Thursday, February 17, 2022

សម្រង់ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន,​ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន ០៧ (០២ នៅក្នុងខេត្តព្រៃវែង និង ០៥ កន្លែងនៅក្នុងខេត្តក្រចេះ) ជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន

CNV: 16 ខែ​កុម្ភៈ, 2022

ស្ពានបៃឡេនៅក្រចេះនិងព្រៃវែង ក្លាយជាស្ពានបេតុង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន

ឯកឧត្តម Mikami Masahiro អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា។
ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។

ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានមកចូលរួមជួបជុំគ្នា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ០៧ កន្លែង ដែល ០២ ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្ដោយផ្លូវជាតិលេខ ១១ និង ០៥ ទៀតនៅខេត្តក្រចេះរបស់យើង តាមបណ្ដោយផ្លូវជាតិលេខ ៧៣។ កាលពីជាងមួយ​ខែមុននេះ ខ្ញុំជាមួយឯកឧត្តម Mikami Masahiro ក៏ដូចជាតំណាង JICA បានធ្វើដំណើររួមគ្នាទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ នៅទិសពាយព្យរបស់កម្ពុជា ដែលតភ្ជាប់រវាងទីរួមខេត្ត បាត់ដំបង និងទីរួមខេត្ត បន្ទាយមានជ័យ។ មួយខែក្រោយ ខ្ញុំជាមួយឯកឧត្តម មិកាមិ ក៏ដូចជាតំណាង JICA និងមិត្តភក្តិជប៉ុន បានធ្វើមកកាន់ទីនេះសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពាននៅទីនេះ។ បើនិយាយពីខេត្តក្រចេះ អាទិត្យមុននេះកាលពីថ្ងៃ ០៧ ខ្ញុំមកសម្ពោធផ្លូវជាតិលេខ ៧ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន។

ថ្ងៃនេះ យើងពិតជាមានការរីករាយដោយសារ​តែសមិទ្ធផលថ្មីបានកើតនៅលើទឹកដីរបស់យើង។ ស្ពាន ០៧កន្លែង ដែលតភ្ជាប់រវាងផ្លូវជាតិលេខ ១១ (ចំនួន) ០២កន្លែង និងផ្លូវជាតិលេខ ៧៣ ចំនួន ០៥ កន្លែង ​ហើយទីនេះ យើងមានស្ពានពាមទេរ ដែលស្ពាននេះ ខ្ញុំនៅចាំបានច្បាស់ថា គឺខ្ញុំបានមកតភ្ជាប់វាដោយស្ពានដែកនៅក្នុងរដូវទឹកឡើងនាឆ្នាំ ២០០១ ដែលពេលនោះ កសាងឡើងដោយកងវិស្វកម្មក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ គង់ អៀង។ កាលពីពេលនោះ គឺ ២១ ឆ្នាំជាង យើងប្រើនូវលទ្ធភាពស្ពានបែបនោះឯង ព្រោះស្ថានភាពសេដ្ឋកិច្ចរបស់យើងកាលពីពេលនោះមានត្រឹមប៉ុណ្ណឹង។ វាក៏ជារឿងមួយ វាចាស់ ប៉ុន្តែរឿងមួយធំទៀត ជំនន់ផ្ទួនៗ បានបុកទម្លាយនិងធ្វើឱ្យខូចខាតស្ពានទាំងអស់នេះ។ ជាភ័ព្វសំណាងរបស់យើង ដែលបានទទួលការយកចិត្តទុកដាក់ពីមិត្តជប៉ុន ផ្ដល់ឱ្យយើងនូវថវិកាសម្រាប់កសាងស្ពានទាំងនេះឡើងវិញ ដែលក្លាយទៅពីស្ពានដែកទៅជាស្ពានបេតុង។ ឥឡូវនេះ បើយើងនិយាយនៅទីនេះ មានចម្រៀងមួយបទ គឺបទស្ពានពាមទេរ។ ឥឡូវស្ពានពាមទេរ កាលពីពេលមុននោះ គឺវានៅសល់តែចម្រៀងទេ។ ស្ពានបៃឡេទាំងនោះ ត្រូវជំនួសដោយស្ពានបេតុង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈ JICA។

មរណកាលលោកគ្រូ អាចារ្យច្រែង

នៅពីមុខយើងប៉ុន្មានរយម៉ែត្រ គឺមានវត្តមួយហៅថាវត្ត បុស្សលាវ។ ប្រហែលជាអ្នកនៅទីនេះ បានដឹងហើយថា អដ្ឋិធាតុរបស់គ្រូខ្ញុំ គឺបានបញ្ចុះនៅទីនោះហើយ។ ខ្ញុំគួរតែរំលឹកកន្លែងនេះបន្តិច។ ព្រះសង្ឃមួយអង្គនេះ គឺបានចិញ្ចឹមខ្ញុំតាំងពីអាយុ ១៣ ឆ្នាំ ផ្គត់ផ្គង់ឱ្យរៀនសូត្រនៅឯទីក្រុងភ្នំពេញឯណោះ។ ក្រោយមកព្រះអង្គក៏បានមកធ្វើជាចៅអធិការនៅវត្ត បុស្សលាវ របស់យើងនេះ។ ដល់សម័យ ប៉ុល ពត​ ក៏ត្រូវបានចាប់ផ្សឹក។ ក្រោយមក ក្រោយរំដោះ(ថ្ងៃ) ០៧ មករា គាត់ក៏មិនបួសឡើងវិញទេ។ អញ្ចឹង ខ្ញុំក៏បានមកជួបជាមួយគាត់។ នៅពេលនោះ ខ្ញុំអត់បានទៅចូលរួមពិធីបូជាសពរបស់គ្រូខ្ញុំទេ ដោយសារថា ក្រោយកងទ័ពវៀតណាមដកតែប៉ុន្មានអាទិត្យ សភាពការណ៍យោធាតឹងតែងខ្លាំងណាស់។ គាប់ជួនពេលនោះគ្រូខ្ញុំឈឺធ្ងន់។ ខ្ញុំក៏បញ្ជូនឧទ្ធម្ភាគចក្រមកទទួលយកទៅព្យាបាលនៅទីក្រុងភ្នំពេញ។ ជាអកុសលគាត់ក៏បានមរណកាលទៅ។ ពេលនោះ (ដោយសារ)កំពុងស្ថិតនៅក្នុងសភាពការណ៍ ខ្ញុំមិនអាចទៅណាបាន ក្រៅតែពីនៅក្នុងបន្ទប់ដែលមានវិទ្យុទាក់ទងច្រើនទិស សម្រាប់ការបញ្ជាទ័ពទប់ទល់ក្នុងខេត្តបន្ទាយមានជ័យ, បាត់ដំបង និងប៉ៃលិន។ យ៉ាងណាក៏ដោយ ក្រោយមកយើងបានដង្ហែយកអដ្ឋិធាតុរបស់គាត់ទៅដាក់​នៅវត្តបុស្សលាវខាងមុខនេះ។ នេះគឺជាប្រវត្តិមួយជម្រាបជូនចំពោះបងប្អូននៅទៅនេះផងដែរ។

ផ្លែផ្កាក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកម្ពុជា/ជប៉ុន

ដូច្នេះ នៅកន្លែងនេះ មានចម្រៀង ០២ បទ៖ បណ្ដាំព្រះគ្រូអាចារ្យចែង និងព្រែកពាមទេរ របស់យើងនេះ។ ប៉ុន្តែស្ពានពាមទេរ កាលនោះយើងធ្វើដូចជា ៨ ម៉ែត្រ ឬ ៤ ម៉ែត្រកន្លះកាលពីពេលនោះ? ៤ ម៉ែត្រកន្លះ។ ឥឡូវនេះយើងមិនធ្វើស្ពាន ៤ ម៉ែត្រកន្លះទៀតទេ។ ស្ពានពាមទេររបស់យើងនេះ គឺពង្រីកទទឹងរហូតទៅដល់ ១០ ម៉ែត្រ ៩ តឹក ហើយពាមទេរនេះ រហូតដល់ ១១ ម៉ែត្រ ៣ តឹក, ស្ពានឆ្លូង ១១ ម៉ែត្រ ៣ តឹក, ស្ពានអន្លង់ឃ្លេ ១០ ម៉ែត្រ ៩ តឹក, ស្ពានព្រែកឫស្សី ១០ ម៉ែត្រ ៩ តឹក, ស្ពានព្រែកសណ្ដាន់ ១០ ម៉ែត្រ ៩ តឹក។ អញ្ចឹង កាលពីពេលមុននេះ យើងប្រើស្ពានត្រឹមតែ ៤ ម៉ែត្រ ២ តឹក ឥឡូវនេះជំនួសដោយស្ពានដ៏រឹងមាំនេះ ដែលយើងនិយាយបានថា បើកុំមានការដឹកលើសទំងន់ធ្វើឱ្យបាក់ស្ពាន ស្ពានហ្នឹងនឹងអាចប្រើរាប់សិបឬរយឆ្នាំឯណោះ។ ពិតហើយ ស្ពាននេះ គឺមានការលំបាកក្នុងការសាងសង់នៅពេលដែលទឹកជំនន់កើតឡើង ព្រោះទឹកកួចចេញចូលនៅទីកន្លែងនេះ។ កាលដែលខ្ញុំមកតភ្ជាប់ ពេលនោះចំពេលទឹកធំផងដែរ ដែលត្រូវបើកសាឡាង ដើម្បីយោងដែកស្ពានដាក់ទៅលើ​ទីនោះ។

នេះជាសមិទ្ធផលនៃផ្លែផ្កាក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលយើងបានលើកកម្ពស់ដល់កម្រឹតដៃគូយុទ្ធសាស្ត្ររួចស្រេចមកហើយ។ ជប៉ុនបានជួយយើងក្នុងដំណើរការស្វែងរកសន្តិភាពផង និងក៏ជួយយើងក្នុងការស្ដារឡើងវិញនៅក្នុងប្រទេសជាតិរបស់យើងផង ដែលមកដល់ពេលនេះ គឺមានថវិកាសរុបប្រ​មាណជាង ១៤០០ លានដុល្លារ ដែលបាននិងកំពុងសាងសង់ ហើយស្ពានធំៗ ពីរឆ្លងកាត់ទន្លេមេគង្គគឺស្ពាន គីហ្សូណា នៅឯខេត្តកំពង់ចាម និងស្ពាន ត្សឹបាសា នៅឯអ្នកលឿង។ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតភ្ជាប់ ក៏ដូចជាវិស័យដទៃទៀត ជប៉ុនបានជួយយើងច្រើន។ ខ្ញុំដូចជានៅចាំថា យើងមានបានដាក់កម្មវិធីរួមគ្នាមួយសម្រាប់ការបើកការដ្ឋានសាងសង់ស្ថាបនាបន្ថែមអំពីការចម្រោះទឹកស្អាតនៅទីក្រុងភ្នំពេញ។ មានគម្រោងមួយទៀតដែលយើងត្រូវធ្វើជាមួយគ្នា។

អម្បាញ់មិញឯកឧត្តម មិកាមិ បាននិយាយថាទោះបីទៅទីណាក៏ដោយ ខ្ញុំត្រូវតែផ្តល់កិត្តិយសទៅសម្ពោធ។ ការពិតវាត្រូវតែធ្វើជាកិច្ចការយ៉ាងដូច្នេះ។ ខ្ញុំជាអ្នក(សុំ) រហូតដល់អ្នកបន្តុះបង្អាប់គេថា ខ្ញុំគឺរដ្ឋាភិបាលពូកែស្មុំ គឺមនុស្សស្មុំ។ ខ្ញុំដើរសុំ។ ប៉ុន្តែ ខ្ញុំមិនបានសុំយកទៅធ្វើបង្ហើយផ្ទះបាយរបស់ខ្ញុំទេ។ ខ្ញុំសុំដើម្បីយកមកធ្វើស្ពាន ធ្វើផ្លូវ ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ និងធ្វើអ្វីផ្សេងៗទៀត ដើម្បីបម្រើប្រជាជនរបស់ខ្ញុំ។ កិច្ចការដែលយើងបានធ្វើកន្លងទៅនេះ ការរីកចម្រើនរបស់កម្ពុជា ក៏មិនអាចកាត់ផ្តាច់ចេញពីជំនួយឧបត្ថម្ភ ពីដៃគូអភិ​វឌ្ឍន៍ទាំងអស់ និយាយជារួម និងនិយាយដោយឡែកពីប្រទេសជប៉ុនតែម្តង។ ខ្ញុំសុំយកឱកាសនេះតាមរយៈឯកឧត្តម អគ្គរដ្ឋទូតជប៉ុន តាមរយៈតំណាង JICA នៅទីនេះ សំដែងការអរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ថវិកាសម្រាប់ការសាងសង់នូវស្ពានទាំង ០៧ នេះ ដែលរួមមាននៅក្នុងខេត្តក្រចេះ ចំនួន ០៥ និងនៅខេត្តព្រៃវែងចំនួន ០២ បន្ថែមទៀត ដែលធ្វើឲ្យយើងបានតភ្ជាប់ជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ល្អមួយ។

ឯកឧត្តម គាត ឈន់ ផ្តល់ធាតុចូលដល់ការសម្រេចកសាងស្ពានតាមផ្លូវ ៧៣/ឆ្លូង

ខ្ញុំគួរតែរំលឹកថា ផ្លូវលេខ ៧៣ នេះ ជាការជម្រុញរបស់ឯកឧត្តម គាត ឈន់ ដោយសារតែគាត់ជាអ្នកនៅស្រុកឆ្លូង គាត់យល់ដឹងអំពីភូមិសាស្រ្តរបស់ស្រុកឆ្លូង។ ពេលនោះ ឯកឧត្តម គាត ឈន់ ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រុញលើកទឹកចិត្តដើម្បីធ្វើផ្លូវនេះ។ ពេលនោះផ្លូវនេះលិចទឹកទេ។ ប៉ុន្តែក្រោយមក គឺយើងបានលើកវាខ្ពស់ ​ហើយបានកសាងស្ពានតាមហ្នឹង។ ជាគំនិតផ្តួចផ្តើមដែលឯកឧត្តម គាត ឈន់ បានផ្តល់ធាតុចូលដល់ការសម្រេចរបស់នាយករដ្ឋមន្រ្តី។ គាត់ជាអ្នកនៅស្រុកឆ្លូងស្រាប់​។ អញ្ចឹងទេ គាត់ស្គាល់ភូមិ​សាស្រ្តដែលអាចធ្វើដំណើរមកកាន់ខេត្តក្រចេះបានលឿន គឺធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៧៣ ដែលតភ្ជាប់ពីស្រុកដំបែ ចូលមកដល់ឆ្លូង និងពីឆ្លូងឡើងទីរួមខេត្តក្រចេះតែម្តង។

ប៉ុន្តែ បើនិយាយពីក្រចេះបច្ចុប្បន្ននេះ ការតភ្ជាប់សម្រាប់ខេត្តក្រចេះគឺមានច្រើន។ ទី ១ គឺតភ្ជាប់តាមផ្លូវជាតិលេខ ៧៣ ដែលវាចេញភ្ជាប់ទៅផ្លូវជាតិលេខ ៧ ហើយទៅដល់ផ្លូវជាតិលេខ​ ៧ ហើយ គេអាចជ្រើសរើសការធ្វើដំណើរ។ ខ្លះគេទៅតាមផ្លូវជាតិលេខ ៨ តែម្តង ឡើងមកពញាក្រែក។ ទៅផ្លូវជាតិលេខ​ ៨ ហើយទៅឆ្លងកាត់ ស្ពានព្រែកតាមាក់ ចូលទៅទីក្រុងភ្នំពេញ អាហ្នឹងជម្រើសមួយទៅ តាមផ្លូវជាតិលេខ ៧៣ នេះ។ ឯផ្លូវមួយទៀត គេអាចធ្វើដំណើរចុះទៅខាងក្រោម ទៅដល់ថ្នល់ទទឹង ហើយចាប់ផ្តើមធ្វើដំណើរតាមផ្លូវជាតិលេខ ១១ តម្រង់ឆ្ពោះទៅទីរួមខេត្ត ហើយក៏ចេញតាមផ្លូវជាតិលេខ ១១ ទៅឆ្លងស្ពានអ្នកលឿង ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្សឹបាសា។ ជម្រើសមួយទៀត គេអាចធ្វើដំណើរទៅដល់ព្រះធាតុ ផ្លូវជាតិលេខ ៧៣ ដដែល ទៅដល់ផ្លូវជាតិលេខ ៧ គេតម្រង់ឆ្ពោះទៅស្ពានគីហ្សូណា ហើយកាត់ទៅទីរួមខេត្ត ចេញទៅតាមស្គន់ ហើយចូលមកកាន់ទីក្រុងភ្នំពេញវិញ។ គ្រាន់តែផ្លូវជាតិលេខ ៧៣ នេះ វាផ្តល់ឱកាសទៅដល់នោះចំនួន ៣ ខ្សែ …។

ឯការទាក់ទងទៅខាងក្រោមបន្តទៀត គេអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៧ ដែលតភ្ជាប់រវាងក្រចេះនិងស្នួល ចុះពីស្នួលទៅមេមត់ រួចហើយបានទៅដល់មេមត់ហើយ ចុះទៅពញាក្រែក ពេលហ្នឹងចាប់ផ្តើមធ្វើការជ្រើសរើស តើគេទៅតាមផ្លូវជាតិលេខ ៨ លេខ ១១ ឬផ្លូវជាតិលេខ ៧ កាត់ទៅទីរួមខេត្តកំពង់ចាម និងចេញទៅស្គន់ ចូលភ្នំពេញវិញ។ ហ្នឹងជម្រើសនៃការធ្វើដំណើរ ដែលគេអាចធ្វើដំណើរទៅតាមផ្លូវជាតិលេខ ៧។ នៅមានជម្រើស ២ ទៀត គឺអមសងខាង ព្រោះជួនកាលគេត្រូវការចូលលេងទាំងសងខាង​។ អញ្ចឹងម្ខាងគេធ្វើដំណើរខាងឆ្លូង ចុះរហូតទៅក្រោមអញ្ចឹងទៅ។ ម្ខាងទៀតគេធ្វើដំណើរខាងព្រែកប្រសព្វ ចុះទៅខាងក្រោមទៅតាមភូមិចុង។

ធ្វើអភិបាលរងជាមុនសិន មុនទទួលជាអភិបាល

វ៉ា ថន អីទៅតាមហ្នឹង ព្រោះម្តាយក្មេកវា នៅពាមកោះស្នា។ ថាវាអញ្ចឹងដូចវាអាក្រក់(ស្តាប់)។ ម្តាយក្មេកវាជាជីដូនមួយរបស់ខ្ញុំ។ មិនមែនបក្សពួកនិយមទេ ប៉ុន្តែទាល់តែ វ៉ា ថន ធ្វើអភិបាលខេត្តហើយ បានដឹងថាវាជាក្មួយប្រសារ។ ពីដើម វាជាអភិបាលស្រុកព្រែកប្រសព្វ ក្រោយមកមកធ្វើអភិបាលរងខេត្ត។ ដល់ពេល សរ ចំរុង ចូលនិវត្តន៍ វ៉ា ថន គេឡើង។ ដល់ពេលហ្នឹងមើលប្រវត្តិរូប ហើយសួរមក សរ ចំរុង ថា អ្នកដែលឡើងមកធ្វើអនុ(អភិបាលរង)មុនគេ ជាអ្នកណា? ថា វ៉ា ថន មកពីព្រែកប្រសព្វ។ កាលហ្នឹងមានអភិបាលស្រុកស្នួលចង់ហក់មកធ្វើ តាមរយៈ ពេជ្រ ប៊ុនធិន។ ថាអត់ទេ អាហ្នឹងគឺឆ្គង។ អាហ្នឹងចាំឲ្យឡើងតាមដំណាក់ៗ របស់វាទៅ ព្រោះខ្ញុំត្រូវមើលដែរ។ ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ឡើងវិញ វ៉ា ថន ធ្វើចៅហ្វាយខេត្តក្រចេះបាន ៤ ទៅ ៥ ខែហើយ ទើបដឹងថា ជាក្មួយប្រសារ​ជីដូនមួយខ្ញុំ។ បើសិនជាថា វ៉ា ថន ធ្វើខុសកុំមកជេររាលដាលដល់ ហ៊ុន សែន។ អត់ទេអាហ្នឹង គឺមន្រ្តីដូចគ្នា ព្រោះអាហ្នឹងជាជម្រើស ហើយទាក់ទងទៅនឹងការជ្រើសរើសរបស់មូលដ្ឋាន និងការជ្រើសរើសតាមរយៈក្រសួងមហាផ្ទៃ។ តែក៏ត្រូវតែមានការបញ្ជាក់អំពីនាយករដ្ឋមន្រ្តីដែរ។ ខ្ញុំត្រូវសួរដែរថា ពេលហ្នឹងមានបេក្ខជនប៉ុន្មានអ្នក។ ខ្ញុំសួរមក សរ ចំរុង អ្នកណាដែលមកមុនគេ ធ្វើអភិបាលរង។ អញ្ចឹងយកនៅហ្នឹង។ ឯ ពេជ្យ ប៊ុនធិន គ្រោងយកពីស្នួលត្រឡប់មកវិញ ពីអភិបាលស្រុកឡើងអភិបាលខេត្តត្រង់តែម្តង។ ខ្ញុំថាអានេះឡើងដូចឧទ្ធម្ភាគចក្រ។ បើថាអញ្ចឹង គឺរុញមកធ្វើអភិបាលរងដើម្បីត្រៀមចាំកន្លែង។ មិនអាចធ្វើអញ្ចឹងបានទេ។ ហ្នឹងគ្រាន់តែជាការដាស់តឿ​ន។ គ្រប់ទីកន្លែងទាំងអស់ ត្រូវឆ្លងកាត់មួយគន្លាក់សិន កុំលេងឡើងដូចឧទ្ធម្ភាគចក្រ មិនល្អទេ។ អាហ្នឹងបានជាជ្រុលនិយាយ និយាយបន្តិចទៅចុះអាហ្នឹង។

ខួបទី ៦៩ ចំណងមិត្តភាពកម្ពុជាជប៉ុន និងខួបលើកទី ៣០ កងស្វ័យការពាររបស់ជប៉ុនចេញរក្សាសន្តិភាព

អ្វីដែលយើងបាន និងទទួលផលនេះ គឺវាជាចំណែកនៃទំនាក់ទំនងល្អរវាងកម្ពុជានិងជប៉ុន ដែលខ្ញុំរួមជាមួយមេដឹកនាំជប៉ុន ជាពិសេសអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលជម្រុញទំនាក់ទំនងនេះ ឲ្យដល់ជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ឆ្នាំនេះជាខួបលើកទី ៦៩ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ហើយក៏ខួបលើកទី ៣០ នៃថ្ងៃខួបដែលកងកម្លាំងស្វ័យការពាររបស់ជប៉ុន ចេញមករក្សាសន្តិភាពជាលើកដំបូង ហើយចេញមកកម្ពុជាតែម្តង។ ដូច្នេះហើយ បានជាឆ្នាំនេះ យើងមានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក។ ខ្ញុំបានចុះបញ្ជីរួចហើយ នូវគម្រោងទទួលអនុរដ្ឋមន្ត្រីការបរទេសជប៉ុនមកកម្ពុជា។ គាប់ជួនថ្ងៃនោះ មានគេហៅថាអគ្គស្នងការនគរបាលរបស់អាស៊ានមកប្រជុំ។ អញ្ចឹងខ្ញុំទទួលអគ្គស្នងការនគរបាលរបស់អាស៊ានរួចហើយ គឺខ្ញុំទទួលអនុរដ្ឋមន្ត្រីការបរទេសជប៉ុនតែម្តង ដើ​ម្បីកុំឲ្យពិបាកទៅមក ព្រោះទទួលអគ្គស្នងការនគរបាលនៃបណ្តាប្រទេសអាស៊ាន ទទួលតែមួយភ្លែតទេ បន្ទាប់ទៅបានទទួលពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុន។

អរគុណនិងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុន សំរាប់ទស្សនកិច្ចនៃមេបញ្ជាការជើងគោកកម្ពុជា

ឥឡូវនេះ កំពុងមានទស្សនកិច្ចរបស់មេបញ្ជាការជើងគោករបស់កម្ពុជាទៅប្រទេសជប៉ុន។ ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការអរគុណនិងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុន ចំពោះមេបញ្ជាការជើងគោករបស់កម្ពុជា ឬនិ​យាយតាមមួយបែបថាជាកូនប្រុសរបស់ខ្ញុំ ដោយសារថា ស្ថានភាពកូវីដ-១៩ បានបង្កើតឡើងនូវស្ថានភាពដ៏លំ​បាក ការធ្វើដំណើរមិនងាយស្រួលទេ ក៏ប៉ុន្តែជប៉ុនបានបញ្ជូនយន្តហោះពិសេសមួយ មកទទួលយក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ទៅកាន់ជប៉ុន។ ថ្ងៃស្អែកនេះ ម៉ាណែត អាចនឹងវិលត្រឡប់មកកាន់កម្ពុជាវិញ។ អ្វីដែលខ្ញុំគិតថាជាចំណុចពិសេសមួយទៀត (នៅត្រង់ថា)ទៅក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក ក៏ប៉ុន្តែពេលទៅដល់ ត្រូវបានទទួលធ្វើសវនាការនិងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន។ ម្សិលមិញនេះ មានការជួបជាមួយមេបញ្ជាការជើងគោក អគ្គបញ្ជាការ និងរដ្ឋមន្ត្រីការពារជាតិ។ ព្រឹកនេះ តាមដែលកូនខ្ញុំឲ្យខ្ញុំដឹង គឺប្រហែលជាពេលនេះជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ចប់ហើយ ព្រោះលឺថាជួបម៉ោង ១០:៣០ នាទីព្រឹកនេះ … អញ្ចឹងខ្ញុំពិតជាមានការអរគុណជាមួយនឹងកាយវិការក្នុងការទំនាក់ទំនង ជាមួយនឹងមេបញ្ជាការជើងគោករបស់កម្ពុជា ដែលជាកូនប្រុសរបស់ខ្ញុំ។

ហ៊ុន ម៉ាណែត បានជួបនាយករដ្ឋមន្ត្រីជប៉ុន ៣ រូបហើយ

ចំណុចគួរកត់សម្គាល់ ម៉ាណែត បានជួបនាយករដ្ឋមន្ត្រីជប៉ុនរហូតដល់ ៣ រូបរួចមកហើយ។ បានសេចក្តីថា នាយករដ្ឋមន្ត្រីជប៉ុន ៣ រូបហើយ ដែលបានផ្តល់នូវកិត្តិយសសម្រាប់ ម៉ាណែត។ ទី ១ នៅឆ្នាំ ២០១០ ឬខ្ទង់ ២០១០ គឺ Yukio Hatoyama ពេលបក្សប្រឆាំងឈ្នះឆ្នោតរយៈពេលខ្លី។ អតីតនាយករដ្ឋមន្ត្រី Yukio Hatoyama បានអញ្ជើញនិងទទួល។ ឆ្នាំ ២០១៦ ពេលប្រជុំអាស៊ីអឺរ៉ុប អ៊ូឡានបាតារ (Ulaanbaatar) ប្រទេសម៉ុងហ្គោលី ឯកឧត្តម Shinzo Abe ក៏បានអញ្ជើញ ហ៊ុន ម៉ាណែត ទៅសាជាថ្មីម្តងទៀត។ ដល់ឆ្នាំ ២០១៨ ម៉ាណែត បានទៅធ្វើទស្សនកិច្ច ហើយ ឯកឧត្តម Shinzo Abe ទទួលសវនាការ។ លើកនេះ ទៅក្នុងនាមជាមេបញ្ជាការជើងគោក ក៏ប៉ុន្តែត្រូវបានទទួលស្វាគមន៍អោយសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រី។ នេះអាចចាត់ទុកថាជាលក្ខណៈពិសេសមួយ នៅក្នុងចំណោមលក្ខណៈពិសេសនៃផ្នែកការទូត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

យល់ស្របចំពោះត្រៀមរៀបចំកិច្ចសហប្រតិបត្តិការពេលខាងមុខនៅក្នុងវិស័យយោធា

ខ្ញុំសុំថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយខ្ញុំយល់ស្របទៅលើអ្វីដែលប្រទេសទាំងពីរ ត្រៀមរៀបចំនិងកិច្ចសហប្រតិបត្តិការនៅពេលខាងមុខនៅក្នុងវិស័យយោធា រាប់ទាំងការធ្វើសមយុទ្ធរួម ប្រសិនបើមានការចាំបាច់។ ធ្វើសមយុទ្ធលើទឹកដីកម្ពុជា អត់មានបញ្ហា តែអ្វីដែលខ្ញុំចង់បាន សមយុទ្ធណាក៏ដោយ គួរតែផ្តោតទី ១​ គឺគេហៅថា ទប់ស្កាត់ ឬក៏ជួយសង្គ្រោះគ្រោះមហន្តរាយ​ ទី ២ ប្រឆាំងភេរវកម្ម។ ហ្នឹងជាសមយុទ្ធដែលខ្ញុំចង់បាន សមយុទ្ធវៃគ្នា អាហ្នឹងខ្ញុំអត់ចង់បានទេ។ សមយុទ្ធប្រឆាំងភេរវកម្ម ពិតជាមានការត្រូវប្រយុទ្ធហើយ ជាមួយពួកភេរវកម្ម។ សមយុទ្ធដែលខ្ញុំចង់បានមួយទៀតគឺ សមយុទ្ធទាក់ទិននឹងការសង្គ្រោះគ្រោះមហន្តរាយ ឧទាហរណ៍ ទឹកជំនន់ រាំងស្ងួត ភ្លើងឆេះព្រៃ ធ្លាក់យន្តហោះ ឬក៏ឧបទ្ទវហេតុអីដែលកើតឡើង។ ហ្នឹងគឺជារឿងដែលយើងនឹងជជែកគ្នាបន្តទៀត នៅក្នុងដំណើរឆ្ពោះទៅមុខនៅក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ។

អរគុណមិត្តជប៉ុន ដែលបានបន្តផ្តល់ការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ា

… ទៅភ្នំពេញវិញ ល្ងាចនេះត្រូវទទួលរដ្ឋមន្ត្រីការបរទេស ២ រូប … ទី ១ គឺទទួលរដ្ឋមន្ត្រីការបរទេសសាំងហ្គាពួរ ទី ២ គឺទទួលរដ្ឋមន្ត្រីការបរទេសឡាវ គាត់មកទស្សនកិច្ចផង ហើយប្រជុំផង។ ខ្ញុំសូមអរគុណចំពោះមិត្តជប៉ុន ដែលបានបន្តផ្តល់ការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាសារនយោបាយមួយដ៏ជាក់លាក់ អំពីវិធីសាស្រ្តដោះស្រាយដើម្បីបញ្ចៀសមនុស្សស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬសភាពការណ៍កាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បើទោះបីមានសម្លេងខុសគ្នាក៏ដោយចុះ ក៏ប៉ុន្តែជប៉ុនបានរក្សាគោលជំហរតាំងពីដើមទី គាំទ្រចំពោះដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់មីយ៉ាន់ម៉ា ដែលជាផ្នែកមួយ(នៃការប្រឹងប្រែង)របស់អាស៊ាន។ ខ្ញុំអរគុណចំពោះគោលជំហរដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ក្នុងវិធីដោះស្រាយបញ្ហា។ នេះជាចំណុចដែលមិត្តជប៉ុន បានមើលឃើញប្រហាក់ប្រហែលជាមួយយើង ស្របជាមួយនឹងសភាពការណ៍ដែលកំពុងវិវឌ្ឍ។ គេមិនអាចយកគោទៅដាក់មុខនឹមរទេះបានទេ ច្បាស់ជាយកគោមកទឹមនៅនឹម។ វិធីសាស្ត្រដោះស្រាយដែលយកគោទៅដាក់មុខ(នឹម)រទេះ ពិតជាមិនអាចទៅរួចទេ។ ខ្ញុំចង់ទុកឲ្យអោយមិត្តភក្តិក្នុងអាស៊ានដោះស្រាយ។ ខ្ញុំក៏មិនចង់ធ្វើអត្ថាធិប្បាយដែរ តែខ្ញុំក៏មានបទពិសោធន៍មួយផ្នែកនៃការដោះស្រាយ។ រឹងពេកក៏មិនបាន ទន់ពេកក៏មិនបាន ត្រូវរកចន្លោះកណ្តាលមួយទើបអាចដោះស្រាយបាន។

ដំណើរទៅកូរ៉េ គឺចូលរួមកិច្ចប្រជុំស្តីពីដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ

ខ្ញុំទើបវិលត្រឡប់មកពីសាធារណរដ្ឋកូរ៉េ កាលពីយប់ថ្ងៃអាទិត្យ។ ខ្ញុំគ្រាន់តែបញ្ជាក់ជូនបន្តិច ហើយក៏សូមបញ្ជាក់អំពីស្ថានភាពមេដាយនេះផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់អម្បាញ់មិញថា ជារបស់សាធារណរដ្ឋកូរ៉េ។ មិនមែនទេ។ គ្រាន់តែទីតាំងកន្លែងផ្តល់ពានរង្វាន់នេះ ធ្វើនៅប្រទេសកូរ៉េតែប៉ុណ្ណោះ។ វាជាពានរង្វាន់ឈ្មោះ ស៊ុនហាក់ ដែលជាសហស្ថាបនិត UPF គេហៅថា សហភាពសន្តិភាពសកល។ ប្រធានគណៈកម្មាការវាយតម្លៃបេក្ខភាពសម្រាប់អ្នកត្រូវទទួលពានរង្វាន់នេះ គឺអតីតនាយករដ្ឋមន្ត្រី Portugal ហើយក៏ជាអតីតប្រធានគណៈកម្មការអឺរ៉ុប។ បានសេចក្តីថា មិនមែនអង្គការហ្នឹងតែម្នាក់ឯងផ្តល់ទេ។ មានគណៈកម្មការច្រើននាក់ ហើយប្រធានគណៈកម្មការហ្នឹង គឺអតីតនាយករដ្ឋមន្ត្រី Portugal ហើយក៏ជាអតីតប្រធានគណៈកម្មការអឺរ៉ុប។

អ្នកខ្លះគេថា ខ្ញុំយកលុយទៅទិញទៅទៀត។ ឱព្រះអើយ។ ខ្ញុំអត់មានការចាំបាច់ទៅពាក់មេដាយហ្នឹងអី។ ហើយ(បើ)យកលុយទៅទិញ ខ្ញុំមានលុយឯណាទៅទិញ។ ម៉្យាងទៀត អ្នកទាំងអស់នោះមិនមែនធ្វើអាហ្នឹងសម្រាប់លក់ទេ។ គេមើលឃើញតម្លៃនៃការដែលយើងរកឃើញសន្តិភាពដ៏លំបាកនៅកម្ពុជានេះ។ ខាង UPF នេះអញ្ជើញអោយ(ខ្ញុំ)ធ្វើជាសហប្រធាននៃការប្រជុំកំពូលស្តីពីឧបទ្វីបកូរ៉េ។ សហប្រធានមួយទៀតគឺលោក បាន គីមូន ជាមួយនឹងស្ថានិក UPF នេះ។ លិខិតអញ្ជើញសម្រាប់បណ្តាប្រទេសចូលរួមគឺ អញ្ជើញដោយហត្ថលេខារបស់ខ្ញុំ និងហត្ថលេខារបស់ បាន គីមូន ២ នាក់។ មាន ១៥៧ ប្រទេសដែលចូលរួម។ ជប៉ុនត្រូវបានអញ្ជើញចូលរួម ត្រូវបានចូលរួមតាមរយៈសាររបស់អតីតនាយករដ្ឋមន្ត្រី ស៊ីន ហ្សូអាបេ ឯសហរដ្ឋអាមេរិកវិញ គឺចូលរួមដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ តាមអនឡាញ។ ប៉ុន្តែ អ្នកដែលមកចូលរួមផ្ទាល់គឺអតីតអនុប្រធានាធិបតី Mike Pence អតីតរដ្ឋមន្រ្តីការបរទេស Michael Richard Pompeo និងអតីតប្រធានសភារបស់សហរដ្ឋអាមេរិក។

ខ្ញុំមើលឃើញថា ការមកចូលរួមនេះមានមួយចំនួនកំពុងកាន់អំណាច និងមួយចំនួនជាអតីតប្រធានាធិបតី និងអតីតនាយករដ្ឋមន្ត្រី មានច្រើនផ្នែក ហើយក៏មានអ្នកវិទ្យាសាស្ត្រ ដែលបានទទួលពានរង្វាន់នេះផងដែរ … នៅពេលនោះខ្ញុំក៏បាននិយាយទៅកាន់អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រអំពីការបង្កើតនូវវ៉ាក់សាំង AstraZeneca។ នៅពេលជប់លៀងខ្ញុំបានសួរគាត់ថា តើត្រូវការរយៈពេលប៉ុន្មានដើម្បីនឹងបានធ្វើវ៉ាក់សាំងហ្នឹងបាន? គាត់បានប្រាប់ខ្ញុំថា ការពិតទៅគេបានត្រៀមរៀបចំតាំងពី ១០ ឆ្នាំ ឯណោះ ព្រោះជំងឺវាចេះតែកើត។ អញ្ចឹងបានជាគេបណ្ដុះវាទុក គេសិក្សាវាទុក។ ដល់ពេលផ្ទុះឡើងគេចាប់ផ្តើមយកវាមកដើម្បីធ្វើតែម្តង។ ដល់ខ្ញុំសួរគាត់ថាឥឡូវឧបមាថា៖ បើទើបការចាប់ផ្តើម គាត់ថា យ៉ាងតិច ៣ ឆ្នាំ ទៅ ៤ ឆ្នាំ។ នេះដើម្បីយើងធ្វើការស្វែងយល់។

… ពេលដែលខ្ញុំទៅកូរ៉េនេះ មិនមែនខ្ញុំធ្វើដំណើរទៅដើម្បីទទួលពានរង្វាន់នោះទេ។ ដំណើររបស់ខ្ញុំទៅកូរ៉េគឺកិច្ចប្រជុំមួយទាក់ទងនឹងឧបទ្វីបកូរ៉េ ដែលមានសេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូលមួយពាក់ព័ន្ធទៅនឹងដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ ហើយក៏មានទស្សនទានដែលខ្ញុំបានដាក់ជូនអង្គប្រជុំអំពីបញ្ហា “រដ្ឋ២ ជាតិ១” តម្រង់ឆ្ពោះទៅរកជាតិមួយ ដែលត្រូវឆ្លងកាត់អ្វីខ្លះ។ យើងក៏ដាក់ចេញនូវសំណើមួយចំនួន ឧទាហរណ៍៖ ប្រើប្រាស់តំបន់អត់កងទ័ពទៅជារបៀបនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក្នុងវិស័យវប្បធម៌ សិល្បៈ កីឡា ឬក៏ស្អីៗផ្សេងៗ ដែលយើងចង់ចូលរួម ធ្វើយ៉ាងម៉េចអោយវាមានសន្តិភាពនៅក្នុងតំបន់ ដែលបញ្ហាឧបទ្វីបកូរ៉េក្លាយទៅជាចំណុចក្តៅបំផុត។

ក្នុង ១០ ខែ ១៤ ថ្ងៃទៀត ជាប្រធានវេន អាស៊ាន កម្ពុជាមិនបោះបង់ការខិតខំអំពីមីយ៉ាន់ម៉ា

… ងាកមកអាស៊ានរបស់យើងក៏កំពុងមានបញ្ហាដែរ ប៉ុន្តែត្រូវតែដោះស្រាយដោយសន្តិវិធី។ វាគ្មានជម្រើសណាផ្សេងទេ។ ថ្ងៃមុនខ្ញុំបាននិយាយហើយ។ មិនដឹងថាមានខាងនេះ ចូលមកជេរខ្ញុំទៀតឬអត់? … កាលណាតែមាន live គឺមានចេញមកជេរខ្ញុំឯណាទៀតហើយ។ ប៉ុន្តែអ្នកអាចយល់អំពីអ្វីដែលខ្ញុំចង់ធ្វើ។ ខ្ញុំអត់មានផលប្រយោជន៍ណាមួយទៅក្នុងបញ្ហាពាក់ព័ន្ធទៅនឹងនយោបាយ ចង់បានឥទ្ធិពលនយោបាយអីទេ។ ប្រទេសកម្ពុជា គឺតូចណាស់ បើប្រៀបជាមួយប្រទេសមីយ៉ាន់ម៉ា ប្រទេសកម្ពុជាតូចមែនទែន។ អត់ទេ ហ្វេសប៊ុក ឥឡូវប្រ​ហែលជាគេចង់ឈប់ប្រើហើយមើលទៅ … ពីដើមនៅពេលដែលយើងបង្ហោះទៅ បើយើងចង់រុញរូបដែលយើងទើបនឹងផូស្តឡើងទៅលើ គេមានប្រដាប់អោយចុចរុញឡើងទៅលើ។ តែឥឡូវអត់ទេ … ពីមុន(ក្រុមមួយ)ចូលមកជេរលេងតែម្តង … អ្នកជេរហ្នឹងវាអង្គុយជាមួយខ្មែរ រួចហើយវាវាយខ្មែរផងវាយភាសាមីយ៉ាន់ម៉ាមកជាមួយផង។ ជួនកាល វាយភាសាមីយ៉ាន់ម៉ាផង ខ្មែរផង អង់គ្លេសមកជាមួយផង។ អញ្ចឹងវាមានខ្មែរដែលវាអង្គុយជាមួយនោះ។

អញ្ចឹងបានថា ឥឡូវ(ការប្រឹងប្រែងរកភាពធូរស្រាលសំរាប់ស្ថានការណ៍មីយ៉ាន់ម៉ា)ស្ថិតនៅក្នុងស្ថានភាពធ្វើក៏ខុសមិនធ្វើក៏ខុស។ ឥឡូវ មានតែអញ្ចឹងបើថា បើគេមិនចង់ធ្វើ យើងក៏មិនព្រួយនឹងហត់។ បើយកគោទៅដាក់មុខរទេះ ធ្វើម៉េចទៅមុខរួច? ប៉ុន្តែ សុំបញ្ជាក់ នៅសល់តែ ១០ ខែ ១៤ ថ្ងៃ ទៀតទេ ចប់ភារកិច្ចហើយ។ សុំអញ្ជើញប្រធានក្រោយធ្វើទៅ … ប៉ុន្តែ យើងមិនបោះបង់ចោលការខិតខំទេ។ ពេលណាមួយគេអាចយល់ថាដំណោះស្រាយត្រូវធ្វើយ៉ាងម៉េច។ ពីដើមអ្នកណាទទួលស្គាល់រដ្ឋាភិបាលរបស់ខ្ញុំ? ប៉ុន្តែ វាចាំបាច់ត្រូវធ្វើការជាមួយខ្ញុំ។ ថ្ងៃមុនជាការគួរឱ្យសោកស្តាយ ដែលខ្ញុំបានផ្ញើសាររំលែកទុក្ខអតីតនាយករដ្ឋមន្ត្រីជប៉ុន Toshiki Kaifu។ ឯកឧត្តមនាយករដ្ឋមន្ត្រី Toshiki Kaifu គាត់ទទួលខ្ញុំ។ ខ្ញុំទៅប្រជុំនៅប្រទេសជប៉ុនដើម្បីចុះហត្ថលេ​ខាបង្កើត SNC នៅតូក្យូ។ ប្រទេសអាស៊ានទាំងអស់ត្រូវធ្វើការជាមួយខ្ញុំ។ បើមិនធ្វើជាមួយអ្នកកាន់អំណាចទៅធ្វើជាមួយអ្នកណា? ការដែលធ្វើនោះ មិនមែនបានសេចក្តីថាទទួលស្គាល់ទេ ប៉ុន្តែត្រូវតែធ្វើការជាមួយគ្នា។

អ្នកខ្លះលេងសុទ្ធតែថា ការទូតប្រថុយប្រថាន (Cowboy diplomacy)។ ខ្ញុំចង់យល់អាន័យពាក្យ Cowboy diplomacy នេះវាជាអ្វី។ អ្នកឯងពន្យល់ខ្ញុំបន្តិចបានទេ? ពេលដែលខ្ញុំទៅដល់ណៃពិដោ តើសភាពការណ៍បានប្រែប្រួលហើយឬនៅ? ខ្ញុំចេញពីណៃពិដោ តើសភាពការណ៍វាប្រែប្រួលហើយឬនៅ? វាអត់ទេ។ វានៅតែអញ្ចឹង។ ជាក់ស្តែងប្រទេសថៃហើយ Chatichai Choonhavan ពេលគាត់ជាប់ឆ្នោតហើយ គាត់អញ្ជើញខ្ញុំទៅទស្សនកិច្ចនៅបាងកក ខែមករា ឆ្នាំ១៩៨៩។ គាត់និយាយថា “ប្រែក្លាយឥណ្ឌូចិនពីសមរភូមិឱ្យទៅជាទីផ្សារ”។ អញ្ចឹង ត្រូវតែរំលត់ភ្លើងសង្គ្រាមនៅកម្ពុជា។ ប៉ុន្តែ មិនមែនបានសេចក្តីថាគាត់ទទួលស្គាល់រដ្ឋាភិបាលយើងទេ។ ក៏ប៉ុន្តែ មនុស្សនិងមនុស្សនិយាយគ្នា។ អញ្ចឹង បានជាឈានទៅរកការបញ្ចប់សង្គ្រាមនៅកម្ពុជា។

យ៉ាម៉ាអូឈិ អ៊ីឈីរូ និងគ្រាប់ភ្នែកជប៉ុន

ខ្ញុំនៅចាំបាន មកដល់ឥឡូវហ្នឹងមិនដឹងថាគាត់យ៉ាងម៉េចទៅហើយទេ (សួរទៅ) ឯកឧត្តម Mikami (គឺ) ឯកឧត្តម អតីតរដ្ឋមន្ត្រីការបរទេស Hiroshi Mitsuzuka។ នៅឆ្នាំ ១៩៨៩ ពេលសន្និសីទ(ទីក្រុង)ប៉ារីសចាប់ផ្តើម គាត់ធ្វើបានតែជាង ១ ខែទេ ហើយបានមកដល់ Taro Nakayama ជាមួយ Toshiki Kaifu។ ក្រោយមកជំនាន់ Hashimoto Ryutaro គាត់ធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។ ពេលហ្នឹង ក្នុងអង្គប្រជុំ រដ្ឋមន្ត្រីការបរទេសជប៉ុន អង្គុយមើលតែមុខខ្ញុំ ហើយជារដ្ឋមន្ត្រីជប៉ុនទី ១ ដែលចាប់ដៃជាមួយខ្ញុំ។ ពេលនោះខ្ញុំទៅណាគេមិនសូវរាប់រកទេ ប៉ុន្តែពេលហ្នឹងគាត់ចាប់ដៃជាមួយខ្ញុំ។ ក្រោយមកនៅឆ្នាំ ១៩៩០ ខ្ញុំទៅពិនិត្យសុខភាពនៅជប៉ុន។ ពេលនោះ គាត់បានទៅសួរសុខទុក្ខខ្ញុំនៅមន្ទីរពេទ្យ។ ខ្ញុំក៏សួរគាត់ត្រង់តែម្តងថា “ខ្ញុំចង់សួរឯកឧត្តមបន្តិច។ ហេតុអីបានជានៅសន្និសីទ(ទីក្រុង)ប៉ារីស ឯកឧត្តម អង្គុយមើលមុខខ្ញុំ។ ក្រោយមកយើងក៏ជួបគ្នានៅក្នុងពិធីជប់លៀងនៅ Quai d’Orsay ក្រសួងការបរទេសបារាំង គាត់ថា អតីតកាល ជប៉ុនធ្លាប់មានការបែកបាក់។ ប៉ុន្តែ មានយុវជនជប៉ុនម្នាក់ ដែលមានសេចក្តីក្លាហានចេញមកបង្រួបបង្រួមប្រទេសជប៉ុន។ គាត់គិតថា យុវជនជប៉ុន ដែលធ្លាប់បង្រួបបង្រួមជប៉ុននោះហើយ ដែលមកចាប់ជាតិនៅស្រុកខ្មែរ គឺ ហ៊ុន សែន។ វេជ្ជបណ្ឌិតជប៉ុន ជាមួយអតីតរដ្ឋមន្ត្រីការបរទេសរបស់ជប៉ុន Mitsuzuka ដាក់ឈ្មោះជប៉ុនអោយខ្ញុំគឺ យ៉ាម៉ាអូឈិ អ៊ីឈីរូ។ អញ្ចឹង បានជាខ្ញុំមានឈ្មោះនៅក្នុងមន្ទីរពេទ្យរបស់ជប៉ុន ខ្ញុំឈ្មោះ យ៉ាម៉ាអូឈិ អ៊ីឈីរូ ប្រពន្ធខ្ញុំ(ឈ្មោះ) យ៉ាម៉ាអូឈិ កាស៊ីកុ។ ដាក់គ្រាប់ភ្នែកជប៉ុនទៀត។ អញ្ចឹង​ បានគេថា លោក ហ៊ុន សែន មានទស្សនៈវែងឆ្ងាយមកពីដាក់គ្រាប់ភ្នែករបស់ជប៉ុន។ និយាយលេងទេ គ្មានពីណាចង់ខូចភ្នែកទេ …។

ការស្វះស្វែងរកការកំចាត់ចោលកម្លាំងកងទ័ពមីយ៉ាន់ម៉ា ជាចំការបង្រួបបង្រួមជាតិឬទេ?

ខ្ញុំនៅតែអរគុណចំពោះការដែលជប៉ុននៅបន្តគាំទ្រដំណើរទស្សនកិច្ចរបស់ខ្ញុំទៅមីយ៉ាន់មា ក្នុងពេលដែលមនុស្សមួយចំនួនធ្វើអត្ថាធិប្បាយថា ជាការទូតប្រថុយប្រថាន។ ខ្ញុំសុំសួរមួយម៉ាត់ តើវាងាប់ឬស្អី? តើមានមនុស្សប៉ុន្មាននាក់ហើយងាប់ដោយសារទស្សនកិច្ចរបស់ខ្ញុំ? ផ្ទុយទៅវិញ ដំណើរស្វែងរកសន្តិភាព មិនមែនទៅព្រឹកមកវិញបានផលល្ងាចទេ? ចាំមើលទៅ ខ្ញុំវាយក្រឡាទុកឱ្យ។ បើសិនជាធ្វើរបៀបហ្នឹង ៥ ឬ ១០ ឆ្នាំទៀត​។ ខ្ញុំនិយាយក្នុងនាមកម្ពុជា មិនមែនក្នុងនាមប្រធានអាស៊ានទេ។ សូមកុំចងភ្ជាប់ខ្ញុំជាមួយនឹងប្រធានអាស៊ាន។ ប៉ុន្តែ ចក្ខុវិស័យរបស់ ហ៊ុន សែន ច្បាស់ណាស់ថា បើបន្តបែបនេះ ៥-១០ ឆ្នាំទៀត ប្រហែលជាមិនទាន់ឃើញពន្លឺសន្តិភាពនៅមីយ៉ាន់មាទេ … ឥឡូវ បានទាំងពីរនាក់។ ប្រធានអាស៊ានក៏ត្រូវមាត់ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក៏ត្រូវមាត់។ គាត់ធ្វើអត្ថាធិប្បាយអំពីការបែងចែកអំណាច។ មានអ្នកទៅជេរគាត់ទៀត។ អញ្ចឹង មានន័យថាអ្នកនោះកំពុងស្វះស្វែងរកការកំចាត់ចោលទាំងស្រុងនូវកម្លាំងកងទ័ពមីយ៉ាន់ម៉ា។

តើនេះជាចំណុចបង្រួបបង្រួមជាតិ ឬចំណុចបំផ្លាញចោលនូវរចនាសម្ព័ន្ធកងទ័ពមីយ៉ាន់ម៉ាទាំងស្រុង? តើ(ខាងយោធា)សុខចិត្តទេ? ត្រឹមតែគេមានធ្មេញក៏ពិបាកទៅធ្វើជាមួយគេផង។ អ្នកឯងចាំមើលទៅ។ ខ្ញុំថ្លែងពីខេត្តក្រចេះ បើបន្តធ្វើតែរបៀបហ្នឹង ប្រធានអាស៊ានក៏ត្រូវមាត់ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលជួបខ្ញុំតាមអនឡាញជាមួយគ្នា ថានឹងសហការគ្នា គាត់ធ្វើអត្ថាធិប្បាយទាក់ទងនឹងការបែងចែកអំណាច (ក៏ត្រូវមាត់)។ មានគេទៅជេរគាត់ទៀតថា ការបែងចែកអំណាចអញ្ចឹងវាអត់ត្រូវ។ អញ្ចឹងមានន័យថា ទិសដៅរបស់គេកម្ចាត់កម្លាំងយោធាមីយ៉ាន់ម៉ាចោល។

ពាក្យ “កម្ចាត់” ហ្នឹងហើយ ដែលទៅមិនរួច។ ខ្ញុំទៅមានវិធីសាស្ត្រ(របស់ខ្ញុំ)។ ដើម្បីបំផ្លាញចោលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ខ្ញុំត្រូវដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលមានបីចំណុចសំខាន់៖ ទី (១) ធានាអាយុជីវិត និងរូបកាយរបស់គេ ទី (២) ធានាអាជីពនិងមុខរបរ ទី (៣) ធានានូវកម្មសិទ្ធិលើអចលនទ្រព្យនិងចលនទ្រព្យ។ (រួចពីនោះ)បានឈានទៅដល់ដំណាក់កាលរលំរលាយនៃអង្គការចាត់តាំង នយោបាយ និងយោធារបស់ខ្មែរក្រហម។ មេដឹកនាំខ្មែរក្រហមថ្នាក់ប្រមុខរដ្ឋ ថ្នាក់នាយករដ្ឋមន្ត្រី ថ្នាក់ប្រធានសភា និយាយរួមមួយគណៈរដ្ឋមន្រ្តីមកស៊ីបាយនៅផ្ទះខ្ញុំ។ វាមិនទាន់ធ្លាប់មានទេ។ បើសូម្បីតែប្រេសិតពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយប៉ុណ្ណឹង អ្នកឯងចាប់ផ្ដើមវាយទៅហើយ អញ្ចឹងប្រធានអាស៊ានក៏អត់មានធ្វើអីកើត។

(បើ)ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិធ្វើមិនកើត មានតែនៅមីយ៉ាន់ម៉ា បន្តមនុស្សស្លាប់តែប៉ុណ្ណឹង ស្លាប់ដោយបាញ់គ្នា ស្លាប់ដោយអត់បាយ ដែលក្លាយទៅជាវិបត្តិមនុស្សធម៌នៅពេលខាងមុខ​។ តើត្រូវធ្វើយ៉ាងម៉េច? (បើ)យើងនៅស្ងៀម (គេថា)ប្រធានអាស៊ាននេះអត់សកម្ម។ អញ្ចឹងគឺឲ្យធ្វើយ៉ាងម៉េច ឲ្យធ្វើតាមរបៀបដដែល? (តាមរបៀប)ដដែលហ្នឹងវាមិនចេញ។ អញ្ចឹងទេ ខ្ញុំមិនតបតអីទេ គ្រាន់តែពន្យល់ឲ្យយល់ខ្លះ។ មិនប្រាកដទេណា ថាប្រទេសអ្នកក្រហ្នឹង ចក្ខុវិស័យរបស់វាទន់ខ្សោយ ហើយក៏មិនប្រាកដថាប្រ​ទេសអ្នកមាន មានចក្ខុវិស័យពូកែទេណា។ ប្រទេសខ្លះរកតែសន្តិភាពនៅក្នុងប្រទេសខ្លួនឯងក៏មិនទាន់បានទេ។ ខ្ញុំសូមបញ្ជាក់ម្ដងទៀត ខ្ញុំមានលទ្ធភាពរកសន្តិភាពត្រឹមតែកុំឲ្យវាយគ្នាតែប៉ុណ្ណោះ ប៉ុន្តែសន្តិភាពផ្លូវចិត្តខ្ញុំអត់មានលទ្ធភាពទេ សុំទោស។ លោកឯងចូលខារ៉ាអូខេ ទៅវិញប្រពន្ធរករឿង អត់មានសន្តិភាពផ្លូវចិត្តទេ មែនទេ? …។

បង្កលក្ខណៈដល់បណ្ដាបក្សនយោបាយ ធ្វើសកម្មភាពប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់

ខ្ញុំក៏សូមយកឱកាសនេះអំពាវនាវចំពោះគ្រប់ខេត្ត-រាជធានី ក៏ដូចជាមូលដ្ឋានរបស់ប្រទេសយើងទាំងអស់ បង្កលក្ខណៈសម្បត្តិសម្រាប់បណ្ដាបក្សនយោបាយនានាធ្វើសកម្មភាព ដែលនៅសល់តែប៉ុន្មានខែទៀត ការបោះឆ្នោតមួយនឹងមកដល់ហើយ។ ដូច្នេះ គណបក្សនយោបាយដែលបានចុះបញ្ជីដោយស្របច្បាប់ទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ​ចាំបាច់​បង្កលក្ខណៈ​ត្រូវផ្ដល់លទ្ធភាពឲ្យពួកគេមានឱកាសធ្វើសកម្មភាព។ ​យុទ្ធនាការបោះឆ្នោតមិនទាន់មកដល់ទេ​ តែគេមានឱកាសជួបជុំសមាជិក/ជិការបស់គេ​ មិនមែនចាំបាច់​ទៅដល់ឃោសនាបោះឆ្នោតទេ។ គេមានលទ្ធភាពដើម្បីសុំការអនុញ្ញាតដើម្បីនឹង​លើកផ្លាក មូលដ្ឋានក៏ត្រូវបង្កលក្ខណៈសម្បត្តិ​។ មិនមែនមានតែបក្សកាន់អំណាចមួយទេ ដែលមានសិទ្ធិលើកផ្លាកនោះ។ បក្សដទៃទៀតក៏មានសិទ្ធិលើកផ្លាកដូចយើង។ កន្លែងហ្នឹងយើងអាចប្រជុំបាន ជាទីធ្លាសាធារណៈ គណបក្សដទៃក៏អាចប្រជុំបានដែរ។​

អញ្ចឹងខ្ញុំសុំអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈសម្បត្តិដល់បណ្ដាបក្សនយោបាយដែលនឹងត្រូវចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ ទទួលបាននូវឱកាសសម្រាប់ការជួបជុំ​ ការរៀបចំចុះទៅ​ជួបប្រជាជនដែលជាសមាជិក/ជិការបស់ពួកគេ ដោយគ្មានការរំខានណាមួយទីមួយ ហើយ​យើងត្រូវខិតខំជួយការពារ សុវត្ថិភាពបណ្ដាបក្សនយោបាយ កុំឲ្យមានការបោះឆ្នោតមួយញាំញីដោយអំពើហិង្សា រហូតទៅដល់មានមនុស្សគ្រោះថ្នាក់។ ប៉ុន្មានការបោះឆ្នោតចុងក្រោយនេះ យើងគ្មានមនុស្សស្លាប់ ឬរបួសដោយការបោះឆ្នោតទេ។ នៅក្នុងជំនាន់អ៊ុនតាក់ ហើយក្រោយមកក៏នៅមាន ប៉ុន្តែរយៈពេលចាប់ពីឆ្នាំ ២០០៣ រហូតមក ដូចជាយើងមិនដែលមានអ្នកស្លាប់ ឬរបួសដោយសារការបោះឆ្នោតនោះទេ។

អញ្ចឹង ខ្ញុំសូមអំពាវនាវឲ្យគ្រប់មូលដ្ឋានទាំងអស់គ្រប់ខេត្ត​ ធានាយ៉ាងម៉េចឲ្យសេរីភាពបណ្ដាបក្សនយោបាយគេអាចមានឱកាសធ្វើការជួបជុំ គេអាចមានឱកាសដើម្បីលើកផ្លាកសញ្ញាគណបក្សនៅទីកន្លែងដែលយើងបាន(អនុញ្ញាត)ឲ្យ។​ គណបក្សនយោបាយនានា ក៏ត្រូវតែគោរពនូវបែបបទដែលមានចែងនៅក្នុងច្បាប់ជាធរមាន និង​បទបញ្ញត្តិដោយ គ.ជ.ប ជាធរមានផងដែរ។ ធ្វើយ៉ាងនេះ យើងអាចធ្វើដំណើរទៅមុខនៅក្នុងការបើកលំហប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង។ បក្សថ្មីៗបានបង្កើតច្រើនណាស់ ហើយមានខ្លះក៏កំពុងមានត្រៀមរៀបចំដើម្បីបង្កើតនូវសម្ព័ន្ធភាពបក្ស​​​។ ពិតមែនតែមានគណបក្សណាមួយនោះ គណបក្សកម្លាំងប្រជាធិបតេយ្យចេញមកបដិសេធថា “ខ្ញុំអត់បានដឹងរឿងអីផង​ ហើយមកយកឈ្មោះខ្ញុំទៅផ្សាយតាមវិទ្យុបារាំង ថាចូលរួម” នោះជាសិទ្ធិនៃការធ្វើនយោបាយនៃបណ្ដាបក្សនយោបាយដែលគេត្រូវបានចុះបញ្ជីដោយក្រសួងមហាផ្ទៃ។

នេះគ្រាន់តែជាការអំពាវនាវ។ ការអំពាវនាវរបស់នាយករដ្ឋមន្រ្តី វាដូចជាបទបញ្ជាមួយដែរ ព្រោះតែដល់មានរឿងអីទៅ គេជេរ មានជេរនរណា មានតែជេរនាយករដ្ឋមន្រ្តីដដែល។ អញ្ចឹងនាយករដ្ឋមន្រ្តីអំពាវនាវ ក៏ដូចជាដាក់ចេញបទបញ្ជាបង្កលក្ខណៈដល់បណ្ដាបក្សនយោបាយមានសេរីភាពក្នុងការធ្វើសកម្មភាព។ ប៉ុន្តែ ត្រូវចាំច្បាស់ គណបក្សនយោបាយដែលទទួលស្គាល់តាមផ្លូវច្បាប់ មានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃតែប៉ុណ្ណឹងទេ។ បក្សអារាត់អារាយ មិនស្របច្បាប់ រឿងមួយផ្សេងទៀត។ ការបោះឆ្នោត(ដំណើរការ)ខែ ៦ ឥឡូវខែ ៣ ហើយ គេចាប់ផ្ដើមដាក់ឈ្មោះបេក្ខជនហើយសម្រាប់ការបោះឆ្នោត។ ឥឡូវប្រហែលបណ្ដាបក្សនយោ​បាយនានាកំពុងប្រឹងរត់ដើម្បីរៀបចំសមាសភាពក្រុមប្រឹក្សាឃុំ/សង្កាត់។ ដាក់ទៅ សម្រាប់ការប្រកួត​ប្រជែងការបោះឆ្នោតខាងមុខ។

បន្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

ថ្ងៃនេះ ខ្ញុំបានពាំនាំមកសម្រាប់សាលាក្រុងខេត្តក្រចេះចំនួន ២ លានរៀល។ សម្រាប់គ្រូពេទ្យប្រចាំការក្នុងកម្មវិធីចំនួន ៣ លានរៀល។ ជូនក្រុមតន្រ្តីសម័យ ៥ លានរៀល។ ជាមួយនេះ ខ្ញុំក៏គួរតែបញ្ជាក់ផងដែរថា យើងបន្តការខិតខំតទៅទៀតក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។ សភាពការណ៍នៅប្រទេសរបស់យើង ម្សិលមិញមានការធ្លាក់ចុះពីជាង ៥០០ មកនៅ ១៨៤។ ព្រឹកនេះអាចនិងកំពុងបង្ហោះចេញទៅហើយ ២០៤ ករណី។ បើយោងទៅលើអ្វីដែលយើងបានដឹង នៅតាមផ្ទះនីមួយៗ ធ្វើតេស្តខ្លួនឯង តេស្ដឃើញទៅ ព្យាបាលខ្លួនឯងនៅផ្ទះ អត់ចុះបញ្ជីទេ។ នៅមានរបៀបហ្នឹង។ វានៅតែ អូមីក្រុង។ ឥឡូវហ្នឹង ដែលតា និងអាល់ហ្វា ដូចជាចាកចេញពីស្រុកខ្មែរអស់។ ឆ្លងច្រើន តែវាមិនស្លាប់ ក៏ប៉ុន្តែក៏វាមិនល្អដែរ។ នៅវៀតណាមបច្ចុប្បន្ននេះទើបនឹងមាន អូមីក្រុង ១៩០ ជាងតែប៉ុណ្ណឹងទេ ក្រៅពីនោះនៅសល់ ដែលតា និងអាល់ហ្វាទាំងអស់​។ ម្សិលមិញនេះ វៀតណាមបានឆ្លង(កូវីដ­-១៩)កើនឡើងរហូតទៅដល់ជាង ៣ ម៉ឺននាក់ក្នុងមួយថ្ងៃ ប៉ុន្តែចំនួនអ្នកស្លាប់ថយចុះ ដោយសារប្រទេសវៀតណាម បានចាក់វ៉ាក់សាំងបានច្រើនហើយ។ អញ្ចឹងមុននេះ ឆ្លងជាង ១ ម៉ឺននាក់ ប៉ុន្តែស្លាប់ ១០០ ជិត ២០០ នាក់(ក្នុងមួយថ្ងៃ) ឬលើស ២០០ នាក់(ក្នុងមួយថ្ងៃ) ប៉ុន្តែឥឡូវគាត់ឆ្លង(កូវីដ­-១៩)ដល់ ៣ ម៉ឺននាក់ ប៉ុន្តែមកស្លាប់ ៨០ នាក់ ឬ ៩០ នាក់ទេ(ក្នុងមួយថ្ងៃ)។ យើងឃើញថា វ៉ាក់សាំងនេះ វាជួយទប់កុំឱ្យមនុស្ស(ឆ្លងកូវីដ­-១៩)ចូលទៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

លុបចោលការជួបសិស្សនិទ្ទេស A និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ការពារការឆ្លងរីករាលដាល

អញ្ចឹងត្រូវបន្ដការខិតខំ(ការពារ ទប់ស្កាត់កូវីដ­-១៩)។ ខ្ញុំសម្រេចលុបចោលជំនួប ០២ ដែលថ្ងៃមុន ខ្ញុំបាននិយាយថា ឱ្យបណ្ដាខេត្តត្រៀមរៀបចំបញ្ជូនសិស្សនិទ្ទេស A ទៅកាន់ទីក្រុងភ្នំពេញ។ ប៉ុន្តែមិនអាចប្រថុយធ្វើអញ្ចឹងទេ។ ផ្អាកសិន។ ឥឡូវ iPad មកដល់ហើយ។ ពេលណាសភាពការណ៍ធូរស្រាល យើងរៀបចំឡើងវិញ ឬក៏កំពុងតែគិតថា បើសិនជាការរីករាលដាល(កូវីដ­-១៩)មិនធូរស្រាលទេ យើងអាចរៀបចំជំនួបដោយតាមអនឡាញជាមួយនឹងក្មួយៗ ចៅៗ (នៅតាមខេត្ត)វិញ (ឯអ្នក)នៅភ្នំពេញអាចចូលរួមផ្ទាល់ … ហើយខ្ញុំគ្រាន់តែជូនអ្វីដែលខ្ញុំត្រូវផ្ដល់ឱ្យចៅៗទាំងនោះ ទៅតាមខេត្ត។ ជំនួបមួយទៀត គឺជំនួបជាមួយនឹងគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដែលត្រូវធ្វើនៅថ្ងៃទី ១៨ នេះ ក៏ត្រូវលុបចោលដែរ ព្រោះការជួបជុំនៅពេលវេលាមួយនេះ គឺមិនសមរម្យ វាអាចក្លាយទៅជា អ្នកទៅពីបណ្ដាខេត្ត ត្រឡប់មកវិញនាំអូមីក្រុងពីភ្នំពេញ មកខេត្តវិញ។ អញ្ចឹងបានជាខ្ញុំស្នើសុំផ្អាក សុំការយោគយល់អំពីបញ្ហានេះ។

ជំរុញពន្លឿនការចាក់ដូសជំរុញ

យើងត្រូវបន្តប្រយុទ្ធជាមួយនឹងបញ្ហានេះតទៅទៀត ហើយខ្ញុំអំពាវនាវឱ្យមនុស្សទៅទទួលយកវ៉ាក់សាំងដូស​ជំរុញ ដែលមកដល់ពេលនេះ (ខ្ញុំ)មើលនៅក្នុងអត្រា (អ្នកមកចាក់វ៉ាក់សាំងដូសជំរុញ)វាយឺតពេក។ បើប្រៀបធៀបទៅនឹងពេលដែលយើងចាក់មុន ក្នុងមួយថ្ងៃ ១០ ម៉ឺននាក់ ២០ ម៉ឺននាក់ ឥឡូវអត់ទេ។ ក្នុងចំណោមមនុស្ស ១៤ លាននាក់ជាងដែលបានចាក់វ៉ាក់សាំង ការចាក់ដូសជំរុញដែលជាដូសទី ៣ ទើបនឹងបានជាង ៦ លាននាក់តែប៉ុណ្ណោះ នៅ ៨ លាននាក់ទៀត ដែលមិនទាន់បានចាក់។ ឯអ្នកចាក់ដូសជំរុញលើកទី ៤ ទើបនឹងចាក់បាន ៦០ ម៉ឺននាក់ ក៏វាគ្រាន់បើដែរ ព្រោះហ្នឹងជាអ្នកជួរមុខ ដែលប្រឈមជាមួយនឹងហានិភ័យ។ អញ្ចឹងខ្ញុំសុំពន្លឿន ជំរុញឱ្យការវ៉ាក់សាំងនេះ ឱ្យបានលឿនជាងមុន។ សុំកុំភ្លេច វ៉ាក់សាំងនៅពេលដែលយើងចាក់បាន ២ ដូស កុំរំពឹងទៅលើវាខ្លាំងពេក វាអាចនឹងអស់ ត្រូវបង្កើនប្រសិទ្ធភាពដោយដូសទី ៣ ឬដូសជំរុញ … ប៉ុន្តែវ៉ាក់សាំង ទោះបីចាក់ប៉ុន្មានដូសក៏ដោយ ទប់អត់ជាប់ទេ ត្រូវតែអនុវត្តនូវវិធានការ ៣ការពារ ៣កុំ។ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ រក្សាគម្លាត តែប៉ុណ្ណឹង។ ឯ ៣កុំ គឺកុំនៅកន្លែងបិទជិតដែលមានសុទ្ធតែម៉ាស៊ីនត្រជាក់ កុំទៅកន្លែងដែលមានមនុស្សច្រើន ហើយកុំប៉ះពាល់គ្នា។

ខ្ញុំភ័យដែរ នៅឯប្រទេសកូរ៉េ ចុះឡើងៗចាប់ដៃគ្នាពេញហ្នឹង អ្នកធំៗ។ ខ្ញុំអង្គុយក្បែរ Mike Pence អនុប្រធានា​ធិបតីអាមេរិក។ តិចៗ ចាប់ដៃគ្នាៗ ប៉ុន្តែគាត់ក៏អត់អី។ អតីតប្រធានសភារបស់អាមេរិក តិចៗ ចាប់ដៃគ្នា​។ មកដល់(ភ្នំពេញ)ធ្វើតេស្ដរហ័ស អត់អី(អវិជ្ជមានកូវីដ­-១៩)។ គេយកទៅធ្វើ PCR ដល់ម៉ោង ១១ យប់ គេប្រាប់មក​​ថា អត់មានអីទេ ធូរទ្រូងបន្ដិច … ខ្ញុំផ្ដាំផ្ញើមេដឹកនាំទាំងអស់ កុំទុកចិត្តពេកជាមួយនឹងអ្នកបើកឡាន ហើយនិងអង្គរក្ស។ សូម្បីតែផ្ទះខ្ញុំ ០២ ដងរួចហើយ។ លើកទី ១ គឺអ្នកលើកម្ហូបឱ្យខ្ញុំតែម្ដង​ កើតក្នុងផ្ទះ អង្គរក្សទើបដឹង​។ ដលសួរថា “អ្ហែងទៅណា បានកើត?” ដល់ពេលវាចេញរោគសញ្ញាហើយ បានវាប្រាប់យើងថា វាទៅណាៗ។ ធ្លាប់ប្រាប់ហើយថា បើអ្ហែងចង់ចេញទៅ ត្រឡប់មកវិញត្រូវធ្វើតេស្ដអីយ៉ាងម៉េចៗ ប៉ុន្តែវាមានម៉ូតូ មានឡាន។ នៅក្នុងពេលប្រជុំគណៈរដ្ឋមន្រ្តី ខ្ញុំបានប្រាប់ហើយ កុំទុកចិត្តអង្គរក្ស កុំទុកចិត្តអ្នកបើកឡាន …។

ហ៊ុន ម៉ាណែត និងភរិយា រៀបចំការការពារការរីករាលដាលកូវីដ-១៩ ក្នុងព្រះបរមរាជវាំង

ក្នុងព្រះបរមរាជវាំង (ឯកឧត្តម) ហ៊ុន ម៉ាណែត និងប្រពន្ធរបស់គេ ជាពិសេស ហ៊ុន ម៉ាណែត បានត្រៀមប៉ុន្មានស្រទាប់ឯណោះ ដើម្បីកុំឱ្យរាលដាល(កូវីដ­-១៩)ទៅដល់ព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ។ ឯនៅជុំវិញខ្ញុំនេះ កូនៗខ្ញុំ បូកជាមួយនឹងវេជ្ជបណ្ឌិតការពារខ្ញុំ គេរៀបច្បាស់ណាស់ … ប៉ុន្តែពេលដែលយើងអត់នៅ វា(ដើរលេង)ទៅភ្នំគូលែនឯណោះ ត្រឡប់មកវិញ នាំកូវីដ­-១៩ ចូលក្នុងផ្ទះ។ សំណាងល្អ ដែលមុនពេលដែលខ្ញុំទៅវាយកូនគោលអញ្ចឹង គេចាប់ផ្ដើមធ្វើតេស្ដ នរណាខ្លះត្រូវដើរជាមួយខ្ញុំ រាប់ទាំងអ្នកវាយជាមួយ គេត្រូវធ្វើតេស្ដ ក្រែងលោកើតកូវីដ­-១៩។ អាហ្នឹងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ទើបឈ្នះនូវសង្រ្គាមក្នុងការប្រឆាំងជាមួយនឹងកូវីដ­-១៩ នេះ។ខ្ញុំត្រូវប្រញាប់ត្រឡប់ទៅភ្នំពេញវិញ ហោះមិនដល់ ១ ម៉ោងទេ។ ល្ងាចនេះ ត្រូវជួបភ្ញៀវ គឺថាចង់វាយកូនគោលយប់ ប៉ុន្តែមើលទៅមិនវាយទេ។ ឥឡូវនេះ កំពុងកើតទុក្ខមែនទែន … វាអត់មានខោអាវស្លៀកពាក់ ព្រោះអី? … ពិបាករឿងឡើងគីឡូនេះ …។

ថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន

ជាថ្មីម្ដងទៀត តាមរយៈឯកឧត្តម មិកាមិ សូមផ្ដាំផ្ញើ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈដែលបានផ្ដល់ជំនួយមក សម្រាប់ការសាងសង់ស្ពានទាំង ០៧ កន្លែងនេះ ដែលមានតម្លៃ ៣៥ លានដុល្លារ ហើយបើគិតទាំងថវិកាបដិភាគ ដែលកម្ពុជាផ្ដល់ យើងចេញជាសាច់ប្រាក់សម្រាប់ការដោះស្រាយផលប៉ះពាល់មាន ១,៣ លានដុល្លារ ហើយបើគិតទាំងពន្ធដារផង ស្ពានទាំងប៉ុន្មាននេះ គឺចំណាយរហូតទៅដល់ ៤០ លានដុល្លារ។ បើយើងមិនគិតពីពន្ធដារទេ កម្ពុជាបានចំណាយ ១,៣ លានដុល្លារ សម្រាប់ការដោះស្រាយផលប៉ះពាល់ និងការបំផ្លាញគ្រាប់មិនទាន់ផ្ទុះ។ អញ្ចឹងយើងប្រើប្រាស់ជំនួយឥតសំណងផង និងថវិកាមួយភាគ​តូចរបស់រាជរដ្ឋាភិបាលកម្ពុជាផង។ ជាមួយនឹងការប្រកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានចំនួន ០៧ កន្លែង ប្រវែង ៦៧០ ម៉ែត្រនៅតាមផ្លូវជាតិលេខ ១១ និងនៅតាមផ្លូវជាតិលេខ ៧៣ ខ្ញុំសូមជូនពរឱ្យចំណងមិត្តភាពកម្ពុជាជប៉ុន ស្ថិតស្ថិរជានិច្ចកាល។ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ សូមជួបប្រទះនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

អ្នកវិភាគចៅចាក់ស្មុក៖ ពិភពលោកកំពុងគ្របដណ្តប់ដោយមនោគមន៍វិជ្ជាហិង្សានិយមជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងមនោគមន៍វិជ្ជាសន្តិភាពនិយម

(ភ្នំពេញ)៖ ក្នុងសម័យកាលសង្គ្រាមត្រជាក់ពីអតីតកាល ពិភពលោកគ្របដណ្តប់ដោយមនោគមវិជ្ជាលោកសេរី និងមនោគមន៍វិជ្ជាកុម្មុ យនិស្ត ប៉ុន្តែនៅក្នុងសង្គ្រាមត្រជាក់សម័យថ្មីនេះ ពិភពលោកត្រូវបានគេមើលឃើញថាបាននិងកំពុងតែផ្តោតលើមនោគមន៍វិជ្ជាហិង្សានិយមនិងមនោគមន៍វិជ្ជាសន្តិភាពនិយម។ មនោ គមវិជ្ជាថ្មីទាំងពីរនេះបានដើរប្រណាំងគ្នា។ មនោគមវិជ្ជាហិង្សាជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បានធ្វើឱ្យពលរដ្ឋនៅបណ្តាប្រទេសមួយចំនួនស្រក់ទឹកភ្នែក រងគ្រោះបាត់បង់ជីវិតមនុស្ស របួសពិការ និរាសព្រាត់ប្រាស់ក្រុមគ្រួសារសាច់ញាតិ និងឃ្លាតចាកចោលស្រុកទេស ខណៈ មនោគមវិជ្ជាសន្តិភាពនិយមដែលមនុស្សទូទៅប្រាថ្នាចង់បាន ធ្វើឱ្យពលរដ្ឋនៃប្រទេសមួយចំនួនទទួលបានមកវិញនូវស្នាម ញញឹម ភាពសុខសាន្ត ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើ គ្រប់វិស័យ ពលរដ្ឋរីករាយ។ អ្វីដែលគួរអនិច្ចា បណ្តាប្រទេស មួយចំនួនដែលធ្លាប់តែសុខសាន្តមានសន្តិភាពបែរជាធ្លាក់ចូលក្នុងមនោគមវិជ្ជាហិង្សាដោយសារតែការយល់ច្រឡំ និងការ បោកបញ្ឆោតរបស់ក្រុមប្រទេសមួយចំនួនដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ពួកគេ។

មនោគមន៍វិជ្ជាលោកខាងលិចបច្ចុប្បន្ននេះមិនមែនជាមនោ គមវិជ្ជាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដ៏បរិសុទ្ធឡើយ តែ ធាតុសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យត្រូវបានគេប្រើជា ឡប់ឡែបិទបាំងនូវមហិច្ឆតាគ្មានព្រំដែននៃក្រុមអ្នកតាំងខ្លួនជា មាតានិងបិតាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនេះ។ មនោគមវិជ្ជានេះបានប្រែធាតុរបស់ខ្លួន និងធ្វើឱ្យមនុស្សមានការយល់ច្រឡំ និងក្លាយជាការបង្កើតឱ្យមានអ្នកឱកាសនិយម ព្រមទាំងបង្កើតភាពជ្រួលច្របល់ក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលខ្វះសីលធម៌ និងគុណធម៌។ បុគ្គលមួយចំនួនបានលង់ខ្លួននឹងពាក្យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរហូតដល់ភ្លេចជាតិ និងភ្លេចកំណើតរបស់ខ្លួន និងហ៊ានធ្វើអ្វីៗទាំងអស់ទាំងងងឹតងងល់តាមការបញ្ចុះបញ្ជោល បោកបញ្ឆោត បំពាក់បំប៉នមនោគមវិជ្ជារបស់ប្រទេសបិតាប្រជាធិបតេយ្យមួយចំនួន។ មនោគមវិជ្ជានេះបាននឹងកំពុងតែធ្វើឱ្យមនុស្សជាតិបែកបាក់គ្នាយ៉ាងខ្លាំង មានជម្លោះរវាងរដ្ឋ និងរដ្ឋ ជម្លោះរវាងពលរដ្ឋមួយក្រុមនិងពលរដ្ឋមួយក្រុមទៀត ជម្លោះពលរដ្ឋនិងរដ្ឋអំណាចក្នុងជាតិសាសន៍តែមួយ។ ពេលខ្លះ មនោគមវិជ្ជានេះបានរុញច្រានប្រទេសមួយឱ្យកើតហិង្សា បំផ្លាញសន្តិភាព បង្កើតភាពតានតឹងផ្នែកនយោបាយ បង្កភ្នក់ភ្លើងជាសង្គ្រាម ស្លាប់មនុស្សយ៉ាងរង្គាល ក្រោមទិសស្លោកដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ក្រោមឆ័ត្រនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បណ្តាប្រទេស មួយចំនួនបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលក្រោយពីពលរដ្ឋមួយ ចំនួនចាញ់បោកមនោគមវិជ្ជាហិង្សាដោយការប្រើប្រាស់អំណាចប្រជាពលរដ្ឋ «បដិវត្តន៍ពណ៌»ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់ខ្លួនក្រោកលល្បិចបរទេស ដូចជាលីប៊ី ស៊ីរី ទុយណេស៊ី យ៉េម៉ែន អ៊ីរ៉ាក់ជាដើម។ តាមរយៈទឡ្ហីករណ៍ទាំងនេះ បានចាប់ផ្តើមឱ្យគេចោទសួរអំពីភាពបរិសុទ្ធនៃគោលការណ៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យរបស់បស្ចឹមលោកថាពិតជាជួយលើកតម្កើងតម្លៃមនុស្ស និងគុណតម្លៃសិទ្ធិមនុស្សពិតប្រាកដឬទេ ខណៈមនោគមវិជ្ជានេះបាន ធ្វើឱ្យពិភពលោកបាត់សណ្តាប់ធ្នាប់ និងបង្កអំពើភាពតានតឹង និងហិង្សាជាញឹកញាប់។ តើគេគួរតែបន្តគោរពមនោគមវិជ្ជាហិង្សានិយមក្រោមស្លាកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ និងបន្តយកមនោគមវិជ្ជាលោកខាងលិចនេះជាគំរូទៀតដែរឬទេ? ជាសំណួរដែលអាចនឹងអនុញ្ញាតឱ្យយើងពិចារណាពីលទ្ធផលនៃ បណ្តាប្រទេសមួយចំនួនដែលទទួលយកដោយភាន់ច្រឡំនូវ មនោគមវិជ្ជាហិង្សាជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្លែងក្លាយនេះ។ ប្រទេសមួយចំនួនដែលផ្លាស់ប្តូររបបដឹកនាំក្រោមមនោគមវិជ្ជាថ្មីនៃលោកខាងលិចបាននិងកំពុងស្តាយ ក្រោយ ដូចជាស៊ីរី លីប៊ីជាដើមដែលបានប្រែក្លាយប្រទេសពី សន្តិភាពនិងការអភិវឌ្ឍទៅជាសង្គ្រាមស៊ីវិល និងការបំផ្លិចបំផ្លាញរាប់ដល់ដី។ នេះក៏ជាលទ្ធផលនៃការរងគ្រោះក្រោមរូបភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បូរណភាពដែនដី និងអធិបតេយ្យភាពដែលមហាអំណាចតែងតែបង្រៀននិងសូត្រដាក់បណ្តាប្រទេសនៅលើលោក។

ប៉ុន្តែទន្ទឹមនឹងនេះ មនោគមវិជ្ជាសន្តិភាពនិយមក៏បាននិងកំពុងតែរីកដុះដាលនៅលើពិភពលោកដែរ ជាពិសេសក្នុងចំណោម បណ្តាប្រទេសដែលធ្លាប់រងគ្រោះ និងត្រូវបានបំផ្លិចបំផ្លាញដោយតែឥទ្ធិពលនៃសង្គ្រាមត្រជាក់ និងជ្រៀតជ្រែកផ្នែកនយោបាយ និងការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំដែលមហាអំណាចបស្ចឹមប្រទេសយល់ថាមិនបម្រើផលប្រយោជន៍ឱ្យខ្លួន។ សន្តិភាពដែលរកបានមកដោយពិបាកនេះត្រូវតែថែរក្សាឱ្យបានល្អ ហើយបណ្តាប្រទេសទាំងនោះខិតខំប្រឹងប្រែងការពារប្រឆាំងនឹងការជ្រៀតជ្រែកបរទេសក្នុងកិច្ចការផ្ទៃក្នុង និងខិតខំការពារខ្លួនទប់ស្កាត់ការជ្រៀតជ្រែករបស់បរទេសសាជាថ្មី ព្រមទាំងនាំគ្នាផ្សព្វផ្សាយពីសន្តិភាពដល់ គ្រប់មជ្ឈដ្ឋានទាំងអស់។ នៅក្នុងចំណោមនោះ កម្ពុជាដែល ធ្លាប់ជាប្រទេសរងគ្រោះដោយការជ្រៀតជ្រែកបរទេស និងសង្គ្រាមស៊ីវិល បានខិតខំការពារសុខសន្តិភាព និងបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងអនុវត្តមនោគមវិជ្ជាសន្តិភាពនិយម ខណៈក្រុមជនអគតិជាជនជាតិខ្មែរមួយចំនួនមិនឱ្យតម្លៃសន្តិភាព បម្រើឧបាយកលបរទេស បំផ្លាញប្រទេសជាតិរបស់ខ្លួន និងងុបងល់នឹងភាសាលួងលោម បោកបញ្ឆោតរបស់បរទេស គិតថាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ គឺជាកត្តាសំខាន់ជាងការបង្កើតសន្តិភាពនិងការថែរក្សាសុខសន្តិភាព។ ប៉ុន្តែពួកគេមិនបានគិតថាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចកើតមានឡើយនៅក្នុងប្រទេសដែលមានសង្គ្រាម និងប្រទេសមានអស្ថិរភាព នយោបាយ។ ការអភិវឌ្ឍក៏មិនអាចកើតឡើងក្រោមសំឡេងគ្រាប់កាំភ្លើង និងរណ្តៅគ្រាប់បែកបេ៥២ឡើយ។

មនោគមវិជ្ជាសន្តិភាពនិយមនេះបាននិងកំពុងស្វះស្វែងពង្រឹងអត្ថិភាពរបស់ខ្លួនឱ្យរឹងមាំ និងមានភាពយូរអង្វែង។ នៅក្នុងពិធីផ្តល់ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ នៅសធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍ថា៖ «សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហិង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ»។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាម ជាស្ថាបនិកសន្តិភាពកម្ពុជា និងជាអ្នកការពារប្តូរផ្តាច់នូវសុខសន្តិភាពជូនជាតិមាតុភូមិបានចែករំលែកនូវបទពិសោធន៍ និងការខិតខំប្រឹងប្រែងជាច្រើនរបស់សម្តេច ដើម្បីពន្លត់នូវភ្លើងសង្គ្រាមប្រមាណ ៤ទសវត្សរ៍នៅកម្ពុជា ហើយជំនួសមកវិញនូវសុខសន្តិភាព ការអភិវឌ្ឍ និងការកសាងប្រទេសឱ្យមានភាព រីកចម្រើន ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ។

សរុបមកវិញ មនោគមវិជ្ជាលោកខាងលិច ឬមនោគមវិជ្ជាកុម្មុយនិស្តបានប្រែរូប និងប្រែខ្លឹមសាររួចទៅហើយក្នុងបរិបទនៃសង្គ្រាមត្រជាក់ថ្មីលើការដណ្តើមប្រៀបភូមិសាស្ត្រនយោ បាយរបស់មហាអំណាច។ មនោគមវិជ្ជាលោកខាងលិចដែល ពីមុនជាអ្នកលើកតម្កើងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ បែរជាក្លាយជាមនោគមវិជ្ជាហិង្សានិយម និងអនាធិបតេយ្យនិយមក៏ព្រោះតែការបំពាក់សិទ្ធិនិងប្រជាធិបតេយ្យជ្រុលពេក និងជំរុញឱ្យក្រុមមនុស្សដែលមានចរិតស៊ីជោរ និងខ្វះគុណធម៌ និងសីធម៌ ចូលចិត្តប្រើប្រាស់ហិង្សានិយមតាមពាក្យសម្តី តាមរយៈសកម្មភាពជាក់ស្តែង ជំរុញឱ្យមនុស្សហ៊ានស្ម័គ្រស្លាប់ ហ៊ានចេញតវ៉ាប្រឆាំងរដ្ឋអំណាចដោយបំពានច្បាប់ជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិមនុស្ស។ នេះគឺជាភាពគ្រោះថ្នាក់នៃមនោគមវិជ្ជាលោកខាងលិច។ ដូច្នេះជម្រើសនៃការប្រកាន់យកមនោគមវិជ្ជាសន្តិភាពនិយមដែលបណ្តាប្រទេសភាគច្រើនប្រកាន់យកក្នុងនោះរួមទាំងកម្ពុជាគឺដើម្បីទប់ស្កាត់នឹងមនោគមវិជ្ជាហិង្សានិយម ទប់ស្កាត់មហន្តរាយដល់ជីវិតមនុស្ស និងក៏ដើម្បីភាពសុខដុមរមណីយកម្មនៃសង្គមជាតិ ក៏ដូចជាចូលរួមបង្កើតសន្តិភាព ស្ថិរភាពសម្រាប់តំបន់ និងពិភព លោកទាំងមូលផងដែរ៕

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២