Friday, April 05, 2019

រាជរដ្ឋាភិបាលអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត»

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» រួចរាល់ហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ។
បើយោងតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះត្រូវបាន កែប្រែពាក្យពេចន៍មួយចំនួន។
បើតាមលោក ផៃ ស៊ីផាន សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» ត្រូវបានរៀបចំតាក់តែងឡើង ដើម្បីឱ្យស្របនឹងបរិបទនៃវិស័យប្រេងកាតនៅកម្ពុជានាពេលបច្ចុប្បន្ន។
សេចក្តីព្រាងនេះ ត្រូវបានរៀបចំ និងតាក់តែងឡើងក្នុងគោលបំណងជំរុញអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ ស្របពេលការស្វែងរក និងការអភិវឌ្ឍធនធានប្រេងកាតទាំងដែនគោក និងដែនសមុទ្រ ដើម្បីឈានទៅរកការផលិតធនធានប្រេងកាតលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជានាឆ្នាំខាងមុខនេះ។
លោក ផៃ ស៊ីផាន បានឱ្យដឹងផងដែរថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» ត្រូវបានកាត់តែងឡើងជាលើកដំបូងដោយ អតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយមានការជួយឧបត្ថម្ភពីអ្នកជំនាញការច្បាប់នៃធនាគារអភិវឌ្ឍន៍អាស៊ី១៩៩៦។ បន្ទាប់មកមានការជួយឧបត្ថម្ភពីអ្នកជំនាញការច្បាប់មកពីក្រុមហ៊ុនជប៉ុន Idemitsu Oil and Gas ដើម្បីពិនិត្យ និងកែសម្រួលបន្ថែមទៀត។
ចាប់តាំងពីឆ្នាំ២០០៦ អតីតអាជ្ញាធរប្រេងកាតជាតិកម្ពុជាបានយកសេចក្តីព្រាងច្បាប់នេះមកកែសម្រួលឡើងវិញ ដោយមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញបច្ចេកទេស និងអ្នកជំនាញផ្នែកច្បាប់ជាតិ និងអន្តរជាតិនានា។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត បានរៀបចំឡើងដោយត្រូវបានបែកចែកជា ៩ជំពូក និង៧២មាត្រា។

ច្បាប់នេះមានវិសាលភាពអនុវត្តលើរាល់សកម្មភាពក្នុងវិស័យប្រេងកាតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា។ ជារួមទាំងបាតសមុទ្រ និងស្រទាប់ដីក្រោមបាតសមុទ្រ នៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ ព្រមទាំងតំបន់ផ្សេងៗទៀតដែលរកម្ពុជាមានសិទ្ធិអធិបតេយ្យ ៕


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ គោលការណ៍ធម្មជាតិ និងបរិស្ថាន ត្រូវពិចារណាជាថ្មី ដើម្បីថ្លឹងថ្លែងលើការផលិតថាមពលអគ្គិសនី

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា សន្តិសុខថាមពលអគ្គិសនីជាមេរៀនថ្មីមួយទៀតសម្រាប់កម្ពុជា ដែលទាមទារឱ្យមានការរៀបចំគោលនយោបាយជាក់ស្តែងធានាប្រសិទ្ធភាព និងអាទិភាពបំផុតសម្រាប់ប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាថាមពលនេះ។
ការគូសរំលេចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើងចំពេលប្រទេសកម្ពុជាជួបបញ្ហាខ្វះថាមពលអគ្គិសនីប្រើប្រាស់រហូតដល់ទៅប្រមាណ ៤០០មេហ្គាវ៉ាត់នៅក្នុងរដូវក្តៅនេះ។ ការខ្វះខាតថាមពលនេះដោយសារការក្តៅហួតហែងធ្វើឱ្យវារីអគ្គិសនីមិនអាចដំណើរការផលិតថាមពលឱ្យអស់អនុភាព។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃនេះ ដែលមានការពិភាក្សាទៅលើគម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ទំហំ៨០មេហ្គាវ៉ាត់ និងការផលិតថាមពលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យនៅកំពង់ឆ្នាំង ៦០មេហ្គាវ៉ាត់ផងនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា ការផលិតថាមពលអគ្គសិនី ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងកំណើ នវិនិយោគរបស់កម្ពុជា គឺជារឿងចាំបាច់ និងអាទិភាពមួយ។
ការសាងសង់វារីអគ្គិសនី និងការផលិតថាមពលអគ្គិសនីរបស់កម្ពុជា តែងទទួលបានការរារាំង និងលើកឡើងនូវបញ្ហាប៉ះពាល់មួយចំនួន ពីក្រុមអ្នកបរិស្ថាន ក៏ដូចជាអ្នកការពារធនធានធម្មជាតិជាដើម។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឱ្យមានការពិចារណាជាថ្មីទៅលើគោលការណ៍ធម្មជាតិ ឬបរិស្ថាន ដើម្បីតុល្យភាពក្នុងការផលិតថាមពលអគ្គិសនីដែលជាតម្រូវការរបស់មនុស្ស និងការអភិវឌ្ឍរបស់កម្ពុជា។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី មកបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាបានធានាសន្តិសុខស្បៀងហើយ កម្ពុជាទទួលបានបទពិសោធន៍ថ្មី គឺសន្តិសុខថាមពល ដែលជាមេរៀនថ្មីមួយសម្រាប់កម្ពុជា ហេតុដូចនេះ គោលនយោបាយជាក់ស្តែង ដែលត្រូវតែធានាប្រសិទ្ធភាព និងអាទិភាពបំផុតសម្រាប់ប្រជាពលរដ្ឋ ហេតុដូចនេះអ្នកធម្មជាតិនិយម ឬគោលការណ៍ធម្មជាតិ និងបរិស្ថាន គឺស្ថិតនៅក្នុងការពិចារណសារជាថ្មី ដើម្បីតុល្យភាពរវាងតម្រូវការរបស់មនុស្ស និងការអភិវឌ្ឍជាចម្បងរបស់កម្ពុជា» ៕



កម្ពុជាសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី ព្រោះមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសឱ្យដឹងថា លោកសម្រេចមិន ជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគីវិញ ដោយសារតែការមិន ត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍។ ការប្រកាសរបស់លោក ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ។
សូមរំលឹកថា កម្ពុជាគ្រោងនឹងជួលនាវាផលិតថាមពលអគ្គិសនី ពីប្រទេសតួកគី ដើម្បីយកមកផ្គត់ផ្គង់ថាមពលក្នុងពេលកម្ពុជា ជួបការខ្វះខាតថាមពលអគ្គិសនីក្នុងរដូវក្តៅនេះ ដោយសារតែវារីអគ្គិសនី មិនអាចផលិតថាមពលបានបានគ្រប់តាមសមត្ថភាព។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឱ្យដឹងថា ការដែលលោកនាយករដ្ឋមន្រ្ដី សម្រេចមិន ជួលនាវាផលិត ថាមពលរបស់តួកគីវិញនេះ ដោយសារតែការនាំនាវា នោះមកកម្ពុជាមានរយៈពេល យូរមិនទាន់សភាពការណ៍តាម ដែលកម្ពុជាត្រូវការ។ មួយវិញទៀតដោយសារតែការចរចា មិនត្រូវគ្នាទៅលើលក្ខខណ្ឌមួយចំនួន។
លោក ផៃ ស៊ីផាន បានបញ្ជាក់ហេតុផលថា នៅពេលនេះកម្ពុជាទទួលបាន ការបង្កើនផ្គត់ផ្គង់បន្ថែមថាមពលពីប្រទេសជិតខាង។ ដូចថ្ងៃនេះទទួលបាន ៥៥មេហ្គាវ៉ាត់ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងការស្រូបយក ថាមពលអគ្គិសនីពីប្រទេសឡាវ និងវៀតណាមផងដែរ។ ការដាក់ឲ្យដំណើរ ការនូវស្ថានីយ៍អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ២០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង ជិតភ្នំប្រសិទ្ធិ បញ្ចូលមកបណ្តាញអគ្គិសនីជាតិ ព្រមទាំង ឲ្យសណ្ឋាគារ និងរោងចក្រធំៗជួយបញ្ចេញម៉ាស៊ីនភ្លើងរបស់ខ្លួន ដើម្បីបន្ថយការប្រើប្រាស់។

ធ្វើដូច្នេះយើងមានភ្លើង២០០មេហ្គាសម្រាប់បន្ថយការលំបាករយៈពេលជាង១ខែនេះ មុនរដូវភ្លៀងចូលមកដល់។ លើសពីនោះទៀត រាជរដ្ឋាភិបាល ចង់យកថវិកាចំណាយ លើការជួលនាវាផលិតថាមពល អគ្គិសនីតួកគី ដែលមានតម្លៃថ្លៃនោះ មកទិញម៉ាស៊ីនភ្លើងសម្រាប់ ដាក់នៅទីក្រុងភ្នំពេញ សម្រាប់រយៈពេលវែងឆ្ងាយតទៅដែលទាំងនេះ ក្លាយទៅជាផលប្រយោជន៍ ច្រើន និងវែងឆ្ងាយ ៕





មូលហេតុដែលកម្ពុជាកំណត់យកខែឧសភា ២០២៣ ប្រកួតស៊ីហ្គេម ដោយសារតែខ្លាចប៉ះពាល់ពីការបោះឆ្នោតជាតិ

ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ស៊ីហ្គេម លើកទី៣២ នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងរៀបចំការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ខែកក្កដា ឆ្នាំ២០២៣នេះដែរ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជា លើកទី៤ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា មូលហេតុដែលកម្ពុជា កំណត់យកខែឧសភា ឆ្នាំ២០២៣ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេមនោះ គឺដើម្បីបញ្ចៀសឱ្យផុតពីការរងផលប៉ះពាល់ដោយសារការបោះឆ្នោត។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានកត់សម្គាល់ថា នៅអំឡុងខែកក្កដា ឬនៅចុងឆ្នាំ២០២៣ ជាពេលដែលកម្ពុជាត្រូវមមាញឹកជាមួយការបោះឆ្នោត ហើយរាល់ពេលបោះឆ្នោតម្តងៗ តែងមានការបង្កចលាចល និងបាតុភាពផ្សេងៗ ពីក្រុមអ្នកចាញ់ឆ្នោត។ ជាមួយគ្នានេះ លោកក៏លើកឡើងទៀតថា ដើម្បីកុំឱ្យមានការរំខានដោយសារសកម្មភាព ណាមួយក្រោយពេលបោះឆ្នោតនោះ ទើបកម្ពុជាសម្រេចយកការប្រកួត ក្នុងខែឧសភា មុនពេលបោះឆ្នោតតែម្តង។
បើតាមលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្នាំ២០២៣ ក៏ជាឆ្នាំដែលផ្លូវ ល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ព្រះសីហនុ ត្រូវសាងសង់រួចរាល់ ផងដែរ។ ផ្លូវនេះគឺអាចបម្រើដល់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម នាពេលខាងមុខនេះ។
ក្រៅពីការពន្យល់អំពីមូលហេតុ ដែលកម្ពុជាកំណត់យកខែឧសភា សម្រាប់ការប្រកួតស៊ីហ្គេម, លោកនាយករដ្ឋមន្ត្រី ក៏បានពន្យល់ពីមូលហេតុ ដែលនាំឱ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះចុងក្រោយគេ សម្រាប់ការប្រកួតស៊ីហ្គេមនេះផងដែរ។ បើតាមលោកនាយករដ្ឋមន្រ្ដី ការមិនទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រកួតស៊ីហ្គេម នាឆ្នាំកន្លងមក គឺដោយសារតែកម្ពុជាដែលងើបពីភ្លើងសង្គ្រាមនោះ ត្រូវការថវិកាច្រើនសម្រាប់អភិវឌ្ឍន៍ប្រទេស។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបន្ថែមថា ឆ្នាំ២០២៣ កម្ពុជាត្រូវតែធ្វើជាម្ចាស់ផ្ទះ សម្រាប់ប្រកួតស៊ីហ្គេមឱ្យបានល្អ ហើយប្រកបដោយកិត្តិយសថែមទៀត។ ដើម្បីត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំ និងគ្រប់សហព័ន្ធទាំងអស់ ប្រឹងប្រែងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងបណ្តុះបណ្តាលធនធានផ្នែកកីឡាកម្ពុជា ឱ្យកាន់ផុសផុលថែមទៀត។ សម្តេចបន្ថែមថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែសម្រាប់ស៊ីហ្គេមទេ តែក៏សម្រាប់ប្រកួតប្រជែងផងដែរ។
សម្រាប់លោកនាយករដ្ឋមន្រ្ដី, ការធ្វើជាម្ចាស់ស៊ីហ្គេមចំណាត់ថ្នាក់ទីប៉ុន្មាន មិនសំខាន់ទេសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវរៀបចំការ ប្រកួតមួយឱ្យទទួលបានជោគជ័យ និងមានសុចរិតភាព។

ដើម្បីពង្រឹងគុណភាពកីឡាកម្ពុជា ឆ្លើយតបនឹងភាពជាម្ចាស់ផ្ទះស៊ីហ្គេម ខាងមុខនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឱ្យក្រុមការងារ ថ្នាក់ជាតិចុះជួយនៅតាមមូលដ្ឋាន ក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋាន ជួយជំរុញសកម្មភាពកីឡានៅតាមសាលា។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរនៅតាមមូលដ្ឋានត្រូវត្រៀមដី ត្រៀមទីតាំង សម្រាប់ការប្រកួតកីឡា ហើយតាមសាលារៀនត្រូវតែមានរៀបចំកន្លែង សម្រាប់ហ្វឹកហាត់កីឡាផងដែរ ៕






សំណូមពរ ៣ចំណុចសំខាន់ៗ ផ្តល់ជូនកីឡាករ កីឡាការិនីចូលរួមធ្វើរឿងល្អក្នុងសង្គម

នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនក្រុមកីឡាករ កីឡាការិនីកម្ពុជាចំនួនជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំណូមពរដល់កីឡាករ កីឡាការិនីចូលរួមធ្វើរឿងដែលល្អក្នុងសង្គមចំនួន៣ គឺ៖
ទី១- សូមអោយកីឡាករកីឡាការិនីសូមចូលរួមអប់រំចរាចរណ៍ផ្លូវគោកទាំងខ្លួនឯងផង និងទៅដល់អ្នកដទៃផងដែរពីព្រោះបញ្ហាចរាចរណ៍គឺជារឿងដ៏សំខាន់ដែលត្រូវតែយកចិត្តទុកដាក់ជាពិសេស គឺត្រូវបំផុសអោយពលរដ្ឋចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងហាមបើកបរពេលស្រវឹងជាដើម។ ជាក់ស្តែង លោក មានការសោកស្តាយជាទីបំផុត ចំពោះសោកនាដកម្មកាលពីប៉ុន្មានថ្ងៃមុននេះ ដែលគ្រោះថ្នាក់ចរាចរណ៍បានធ្វើអោយនិស្សិតស្រីម្នាក់បាត់បង់ជីវិត។ លោក បានបន្តថា នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ហើយនោះ ទាំងអ្នកបង្ករក៏ត្រូវជាប់ទោស បាត់បង់អនាគត ទាំងគ្រួសាររងគ្រោះត្រូវបាត់បង់អាយុជីវិតកូនជាទីស្រឡាញ់ផងដែរ។
ទី២- លោកសំណូមពរអោយកីឡាករ និងកីឡាការិនីទាំងអស់ ចូលរួមជួយទប់ស្កាត់គ្រឿងញៀន ជាពិសេស ចំពោះកីឡាករកីឡាការិនី គឺត្រូវតែជៀសវាងអោយបានជាដាច់ខាត ព្រោះរាល់ការប្រកួត ពេលដែលគេពិនិត្យដឹងថាមានគ្រឿងញៀននោះគឺគេមិនអោយឡើងប្រកួតនោះទេ។

ទី៣- សុំអោយកីឡាករកីឡាការិនី ចូលរួមជួយទប់ស្កាត់ការរីករាលដាលនៃជម្ងឺអេដស៍ (AIDS) និងត្រូវចេះអប់រំគ្នា ពីបញ្ហាចម្លង នៃមេរោគអេដស៍នេះ ជាពិសេសគឺសំរាប់ក្រុមបុរសស្រឡាញ់បុរសភេទដូចគ្នា៕







រាជរដ្ឋាភិបាលបញ្ចេញរថយន្តក្រុង ១២០គ្រឿង សម្រាប់ដឹកជញ្ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល៧ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា ការសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈចំនួន១២០គ្រឿងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមេសា ឆ្នាំ២០១៩ ដោយសារតែលោកធុញទ្រាន់ ក្នុងការនិយាយជាមួយក្រុមហ៊ុនឯកជន ដែលតែងតែដំឡើងថ្លៃឈ្នួលរថយន្ត ក្នុងឱកាសបុណ្យចូលឆ្នាំ។
លើសពីនេះទៀតនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេល៧ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏អាចជិះរថយន្តក្រុងសាធារណៈ និងការដឹកជញ្ជូនតាមកាណូត ដោយមិនគិតថ្លៃផងដែរ។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ក្នុងពិធីពិសាបាយសាមគ្គី ជាមួយកីឡាករ កីឡាការិនីជាង៤ពាន់នាក់ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា រយៈពេល៧ថ្ងៃ សាលាក្រុងភ្នំពេញ នឹងដាក់រថយន្ត១២០គ្រឿង ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋរបស់យើង ពីរាជធានីភ្នំពេញទៅតាមខេត្ត និងពីតាមខេត្តមករាជធានីភ្នំពេញ ដោយមិនគិតប្រាក់សម្រាប់បងប្អូន ព្រោះខ្ញុំមិនចង់និយាយបញ្ហាច្រំដែល ជាមួយម្ចាស់រថយន្តទៀតទេ ដែលកាលមុននេះប៉ុន្មានឆ្នាំហើយ ដែលខ្ញុំបានអំពាវនាវឲ្យពួកគេ កុំដំឡើងថ្លៃ នៅក្នុងពេលចូលឆ្នាំ និងភ្ជុំបិណ្ឌ ក៏ប៉ុន្តែមួយចំនួនក៏បានស្តាប់ តែមួយចំនួនមិនបានស្តាប់ទេ»។
លោកបញ្ជាក់ថា ផ្លូវដែលដាក់រថយន្តក្រុងសាធារណៈ ឲ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃនេះ រួមមានផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ ដែលនឹងចាប់ផ្តើមចេញដំណើរ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។
ចំនួនរថយន្តដែលត្រូវរត់តាមផ្លូវជាតិរួមមាន៖ ផ្លូវជាតិលេខ១មាន ភ្នំពេញ-ខេត្តកណ្តាល-ស្វាយរៀង ចំនួន៥គ្រឿង និងភ្នំពេញ-កណ្តាល-ព្រៃវែង ៥គ្រឿង សរុប១០គ្រឿង, ផ្លូវជាតិលេខ២ ភ្នំពេញ-តាកែវ ៥គ្រឿង, ផ្លូវជាតិលេខ៣ ភ្នំពេញ-កែប ៥គ្រឿង, ភ្នំពេញ-កំពត ៥គ្រឿងសរុប ១០គ្រឿង, ផ្លូវជាតិលេខ៤ ភ្នំពេញ -កំពង់ស្ពឺ ៣គ្រឿង, ភ្នំពេញ-ក្រុងព្រះសីហនុ ៧គ្រឿង សរុប១៣គ្រឿង, ផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង ៥គ្រឿង ភ្នំពេញ-ពោធិសាត់ ១០គ្រឿង ភ្នំពេញ-បាត់ដំបង ១៥គ្រឿង ភ្នំពេញ-បន្ទាយមានជ័យ ១៥គ្រឿង សរុប៤៥គ្រឿង, ផ្លូវជាតិលេខ៦ ភ្នំពេញ-កំពង់ធំ ៥គ្រឿង, ភ្នំពេញសៀមរាប ១៥គ្រឿង សរុប២០គ្រឿង, ផ្លូវជាតិលេខ៦ និងលេខ៧ ភ្នំពេញ-កំពង់ចាម ៥គ្រឿង ភ្នំពេញ-ត្បូងឃ្មុំ ៥គ្រឿង សរុប១០គ្រឿង, ផ្លូវជាតិលេខ៦ និងលេខ៨ ភ្នំពេញ-ក្រចេះ ៥គ្រឿង ភ្នំពេញ-ស្ទឹងត្រែង ៥គ្រឿង សរុប១០គ្រឿង។
រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែផ្តល់ការជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំនោះទេ ប្រមុខរាជរដ្ឋាភិបាល ក៏បានផ្តល់ជូនប្រជាពលរដ្ឋ នូវការជិះរថភ្លើងទៅស្រុកកំណើត ក្នុងពេលបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃផងដែរ។

លោកនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំពឹង និងជឿជាក់ថា បុណ្យចូលឆ្នាំ ថ្មីឆ្នាំនេះ ប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានភាពរីករាយ ក្នុងការធ្វើដំណើរ ព្រោះតែរាជរដ្ឋាភិបាលបានរៀបចំការ ដឹកជញ្ជូនដោយឥតគិតថ្លៃ ៕



អនុសាសន៍ ៥ចំណុចសំខាន់ៗ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន

នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនក្រុមកីឡាករ កីឡាការិនីកម្ពុជាចំនួនជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៥ចំណុចសំខាន់ៗ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាអោយកាន់តែរីកចម្រើន។
អនុសាសន៍ចំនួន៥ចំណុចនោះរួមមាន៖
ទី១- សូមអោយផ្នែកពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធកីឡាអោយបានរួចរាល់ ដើម្បីត្រៀមក្នុងការធ្វើជាម្ចាស់ផ្ទះ Sea Games នៅឆ្នំា ២០២៣ ។
ទី២- ស្ថាប័នពាក់ព័ន្ធផ្នែកកីឡាទាំងអស់ ជាពិសេសក្រសួងអប់រំយុវជន និងកីឡា ត្រូវបន្តការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកីឡានេះ អោយបានច្រើនបន្ថែមទៀត ដើម្បីអោយកម្ពុជាយើងមានធនធានមនុស្សផ្នែកកីឡានេះកាន់តែសំបូរបែប។
ទី៣- លោក ហ៊ុន សែន បានអំពាវនាវមហាជនទាំងអស់ត្រូវជំរុញចលនាកីឡានេះអោយបានច្រើនថែមទៀត ។ អាជ្ញាធរ , គណៈពង្រឹងមូលដ្ឋាននានា ក៏ត្រូវចូលរួមកសាង និងបង្កើតកន្លែងលេងកីឡាអោយបានច្រើនប្រភេទ ឬយ៉ាងហោចណាស់អោយមានតារាងបាល់ ទាត់១កន្លែង។
ទី៤- លោក បានជំរុញអោយប្រជាពលរដ្ឋបង្កើតធ្វើលំហាត់ប្រាណ ឬលេងកីឡាអោយបានច្រើន ជាពិសេស អាជ្ញាធរត្រូវរកនិងត្រូវទុកទីតាំងណាសមស្របសំរាប់ជាកន្លែងហាត់ប្រាណដល់ប្រជាពលរដ្ឋតាមទីសាធារណៈនានា ព្រោះកីឡានាំមកនូវសុខភាព។

ទី៥- សុំអោយអាជ្ញាកណ្តាលផ្នែកកីឡាទាំងអស់ គឺរាល់ការប្រកួតកីឡាទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវសុក្រិតភាពក្នុងការដាក់ពិន្ទុឬកាត់សេចក្តីផ្សេងៗនៃការប្រកួត ព្រោះកន្លងមកឃើញថាហាក់បីដូចមានភាពលម្អៀង និងមិនមានសុក្រិតភាព៕





កីឡាករ កីឡាការិនី បង្ហាញការស្រលាញ់ស្មោះស្ម័គ្រគាំទ្រចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល

នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនក្រុមកីឡាករ កីឡាការិនីកម្ពុជា ចំនួន ៤,០៩៦នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ កម្មវិធីដ៏មានអត្ថន័យនេះ គឺជាផ្នែកមួយដើម្បីលើកទឹកចិត្តកីឡាករ-កីឡាការិនី ក៏ដូចជាមន្ដ្រី និងគ្រូបង្វឹកដែលបានខិតខំយ៉ាងខ្លាំងនៅក្នុងវិស័យកីឡាកន្លងមក និងបានបង្ហាញការស្រឡាញ់ដោយស្មោះស្ម័គ្ររបស់កីឡាករកីឡាការិនីដែលពួកគាត់តែងតែទុកចិត្ត និងគាំទ្រ ១០០% ចំពោះការដឹកនាំរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជារីករាយខ្លាំងណាស់ដែលបានអញ្ជើញមកជួបបងប្អូនកីឡាករ កីឡាការិនីដោយផ្ទាល់ ជាលើកទី៤នៃឆ្នាំ២០១៩នេះ ដែលលោកគិតថា នេះគឺជាការជួបជុំមហាគ្រួសារនៃបងប្អូនកីឡាករកីឡាការិនីរបស់ប្រទេសកម្ពុជាយើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គ្រូបង្វឹកហាត់ ជាពិសេស កីឡាករ កីឡាការិនី និងសហព័ន្ធកីឡាទាំងអស់ដែលបានរៀបចំអោយមានការជួបជុំជាលើកទី៤នេះ។ លោកនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំ គ្រូបង្ហាត់ ជាពិសេសកីឡាករ កីឡាការនីទាំងអស់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកីឡាអោយកាន់តែរីកចម្រើន។

ជាថ្មីម្តងទៀត លោក ហ៊ុន សែន បានប្រកាសពីពេល វេលាដែលកម្ពុជាត្រូវធ្វើម្ចាស់ប្រទេសរៀបចំកីឡា Sea Games នៅអំឡុងខែឧសភា ឆ្នាំ២០២៣ ហើយដែលឆ្នាំនោះ ក៏ជាឆ្នាំដែលកម្ពុជាយើងត្រូវរៀបចំបោះឆ្នោតជាតិផងដែរ។ ស្របជាមួយគ្នានោះ ជាពេលដែលកម្ពុជានឹងទទួលបានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះ សីហនុ ដែលត្រូវសាងសង់រួចរាល់នៅ ខែមិថុនា ឆ្នាំ ២០២៣ ដែលយើងនឹងអាចប្រើប្រាស់សំរាប់ Sea Games ទៀតផង៕