Friday, October 21, 2022

សេចក្តីជូនដំណឹង ស្ដីពីវិធានការបង្ការឧបាយកលបោកបញ្ឆោតលួចគណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា “Gift 74/100 Free Premium”


នាពេលថ្មីៗនេះ មានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយដោយដាក់រូបភាពមានចលនា(Gif) និងតំណភ្ជាប់ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនតេឡេក្រាម ក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ដើម្បីលួចយកគណនី។ 


ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីឧបាយកលបោកបញ្ជោត និងវិធានការបង្ការដូចខាងក្រោម៖


ឧបាយកលបោកបញ្ឆោត


ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ នៅពេលម្ចាស់គណនីតេឡេក្រាមចុចលើរូបភាពមានចលនា ឬតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា (Hackers) ធ្វើការលួចយកគណនីតេឡេក្រាម។


វិធានការបង្ការ


- សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំ ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” នៅក្នុងតេឡេក្រាម ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ ដែលតម្រូវឱ្យមានការចុចទៅលើតំណភ្ជាប់ (Link)។ 


- ធ្វើការត្រួតពិនិត្យរាល់រូបភាពមានចលនា(Gif) ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់និងមិនត្រូវចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ


-បើសិនជាលោកអ្នកបានចុច សូមកុំបំពេញព័ត៌មានអ្វីទាំងអស់ សូមប្តូរលេខសម្ងាត់ និង ចាកចេញ (Sign Out) គ្រប់ឧបករណ៍ទាំងអស់ភ្លាម ជៀសវាងការបាត់បង់គណនី។


សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨។ 


សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងខេត្តសៀមរាប

 (សៀមរាប)៖ ឆ្លៀតក្នុងដំណើរដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបជាង ២ពាន់នាក់។ 
 ជាកិច្ចចាប់ផ្តើមនៃកិច្ចសំណេះសំណាលនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មមាញឹក ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត។ លោកអភិបាលខេត្ត បានហៅវត្តមានសម្តេចតេជោនាវេលានេះ គឺជាការគិតគូរយ៉ាងជ្រាលជ្រៅបំផុតចំពោះសុខទុក្ខរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត។ លោកអភិបាលខេត្ត ក៏បានជម្រាបជូនសម្តេចពាក់ព័ន្ធស្ថានភាពមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត។ អភិបាលខេត្ត បានឱ្យដឹងថា មន្ត្រីរាជការ ក្របខណ្ឌក្រសួងមហាផ្ទៃ និងក្របខណ្ឌការិយាល័យជំនាញ ដែលបានធ្វើសមាហរណកម្មនៅក្នុងរចនាសម្ព័ន្ធ នៃរដ្ឋបាលក្រុង ស្រុក ក្របខណ្ឌ ក្រសួងសុខាភិបាល និងក្របខណ្ឌពន្ធនាគារមានចំនួនសរុប ២២៧៣នាក់ ស្រី ៩៤៩នាក់។ 
មន្ត្រីមិនមែនក្របខណ្ឌរួមមានក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មានចំនួន ៩១១នាក់ ស្រី ២១០នាក់ និងមានកងកម្លាំងសរុបជិត ៣ពាន់នាក់។ លោកអភិបាលខេត្ត ក៏បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធការងារធំៗមួយចំនួននៅក្នុងខេត្តរួមមានការកាត់ឆ្វៀលដីតំបន់៣ បឹងទន្លេសាប, ការងាររៀបចំវាស់វែងដីនៅរមណីយដ្ឋានអង្គរ និងការបែងចែកដីជូនប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង, ការងារគ្រប់គ្រងគ្រោះមហន្តរាយ, ការងារគ្រប់គ្រងជំងឺកូវីដ១៩, ការងារគ្រប់គ្រង និងរៀបចំកំពង់ផែចុងឃ្នៀស និងការផ្តល់បណ្ណសមធម៌ជាដើម។ 
 ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរជូនចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតនាពេលកន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។ 
 បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹក និងណែនាំដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តប្រឹងប្រែងយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់លើការងារភារកិច្ច ជាពិសេសការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តបន្ទាយមានជ័យ ខាងកើតទល់នឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ខាងជើងទល់ នឹងខេត្តឧត្តរមានជ័យ ខាងត្បូងទល់នឹងខេត្តបាត់ដំបង និងបឹងទន្លេសាប។ ខេត្តមានផ្ទៃក្រឡា ១០,២៩៩.៤៣ គីឡូម៉ែត្រការ៉េ ចែកចេញជា ១២ក្រុង ស្រុក ដែលក្នុង នោះមាន ១ក្រុង ១២សង្កាត់ និង១១ស្រុក ៨៨ឃុំ និងមានភូមិចំនួន ៩១០ភូមិ។ ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបមានចំនួន ១,១១៣,៤៧៦នាក់ ស្រី ៥៦៣,៦៣០នាក់ អាយុ ១៨ឆ្នាំឡើងសរុប ៦៧៥,១៦៧នាក់ ស្រី ៣៤៥,៥០២នាក់ ដែលមានអត្រាកំណើន ១.៦៩ ភាគរយ និងមានដង់ស៊ីតេ ១០៦.៤៣នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ៕

ឯកឧត្តមបណ្ឌិតប្រធានាធិបតី នៃសាធារណៈទីម័រខាងកើតអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាធុរកិច្ចកម្ពុជា-ទីម័រខាងកើតលើកទី១

 អត្ថបទ TVK Panha 
 នៅវេលាម៉ោង៣រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូល អរតា ប្រធានាធិបតីនៃសាធារណរដ្ឋទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ទីម័រខាងកើតលើកទី១ ក្រោមប្រធាន​បទ ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ថ្លែងសន្ទរកថាក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋា​ភិបាលកម្ពុជា ឯកឧត្ដមពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងការបើកវេទិកាធុរកិច្ចកម្ពុជា-ទីម័រខាងកើត លើកទីមួយ ឆ្នាំ២០២២ ក្រោមប្រធានបទ “ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។ ប្រជាជនកម្ពុជាពិតជាពេញចិត្តនឹងការរីកចម្រើនគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរបស់យើងលើគ្រប់វិស័យ។ ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមបណ្ឌិតប្រធានាធិបតីនាពេលនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការទៅមុខថែមមួយកម្រិតទៀត។ កាលពីរសៀលថ្ងៃទី២០ ខែតុលា ម្សិលមិញនេះ ឯកសារចំនួនពីរសំខាន់ៗ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា-ទីម័រខាងកើត គឺកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនផ្លូវអាកាស និងអនុស្សារណៈយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ។ ពិធីចុះហត្ថលេខានេះ នឹងបើកឱកាសបន្ថែមទៀតសម្រាប់ការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន រួមទាំងវិស័យទេសចរណ៍ផងដែរ។ ប្រទេសកម្ពុជាបានឆ្លងកាត់ការលំបាក និងឧបសគ្គរាប់មិនអស់លើគ្រប់វិស័យ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតាស្ថាបនិកនៃសន្តិភាព ប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តម​បណ្ឌិត ថោង ខុន បានបន្តទៀតថា ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយកំណត់អាទិភាព ចំនួន៤ គឺផ្លូវ ទឹក ភ្លើង និងប្រជាជន។ ក្រោមយុទ្ធសាស្ត្រនេះ កម្ពុជាបានបង្កើតការងាររាប់លានក្នុងវិស័យសំខាន់ៗ ដែលរួមមាន វិស័យកាត់ដេរ និងស្បែកជើង វិស័យកសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលបានរួមចំណែកកាត់បន្ថយភាពក្រីក្រពី ៥៣.២% ក្នុងឆ្នាំ ២០០៤ មកនៅត្រឹម ១៧.៨% ក្នុងឆ្នាំ ២០២០។ ប្រទេសដែលមានកំណើនសេដ្ឋកិច្ចដែលមានអត្រាជាមធ្យមលើសពី 7% ក្នុងរយៈពេលមុនការរីករាលដាលនៃជំងឺCOVID-19 ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូល អរតា ប្រធានាធិបតីនៃសាធារណរដ្ឋទីម័រខាងកើត បានមានប្រសាសន៍ថា ទីម័រខាងកើត បានចងសម័ន្ធមិត្តជាច្រើនជាមួយបណ្ដាប្រទេសអឺរ៉ុប និងអាស៊ីអាគ្នេយ៍ រួមទាំកម្ពុជា។ ឯកឧត្ដមបានបន្តថា ប្រទេស​ទីម័រខាងកើត រាប់មិត្តិច្រើន មិនរាប់សត្រូវ។ យើងអាចបង្កើតបរិស្ថានវិជ្ជមាន ទោះបីជាទីម័រខាងកើតធ្លាប់មានអំពើហឹង្សាផ្នែកនយោបាយយ៉ាងណាក្ដី ប៉ុន្តែយើងបានបង្កើតនូវតំបន់ប្រជាធិបតេយ្យ និងសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិត ក៏បានសម្ដែងនូវអារម្មណ៍​រំភើប ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំ និងរាជរដ្ឋា​ភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានពិតជានឹងរួមចំណែកក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ចំពោះក្នុងវិស័យទេសចរណ៍ យើងកំពុងតែទន្ទឹងរង់ចាំស្វាគមន៍ចំពោះការហោះហើរត្រង់នាពេលខាងមុខនេះ។ សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃនេះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ទីម័រខាងកើត៕ រូបភាព ៖ សុវណ្ណរតនៈ

ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីទីម័រខាងកើត អញ្ជើញធ្វើទស្សនកិច្ចនៅសកលវិទ្យាល័យកម្ពុជា រាជធានីភ្នំពេញ

អត្ថបទ TVK Dalis 
 ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស ក្នុងដំណើរបំពេញទស្សនកិច្ចគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ទីម័រនិងកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត និងឱ្យមានការហោះហើរត្រង់ប្រទេសទាំងនិងលើកកម្ពស់លីវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ។ ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នាពេលនេះបានធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតាប្រធានាធិបតីទីម័រខាងកើតអមដំណើរដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និង ទូរគមនាគមន៍បានអញ្ជើញបំពេញទស្សនកិច្ចនៅសកលវិទ្យាល័យកម្ពុជា រាជធានីភ្នំពេញ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះក៏មានការទទួលស្វាគមន៍ពី លោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យ ព្រមទាំងក្រុមការងារយុវជនស្មគ្រ័ចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះដែរ ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានសំដែរនូវការថ្លែងអំណអរគុណទៅដល់លោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យនៅសកលវិទ្យាល័យកម្ពុជានេះដែរបានខិតខំរៀបចំទទួលស្វាគមន៍យ៉ាងយកចិត្តទុកចិត្តដាក់ ជាពិសេសឯកឧត្តមបានកោតសរសើរប្រទេសកម្ពុជាមានការរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់ ដោយសារតែមានការដឹកនាំយ៉ាងខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជាទើបធ្វើអោយប្រទេសកម្ពុជាមានការរីកច្រើនលីគ្រប់វិស័យ ។

ឯកឧត្តមបណ្ឌិត ប្រធានាធិបតីទីម័រខាងកើត អញ្ជើញទស្សនកិច្ចនៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិ

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូល អរតា ប្រធានាធិបតីនៃសាធារណរដ្ឋទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញបំពេញដំណើរទស្សនកិច្ចនៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិ ឋិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីទ្បា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងសកលវិទ្យាធិការនៃសកលវិទ្យាល័យប៊ែលធីអន្តរជាតិ។
ក្នុងឪកាសចុះបំពេញទស្សនកិច្ចនេះ ក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ Honorary Doctorate Degree in Educational Administration and Leadership (EAL) ជូនឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូល អរតា ប្រធានាធិបតីនៃសាធារណរដ្ឋទីម័រខាងកើត សម្រាប់ស្នាដៃ និងសមិទ្ធផលនានារបស់ ឯកឧត្ដមបណ្ឌិត សម្រេចបានក្នុងរយៈពេលជាងបួនទសវត្សរ៍មកនេះ។ កម្មវិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយស ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំនេះ និងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីទ្បា។ សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃនេះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ កាលពីថ្ងៃទី១៩ ខែតុលា ដែលជាថ្ងៃទី១នៃដំណើរទស្សនកិច្ច ឯកឧត្តមបណ្ឌិត បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន និងអញ្ជើញជួបសម្តែងការគួរសម ព្រមទាំងពិសាអាហារពេលល្ងាចជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅសណ្ឋាគារ Sofitel ភ្នំពេញ។ ចំពោះថ្ងៃទី២ ក្នុងដំណើរបំពេញទស្សនកិច្ច ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត និងគណៈប្រតិភូអមដំណើរ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូបព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ, អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ព្រមទាំងកិច្ចប្រជុំកំពូលទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ សូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចាប់តាំងពីឆ្នាំ២០០២មកម៉្លេះ។ ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត ធ្លាប់បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋម្តងរួចមកហើយកាលពីឆ្នាំ២០១១។ កម្ពុជា និងទីម័រខាងកើត មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ដឹកជញ្ជូន វិស័យការងារ និងវិស័យសំខាន់ៗមួយចំនួនទៀត៕