Friday, November 11, 2016

ទូកង មួយគ្រឿង បុកជាមួយទូកទេសចរណ៍ លិចនៅមុខព្រះបរមរាជវាំង​ពេលប្រណាំង​សាកល្បងនៅព្រឹកនេះ

ភ្នំពេញ)៖ ទូកង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង។ នេះបើយោងតាម លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។
លោក គួច ចំរើន ដែលកំពុងចុះទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ បានបញ្ជាក់ជាបឋមថា ពេលសណ្តោងមកប្រណាំងសាកល្បង ស្រាប់តែបុកជាមួយទូកទេសចរណ៍បណ្តាលឱ្យលិច ហើយមានកីឡាករ ដែលនៅលើទូកនោះ ប្រហែលជិត១០នាក់ តែយ៉ាងណានោះរង់ចាំខ្ញុំទៅដល់សិន។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានអោយដឹងថា កីឡាករអុំទូកពីរនាក់បានបាត់ខ្លួន ខណៈពេលនេះកម្លំាងសមត្ថកិច្ចកំពុងចុះជួយអន្តរាគមន៍ស្វែងរកភ្លាមៗនៅកន្លែងកើតហេតុ៕

ប្រភពពី GNN







លោកជំទាវ ម៉ែន សំអន អនុញ្ញាតឱ្យអតីតអ្នកតស៊ូ​សម័យសង្គ្រាមដ៏មានស្នាដៃ​មួយរូបចូលជួបសំដែងការគួរសម

(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឱ្យ លោកតា   ចាន់ ឆេង អតីតមេឃុំរលួសមានជ័យ ស្រុកសំបូរណ៍ ខេត្តក្រចេះ និងជាអតីតអ្នកតស៊ូសម័យសង្រ្គាមដ៏មានស្នាដៃមួយរូប ចូលជួបសម្តែងការគួរសម។
នាឱកាសនោះផងដែរ លោកតា ចាន់ ឆេង ក៏បានរំលឹកអំពីគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍដូចសព្វថ្ងៃ ហើយលោកតា ក៏សូមគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលជ័យជម្នះនាពេលបោះឆ្នោតថ្ងៃខាងមុខ។
ជាទីបញ្ចប់ លោកជំទាវឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់ថវិកាមួយចំនួនជាសោហ៊ុយសម្រាប់ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញផងដែរ៕
ប្រភពពី GNN


ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បំភ្លឺថាការពន្យា​សុពលភាព​លិខិតឆ្លង​ដែនពុំត្រូវបាន​យកកម្រៃសេវាឡើយ

កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមការងារស្ថានទូតបានទទួលព័ត៌មាន និងបានទទួលសំនួរពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយលើកឡើងថា “ការពន្យាសុពលភាពលិខិតឆ្លងដែនគឺត្រូវចំណាយថវិកាចំនួន 50000វ៉ុន (៥ម៉ឺនវ៉ុន) ពិតមែនឬទេ?”
ស្ថានទូតសូមបញ្ជាក់ថា ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្ថានទូតពុំដែលយកកម្រៃសេវាលើការពន្យាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋខ្មែរនោះទេ។ បន្ថែមពីលើនេះ ដើម្បីបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋនោះ ស្ថានទូតបាននឹងតែងតែរៀបចំកម្មវិធីចុះពន្យាលិខិតឆ្លងដែនដោយផ្ទាល់នៅក្បែរមូលដ្ឋានដែលបងប្អូនរស់នៅថែមទៀតផង។
ជាមួយគ្នានេះ ក្រុមការងារបានស្រាវជ្រាវរកឃើញ និងកំណត់មុខសញ្ញាបានហើយ ចំពោះជនឆ្លៀតឱកាសកេងចំណេញ យកសេវាក្រៅផ្លូវការពីបងប្អូនចំនួនប្រហែល 5ម៉ឺនវ៉ុន ដើម្បីជាការរត់ការជួយពន្យាលិខិតឆ្លងដែនជូន។ ស្ថានទូត ក៏សូមអំពាវដល់ក្រុមឆ្លៀតឱកាសសូមបញ្ឈប់ជាបន្ទាន់ ជៀសវាង ស្ថានទូតមានវិធានការផ្លូវច្បាប់ណាមួយ ហើយស្ថានទូតនឹងមិនទទួលខុសត្រូវចំពោះហេតុការណ៍ដែលអាចកើតឡើងជាយថាហេតុណាមួយ បើបងប្អូនប្រជាពលរដ្ឋនៅតែបន្ដស្វែងរកសេវាក្រៅផ្លូវការបែបនេះ។
ក្រុមការងារស្ថានទូត ក៏បានអះអាងថានឹងបន្ដខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារឱ្យអស់ពីលទ្ធភាពដើម្បីជួយដោះស្រាយបញ្ហា និងគាំពារផ្លូវច្បាប់ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ៕

ប្រភពពី GNN






សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាលជាមួយសិស្ស “វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ” ខេត្តត្បូងឃ្មុំ

កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ បន្ទាប់ពីបានអញ្ជើញបង្សុកូលបញ្ជូនកុសលដល់កូនប្រុស ហ៊ុន កំសត់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំរួចហើយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ស្ថិតនៅក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ដោយបានពិនិត្យមើលឃើញពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗ និងចៅៗ សិស្សានុសិស្ស ជាពិសេស កំណើនសិស្សានុសិស្សជារៀងរាល់ឆ្នាំនៅទីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជន បានសម្រេចផ្តល់ជូនបន្ថែមនូវអគារសិក្សា ១ខ្នង កំពស់២ជាន់ មាន១៦បន្ទប់ និងសាងសង់ផ្ទះស្នាក់នៅរបស់សិស្ស ២ខ្នង កំពស់ ២ជាន់ មាន២៤ បន្ទប់។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយឱ្យក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខគ្រប់យ៉ាង ហើយក្មួយៗនិងចៅៗត្រូវចងចាំថា សម្តេច ទាំងទ្វេស្រឡាញ់ក្មួយៗ និងចៅៗគ្រប់ៗគ្នា ៕