Saturday, May 06, 2017

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយកម្មវិធី​នយោបាយ​ ជូនដល់​សមាជិក​សមាជិការ​គណបក្ស​សង្កាត់បយ៉ាខា​ ចំនួនជិត​ ៣០០នាក់​

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន រួមជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បយ៉ាខា បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាចំនួន ២៣២នាក់ ដែលមកពី៧ភូមិ ក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាចបានខិតខំថែរក្សា និងពង្រឹងកិច្ចការពារសុខសន្តិភាពដែលគណបក្សយើងរកបានយ៉ាងលំបាកមកនេះ ហើយបានបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិយើងអោយបានរីកចំរើនលើគ្រប់វិស័យ។
លោកបន្តថា ជាក់ស្តែងនៅខេត្តប៉ៃលិន ពីមួយអាណត្តិទៅមួយអាណត្តិ យើងបានខិតខំអភិវឌ្ឍន៍តាមមូលដ្ឋានឃុំ សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមានផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបំរើផលប្រយោជន៍ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមានស្នាដៃ ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ហើយបច្ចុប្បន្ននេះគ្មានគណបក្សណាមានសមត្ថភាពដឹកនាំប្រទេសជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ។
ដូចអ្វីដែលបានរៀបរាប់ខាងលើ លោកសុំអោយបងប្អូន និងសមាជិកសមាជិការទាំងអស់ត្រូវត្រៀមលក្ខណៈឯកសារ បំរើអោយការបោះឆ្នោតដែល គ ជ ប បានកំណត់អោយបានគ្រប់ៗគ្នា ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបន្តដឹកនាំ និងកសាងអភិវឌ្ឍន៍មូលដ្ឋានរបស់បងប្អូនអោយកាន់តែរីកចំរើនឡើង។
ទន្ទឹមនេះសមាជិកសមាជិការបក្សទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងបក្ស និងបងប្អូនប្រជាពលរដ្ឋអោយបានល្អ   បន្តចូលរួមថែរក្សាសន្តិភាព   ស្ថិរភាព    សន្តិសុខ  និង
សណ្តាប់ធ្នាប់សង្គមអោយបានរឹងមាំ ហើយបន្តអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះផងដែរ លោក កើត សុធា ក៍បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដោយផ្តោតយកគោលនយោបាយសំខាន់ៗរបស់គណបក្សក្នុងការបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិយើងតទៅថ្ងៃមុខផងដែរ។
បើតាមរបាយការណ៍របស់ លោក លឹម សំបូ ប្រធានគណបក្សប្រជាជនសង្កាត់បយ៉ាខា បានឱ្យដឹងថា សង្កាត់បយ៉ាខា មានសមាជិកសមាជិកាគ្រប់អាយុបោះឆ្នោតចំនួន ១៤៧២នាក់ ស្រីចំនួន ៧៣៩នាក់ ហើយបានចងក្រងជាក្រុមបក្ស ដើម្បីត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ៕




លោក គឹម សន្ដិភាព៖ អាមេរិកគួរពិចារណាឲ្យបានជ្រៅជ្រះជាងនេះ ជៀសវាងជឿនូវសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋានគតិយុត្តិ គ្មានភាពប្រាកដនិយម និងគ្មានយុត្តាធិការ!

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បែបនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ចេញប្រកាសគាំទ្រសេចក្តីថ្លែងការណ៍​ដែលចេញដោយ​សហភាពអឺរ៉ុប និងការិយាល័យនៃឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្តការឃុំខ្លួន មន្រ្តីអង្គការសង្គមស៊ីវិលចំនួន៥រូប​, នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា ​ភ្លាម​ៗបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ចេញប្រកាសគាំទ្រលើសេចក្តីថ្លែងការណ៍, ​​មន្រ្តី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ​លោក ​ផៃ ​ស៊ី​ផាន ​រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី ​បាន​ហៅ​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក ​ថា​ជា​ទង្វើ​ជ្រៀតជ្រែក ​និង​លូកលាន់​កិច្ចការ​ផ្ទៃ​របស់​កម្ពុជា ​ហើយ​អះអាង​ថា ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ ​គ្មាន​នរណា​ម្នាក់​ចូល​មក​ជ្រៀ​ក​ជ្រែក​ក្នុង​កិច្ចការ​តុលាការ​កម្ពុជា​បាន​ឡើយ​។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ សហរដ្ឋអាមេរិក ចេញប្រកាសគាំទ្រសេចក្តីថ្លែងការណ៍ដែលចេញដោយសហភាពអឺរ៉ុប និងការិយាល័យនៃ ឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្តការឃុំខ្លួន មន្រ្តីអង្គការសង្គមស៊ីវិលចំនួន៥រូប។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនៅលើ Facebook ផ្លូវការយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកគាំទ្រសេចក្តីថ្លែងការណ៍ ដែលចេញដោយសហភាពអឺរ៉ុប និងការិយាល័យនៃឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្ត ការឃុំខ្លួនមុនសវនាការ លើបុគ្គលិករបស់សមាគមអាដហុក ដែលជាអង្គការមិនមែនរដ្ឋាភិបាលដ៏ល្បីមួយ គឺបុគ្គលិកដែលមានឈ្មោះ លឹម មុនី ណៃ វ៉ុងដា នី សុខា និងយី សុខសាន ព្រមទាំងលើលោក នី ចរិយា ដែលជាអតីតបុគ្គលិករបស់សមាគមអាដហុក។
អ្នកទាំង៥ នាក់ត្រូវបានឃុំខ្លួនដោយគ្មានសវនាការ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ យើងកត់សំគាល់ដោយក្តីព្រួយបារម្ភចំពោះផលប៉ះពាល់ នៃការបន្តឃុំខ្លួននេះ ទៅលើគ្រួសារនៃអ្នកជាប់ឃុំ និងការពន្យាពេលបើកសវនាការ ដោយគ្មានហេតុផលត្រឹមត្រូវ។ យើងក៏បានកត់សំគាល់ផងដែរ ពីទស្សនៈរបស់ក្រុមការងារ នៃអង្គការសហប្រជាជាតិដែលធ្វើការងារទាក់ទងនឹងការឃុំខ្លួនតាមអំពើចិត្ត កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ ថាការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ គឺជាការធ្វើតាមតែអំពើចិត្ត។ សហរដ្ឋអាមេរិកសូមលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឲ្យ បានហ្មត់ចត់នូវអនុសាសន៍ទាំងនេះ ហើយគោរពកាតព្វកិច្ចរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងរឿងនេះ»៕

ប្រជាពលរដ្ឋក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ​សម្តែងក្តីរីករាយ​ បន្ទាប់ពី​ពួកគាត់ទទួល​បានផ្លូវបេតុង​ថ្មីមួយខ្សែ​ប្រវែង១០​គីឡូម៉ែត្រ​

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ ផ្លូវបេតុងមួយខ្សែ ត្រូវបានបើកការដ្ឋានសាងសង់ឡើង ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារក្នុងស្រុកកោះធំ មកពីគណបក្សប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ដែលធ្លាប់តែលំបាកក្នុងការធ្វើដំណើរនោះ បានសម្តែងក្តីរីករាយ បន្ទាប់ពីពួកគាត់​ទទួលបានផ្លូវបេតុងថ្មីមួយខ្សែប្រវែង១០គីឡូម៉ែត្រ។ ក្រុមប្រជាពលរដ្ឋបានចាត់ទុកផ្លូវនេះ គឺជាចំណែកដ៏សំខាន់មួយ​នៅក្នុងជីវិតប្រចាំថ្ងៃ ត្បិតផ្លូវនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ជាពិសេសការដឹកកសិផលទៅកាន់ទីផ្សារតែម្តង។
មន្រ្តីគណបក្សស្រុកកោះធំ បានឲ្យដឹងថា ថវិកាសម្រាប់សាងសង់ផ្លូវបេតុងមួយខ្សែនេះ គឺបានមកពីក្រុមការងារគណៈពង្រឹងស្រុកកោះធំ ដែលមានលោក ស៊ុន ចាន់ថុល ជាប្រធាន។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ស្រុកកោះធំ បើទោះពីជាដែនដីមួយឆ្ងាយពីរាជធានីភ្នំពេញយ៉ាងណាក្តី តែគេបានសង្កេតឃើញថា ផ្លូវនៅតាមបណ្តាឃុំ​មួយចំនួនក្នុងស្រុកនេះ ត្រូវបានប្រែក្លាយពីផ្លូវលំគ្រួសក្រហមទៅជាផ្លូវបេតុង ដែលបង្កការងាយស្រួលយ៉ាងខ្លាំង​សម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងការប្រកបរបរចិញ្ចឹមជីវិត។
ជាមួយនិងការទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីនេះ ក្រុមប្រជាពលរដ្ឋក្នុងឃុំជ្រោយតាកែវ សុទ្ធតែបានបង្ហាញ​ក្តីរីករាយ និងត្រេកអរ។ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងភូមិរបស់គាត់តាំងពីដើម​មកមិនដែលមានលផ្លូវចាក់​ស៊ីម៉ង់តិ៍បែបនេះឡើយ គឺមានតែផ្លូវដី ហើយជួបការលំបាកសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ។ ហើយនៅរដូវភ្លៀងបែកភក់ ហើយរដូវប្រាំងដីហ៊ុយជាខ្លាំង។ ក្រុមប្រជាពលរដ្ឋរំពឹងថា ក្រោយពេលផ្លូវបេតុង​សាងសង់រួចរាល់ ពួកគាត់លែងជួបការលំបាកដូចពេលមុនទៀតហើយ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងនេះ លោក ស៊ុន ចាន់ថុល បានលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ។
លោក ស៊ុន ចាន់ថុល បានថ្លែងគូសបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងដើម្បី​ប្រជាពលរដ្ឋនេះ គឺមិនចង់បានអ្វីតបស្នងមកវិញ ក្រៅតែពីសុំឲ្យប្រជាពលរដ្ឋបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានកសាងប្រទេស អភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។
ជាការឆ្លើយតបទៅនិងការលើកឡើងខាងលើ ក្រុមប្រជាពលរដ្ឋ បានលើកឡើងថា នៅក្នុងមូលដ្ឋាន​របស់គាត់មិនដែលឃើញមានគណបក្សណាផ្សេងទៅអភិវឌ្ឍន៍នោះឡើយ ដូចជាផ្លូវនេះជាដើម។ គាត់ថា មានតែ​គណបក្សប្រជាជនកម្ពុជា និងក្រុមការងារលោក ស៊ុន ចាន់ថុល តែប៉ុណ្ណោះ ដែលចុះទៅអភិវឌ្ឍន៍ និងតែងតែយកចិត្តទុកដាក់​លើសុខទុក្ខ និងផលលំបាក ហើយតែងជួយដោះស្រាយរាល់បញ្ហាផងដែរ។
ក្រៅពីការផ្តល់ផ្លូវបេតុងហើយនោះ លោក ស៊ុន ចាន់ថុល បានបន្តទៅជួយសាងសង់ផ្លូវលំប្រវែង១គីឡូម៉ែត្រ ​មួយខ្សែទៀត ជូនប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍បានផងដែរ។ ហើយលោកក៏ផ្តល់លេខទូរស័ព្ទ ឲ្យប្រជាពលរដ្ឋទាក់ទងស្វែងរកការអន្តរាគមន៍ក្នុងការងារបន្ទាន់ផ្សេងៗណាមួយ៕






ក្រសួងសុខាភិបាល ប្រកាសប្រឡងជ្រើសរើស​ មន្រ្តីរាជការ​ចំនួន៧១០នាក់ ​ដើម្បី​ បម្រើការងារ​ នៅតាម​អង្គភាពនានា​ ក្នុងឆ្នាំ២០១៧​

ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ បានចេញសេចក្ដីជូនដំណឹង ដោយប្រកាសប្រឡងជ្រើសរើស មន្រ្តីរាជការចំនួន៧១០នាក់ ដើម្បីដាក់ឲ្យទៅបម្រើការងារ នៅតាមអង្គភាពនានា ក្នុងឆ្នាំ២០១៧។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងក្រសួងសុខាភិបាល បានបញ្ជាក់ថា ចំពោះការដាក់ពាក្យសុំចុះឈ្មោះប្រឡង មាននៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖០០នាទី រៀងរាល់ម៉ោងធ្វើការ។ ចំពោះកាលបរិច្ឆេទនៃការប្រឡង ប្រពឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅវេលាម៉ោង២៖៣០រសៀល ដោយឡែក ចំពោះមណ្ឌលប្រឡង ក្រសួងសុខាភិបាល នឹងជូនដំណឹងនៅពេលក្រោយទៀត៕



អង្គការJICA កំពុងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ -បាវិត​ និងជួយ​អភិវឌ្ឍន៍​កំពង់ផែ​ខេត្តព្រះសីហនុ​ ដែលមាន​ទឹកប្រាក់​ ៦០លាន​ដុល្លារអា​មេរិក

កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅវិមានសន្តិភាព លោក ហោ ណាំហុង បានអនុញ្ញាតឲ្យលោក កេអីឈី អីសឈីអី Keiichi ISHII រដ្ឋមន្ត្រីក្រសួងដែនដី រចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៏ជប៉ុនចូលជួបសម្តែងការគួរសម។
លោក អ៊ុ សុខកាន ទីប្រឹក្សាលោក ហោ ណាំហុង បានមានប្រសាសន៏ឲ្យដឹងថា លោក ហោ ណាំហុង បានមានប្រសាសន៏ថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានគម្រោងដែលបានកសាងបញ្ចប់ជាស្ថាពរ មានស្ពានស្យូបាសា(ស្ពានអ្នកលឿង)បានបញ្ចប់កាលពីឆ្នាំ២០១៥ និងផ្លូវជាតិលេខ១ កំពុងជួសជុលជិតបញ្ចប់ និងគម្រោងកំពុងអនុវត្តមានការកែលម្អរផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅដល់ប៉ោយប៉ែតប្រវែង ៣០០គីឡូម៉ែត្រ និងការកែលម្អស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា ជប៉ុន)។ ហើយអង្គការJICA កំពុងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ -បាវិត និងបានជួយអភិវឌ្ឍន៏កំពង់ផែខេត្តព្រះសីហនុ ដែលមានទឹកប្រាក់៦០លានដុល្លាអាមេរិក។
លោក អ៊ុ សុខកាន ក៏បានឲ្យដឹងទៀតថា ក្រៅពីនោះរដ្ឋាភិបាលជប៉ុន បានជួយដល់ក្រសួងដែនដីនគរូបនីយ៏កម្ម ដោយលោក កេអីឈី អីសឈីអី Keiichi ISHII រដ្ឋមន្ត្រីក្រសួងដែនដី រចនាសម្ព័ន្ធ ដឹក ជញ្ជូននិងទេសចរណ៏ជប៉ុន បានចុះហត្ថលេខាជាមួយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយ៏កម្មនិងសំណង់ កាលពីខែមករាឆ្នាំ ២០១៧ ដែលកិច្ចព្រមព្រៀងនេះ ជប៉ុនបានជួយដល់នយោបាយសាងសង់ផ្ទះ ផែនការអភិវឌ្ឍន៏ក្រុង និងជួយសហការរៀបចំផែនទី ទីតាំងដី និងជួយបណ្តុះបណ្តាលមន្ត្រីជំនាញនៃក្រសួងដែនដីនគរូបនីយ៏ និងសំណង់ នៅខេត្តព្រះសីហុន កោះកុង កំពត ខេត្តកែប។
តាមរយៈអង្គការJICA រដ្ឋាភិបាលជប៉ុនបានផ្តល់ឡានក្រុងចំនួន១៨០គ្រឿង និងជួយសាងសង់លូបង្ហូទឹកកុំឲ្យលិចទីក្រុងភ្នំពេញ បន្តដំណាក់កាលទី៤ សំរាប់ការអភិវឌ្ឍន៏ទីក្រុងភ្នំពេញ ដើម្បីឈប់ឲ្យមានលិចទឹកទៀតនៅពេលអនាគត។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងការបរទេស បានស្វាគមន៍រដ្ឋាភិបាលជប៉ុន ដែលមានគំរោងបើកស្ថានអគ្គកុងស៊ុលនៅខេត្តសៀមរាប និងស្វាគមន៍ទេសចរណ៍ជប៉ុន ដែលមកទស្សនាកម្ពុជាកាន់តែច្រើនតាមរយៈការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៏ANAតូក្យូ-ភ្នំពេញ។
គួរបញ្ជាក់ផងដែរថា៖ នៅក្នុងជំនួបនារសៀនោះ ភាគីជប៉ុន ឯកឧត្តមកេអីឈី អីសឈីអី បានរលឹកពីការសុំអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាពេលវេលាសមរម្យណាមួយក្នុងឆ្នាំ២០១៧នេះផងដែរ៕





ប្រជាពលរដ្ឋ ១៣គ្រួសារ ​នៅឃុំលាង​ដៃទទួល​បានការ​ឧបត្ថម្ភពី​អាជ្ញាធរជា​តិអប្សរា

កាលពីថ្ងៃ៥ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាដឹកនាំដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានចុះសួរសុខទុក្ខ និងឧបត្ថម្ភការខូចខាតដំណាំស្រូវកាលពីឆ្នាំ២០១៦ ដោយឧបត្ថម្ភជាប្រាក់យ៉ាងតិច ចាប់ពី២០ម៉ឺនរៀល និងយ៉ាងច្រើន២ លានរៀលទៅតាមទំហំដីស្រែនិងបរិមាណស្រូវត្រូវបានខូចខាត។
ក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានលើកឡើងថាអាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ដល់់ប្រជាពលរដ្ឋ ដូចជាពេលនេះគឺការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋ និងការបញ្ជៀសជំនន់ក្រុងសៀមរាប និងប្រាង្គប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ម្យ៉ាងទៀត ការការពារតំបន់រមណីយដ្ឋានអង្គរ គឺស្របតាមគោល ការណ៍របស់រដ្ឋាភិបាល និងអនុសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យមន្ត្រីអាជ្ញាធរជាតិអប្សរាប្រឹងប្រែងធ្វើតាម តួនាទីរបស់ខ្លួនក្នុងការអភិរក្ស និងអភិវឌ្ឍដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងពិធីនោះដែរ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាក៏បាននាំយកនូវកញ្ចប់ ទ្រទ្រង់សុខុមាលម្តាយ និងទារកចែកជូនដល់ស្ត្រីដែលទើបតែឆ្លងទន្លេហើយថ្មីៗ ចំនួន២២ គ្រួសារ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមការណែនាំរបស់លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលលោក ជំទាវតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ។
ទាំងនេះជាការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរាចំពោះសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋដើម្បី ផ្តល់ភាពកក់ក្តៅនិងជួយសម្រួលការលំបាកផ្សេងៗដល់ ប្រជាពលរដ្ឋក៏ដូចជួយលើកកម្ពស់តម្លៃបេតិកភណ្ឌទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយតទៅទៀត៕




រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ចូលកាន់មុខដំណែង​ នៃ មន្រ្តីរាជការ​ចំនួន​ ៤៧រូប​ នៅទីស្តីការ​ក្រសួងទេសចរណ៍​

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងនៃមន្រ្តីរាជការចំនួន ៤៧រូប ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានីខេត្តសរុបប្រមាណជា ១០០នាក់។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា មន្ត្រីដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យទាំង៤៧រូប រួមមានថ្នាក់អគ្គនាយក០១រូប នាយកវិទ្យាស្ថាន ០១រូប អគ្គាធិការ០១រូប អគ្គាធិការរង ០៥រូប អគ្គនាយករង០៥រូប នាយករងវិទ្យាស្ថាន ០៦រូប អធិការ០៤រូប ប្រធាននាយកដ្ឋាន ១២រូប និងទីប្រឹក្សា១២រូប (ដូចមានឯកសារជូនភ្ជាប់ខាងក្រោម)។

យោងតាមអនុក្រឹត្យលេខ ២៥៨ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦  ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍  រចនាសម្ព័ន្ធថ្មីរបស់ក្រសួងរួមមាន៖ អគ្គនាយកដ្ឋានចំនួន០៣ អគ្គាធិការដ្ឋាន ០១ វិទ្យាស្ថានជាតិទេសចរណ៍ ០១ នាយកដ្ឋានចំនួន២០ មន្ទីរទេសចរណ៍រាជធានី ខេត្ត ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច សាលាវិជ្ជាជីវៈទេសចរណ៍ និងគ្រឹះស្ថានអង្គរ។

លោក ថោង ខុន ក៏បានធ្វើការណែនាំដល់អគ្គនាយកទាំងអស់ ត្រូវពិនិត្យ និងបែងចែកភារកិច្ចជូនអគ្គនាយករងអោយបានច្បាស់លាស់ និងរៀបចំធ្វើការកែសម្រួលប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននីមួយៗ ឲ្យបានរហ័ស ពិសេសយកចិត្តទុកដាក់ថ្នាក់ការិយាល័យ និងធ្វើការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងនៅតាមមន្ទីរទេសចរណ៍រាជធានីខេត្ត ឲ្យបានសមស្របតាមរចនាសម្ព័ន្ធថ្មីរបស់ក្រសួង៕




ប្រជាជនចំនួន ២៦នាក់ ដែលទន្ទ្រានតំបន់ដីព្រៃអភិរក្ស សម្រេចចាកចេញ បន្ទាប់ពី គណៈបញ្ជាការឯក​ភាពខេត្ត​ ដឹកនាំដោយ​លោកអភិបាល​រងខេត្តកំពត ​បានពន្យល់​ណែនាំ​ដល់ពួកគាត់​

ប្រជាជនចំនួន ២៦នាក់ មកពីបណ្តាខេត្តមួយចំនួនដូចជាកំពង់ស្ពឺ  កំពង់ចាម ព្រៃវែង ខេត្តកំពត និង រាជធានីភ្នំពេញ  ដោយពួកគាត់មកតាមរយៈសមាគមអភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជា ដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាអ្នកបំផុសបំផុលពីក្រោយខ្នង និងបានលួចចូលទៅប្រមូលផ្តុំគ្នាដើម្បីកាប់ឆ្ការុករានដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស ប៉ុន្តែបន្ទាប់ពីកគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោកអភិបាលរងខេត្តកំពត បានពន្យល់ណែនាំនោះ ពួកគាត់ក៏បាន សម្រេចចាកចេញពីតំបន់ដីព្រៃអភិរក្សនេះ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៧។ ចំណែកជនសង្ស័យជាមេក្លោងឈ្មោះ ប៉ាវ ប៊ុនថា ដែលជាអ្នកញុះញង់ពីក្រោយខ្នង ត្រូវបានសមត្ថកិច្ចបន្ថែមភស្តុតាង ដើម្បីឈានដល់ការអនុវត្តវិធានការច្បាប់តឹងរឹង។

ចំណាត់ការនេះ ធ្វើឡើងមួយយថ្ងៃក្រោយពីមានការរុករានប៉ុនប៉ងទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងទីតាំងឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ។ ក្រុមការងារចម្រុះខេត្តកំពត ដឹកនាំដោយ លោក នៃ គង់ អភិបាលរងខេត្ត និងព្រះរាជ្ញអាជ្ញារង ព្រមទាំងកំលាំងប្រដាប់អាវុធ នគរបាល កងរាជអាវុតហត្ថ និងអាជ្ញាធរ មូលដ្ឋាន សរុប ៥៨រូប បានចុះទប់ស្កាត់សកម្មភាព ទន្ទ្រានកាន់កាប់យកដី នៅចំណុច អូរដារ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ស្ថិតក្នុងដែនឧទ្យានជាតិ បូកគោ។

លោក នៃ គង់ អភិបាលរងខេត្ត បានឲ្យដឹងថា ជាលទ្ឋផលជាក់ស្តែង គឺបានជួបប្រជាជន ២៦នាក់នោះ ក្នុងនោះ មានស្ត្រី ២នាក់ បានស្ថិតនៅទីតាំងតែមួយរួមគ្នា និងបានសង់ជាតង់កៅស៊ូ ជាជំរុំ មិនទាន់មានសកម្មភាព កាប់រានដីព្រៃថ្មីនៅឡើយទេ។

នៅពេលជួបជាមួយពលរដ្ឋទាំងនោះ ក្រុមការងារបានសាកសួរពត័មាន មូលហេតុដែលមកចាប់យកដី ក៏ដូចជាធ្វើការពន្យល់ណែនាំ បកស្រាយ បញ្ចាក់ ហើយពួកគាត់ទាំងអស់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារ ដោយរុះរើតង់ ប្រមូលសំភារៈ ត្រឡប់មកវិញ និង បានចុះកិច្ចសន្យាម្នាក់ម្តងៗ ថានឹងវិលត្រឡប់ទៅស្រុកវិញ។

លោក នៃ គង់ អភិបាលរងខេត្ត បានបន្តថា តាមការបញ្ចាក់របស់ពួកគាត់ គឺមកតាមរយៈ ឈ្មោះ ប៉ាវ ប៊ុនថា ប្រធានសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជា ជាអ្នកញុះញង់ និងបំផុសបំផុលឱ្យមកចាប់ដីព្រៃខុសច្បាប់។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានថ្លែងថា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៧ មានប្រជាជនចំនួន ២៥នាក់ មកពីបណ្តាខេត្ត មួយចំនួនដូចជាកំពង់ស្ពឺ    កំពង់ចាម ព្រៃវែង ខេត្តកំពត និងរាជធានីភ្នំពេញ មកតាមរយៈសមាគមអភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជាដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានបានលួចចូលទៅប្រមូលផ្តុំគ្នា នៅចំណុចអូរដារ ស្ថិតនៅក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដើម្បីកាប់ឆ្ការរុករានដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស។

ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានថ្លែងបន្តថា ទីតាំងនេះធ្លាប់ត្រូវបានបង្ក្រាប និងបំផ្លាញចោលកន្លងទៅ ព្រោះជាការរុករានកាន់កាប់ដីព្រៃអភិរក្សដោយខុសច្បាប់។ ទោះបីជាមានការទប់ស្កាត់ពីកម្លាំងឧទ្យានុរក្សប្រចាំការនៅតំបន់នោះក៏ដោយ ក្រុមជនល្មើសបានលួចចូលទៅកាន់ទីតាំងនោះទាល់តែបាន។

លោក ស៊ុយ ធា បានបញ្ជាក់បន្ថែមទៀតថា ករណីពលរដ្ឋមកទន្ទ្រានចាប់យកដីនៅទីតាំងនេះ    គឺជាលើកទី២ហើយ    ដែលធ្វើឡើងតាមរយ:លិខិតរបស់រដ្ឋសភាដែលត្រូវបានក្លែងឆបោកដោយក្រុមសមាគមន៍ ។

គួរបញ្ជាក់ថា បន្ទាប់ពីការចេញលិខិតរបស់រដ្ឋសភា រៀបចំដោយគណៈកម្មការសិទ្ឋិមនុស្ស ទទួលពាក្យបណ្តឹង អង្គេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា   ស្នើសុំអោយអភិបាលខេត្ត    នៃគណៈអភិបាលខេត្តកំពត ពិនិត្យ និងជួយដោះស្រាយដី ៣០០០ហ.ត តាមរយៈប្រធានរដ្ឋសភា ជូនសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ឋជន   ដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានសមាគមន៍ គឺក្រុមរបស់សមាគមន៍នេះ បានយកលិខិតនេះ ទៅបំផុសបំផុលចលនាប្រជាជន នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ  ខេត្តព្រៃវែង ស្វាយរៀង កណ្តាល  កំពង់ធំ  កំពង់ចាម កំពង់ស្ពឺ    និងខេត្តកំពត  ដើម្បីមកយកដីនៅតំបន់អូរដា  អូររាន ចន្ទ័ក្រហម មេរនាស និងត្រពាំងភ្លង ស្ថិតនៅក្នុងដែនឧទ្យានជាតិព្រះមុនីវង្ស បូកគោ ភូមិសាស្រ្តខេត្តកំពត៕








(វីដេអូ) បទយកការណ៍ ស្តីពីវិស័យ​​ទាំងប្រាំបី ដែលប្រជាពល​រដ្ឋទទួលបាន ពីរដ្ឋាភិបាល​តេជោសែន ក្នុងឆ្នាំ២០១៦