Thursday, September 01, 2022

កម្ពុជា និងតួកគី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា


(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ជាមួយសេចក្តីពេញចិត្តចំពោះមិត្តភាពដ៏ប្រពៃ និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេល បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងតួកគី។ ប្រមុខការទូតកម្ពុជា និងលោកស្រីឯកអគ្គរដ្ឋទូត វាយតម្លៃដូចគ្នាបែបនេះ នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមដោយលោកស្រីឯកអគ្គរដ្ឋទូត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។



លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត Ülkü Kocaefe បាននាំនូវការសាកសួរសុខទុក្ខ និងសព្វសាធុការពរពី លោក Mevlüt Çavuşoğlu រដ្ឋមន្រ្តីការបរទេស តួកគី ជូនចំពោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ហើយលោកឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់លោក ទៅកាន់ប្រទេសតួកគី កាលពីពេលថ្មីៗនេះ ក៏ដូចជាការអញ្ជើញចូលរួមរបស់លោករដ្ឋមន្រ្តីការបរទេសតួកគី នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញនាពេលកន្លងមក។


លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រីឯកអគ្គរដ្ឋទូត Ülkü Kocaefe បានកត់សម្គាល់ដោយការពេញចិត្តចំពោះកត្តាវិជ្ជមានមួយចំនួន ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ដែលនៅមិនទាន់បានឆ្លើយតបនឹងសក្តានុពលនៃប្រទេសទាំងពីរនៅឡើយ មានជាអាទិ៍ ការសម្រេចរបស់រដ្ឋាភិបាលតួកគី ក្នុងការបង្កើតការិយាល័យទីប្រឹក្សាសម្រាប់កិច្ចការពាណិជ្ជកម្មប្រចាំស្ថានទូតតួកគីនៅទីក្រុងភ្នំពេញ, ការចូលជាធរមាននៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារការវិនិយោគដោយឈរលើគោលការណ៍បដិការ, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធជាន់គ្នា ក៏ដូចជា កិច្ចប្រជុំលើកទី៣នៃគណៈកម្មការចម្រុះស្តីពីសេដ្ឋកិច្ចដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០២២។


លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូតថ្មី ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយនានាដើម្បីឈានទៅរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងបានឯកភាពពន្លឿនការបញ្ចប់ឯកសារមួយចំនួន ដែលមិនទាន់បានសម្រេចនៅឡើយ ហើយដែលត្រូវការជាចាំបាច់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងប្រទេសកម្ពុជា និងតួកគី នាពេលប៉ុន្មានខែខាងមុខនេះ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគី សម្រាប់ជំនួយអភិវឌ្ឍន៍លើវិស័យមួយចំនួន ដូចជា វិស័យអភិវឌ្ឍន៍ជនបទ, អប់រំ, សុខាភិបាល, និងគម្រោងលំនៅឋានដែលអនុវត្តដោយទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (Turkish Cooperation and Coordination Agency-TIKA) នៅស្រុកស្អាង។


លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីបញ្ហាប្រឈមនានាដែលកម្ពុជាបានជួបប្រទះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ក៏ដូចជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលថ្មីៗនេះ ដោយសម្តែងនូវការពេញចិត្តចំពោះលទ្ធផល ដែលសម្រេចបានលើសពីការរំពឹងទុករបស់គ្រប់មជ្ឈដ្ឋាន រួមទាំងការចេញផ្សាយសេចក្តីថ្លែងការណ៍រួមផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីភាពស្មុគស្មាញនៃវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន (5PC) និងជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។


លោកស្រីឯកអគ្គរដ្ឋទូត Ülkü Kocaefe បានវាយតម្លៃខ្ពស់ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរដល់កម្ពុជា ជាពិសេសលោកឧបនាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងសម្របសម្រួលនូវរាល់បញ្ហាក្តៅៗ និងការប្រឈមនានាប្រកបដោយជោគជ័យ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្រ្ដី ការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ៕


អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងភ័យខ្លួន និងដឹងខ្លួនថាចាញ់មុនការប្រកួត ដោយត្រូវប្រឈមនឹងលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីដ៏ខ្លាំងនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា


(ភ្នំពេញ)៖ ក្រុមប្រឆាំងតែងតែលើកឡើងអំពីផែនការបន្តវេនដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និយាយជារួម និង និយាយដោយឡែក ការបន្តវេនដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ដោយចោទប្រកាន់ថាការឡើងបន្តវេនដឹកនាំប្រទេសរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការបន្តវេនដឹកនាំស្នងពីឪពុក។ រឿងមួយទៀត ក៏ដូចគ្នាដែរ គឺក្រុមប្រឆាំងតែងតែលើកឡើងដដែលជាដដែលអំពីការបែកបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជាក្នុងរឿងបន្តវេនដឹកនាំប្រទេសជាតិ ហើយឥឡូវនេះ ពួកក្រុមប្រឆាំងតាមរយៈអ្នកវិភាគពុលទឹកមាត់មួយចំនួន បានបន្តមកដល់ការលើកឡើងរឿងដណ្តើមគ្នាដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រីរវាងឯកឧត្តម ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី ដែលជាបងប្អូនបង្កើត។ តើមូលហេតុអ្វីបានជាក្រុមប្រឆាំងតែងតែញុះញង់និងអុជអាលអំពីរឿងទាំងអស់នេះ ហើយបែរជាមិនគិតខិតខំប្រឹងប្រែងដើម្បីស្វែងរកបេក្ខភាពនាយករដ្ឋមន្ត្រីឱ្យបានល្អ ហើយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ?


ទី១- ក្រុមប្រឆាំងបានទទួលយកការបរាជ័យមុនការប្រកួត ឬថា ជាការចុះចាញ់មុនការប្រកួត ទាំងសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ទាំងសម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ខាងមុខ។ ក្រុមប្រឆាំងពុំមានឡើយនូវក្តីសង្ឃឹម សូម្បីតែបន្តិច សម្រាប់ឈ្នះការបោះឆ្នោតនាពេលខាងមុខ ដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រី។ និយាយម្យ៉ាងទៀត អ្វីដែលបានលើកឡើងខាងលើ គឺបង្ហាញច្បាស់នូវការពិតនយោបាយមួយ ហើយវាស្ថិតក្នុងការគិតរួចទៅហើយរបស់ក្រុមប្រឆាំង គឺ ការបាត់បង់អស់រលីងនូវក្តីសង្ឃឹម ហើយទទួលយករួចទៅហើយនូវបរាជ័យរបស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ ជាពិសេស គឺការទទួលស្គាល់ចាប់ពីពេលទៅថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា, របស់ប្រជាជនកម្ពុជា និងរបស់ព្រះរាជាណាចក្រកម្ពុជា។


ក្រុមប្រឆាំងពិតជាគ្មានសង្ឃឹមថានឹងឈ្នះការបោះឆ្នោតឡើយ ហើយក៏មិនអាចដណ្តើមប្រជាប្រិយភាពពីគណបក្សប្រជាជនកម្ពុជា ពីសម្តេចតេជោ ហ៊ុន សែន និងពីឯកឧត្តម ហ៊ុន ម៉ាណែតឡើយ។ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តសម្រាប់ជាបេក្ខជននាយករដ្ឋមន្ត្រីនាអនាគត ហើយដែលកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត មានភាពសកម្មលើផ្នែកកិច្ចការការទូតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់។ ចំណុចទាំងនេះ ដែលធ្វើឱ្យក្រុមប្រឆាំងបាត់បង់ជំនឿលើខ្លួនឯង និងគ្មានក្តីសង្ឃឹមអ្វីបន្តិចឡើយ។


ទី២- ការរត់តាមក្រោយសភាពការណ៍គឺជាទម្លាប់របស់ក្រុមប្រឆាំងហើយការវាយតម្លៃខុសលើគ្រប់ស្ថានការណ៍គឺជាមូលដ្ឋានគ្រឹះនៃបរាជ័យរបស់ក្រុមប្រឆាំង។ ក្រុមប្រឆាំងជ្រុលនិយមគួរយល់ថា ការត្រៀមលក្ខណៈសម្រាប់ការបន្តវេនដឹកនាំប្រទេស ជារឿងធម្មតានៃការងារនយោបាយរបស់គណបក្សនយោបាយដែលមានទស្សនៈវែងឆ្ងាយ ក្នុងការបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ប្រកបដោយនិរន្តរភាព ហើយវាជាកិច្ចការផ្ទៃក្នុងរបស់គណបក្សនីមួយៗ។ប៉ុន្តែទោះបីយ៉ាងណា ការបន្តវេនដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាក្តី ឬការប្រកួតប្រជែងដឹកនាំប្រទេសរបស់គណបក្សនយោបាយនីមួយៗក្តី គឺត្រូវគោរពតាមគោលការណ៍ និងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ពោលគឺ ការបោះឆ្នោតពីប្រជាជនកម្ពុជាតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។


ការខិតខំព្យាយាមអុជអាល ញុះញង់របស់ក្រុមប្រឆាំងលើការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាគ្រាន់តែជាយុទ្ធសាស្ត្រចាញ់-ចាញ់ប៉ុណ្ណោះ។ ចាញ់ដោយសារតែពួកគេគ្មានលទ្ធភាពនឹងរកបេក្ខភាពដែលមានសមត្ថភាព និងទេពកោសល្យដឹកនាំ និងពោរពេញដោយប្រជាប្រិយភាពដូចឯកឧត្តម ហ៊ុន ម៉ាណែត ឡើយ។ ចាញ់ដោយសារតែពួកគេគិតថាពួកគេគ្មានក្តីសង្ឃឹមអាចដណ្តើមជំនឿទុកចិត្តរបស់ប្រជាជនពីគណបក្សប្រជាជនកម្ពុជាបានឡើយ ខណៈពួកគេគ្មានលទ្ធភាពនឹងគ្រប់គ្រងដឹកនាំកូនបក្សតូចមួយ ឬក្រុមប្រឆាំងមួយក្តាប់តូចរបស់ខ្លួនផង។


ទី៣- ក្រុមប្រឆាំងមិនត្រឹមតែចុះចាញ់មុនការប្រកួតក្នុងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ ប៉ុណ្ណោះទេ ប៉ុន្តែ បានមើលឃើញយ៉ាងច្បាស់ថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីម្នាក់ដ៏ខ្លាំងនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ហើយសម្រាប់រយៈពេលវែង ក្រុមប្រឆាំងនឹងកាន់តែអស់សង្ឃឹមក្នុងការផ្តួលគណបក្សប្រជាជនកម្ពុជា ខណៈដែលក្រុមប្រឆាំង មិនទាន់នឹងបាននឹកគិតឃើញអំពីផែនការបន្តវេននៅឡើយ ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជា បានរៀបចំ និងដាក់ចេញបានយ៉ាងល្អនូវផែនការនៃការបន្តវេនដឹកនាំប្រទេស ទាំងលើបទពិសោធការងារ ទាំងលើការទទួលបានភាពចាស់ទុំខាងនយោបាយ និង ការដឹកនាំប្រទេស និងទាំងលើប្រជាប្រិយភាពនយោបាយជាមួយប្រជាជនកម្ពុជា តាមរយៈការធ្វើអំពើល្អជាមួយប្រជាជន, ការបង្កើតបាននូវស្នាដៃរាប់មិនអស់ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន និងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈក្រោមម្លប់នៃសន្តិភាព។


យុទ្ធសាស្ត្រអុជអាលរបស់អ្នកវិភាគពុលទឹកមាត់ និងក្រុម ប្រឆាំងរត់ចោលស្រុកដើម្បីបំបែកបំបាក់ និងទាញទម្លាក់ជំនឿទុកចិត្តរបស់ពលរដ្ឋមកលើគណបក្សប្រជាជន និងជាពិសេសលើឯកឧត្តម ហ៊ុន ម៉ាណែត នឹងមិនបានជោគជ័យឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ថា «ខ្ញុំសូមផ្តាំទៅវិញ បើគ្រួសាររបស់លោកអ៊ីចឹង លោកកុំគិតថាគ្រួសាររបស់ខ្ញុំ ដូចគ្រួសាររបស់លោក ព្រោះគ្រាន់តែប្រពន្ធក៏លោកបានលែងលះគ្នាដែរ សូម្បីតែប្រពន្ធរបស់លោកមិនត្រូវផង តើលោកមានរឿងអីត្រូវជាមួយខ្ញុំ។ បើគ្រួសាររបស់លោកស្មោគគ្រោកចេះច្រណែនគ្នារវាងបងប្អូន ប្រពន្ធ ប្តី អាហ្នឹងរឿងគ្រឿងគ្រួសារលោក តែគ្រួសារខ្ញុំផ្សេង កូនរបស់ខ្ញុំ ចៅរបស់ខ្ញុំ ខ្ញុំកម្រិតត្រឹមតែចៅរបស់ខ្ញុំទៅចុះ បងប្អូនគេ មានឋានានុក្រមរបស់គេ ស្តាប់បងរបស់គេណាស់ គេគ្មានមហិច្ឆតាដើម្បីធ្វើនាយករដ្ឋមន្ត្រីជំនួសបងរបស់គេ...!»។


ក្រោយសម្តេចតេជោប្រតិកម្មឆ្លើយតបនឹងក្រុមអ្នកវិភាគដូរបាយ ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកការវិភាគនិងការបកស្រាយទាំងឡាយរបស់អ្នកវិភាគរត់ចោលស្រុក គ្រាន់តែជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពភិតភ័យរបស់ក្រុមអ្នកវិភាគទាំងនោះ ចំពោះកម្លាំងសាមគ្គីភាពដ៏រឹងមាំនៃថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ «កន្លងមក ខ្ញុំសង្កេតថាឃើញមានការបកស្រាយ និងបទវិភាគជាបន្តបន្ទាប់ស្តីពីខ្ញុំ និងបងណែត ដែលការវិភាគទាំងនោះ មានចេតនាអុជអាល និងញុះញង់ ហើយជួនពេលខ្លះ ក៏ជាការវិភាគដែលគួរឲ្យអស់ សំណើចទៅទៀតផង។ ដូចអ្វីដែលពុក បានលើកឡើងកាលពីព្រឹកមិញក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ខ្ញុំសូមជម្រាបថា ខ្ញុំ និងបងណែត និងក្រុមគ្រួសារយើងទាំងអស់គ្នា យល់ច្បាស់ណាស់ពីចរិតនៃការបកស្រាយ និងបទវិភាគក្នុងចេតនាបំបែកបំបាក់ទាំងនោះ ហើយយើងអរគុណទៅវិញទេ ដែលការវិភាគទាំងនោះ បានក្លាយទៅជាមូលដ្ឋានសាមគ្គីភាពផ្ទៃក្នុងបន្ថែមទៀតសម្រាប់ក្រុមគ្រួសាររបស់យើង។ ដូចអ្វីដែលខ្ញុំធ្លាប់បានបកស្រាយជាសាធារណៈ និងជាបន្តបន្ទាប់កន្លងមកថាខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពបង ណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តីបន្តពីពុក ហើយការគាំទ្រនេះ មិនត្រឹមតែស្តែងចេញពីការលើកឡើងរបស់ខ្ញុំជាហូរហែប៉ុណ្ណោះទេ វាក៏ស្ដែងចេញតាមទង្វើទាំងឡាយដែលខ្ញុំបាន និងកំពុងធ្វើនាពេលកន្លងមក។ លើសពីក្នុងក្របខណ្ឌក្រុមគ្រួសារយើង ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាយើងទាំងអស់ នាពេលកន្លងមក និងជាបន្តបន្ទាប់ ក៏បានបង្ហាញការគាំទ្រចំពោះបេក្ខភាពរបស់បងណែតនេះដែរ ដែលផ្ទុយទៅវិញ ការបកស្រាយអុចអាលទាំងអម្បាលម៉ាននេះ គ្រាន់តែជាអ្វីដែលបង្ហាញឲ្យយើង អាចឃើញកាន់តែច្បាស់ពីភាពភិតភ័យរបស់ក្រុមអ្នកវិភាគទាំងនោះ ចំពោះកម្លាំងសាមគ្គីភាពដ៏រឹងមាំនៃថ្នាក់ដឹកនាំ សមាជិក សមាជិកានៃបក្សយើង»។


ដូច្នេះច្បាស់ណាស់ថា កាលដែលក្រុមប្រឆាំងព្យាយាមលើកម្តងហើយម្តងទៀតលើការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយព័ត៌មានមិនពិតថាមានការបែកបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជាលើការបន្តវេនគឺជាការបញ្ជាក់ពីការអស់សង្ឃឹមទាំងស្រុង របស់ក្រុមប្រឆាំងក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២៣ និងក្នុងឆ្នាំជាបន្តបន្ទាប់ និងហាក់ដូចជាបានប្រកាសការចុះចាញ់មុនប្រកួតរួចជាស្រេចទៅហើយ។ តាមពិតក្រុមប្រឆាំងគួរតែខំរៀបចំឲ្យមានការបន្តវេនដឹកនាំនៅក្នុងក្រុមរបស់ខ្លួន និងរត់ឲ្យទាន់សភាពការណ៍នយោបាយនៅកម្ពុជា ពិសេសកុំនៅក្រាញននៀលចាញ់ហើយចាញ់ទៀត ចាញ់ជារៀងរហូតដល់ទីបញ្ចប់ទាំងជីវិតនយោបាយ និងជីវិតផ្ទាល់ខ្លួន៕


ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២

មនុស្ស៦នាក់ សារភាពបានកៀរគរមនុស្សទៅប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា និងសន្យាបញ្ឈប់សកម្មភាព


(ភ្នំពេញ)៖ មនុស្ស៦នាក់ បានចេញមកសារភាពថា ពួកគេពិតជាបានធ្វើចលនាកៀរគរមនុស្សទៅប្រមូលផ្តុំគ្នានៅដីចម្ការស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយខុសច្បាប់។ ជាមួយការចេញមកសារភាពនេះ ជនទាំង៦នាក់នេះ បានសន្យារំសាយការជួបជុំ ព្រមទាំងរុះរើរោងដែលបានសង់ទាំងអស់នោះផងដែរ។


ជនទាំង៦រូបដែលចេញមកសារភាពនេះ រួមមាន៖ ឈ្មោះ នី ចាន់ពិនិត្យ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ចិន ថុន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ឆឹយ ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ទូច ពុទ្ធសូរីដា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ សួង គន្ធា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅខេត្តកណ្តាល និងឈ្មោះ សំ សីម៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅខេត្តពោធិ៍សាត់។


ក្នុងកិច្ចសន្យាជាមួយសមត្ថកិច្ចធ្វើនៅថ្ងៃទី៣១ ខែសីហា ជនទាំង៦រូប បានសារភាពថា ពួកគេបានកៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមានច្បាប់អនុញ្ញាត ដោយប្រព្រឹត្តនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចចម្ការទំហំ ១២ហិកតា និង ២៥ហិកតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។


ក្នុងកិច្ចសន្យានេះ ពួកគេប្រកាសបញ្ឈប់ការសាងសង់ជម្រក និងរោងខុសច្បាប់ផ្សេងៗសម្រាប់ឱ្យប្រជាពលរដ្ឋទាំងនោះបន្តរស់នៅតទៅទៀតហើយ។ ចំណែកជម្រក និងរោងខុសច្បាប់ដែលបានសង់រួចហើយ ក៏ត្រូវរុះរើចេញផងដែរ ក្នុងករណីសាងសង់ថ្មី ត្រូវតែសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឱ្យបានត្រឹមត្រូវ។


ជនទាំង៦រូបនេះ សន្យាថា ពួកគេនឹងប្រកាសឱ្យប្រជាពលរដ្ឋរំសាយការជួបជុំ ការរស់នៅលើដីចម្ការទាំងពីរទីតាំងខាងលើ។ ក្នុងករណីមានបុគ្គលណាមួយមានការរឹងទទឹងមិនព្រមចាកចេញ គឺសូមឱ្យអាជ្ញាធរចាត់ការទៅតាមច្បាប់។ ពួកគេក៏ប្រកាសបញ្ឈប់ឱ្យធ្វើការរារាំងផ្លូវចេញចូល និងឈប់ប្រើវិទ្យុទាក់ទង ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចចាប់ពីពេលនេះ។


ជនទាំង៦រូប ក៏បានសន្យា នឹងប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់ ក្នុងដីចម្ការទាំងពីរទីតាំងចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ត្រឹមវេលាម៉ោង ១៧៖៣០នាទីជាកំហិត។ ក្នុងករណីជនណាម្នាក់រឹងរុះមិនព្រមអនុវត្តតាមការសំណូមពរឱ្យចាកចេញតាមកាលបរិច្ឆេទដូចបានកំណត់ គឺសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ឬមានចំណាត់ការផ្លូវច្បាប់។


ជនទាំង៦រូបនេះ ក៏បានស្នើឱ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ចំពោះការបង្កបទល្មើសណាមួយក្នុងដីចម្ការខាងលើនេះ។ ពួកគេក៏បានសន្យាមិនឃោសនាផ្សព្វផ្សាយណាមួយ ឬទទួលឱ្យប្រជាពលរដ្ឋចូលទៅរស់នៅលើដីចម្ការខាងលើដោយខុសច្បាប់ទៀតនោះឡើយ។


សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ឱកាសដល់មេចលនានៃការប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការខាងលើ ដោយមិនប្រើកងកម្លាំងទៅបំបែកការជួបជុំ ឬវិធានការច្បាប់អ្វីនោះឡើយ។ សម្តេចតេជោ បានផ្តល់លទ្ធភាពដល់ពួកគេរំសាយការជួបជុំ និងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។


សម្តេចតេជោ ថែមទាំងបានណែនាំអាជ្ញាធរត្រៀមរថយន្ត និងស្បៀងអាហារ ដឹកប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋានពួកគេវិញថែមទៀតផង សម្រាប់អ្នកមិនមានមធ្យោបាយត្រឡប់ទៅវិញ៕  



វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ នឹងត្រឡប់មកវិញ ឬ?


(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បាន និងកំពុងក្លាយជាប្រធានបទជជែកដេញដោលដ៏ក្ដៅគគុកមួយសាជាថ្មី នៅចំពោះមុខការចោទសួរកាន់តែច្រើនឡើង ទាំងនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច។ នោះគឺថាតើបុរសម្នាក់ដែលបានព្យាយាមលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពី ឆ្នាំ២០២០ គំរាមរំលាយបក្សសម្ព័ន្ធយោធាណាតូ និងចូលចិត្តរាប់អានមេដឹកនាំផ្ដាច់ការដូចជាលោក ពូទីន និងលោក គីម ជុងអ៊ុន អាចនឹងសម្រេចចិត្តឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីម្ដងទៀតដែរ ឬក៏យ៉ាងណា? ហើយប្រសិនបើរឿងបែបនេះឡើងពិតមែន តើមានអ្វីអាចបញ្ឈប់លោក ត្រាំ បានដែរឬទេ?


មកទល់នឹងពេលនេះ លោក ដូណាល់ ត្រាំ នៅតែមិនទាន់ប្រកាសជាផ្លូវការពីបំណងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៤ នៅឡើយទេ។ តែលោក ចូ បៃដិនឯណេះវិញដែលមានវ័យ ៧៩ឆ្នាំទៅហើយនោះ ត្រូវបានគេរាយការណ៍ថាបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតី ជាផ្លូវការហើយ បើទោះជាសេតវិមាន មានការព្រួយបារម្ភពីបញ្ហាអាយុរបស់លោកក៏ដោយ។


ជាការពិតណាស់ ទោះបីជាស្ថិតនៅក្រោមការស៊ើបអង្កេតពីសកម្មភាពលើ្មសច្បាប់ស្ទើរជុំទិសក៏ពិតមែន ក៏ប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ នៅក្នុង គណបក្សសាធារណរដ្ឋនៅតែមានភាពរឹងមាំដោយមិនរង្គោះរង្គើរគួរឱ្យកត់សម្គាល់នោះទេ។ ផ្ទុយទៅវិញវាមានតែស្ទុះឡើងថែមទៀត។ បើតាមការស្ទង់មតិចេញ ផ្សាយដោយសារព័ត៌មាន Politico កាលពីពាក់កណ្ដាល់ខែសីហានេះ លោក ដូណាល់ ត្រាំ នឹងទទួលបានការគាំទ្រ ៥៧ភាគរយ ពីអ្នកសាធារណរដ្ឋ ក្នុងករណីដែល ការប្រជែងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សសាធារណរដ្ឋធ្វើឡើងភ្លាមៗ។ កាលពីខែកក្កដាកន្លងទៅ នៅមុន FBI ចុះឆែកឆេរផ្ទះរបស់លោកក្នុង រដ្ឋផ្ល័ររីដា អត្រាគំាទ្រលោក ត្រាំ មានត្រឹម ៥៣ភាគរយ។


ជាងនេះទៅទៀត ឥទ្ធិពលដ៏ខ្លាំងក្លារបស់លោក ត្រាំ ក្នុងបក្ស ក៏បានបង្ហាញឱ្យឃើញផងដែរតាមរយៈជ័យជម្នះរបស់លោកស្រី ហារៀត ហាហ្កេមែន (Harriet Hageman) ដែលជាបេក្ខជនសភាតំណាងរាស្ត្រអាមេរិក ប្រចាំរដ្ឋ វាយអូមីង (Wyoming) ជារដ្ឋដែលលោក ត្រាំ ទទួលបានការគំាទ្រ៧០ភាគរយ ក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីឆ្នាំ២០២០។ លោកស្រី ហាហ្កេមែន ដែលជាបេក្ខជនទទួលបានការគំាទ្រពីលោក ដូណាល់ ត្រាំ បានផ្ដួលលោកស្រី លីស ឆេនី (Liz Cheney) ក្នុងការបោះឆ្នោតនៅក្នុងបក្សកាលពីពាក់កណ្ដាលខែសីហានេះ។ លោកស្រី លីហ្ស ឆេនី គឺជាសមាជិកសភាតំណាងរាស្ត្រម្នាក់ក្នុងចំណោមសមាជិក សភាតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋទំាង១០នាក់ ដែលបានបោះឆ្នោតគាំទ្រការចោទប្រកាន់ប្រឆាំងនឹងលោក ត្រាំ ពាក់ព័ន្ធនឹងភាពចលាចលដ៏ហិង្សានៅឯ វិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។


លោកស្រី លីស ឆេនី ប្រមូលមូលនិធិបានជាង ៦លានដុល្លារ នៅក្នុងយុទ្ធនាការឃោសនារកសំឡេងគាំទ្រ ប៉ុន្តែនៅតែមិនអាចយកឈ្នះលើលោកស្រី ហាហ្កេមែន ដែលទទួលបានការគំាទ្រពីលោក ត្រាំ។ នេះឯងជាភស្តុតាងមួយធ្វើឱ្យគេជឿជាក់លោក ត្រាំ នៅតែមានលទ្ធភាពទទួលបានជ័យជម្នះក្នុងការប្រកួតប្រជែងឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សសាធារណរដ្ឋ ទាស់នៅត្រង់តើថាលោកសម្រេចចិត្តឈរ ឬមិនឈរឈ្មោះជាថ្មីតែប៉ុណ្ណោះ។


បច្ចុប្បន្ន លោក ត្រាំ កំពុងប្រឈមមុខនឹងការស៊ើបអង្គេត និងការចោទប្រកាន់តាមផ្លូវច្បាប់ជាច្រើន ក្នុងនោះរាប់ចាប់តាំងពីគេចពន្ធ ការញុះញង់ឱ្យក្រុមអ្នកគាំទ្រចូល អុកឡុកវិមានសភា ការព្យាយាមលុបចោលលទ្ធផលបោះឆ្នោត និងចុងក្រោយបំផុតនោះគឺការលាក់ទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់ ក្រោយ FBI ចុះឆែកឆេរ ផ្ទះរបស់លោកក្នុងរដ្ឋផ្លររីដា កាលពីដើមខែសីហានេះ។


នៅក្រោយការស៊ើបអង្កេតបិទបញ្ចប់ ការសម្រេចចិត្តផ្ដន្ទាទោសណាមួយអាចនឹងត្រូវធ្វើឡើង ដោយអាស្រ័យថាតើឯកសារដែលគេចោទថាលោក ត្រាំ កាន់កាប់ដោយ ខុសច្បាប់នោះ វាជាឯកសារសំខាន់កម្រិតណា? ក៏ប៉ុន្តែ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយអាមេរិកយល់ថាប្រឈមមុខនឹងរឿងក្ដីក្ដាំតាមផ្លូវច្បាប់ស្ទើរជុំទិស បែបនេះឯង វាអាចនឹងជំរុញឱ្យលោក ដូណាល់ ត្រាំ សម្រេចចិត្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក ហើយការសម្រេចចិត្តណាមួយអាចនឹងធ្វើឡើង នៅមុន ពេលដែលការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ចូលមកដល់នៅខែវិច្ឆិកាខាងមុខនេះ។ ពីព្រោះថាការស្ថិតនៅក្រៅឆាកនយោបាយ លោក ត្រាំ គ្រាន់តែជាពលរដ្ឋ អាមេរិកសាមញ្ញម្នាក់ប៉ុណ្ណោះដែលអាចប្រឈមមុខនឹងការកាត់ទោសគ្រប់ពេលវេលា។ ដូច្នេះប្រសិនបើលោកចង់គេចឱ្យផុតពីទោសទណ្ឌទាំងឡាយ ជម្រើសល្អ គឺមានតែឈរឈ្មោះជាប្រធានាធិបតីតែប៉ុណ្ណោះ ស្របពេលដែលលោកនៅតែជាបេក្ខជនដ៏មានសក្ដានុពលម្នាក់ ដែលទទួលបានការគាំទ្រពីប្រជាជនអាមេរិកជាង ៧៤លាននាក់ឯណោះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។


ក្នុងន័យនេះដែរ ក្រុមអ្នកស៊ើបអង្កេតអាចនឹងប្រឈមមុខនឹងជម្រើសមិនអាចចៀសផុត នោះគឺនាំខ្លួនបេក្ខជនប្រធានាធិបតីម្នាក់ឡើងតុលាការ ឬក៏ជ្រើសរើស មិនអនុវត្តនីតិរដ្ឋ ដូចដែលធ្លាប់បានកើតឡើងលើអតីតបេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន កាលពីឆ្នាំ២០១៦។ ពោលគឺនៅកាលណោះ ក្រសួងយុត្តិធម៌អាមេរិកបានច្រានចោលការចោទប្រកាន់ ឬការកាត់ទោសលោកស្រី គ្លីនតុន ជុំវិញរឿងអាស្រូវទាក់ទងនឹងឯកសារសម្ងាត់ជាតិ។


គួរបញ្ជាក់ថា រឿងអាស្រូវរបស់លោកស្រី គ្លីនតុន កំពុងត្រូវបានក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ យកមកធ្វើជាសំអាងថាការស៊ើបអង្កេត ឬការចោទប្រកាន់ប្រឆាំង លោក ត្រាំ គឺជាការអនុវត្តស្ដង់ដារពីរ ខណៈទាំងលោក ត្រាំ និងគាំទ្រអ្នកគាំទ្ររបស់លោកកំពុងប្រើប្រាស់ការឆ្មក់ឆេររបស់ FBI ដើម្បីបង្ហាញថាវាជាការប៉ុនប៉ងខាង នយោបាយរារាំងមិនឱ្យលោក ត្រាំ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នា២០២៤ ឬអាចនិយាយពួកគេកំពុងព្យាយាមធ្វើឱ្យលោក ត្រាំ ក្លាយជាជនរងគ្រោះ នៃការធ្វើបាបខាងនយោបាយ៕ ដោយៈ Fresh News