Thursday, October 25, 2018

រដ្ឋមន្រ្តីក្រសួងការងារ និងសេដ្ឋកិច្ចប្រទេសគុយវ៉ែត អះអាងថា គុយវ៉ែតស្វាគមន៍ និងការពារពលករខ្មែរ ដែលទៅធ្វើការនៅក្នុងប្រទេសគុយវ៉ែត

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា លោកស្រី ហ៊ីន អាល់ សាប៊ី (Hind Al-Sabeeh) រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្រ្តីសេដ្ឋកិច្ច នៃរដ្ឋគុយវ៉ែត បានចូលជួបសម្តែងការគួរសមជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។ ក្នុងនាមរដ្ឋសភានៃព្រះរាជា​ណាចក្រកម្ពុជា លោក ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកស្រី ហ៊ីន អាល់ សាប៊ី ដោយបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្រ្តី និងគណៈប្រតិភូនៃរដ្ឋគុយវ៉ែតនៅកម្ពុជានាពេលនេះ បាននាំមកនូវកាលានុវត្តភាពថ្មី នៃការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-គុយវ៉ែត ដែលមាន ជាង២០ឆ្នាំមកនេះឱ្យកាន់តែរឹងមាំថែមទៀត។
លោកស្រី ហ៊ីន អាល់ សាប៊ី បានជម្រាបប្រធានរដ្ឋសភាថា នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ លោកស្រីបានជួបពិភាក្សា ការងារជាមួយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនោះ បានផ្តោតសំខាន់លើការផ្លាស់ប្តូរកំលាំង ពលកម្មរវាងប្រទេសទាំងពីរ និងវិស័យអប់រំ។ លោកស្រីប្រធានគណៈប្រតិភូ បានមានប្រសាសន៍បន្តថា គុយវ៉ែតបានត្រៀមស្វាគមន៍ និងការពារ កំលាំងពលករពីកម្ពុជា ហើយគុយវ៉ែតជាប្រទេសមួយដែលគោរពច្បាប់ការងារ និងសិទ្ធិរបស់ពលករ ដោយមិនគិតថាពលករនោះជាពលករបរទេស ឬពលករក្នុងស្រុកទេ។
លោក ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ និងសូមកោតសរសើរចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃជំនួបរវាងលោកស្រីរដ្ឋមន្រ្តី ជាមួយនិងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។ លោកបានលើកឡើងថា កន្លងមករដ្ឋសភាកម្ពុជា ក៏បានអនុម័តច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីវិស័យ ផ្លាស់ប្តូរហត្ថពលកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋគុយវ៉ែត ក្នុងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រោះថារដ្ឋគុយវ៉ែតត្រូវការកំលាំង ពលកម្ម ហើយពលករកម្ពុជាក៏ត្រូវការប្រាក់ចំណូលដើម្បីរួមចំណែកអភិវឌ្ឍន៍ទាំងអស់គ្នា។
លោក ហេង សំរិន បានមានប្រសាសន៍បន្តថា ពលករកម្ពុជាដែលធ្វើការក្រៅប្រទេសមានការកើនឡើងជាលំដាប់រហូតដល់ជាងមួយលាននាក់ និងបាននាំមកនូវប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាពរស់នៅ សម្រាប់គ្រួសាររបស់ពួកគេ ហើយក៏រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។ លោកបានបន្តថា ក្នុងពេលឆាប់ៗ ខាងមុខនេះ កម្ពុជានឹងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីពង្រឹង និងពង្រីកការអនុវត្តកម្មវិធីហ្វឹកហ្វឺនដល់ពលករឲ្យកាន់តែមានជំនាញការងារ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ពីទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះបានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ទេ្វភាគី និងអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនកន្លងមក។ ភាគីទាំងពីរបានសន្យាថា នឹងខិតខំជំរុញឱ្យប្រទេសទាំងពីរពន្លឿនកិច្ចព្រមព្រៀង ដែលមានស្រាប់ចេញជាផ្លែផ្កាក្នុងការបម្រើផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ៕