Wednesday, August 28, 2019

Video៖ ថ្ងៃ៩ វិច្ឆិកា គឺជាផែនការបំផ្ទុះបដិវត្តន៍ពណ៌ថ្មីមួយទៀត របស់ សម រង្ស៊ី

Video៖ សម រង្ស៊ី ជាប់អន្ទាក់ខ្លួនឯង !

ក្រុមហ៊ុនអង់គ្លេស ចាប់អារម្មណ៍ការវិនិយោគលើវិស័យវិស្វកម្មនៃរោងចក្រផលិត និងផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាតនៅកម្ពុជា

តំណាងក្រុមហ៊ុន Bridgemount Ltd របស់ចក្រភពអង់គ្លេស ដែលមានឯកទេសផ្នែកប្រឹក្សាយោបល់លើវិស័យវិស្វកម្ម បានបង្ហាញចេតនាវិនិយោគលើការដំឡើងរោងចក្រផលិត និងផ្គត់ផ្គង់ទឹកស្អាត នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
គម្រោងខាងលើ ត្រូវបានបង្ហើបតាមរយៈជំនួបពិភាក្សាទ្វេភាគីរវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ខាលយ៉ាន ហ្គូស (Kalyan Ghosh) នាយកក្រុមហ៊ុន Bridgemount Ltd កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ជុំវិញប្រធានបទកាលានុវត្តភាពវិនិយោគ និងការធ្វើធុរកិច្ច នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោក ខាលយ៉ាន ហ្គូស បានជម្រាបលោកស្រី តឹករ៉េត កំរង អំពីសាវតា និងគោលបំណងរបស់ក្រុមហ៊ុន Bridgemount Ltd ព្រមទាំងគម្រោងដែលក្រុមហ៊ុនរបស់លោក បានផ្តល់សេវាប្រឹក្សា និងសហការវិនិយោគមានដូចជា៖ ការថែទាំសុខភាព ការផលិតទឹកស្អាត ការដំឡើងស្ថានីយ៍ថាមពលព្រះអាទិត្យ និងការគាំទ្របច្ចេកទេសកសិកម្ម។
ជាការឆ្លើយតប លោកស្រីរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ចំពោះគម្រោងវិនិយោគ ខាងលើ និងបានជម្រាបជូនលោក ខាលយ៉ាន ហ្គូស អំពីវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គោលនយោបាយវិនិយោគ ព្រមទាំងវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣។

លោកស្រី ក៏បានលើកទឹកចិត្តលោកនាយកក្រុមហ៊ុន និងសហការី បន្តជួបពិភាក្សាអំពីគម្រោងនេះ ជាមួយស្ថាប័នពាក់ព័ន្ធមានដូចជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់អំពីនីតិវិធី និងលក្ខខណ្ឌតម្រូវផ្សេងៗ ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំជួយសម្របសម្រួលលិខិតបទដ្ឋានគតិយុត្ត ដើម្បីឱ្យក្រុមហ៊ុនអាចធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយស្របច្បាប់ និងទទួលបានជោគជ័យ៕





រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍឧស្សាហកម្ម

នៅប្រទេសស្វ៊ីស ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) របស់ក្រុមហ៊ុនប៊ូល័រ (Buhler) ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍សម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ ក្រោមការអនុវត្តគម្រោង «ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា»។ ការចូលរួមកម្មវិធីនេះ ក៏ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា និងឧបករណ៍សម្ងួត កែច្នៃកសិផល និងឧបករណ៍ដទៃទៀត សម្រាប់ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកែច្នៃ កសិផល ក្នុងគោលបំណងលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម។
នៅក្នុងជំនួបជាមួយប្រធានក្រុមហ៊ុនប៊ូល័រ លោក ខាលវីន ហ្គ្រីដ័រ (Calvin Grieder) និងនាយកប្រតិបត្តិ លោក ស្តេវហ្វាន ច្រាយប័រ (Stefan Scheiber) លោករដ្ឋមន្ត្រី បានលើកឡើងថា ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្មនៅកម្ពុជា ជាការងារសំខាន់ និងជាការងារអាទិភាពសម្រាប់កម្ពុជា ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជាផងដែរ។ ចំពោះវិស័យនាំចេញស្រូវអង្ករវិញ ការនាំចេញភាគច្រើនរបស់កម្ពុជា គឺមានលក្ខណៈជាស្រូវសើម ដែលបានលក់ទៅកាន់ប្រទេសជិតខាងក្រោយប្រមូលផលភ្លាមៗ ដោយកម្ពុជាមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការសម្ងួតស្រូវ និងរក្សាទុកស្រូវក្នុងរយៈពេលវែង។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្តថា ការកសាងឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ នឹងបង្កភាពងាយស្រួលសម្រាប់ក្រុមហ៊ុននាំចេញស្រូវអង្ករ ធ្វើការប្រមូលទិញស្រូវពីកសិករកាន់តែច្រើន ដើម្បីរក្សាទុកនឹងធ្វើការកិនជាអង្ករសម្រាប់នាំចេញ ក្នុងពេលមួយសមស្រប និងតម្លៃក្នុងទីផ្សារខ្ពស់ ក៏ដូចជាដោះស្រាយមួយកម្រិតនៃរបាំងបច្ចេកទេសមួយចំនួន ដែលរារាំងដល់ការនាំចេញដោយកម្ពុជា ទៅកាន់ទីផ្សារបរទេស។ លើសពីនោះថែមទៀត ការបង្កើតឡើងនូវឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវ នឹងជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។
ជាកិច្ចឆ្លើយតប លោក ខាលវីន ហ្គ្រីដ័រ បានជម្រាបជូនថា ក្រុមហ៊ុនប៊ូល័រ ពិតជាមានសេចក្ដីរីករាយដែលបានចូលរួមក្នុងការអនុវត្តគម្រោងនេះ និងផ្ដល់ឧបករណ៍ដែលមានគុណភាពខ្ពស់ និងមានកិត្តិនាមថ្មីក្នុងពិភពលោកសម្រាប់កម្ពុជា។ លោក បានជម្រាបបន្ថែមថា ក្រុមហ៊ុនប៊ូល័រ មិនត្រឹមតែមានឧបករណ៍សម្រាប់សម្ងួតស្រូវ ឬកសិផលដទៃទៀតនោះទេ ក្រុមហ៊ុនក៏មានឧបករណ៍ច្រើនប្រភេទសម្រាប់កិន និងកែច្នៃកសិផល ទៅជាផលិតផលសម្រេច ដូចជា ម្ហូបអាហារ និងចំណីសត្វ និងឧបករណ៍វិភាគសុវត្ថិភាពចំណីអាហារ ជាដើម។ ជាមួយនឹងការកសាងឡសម្ងួត និងឃ្លាំងស្ដុក ក្រុមហ៊ុនប៊ូល័រ នឹងផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកប្រតិបត្តិការរោងចក្រ និងឃ្លាំងបន្ថែមទៀត។
ក្រោយពីកិច្ចពិភាក្សាការងារ លោករដ្ឋមន្ត្រី បានអញ្ជើញធ្វើទស្សនកិច្ចក្នុងក្រុមហ៊ុនប៊ូល័រ ដូចជា មជ្ឈមណ្ឌលនវានុវត្តន៍ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងទីកន្លែងអនុវត្តបង្ហាញ។

សូមជម្រាបថា ក្រោមគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា ក្រុមហ៊ុនប៊ូល័រ នឹងសាងសង់ឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវចំនួនសាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន ១០ ដែលអាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ចំពោះកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) មានការចូលរួមពីភ្ញៀវចំនួន ៨០០នាក់ មកពីក្រុមហ៊ុនចំនួន២០០ និងប្រទេសចំនួន៨០ ប្រទេស៕






បងប្អូនប្រុងប្រយ័ត្នចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែកញ្ញា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ច្រើនបណ្តាកឱ្យមានបាតុភូតខ្យល់ ផ្គររន្ទះ និងជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ បានចេញសេចក្តីជូនដំណឹងស្តីអំពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ពិសេសខេត្តជាប់មាត់សមុទ្រ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ដោយសារតែមានឥទ្ធិពលនៃបាតុភូតធម្មជាតិ និងព្យុះទី១២ នោះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តជាប់មាត់សមុទ្រ មានដូចជាខេត្តកោះកុង និងព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកបក់បោកខ្លាំង។
២៖ ខេត្តកំពត ខេត្តកែប កំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
៣៖ បណ្តាលខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងបរិមាណពីបង្គួរទៅច្រើន ក្នុងនោះមានផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងជំនន់ដែលបណ្តាលមកពីភ្លៀងខ្លាំង ក៏ដូចជាជំនន់នៃទន្លេមេគង្គដែលបន្តហក់ឡើង៕

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ នៅលើទឹកដីអង្គរសៀមរាប

ក្រសួងសុខាភិបាលនៃកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តង ជាលក្ខណៈប្តូរវេន ដែលរួមមាន ១៖ កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន និង ២៖ កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទ «លើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល»។
កិច្ចប្រជុំនេះ នឹងពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនគឺ៖ ១៖ ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព, ២៖ ការធានានិរន្តរភាពហិរញ្ញប្បទាន សេវាថែទាំសុខភាព, ៣៖ ការពង្រឹងសមត្ថភាព ក្នុងការអនុវត្ត និយ័តកម្មសុខភាពអន្តរជាតិរបស់អង្គការសុខភាពពិភពលោក និង៤៖ នវានុវត្តន៍នៃការពង្រឹងសេវាថែទាំសុខភាព។
កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរសរុបប្រមាណ៣០០នាក់។ កិច្ចប្រជុំ ក៏នឹងពិភាក្សា និងអនុម័តនូវរបៀបវារៈអាទិភាពសំខាន់ៗមួយចំនួនផងដែរ។

កិច្ចប្រជុំនេះ នឹងប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ហើយ លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងផ្តល់អនុសាសន៍ដល់អង្គប្រជុំទាំងមូល សម្រាប់អនុវត្តបន្ត ៕

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី២៨ ខែសីហានេះ!

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់qទឹករបស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដឹកនាំយុវជននាំយកអំណោយចែកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន ៣៨គ្រសារ

ពោធិ៍សាត់៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោករ៉ែម សាមឿន និងលោកហេង ទ្រីសមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ដឹកនាំយុជន ស ស យ ក នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៣៨គ្រសាររស់នៅភូមិបន្ទាយដីក្រោមសង្កាត់បន្ទាយដីដែលជួបការលំបាកខ្វះខាតចាស់ជរា ជនពិកា ជនក្រីក្រ ជនងាយរងគ្រោះនឹងស្រីទើបសំរាលកូនរួចចំនួនបីនាក់ផងដែរ។

ក្នុងនោះដែលលោករ៉ែម សាមឿនបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋអោយខិតខំថែទាំសុខភាពហើយបើមានជួបការលំបាកអ្វីមួយសូមទាក់ទងទៅលោកអភិបាលលោកនឹងចេញអត្តរាគមន៏ភ្លាមជូនបងប្អូ អ៊ុពូមីងបន្ទាប់មកលោកម៉ោញ កត្តាផលប្រធានក្រុមការងារចុះជួយភូមិនេះបានធ្វើការផ្ដាំផ្ញើជូនដល់ពុកម៉ែ បងប្អូន អ៊ុពូមីងថាសូមណែនាំដល់បងប្អូន កូនក្មួយក្នុងការទៅទទួលទណ្ឌិតសម រង្សីនៅថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខអោយសោះនាំតែអស់លុយកាក់អត់ប្រយោជន៏ទេព្រោះថាទណ្ឌិរូបនេះមិនហ៊ានចូលស្រុកទេសូមបីតែអង្គប្រោកប្រាជ្ញបបួលភ្នាក់ដាក់1000000$( មួយលានដុល្លា )ដោយគ្រាន់តែផ្នាល់មិនហ៊ានផងអោយតែចូលស្រុកអោយគឺបានមួយលានដុល្លាដោយមានសម្ដេចតេជោ ហ៊ុន សែនយលព្រមធ្វើជាសាក្សីទៀតនោះ៕




ក្រសួងធនធានទឹក ចុះពិនិត្យវាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាពការងារជួសជុលទំនប់ការពារទឹក

កណ្តាល-កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោក ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេច្ចកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាព ការងារ (ជំពូក២១) រួមមាន៖

១-ជួសជុលទំនប់ការពារទឹកជំនន់ព្រែកក្តាម២ និងសាងសង់សំណង់សិល្បការ ស្ថិតនៅក្នុងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល សម្រេចបាន១០០ភាគរយ។
២-សាងសង់សំណង់ស្ទាក់ទឹកលើអូរជ្រៃបាក់ និងស្តារអាងទឹកឈ្វាំង ស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សម្រេច១០០ភាគរយ៕




កូនឈើជាងមួយពាន់ដើម នឹងត្រូវដាំតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត

សៀមរាប៖ កូនឈើជាងមួយពាន់ដើម ត្រូវបានដាំតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនភាពស្រស់ស្អាត និងទេសភាពបៃតងតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប មកកាន់រមណីយដ្ឋានអង្គរ ដោយអាជ្ញាធរជាតិអប្សរា គ្រោងនឹងដាំកូនឈើលម្អផ្លូវចាប់ពីព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាប រហូតដល់មុខប្រាសាទអង្គរវត្ត។
គម្រោងនេះមិនត្រឹមតែបង្កើនភាពទាក់ទាញបែបលក្ខណៈធម្មជាតិដល់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរតាមរយៈការរក្សាបាននូវភាពឆ្លុះបញ្ចាំងគ្នាទៅវិញទៅមករវាងប្រាសាទ ធម្មជាតិ និងសហគមន៍មនុស្ស។
កូនឈើដែលនឹងត្រូវដាំលម្អតាមដងផ្លូវនេះមានចំនួនជាង១,០០០ដើម ជាកូនឈើធ្នង់ដែលជាប្រភេទឈើប្រណិតដែលប្រជាជនខ្មែរទូទៅនិយមចូលចិត្ត។ ការដាំកូនឈើឡើងវិញតាមដងផ្លូវនាពេលនេះក៏ស្របគ្នានឹងអាជ្ញាធរជាតិអប្សរា ទើបធ្វើការជួសជុលនិងកែលម្អផ្លូវនេះជាថ្មីដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប។

ជាមួយគ្នានេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងទីធ្លាមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា ក៏នឹងធ្វើការដាំដើមក្រវ៉ាន់និងដើមឈើប្រភេទផ្សេងមួយចំនួនទៀតនៅតាមដងផ្លូវមុខប្រាសាទអង្គរវត្តដែលជាច្រកចូលចំបងសម្រាប់ទៅទស្សនាប្រាសាទអង្គរវត្តផងដែរ៕



ពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរពេទ្យបង្អែករមាសហែក និងប្រធានមណ្ឌលសុខភាពគគីរ

ស្វាយរៀង៖ នៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស តែងតាំងមុខតំណែងលោកវេជ្ជបណ្ឌិត ជៃ ចាន់ថន ប្រធានមន្ទីរពេទ្យបង្អែករមាសហែក និងលោក យស់ សាវន់ ប្រធានមណ្ឌលសុខភាពគគីរ ។
ដោយមានការចូលរួមពីលោក ម៉ៅ វីរៈ សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៉ឹង សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែក លោក ស៊ូ ម៊ូល អភិបាលស្រុករមាសហែក លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត លោក អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៤ លោក លោកស្រីក្រុមប្រឹក្សាស្រុករមាសហែក លោក ឈៀង សុធា នាយកទីចាត់ការសាលាខេត្ត លោក លោកស្រី មន្រ្តីរាជការ សាលាស្រុករមាសហែក កងកំលាំងទាំង៣។

និងវត្តមានចូលរូមពីលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បុគ្គលិក នៃមន្ទីរពេទ្យបង្អែករមាសហែក ទាំងអស់ដែលមានតួនាទី និងភារកិច្ចដូចខាងក្រោម៖
១.គ្រប់គ្រងទ្រព្យសម្បត្តិរបស់មន្ទីរពេទ្យ និងធានាឲ្យមាននរិន្តភាពសម្រាប់ប្រើប្រាស់សម្ភារៈ
២.សូមអោយមន្ទីរពេទ្យ ខិតខំអនុវត្តន៍តាមលក្ខណៈវិនិច្ឆ័យគោលទាំង៨ របស់គណៈកម្មាធិការវាយតម្លៃអង្គភាពផ្តល់សេវាគំរូលើវិស័យសុខាភិបាល
៣.សំណូមពរអនុវត្តឲ្យបាននូវការប្ដេជ្ញាចិត្តរបស់ប្រធានមន្ទីរពេទ្យថ្មី ដែលបានសន្យាចំពោះមុខគណៈអធិបតី៕




សហព័ន្ធប្រណាំងកង់អន្តរជាតិ ជ្រើសរើសកម្ពុជារៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរ សម្រាប់ឆ្នាំ២០២០

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀប ចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរកម្ពុជា នាដើមឆ្នាំ២០២០ ខាងមុខ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការនេះ។
សហព័ន្ធប្រណាំងកង់អន្តរជាតិ (UCI) ដែលជាស្ថាប័នរៀបចំកីឡាប្រណាំងកង់លំដាប់ពិភពលោក បានជ្រើសរើសប្រទេសកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ «ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រ» ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ព្រឹត្តិការណ៍ពិភពលោកនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក និងសហព័ន្ធប្រណាំងកង់អន្តរជាតិ (UCI)។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកនេះ នឹងត្រូវឆ្លងកាត់ខេត្តកោះកុង ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដែលជាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា ដែលត្រូវបានបែងចែកជា៣ដំណាក់កាល រួមមាន៖
* ដំណាក់កាលទី១៖ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ចាប់ផ្ដើមចេញដំណើរដំបូងពីតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ឆ្លងកាត់រង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង (ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង) ឆ្ពោះទៅក្រុងខេមរភូមិន្ទ (ទីរួមខេត្តកោះកុង) ដែលមានចម្ងាយសរុបប្រមាណ ១៣៥គីឡូម៉ែត្រ។
* ដំណាក់កាលទី២៖ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ចេញដំណើរពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង ឆ្លងកាត់ផ្លូវបំបែកស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរេញ (ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ) និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោ ខេត្តកំពត ដែលមានចម្ងាយសរុបប្រមាណ ១៧០គីឡូម៉ែត្រ។

* ដំណាក់កាលទី៣៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ចេញដំណើរពីមុខសាលាខេត្តកែប ឆ្លងកាត់រង្វង់មូលសេះស ឆ្ពោះទៅកាន់រង្វង់មូលទុរេន នៃខេត្តកំពត រួចបន្តទៅកាន់រង្វង់មូលវាលរេញ ឆ្ពោះទៅរង្វង់មូលតោពីរ នៃខេត្តព្រះសីហនុ ពេលទៅដល់ជិះវង់ជុំវិញរង្វង់មូលតោពីរចំនួន៣ជុំ ហើយបន្តឆ្ពោះទៅរមណីយដ្ឋានឆ្នេរសុខា រមណីយដ្ឋានឆ្នេរឯករាជ្យ ព្រះរាជដំណាក់ រួចចុះតាមផ្លូវឆ្នេរឯករាជ្យ តម្រង់ទៅរង្វង់មូលតោពីរវិញ ហើយបញ្ចប់នៅទីនោះតែម្ដង ដែលមានចម្ងាយសរុបប្រមាណ ១៥៥គីឡូម៉ែត្រ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យការងាររយៈពេលមួយឆ្នាំ ក្នុងការរកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

កិច្ចប្រជុំនាព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្តល់នូវទស្សនវិស័យ ក៏ដូចជាចក្ខុវិស័យមួយចំនួនសម្រាប់ការអនុវត្តន៍ការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយកិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសឱ្យសមាជិកទាំងអស់ចូលរួមជាយោបល់ស្ថាបនា និងសំណូមពរផងដែរ៕