Friday, January 11, 2019

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ៖​ ស្ថិរភាពនយោបាយនិងសង្គមជាឱកាសមាសនៅកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជករបរទេស

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែ​មករា ឆ្នាំ២០១៩នេះ បានបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុកដោយបានលើកឡើងថាកត្តាស្ថិរភាពនយោបាយនិងសង្គមជាឱកាសមាសនៅកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជករបរទេសឱ្យមកវិនិយោគនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា ទោះបីរវល់ការងារប្រទេសជាតិច្រើនយ៉ាងណាក្តី ក៏លោកនិងភរិយាតែងតែនឹករឮកមកដល់បងប្អូន និងកូនក្មួយគ្រប់ទីកន្លែងទាំងអស់ ជាពិសេស នៅពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព គឺលោករំភើបរីករាយដែលបានឃើញបងប្អូនមានឱកាសកាន់តែច្រើន​ឡើងក្នុងការកសាងសង្គមគ្រួសារឱ្យមានជីវភាព​រស់នៅកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា យើងទាំងអស់គ្នាបានឃើញច្បាស់ហើយថា ស្ថិរភាពនយោបាយនិងសង្គមជាមួយនឹងឱកាសមាសនៅកម្ពុជា គឺកំពុងទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជករបរទេសយ៉ាងច្រើនមកទស្សនានិងវិនិយោគនៅប្រទេសយើង។
លោកក៏សូមអរគុណក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសទាំងអស់ដែលមានទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយបានចូលរួមកសាង និងអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា សូមជូនពរបងប្អូនជនរួមជាតិ និងក្រុមហ៊ុនតូចធំទាំងអស់ នៅកម្ពុជាជួបតែសេចក្តីសុខ និងចម្រុងចម្រើនក្នុងកិច្ចការងារតូចធំ និងរបរទទួលទានគ្រប់កម្រិតនៅក្នុងឆ្នាំសកលថ្មី ២០១៩ នេះ៕