Thursday, December 02, 2021

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ

(ភ្នំពេញ)៖ មនុញ្ញផលកើតចេញពីសុខសន្តិភាព ដែលកំពុងគ្របដណ្តប់ពាសពេញផ្ទៃប្រទេសកម្ពុជា បាននាំមកនូវសមិទ្ធផលថ្មីបន្ថែមទៀតហើយ ក្នុងក្រុងព្រះសីហនុ នោះគឺផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតជាមានមោទនភាពចំពោះការសាងសង់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ហើយប្រើប្រាស់ថវិកាជាតិសម្រាប់ការវិនិយោគជាលើកដំបូង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនយកការសម្រេចចិត្តមួយបណ្តាក់ទុនឱ្យសាងសង់ផ្លូវជាប់មាំនៅក្នុងខេត្តនេះទេ គឺត្រូវតែធ្វើជាប់រហូត ព្រោះមានតម្រូវការប្រើប្រាស់មមាញឹក។

* សម្តេចតេជោ ហ៊ុន សែន ព្រះនាមរបស់សម្តេច នរោត្តម សីហនុ ផ្សារភ្ជាប់ជាមួយទឹកដីខេត្តព្រះសីហនុជានិច្ច បើទោះបីព្រះអង្គបានយាងចូលទិវង្គតក្តី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ បានប្រែប្រួលមុខយ៉ាងខ្លាំង ជាមួយអគារកម្ពស់រាប់ជាន់ បានផុសឡើងយ៉ាងច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរពីបច្ចេកវិទ្យានៃអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានចម្រោះទឹកកខ្វក់បានយ៉ាងស្អាត។ សម្តេចេជោ ហ៊ុន សែន ប្រកាសជាថ្មីឱ្យប្រជាពលរដ្ឋយកទឺកដែលចម្រោះរួចនោះទៅស្រោចដំណាំ និងការចិញ្ចឹមត្រីជាដើម ដោយគ្មានការយកលុយកាក់នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគម្រោងអភិវឌ្ឍរបស់ជាតិមួយចំនួនត្រូវបានខកខាន ព្រោះតែការរាតត្បាតជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគ្មានជំងឺកូវីដ១៩ ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល អាចកើនដល់ ៥ពាន់លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតមានប្រសាសន៍លេងជាមួយប្រជាពលរដ្ឋថា ធ្វើអ្នកធំលំបាកណាស់មិនអាចទៅទីណាបានស្រេចតែចិត្តទេ។ សម្តេចតេជោ ក៏បានលើកឡើងថា ជាតិនេះអភ័ព្វមិនដែលស្គាល់កន្លែងកម្សាន្តខារ៉ាអូខេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងក្រុងព្រះសីហនុ ដែលប្រើកម្លាំងខ្មែរទាំងអស់ ទាំងកម្លាំងពលកម្ម មន្ត្រីជំណាញ វិស្វករ និងស្ថាបត្យករ។ សម្តេចេជោ បានថ្លែងថា នេះគឺជាមោទនភាពមួយរបស់ខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគម្រោង កម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុទាំងអស់ ដែលបានចូលរួមសហការឱ្យសម្រេចបាននូវសមិទ្ធផលនៅក្នុងក្រុងនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះសីហនុ ជាគម្រោងពោរពេញដោយមិច្ឆតា និងឆ្លើយតបចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ពីអត្ថន័យនៃពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានសម្រេចឱ្យតាំងបង្ហាញលើមហាវិថីជំទាវម៉ៅ។ សម្តេចតេជោ បានបញ្ជាក់ថា ពាក្យនេះ សម្តេចសំដៅដល់សមត្ថភាពខ្មែរគ្រប់ជំនាន់អាចសាងនូវសមិទ្ធផលទាំងឡាយសម្រាប់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយបរទេសខ្លះបានតែតួលេខ ដោយឡែកថវិកាបានទៅលើមន្ត្រីបច្ចេកទេសរបស់ប្រទេសម្ចាស់ជំនួយនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តើមចេញពីបញ្ហានេះហើយ ទើបសម្តេចប្រឹងប្រែងសន្សំប្រាក់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយជំនួយរបស់បរទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដោយយោងតាមទិន្នន័យពីរដ្ឋមន្ត្រីទេសចរណ៍ថា ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរឈានមុខគេ ហើយលេខ២ នៅខេត្តសៀមរាប។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋបន្តមកលេងខេត្តព្រះសីហនុ ជាពិសេសមកមើលហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដែលទើបសាងសង់រួចរាល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវកុំឱ្យភ័យស្លន់ស្លោខ្លាំងចំពោះមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» រហូតបាត់ម្ចាស់ការ។ តែក៏មិនត្រូវបោះបង់ការប្រុងប្រយ័ត្ននោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនមានភ្ជាប់ជើងហោះហើរជាមួយអាហ្វ្រិកខាងត្បូងនោះទេ ដូច្នេះមិនមានភាពចាំបាច់ក្នុងការបិទជើងហោះហើរជាមួយអាហ្វ្រិកខាងត្បូងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការពិចារណាឡើងវិញ រឿងហាមឃាត់ប្រទេសចំនួន១០ នៅអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា។ តែត្រូវបង្កើនការធ្វើតេស្តចំពោះអ្នកធ្វើដំណើរមកពីប្រទេសទាំងនេះ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវមោទនភាពផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរដែលប្រកាន់ខ្ជាប់នូវស្មារតីការពារជំងឺកូវីដ១៩ ដូចជាពាក់ម៉ាស់ជាប់ជាប្រចាំ។

* សម្តេចតេជោ ហ៊ុន សែន បានសន្យាផ្តល់រថយន្តដឹកវ៉ាក់សាំង១០គ្រឿងទៀត ជូនប្រទេសឡាវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសដឹងគុណគេ។ សម្តេចតេជោ បានថ្លែងថា កម្ពុជាលំបាកណាស់នៅឆ្នាំ១៩៧៩ ហើយឡាវ និងវៀតណាម នាពេលនោះ ទោះកំពុងជួបការលំបាក តែបានចែករំលែកដល់ប្រជាពលរដ្ឋកម្ពុជាឱ្យបានរស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកចិត្តរបស់ឡាវនោះ ត្រូវកត់ត្រាទុក ហើយសម្តេចមិនមែនជាមនុស្សអគុណធម៌នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្វល់នឹងតិះទៀនរបស់ជនមួយចំនួនរឿងជួយដល់ឡាវនេះឡើយ។ សម្តេចតេជោ បានថ្លែងថា កម្ពុជាមានទឹកចិត្តមិនត្រឹមផ្តល់ជំនួយប៉ុណ្ណេះទេ កម្ពុជាបានបញ្ជូនកងកម្លាំងជាច្រើនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាពនៅប្រទេសនានា។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីអំពីអត្ថន័យ «ឈើចាំស្នេហ៍, សិលាចាំស្នេហ៍» ថាជានិមិត្តរូបនៃការស្ថិតស្ថេរជាអមតៈ ចំពោះសុខសន្តិភាព ចំពោះទឹកដី ចំពោះរបបរាជានិយម និងរដ្ឋធម្មនុញ្ញ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅខេត្តព្រះសីហនុ បានរៀបចំសិលាបណ្តាសា ក្នុងគោលបំណងការពារសមិទ្ធផលក្នុងក្រុងកុំឱ្យមានការបំផ្លិចបំផ្លាញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២ ធ្នូ មានព្រឹត្តិការណ៍សំខាន់ចំនួន៣ សម្រាប់សម្តេច។ ព្រឹត្តិការណ៍ទាំង៣នោះ រួមមាន៖ ខួប៤៣ឆ្នាំ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ, ខួប៣៤ឆ្នាំ នៃជំនួបចរចារកសន្តិភាពរវាងសម្តេច និងសម្តេច នរោត្តម សីហនុ ដែលគេហៅថា «វេទិកាសីហនុ-ហ៊ុនសែន ហ្វែអង់ទីន័រ» និងទី៣ គឺខួប២៣ឆ្នាំ នៃការដាក់យុទ្ធសាស្ត្រត្រីកោណ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ខែធ្នូ នេះ មានព្រឹត្តិការណ៍ជាច្រើនជាប់ពាក់ព័ន្ធជាមួយសម្តេចក្នុងព្រឹត្តិការណ៍ជាតិ មានដូចជាព្រឹត្តិការណ៍បិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង និងការកោះហៅសម្តេចទៅរៀបអាពាហ៍ពិពាហ៍ជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ សម្តេចមិនបានសម្រានមួយយប់ ដើម្បីរៀបចំសុន្ទរកថាជូនសម្តេច ជា ស៊ីម។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា ២ធ្នូ ឆ្នាំ១៩៨៧ មុនជំនួបសម្តេច នរោត្តម សីហនុ និង២ធ្នូ ឆ្នាំ៩៨ នៃការបង្កើតយុទ្ធត្រីកោណ ក៏សម្តេចសម្រាន្តមិនលក់ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា មុំសំខាន់នៃយុទ្ធសាស្ត្រត្រីកោណដែលសម្តេចដាក់ចេញនៅឆ្នាំ១៩៩៨ រួមមាន៖ ការធ្វើឱ្យមានសន្តិភាព, ការធ្វើសមាហរណកម្មប្រទេសទៅក្នុងឆាកអន្តរជាតិ, ប្រមូលផ្តុំនូវការខិតខំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីយុទ្ធសាស្ត្រនោះហើយ ធ្វើឱ្យកម្ពុជាបានងើបលើកស្មើមុខស្មើមាត់ជាមួយប្រទេសនានា។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដូសទី៣ ដែលកងការពារដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានសិទ្ធិផលិតវ៉ាក់សាំងនៅកម្ពុជាហើយ ដែលជាការចុះហត្ថលេខារវាងក្រុមហ៊ុន និងក្រុមហ៊ុន គាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងចិន។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់នារីបម្រើការងារនៅតាមខារ៉ាអូខេ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីខែមករា ឆ្នាំ២០២២ សម្តេចនឹងមានដំណើរទៅក្រៅប្រទេសច្រើន ដូចជាវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ប្រទេសស្វីស និងពិព័រណ៍ពិភពលោកជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិក មានបំណងចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅអាមេរិក។ បើមានកិច្ចប្រជុំនោះមែន សម្តេច និងអាមេរិក នឹងធ្វើជាសហប្រធានកិច្ចប្រជុំនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីថា តើគួរទុកស្ថានភាពអាស៊ាន៩ ឬយ៉ាងណា? តើគួរផ្គាប់ចិត្តប្រទេសដទៃ ហើយបំផ្លាញផ្ទះខ្លួនឯងឬយ៉ាងណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៧ ខែធ្នូ កម្ពុជា អញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចក៏ត្រៀមខ្លួន ធ្វើដំណើរទៅមីយ៉ាន់ម៉ាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានហៅព័ត៌មានខាងលើនេះ ជាការបង្ហើបនូវការគិតគូរមួយចំនួនរបស់សម្តេចពេលធ្វើជាប្រធានអាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអាស៊ានមិនអាចរៀបចំផ្ទះខ្លួនឯងបាន តើអ្វីទៅជាសាមគ្គីភាពរបស់អាស៊ាន ឬមជ្ឈភាពរបស់អាស៊ាន?

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយកិច្ចពិភាក្សារបស់សម្តេច និងនាយករដ្ឋមន្ត្រីជប៉ុនថា មួយជីវិតរបស់សម្តេចហើយកិច្ចចរចាទាំងឡាយ មិនដែលសម្រេចលទ្ធផលតាមការជជែកផ្លូវការ (លើតុ) នោះទេ ភាគច្រើនលទ្ធផលសម្រេចបានដោយការចរចាក្រៅផ្លូវការ (ក្រោមតុ)។

* រំលឹកដល់ការចរចានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការប្រើយុទ្ធសាស្ត្រក្នុងការចរចាជាមួយត្រីភាគីលើការដកទ័ពកាលពីទសវត្សរ៍ឆ្នាំ៨០ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើមេដឹកនាំមិនពង្រឹងអំណាច ទៅធ្វើមេដឹកនាំធ្វើអ្វី?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកូនមានសមត្ថភាព ទៅដឹកនាំក៏មិនខុសទាស់នោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលគេព្យាយាមបំបែកតាំងពីឆ្នាំ១៩៧៩ និងទសវត្សរ៍ឆ្នាំ៨០ តែមិនបែក។

* ការចេញមកបញ្ជាក់របស់សម្តេចតេជោ គឺតបការលើកឡើងរបស់មនុស្សចំនួនថា សម្តេចជាអ្នកបំបែកសម្ព័ន្ធភាព សម រង្ស៉ី-កឹម សុខា។

* សម្តេចតេជោ បានបញ្ជាក់ថា បើសម្ព័ន្ធភាពនេះរឹងមាំ គ្មាននរណាបំបែកបំបាក់បាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើក្រុមប្រឆាំងទទួលស្គាល់ថា ការបែកបាក់នេះដោយសារសម្តេច គឺត្រូវទទួលស្គាល់ថាក្រុមខ្លួនខ្សោយ ហើយសម្តេចខ្លាំងណាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើនាយករដ្ឋមន្ត្រី មិនពង្រឹងអំណាច មិនមែនជានាយករដ្ឋមន្ត្រីទេ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រកូនរបស់សម្តេចឱ្យធ្វើនាយករដ្ឋមន្ត្រីបន្ត តែត្រូវឆ្លងកាត់ការបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងចំណោមបេក្ខភាពដទៃទៀត។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើកុំឱ្យប្រព្រឹត្តទង្វើអាណាចារ្យនៅទីសាធារណៈ ឬឆក់ប្លន់នៅព្រះសីហនុ ព្រោះមានកាមេរាសុវត្ថិភាពជាង៥០០ទីតាំង។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១៥ ខែធ្នូ សម្តេចនឹងអញ្ជើញសម្ពោធសណ្ឋាគារហៃយ៉ាត់ របស់ក្រុមហ៊ុនជីពម៉ុង។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់សម្តេច ស ខេង ពេលនេះជាពេលដាក់ក្មេងចូលហើយ បើចាស់ៗចេញ គឺចេញទាំងអស់តែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបែកបាក់សម្ព័ន្ធភាពរបស់សម រង្ស៉ី-កឹម សុខា មិនជាប់ពាក់ព័ន្ធនឹងសម្តេចនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក ហ៊ុន ម៉ាណែត ឱ្យធ្វើអំពើល្អ ដើម្បីឈានទៅរកការគាំទ្រធ្វើជានាយករដ្ឋមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះទៅឈប់និយាយរឿងកំពង់ផែរាម ចង់នរណានិយាយអ្វី ក៏និយាយទៅ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងនៅវេលាម៉ោង៩៖៤០នាទី៕














ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូម​ប្រ​កាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍​របស់សម្តេច​តេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត

 (ភ្នំពេញ)៖ ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ស្វាយ ស៊ីថា សូមប្រកាសគាំទ្រជាឱឡារិក និងទាំងស្រុងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់បន្តវេនដឹកនាំប្រទេសទៅថ្ងៃអនាគត ស្របតាមការប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុ។

ខ្ញុំយល់ឃើញថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលពិតជា មានសមត្ថភាពខ្ពស់ មានសីលធម៌និងគុណធម៌ដ៏ល្អ ជាពិសេស ឯកឧត្តមបាន និងកំពុងធ្វើសកម្មភាពជាគំរូជាក់ស្តែងជាច្រើនឆ្នាំនៅលើវិស័យសំខាន់ៗជាច្រើនទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិដើម្បីបុព្វហេតុជាតិ មាតុភូមិនិង ប្រជាជនកម្ពុជា។

តាមរយៈលក្ខណៈ សម្បត្តិដ៏ល្អប្រសើរ គួបផ្សំនឹងបទពិសោធទាំងអស់នេះ ខ្ញុំពិតជាមានជំនឿ យ៉ាងមុតមាំថា «កូនខ្មែរម្នាក់ នេះពិតជាអាចធ្វើបានគ្រប់យ៉ាង» ដើម្បីជំរុញការការពារនិងអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនជឿនលឿនទៅមុខ ក្នុងសុខសន្តិភាពនិងវិបុលភាព ក៏ដូចជាកសាងកិត្យានុភាពរបស់ជាតិ នៅលើឆាកអន្តរជាតិ៕

រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១
ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជានិង រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី



សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីបន្ត តែត្រូវឆ្លងកាត់ការបោះឆ្នោត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។

ដោយបង្ហាញការខឹងសម្បារចំពោះក្រុមប្រឆាំងដែលវាយប្រហារលើសម្តេចថាពង្រឹងអំណាច និងប្រមាថកូនប្រុសរបស់សម្តេចថាជាកូនមេដឹកនាំវៀតណាម សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «អញប្រកាសថ្ងៃនេះតែម្តង គាំទ្រកូនឱ្យធ្វើនាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ ត្រូវឆ្លងកាត់ការបោះឆ្នោត»។ សម្តេចបានបន្តថា ការបណ្តុះបណ្តាលកូន មិនមែនយកមកឱ្យធ្វើ «មេចោរ» នោះទេ។



សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានសុខា ពិសេស ៣កុំ និង ៣ការពារ

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី បានបន្តអំពាវនាវជាថ្មីទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធានសុខាភិបាល ពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួន វិធាន ៣កុំ និង ៣ការពារ ទោះជាកម្ពុជាមានអត្រាឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ ធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្តី។ 


សម្តេចតេជោ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ ដែលប្រជាពលរដ្ឋកម្ពុជា បានចូលរួមយ៉ាងសស្រាកសស្ត្រាំក្នុងការទៅទទួលយកការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា រហូតឈានដល់បានចាក់ដូសទី៣ ដែលជាដូសជំរុញថែមទៀតផង។ ទន្ទឹមគ្នានេះ កុមារតូចៗ ដែលគ្រប់អាយុអាចចាក់បាន ក៏ទទួលបានថ្នាំវ៉ាក់សាំងផងដែរ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនដឹងថា ជំងឺកូវីដ-១៩ វាផុតរលត់នៅពេលណានោះទេ យើងមានតែខិតខំស្វះស្វែងរកជំនួយពីបណ្តាប្រទេសជាមិត្ត ជាពិសេស មិត្តចិន សម្រាប់ទុកក្នុងស្តុកឱ្យមានក្នុងឃ្លាំង ដើម្បីទុកផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នេះជាវិធានការដ៏កក់ក្តៅ សម្រាប់ទុកបង្ការ ការពារសុខភាពប្រជាពលរដ្ឋ៕




សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកពីយុទ្ធសាស្រ្តត្រីកោណដើម្បីសម្រេចនយោបាយឈ្នះឈ្នះ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីយុទ្ធសាស្រ្តត្រីកោណដែលបានអនុវត្តមុនពេលដែលកម្ពុជាអនុវត្តយុទ្ធសាស្រ្តចតុកោណ ហើយសម្តេចក៏បានបញ្ជាក់ថា នយោបាយឈ្នះឈ្នះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦មកម៉្លេះដែលត្រូវបានអនុវត្តនៅតំបន់ឱរ៉ាល់។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។ 


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តត្រីកោណរួមមាន៖ ទី១-សន្តិភាវូនីយកម្មផ្ទៃក្នុងប្រទេស ទី២-សមាហរណកម្មក្នុងសហគមន៍អន្តរជាតិ និងទី៣-ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលយុទ្ធសាស្រ្តត្រីកោណនោះដែរ កម្ពុជាយើងចាប់ផ្តើមចូលកាន់កាប់នៅក្នុងកៅអីអង្គការសហប្រជាជាតិ ចូលទៅក្នុងតំបន់អាស៊ាននិងអង្គការពាណិជ្ជកម្មពិភពលោក។ ចាប់តាំងពីពេលនោះមក កម្ពុជាបានចាប់ផ្តើមងើបឡើងជាប្រជាជាតិមួយឈានឆ្ពោះទៅមុខរហូតដល់សព្វថ្ងៃនេះ៕



សម្តេចតេជោ ហ៊ុន សែន ថ្លែងពីអត្ថន័យនៃដើមឈើចាំស្នេហ៍ និងសិលាបណ្តាសារ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដើមឈើចាំស្នេហ៍ មានន័យថា ចាំមិនដែលជួប ចាំគឺចាំរហូត រីឯសិលាបណ្តាសារ មានន័យថា អ្នកដែលខិលខូចទៅកាប់បំផ្លាញថ្ម អ្នកនោះនឹងត្រូវបណ្តាសារមិនខាន ពីព្រោះថ្មដុះឡើង ប្រៀបដូចជាខ្សែរសីមា ការពារតំបន់នេះ (ក្រុងព្រះសីហនុ) ឱ្យបានគង់វង្ស។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បែបនេះនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ពេលនេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើខ្លាចត្រូវបណ្តាសារ ដូច្នេះកុំសាងបាប កុំប្រព្រឹត្តអាក្រក់ ប្រយ័ត្នត្រូវបណ្តាសារ ត្រូវនាំគ្នាធ្វើតែល្អទៅ អ្នកនឹងទទួលបានផលល្អហើយ៕



សម្តេច​ ហេង សំរិន៖«មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទើបមានថ្ងៃនេះ»

 (ភ្នំពេញ)៖ ប្រធានរដ្ឋសភា សម្តេច​ ហេង សំរិន នៅព្រឹកថ្ងៃទី ២​ធ្នូនេះ បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាកំណើត «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»។ ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។


សម្តេច​ ហេង សំរិន បន្តថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហម។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ និងដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីប្រទេសជាមិត្ត ជិតឆ្ងាយលើសកលលោក បានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

មហាជ័យជម្នះ ៧មករា៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងវិញនូវទំព័រសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍមាតុភូមិរបស់ខ្លួនឡើងវិញ។

សម្តេច​ ហេង សំរិន បញ្ជាក់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕









ផ្សាយបន្តផ្ទាល់(Live): ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ

ផ្សាយបន្តផ្ទាល់(Live): ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ។

ព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១

**********

#ហ៊ុនសែន #សមិទ្ធផលនានា #អាងប្រព្រឹត្តកម្មទឹកកខ្វក់ #ក្រុងព្រះសីហនុ