥស្លាមកម្ពុជា



នៅក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាផ្សេងៗដើម្បីឱ្យបងប្អូនខ្មែរ ឥស្លាមទទួលបាននូវការងារសមស្របធ្វើឱ្យជីវភាពគ្រួសារនិងសង្គមជាតិកាន់តែប្រសើរឡើង។


ដើម្បីសម្រេចបានតាមគោលដៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍មួយចំនួនដូចតទៅ៖

ទី១. ថ្នាក់ដឹកនាំឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការ សាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀតទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍។

ទី២. ត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់។ 

ទី៣. សូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាមស៊ូរ៉ា ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីពីការ កំណត់លើការកសាងទីកន្លែងប្រតិបត្តិសាសនានៅតាមបណ្តាភូមិដែលមានសាសនិកខ្មែរឥស្លាមរស់នៅ ឱ្យស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាមដែលបានកំណត់និងអនុវត្តតាមបច្ចេកទេសទៅតាមសា្ថប័នមានសមត្ថកិច្ច។

ទី៤. ត្រូវបង្កើនសកម្មភាពសង្គមតាមរយៈកិច្ចការមនុស្សធម៌ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ។

ទី៥. សូមមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាសិទ្ធិសេរីភាព ខាងសាសនាឥស្លាមនៅកម្ពុជា តាមរយ:សាមគ្គីភាព ជាមួយអ្នកកាន់សាសនានានា ដើម្បីភាពសុខដុមនីយកម្មផ្នែកសាសនា។

ទី៦. សូមបន្តកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាមដោយជៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម បង្កើតបញ្ហាមិនល្អនៅក្នុងសហគមន៍៕