Saturday, May 06, 2017

ប្រជាពលរដ្ឋ ១៣គ្រួសារ ​នៅឃុំលាង​ដៃទទួល​បានការ​ឧបត្ថម្ភពី​អាជ្ញាធរជា​តិអប្សរា

កាលពីថ្ងៃ៥ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាដឹកនាំដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានចុះសួរសុខទុក្ខ និងឧបត្ថម្ភការខូចខាតដំណាំស្រូវកាលពីឆ្នាំ២០១៦ ដោយឧបត្ថម្ភជាប្រាក់យ៉ាងតិច ចាប់ពី២០ម៉ឺនរៀល និងយ៉ាងច្រើន២ លានរៀលទៅតាមទំហំដីស្រែនិងបរិមាណស្រូវត្រូវបានខូចខាត។
ក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានលើកឡើងថាអាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ដល់់ប្រជាពលរដ្ឋ ដូចជាពេលនេះគឺការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋ និងការបញ្ជៀសជំនន់ក្រុងសៀមរាប និងប្រាង្គប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ម្យ៉ាងទៀត ការការពារតំបន់រមណីយដ្ឋានអង្គរ គឺស្របតាមគោល ការណ៍របស់រដ្ឋាភិបាល និងអនុសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យមន្ត្រីអាជ្ញាធរជាតិអប្សរាប្រឹងប្រែងធ្វើតាម តួនាទីរបស់ខ្លួនក្នុងការអភិរក្ស និងអភិវឌ្ឍដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងពិធីនោះដែរ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាក៏បាននាំយកនូវកញ្ចប់ ទ្រទ្រង់សុខុមាលម្តាយ និងទារកចែកជូនដល់ស្ត្រីដែលទើបតែឆ្លងទន្លេហើយថ្មីៗ ចំនួន២២ គ្រួសារ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមការណែនាំរបស់លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលលោក ជំទាវតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ។
ទាំងនេះជាការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរាចំពោះសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋដើម្បី ផ្តល់ភាពកក់ក្តៅនិងជួយសម្រួលការលំបាកផ្សេងៗដល់ ប្រជាពលរដ្ឋក៏ដូចជួយលើកកម្ពស់តម្លៃបេតិកភណ្ឌទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយតទៅទៀត៕




No comments:

Post a Comment