Saturday, May 06, 2017

ប្រជាជនចំនួន ២៦នាក់ ដែលទន្ទ្រានតំបន់ដីព្រៃអភិរក្ស សម្រេចចាកចេញ បន្ទាប់ពី គណៈបញ្ជាការឯក​ភាពខេត្ត​ ដឹកនាំដោយ​លោកអភិបាល​រងខេត្តកំពត ​បានពន្យល់​ណែនាំ​ដល់ពួកគាត់​

ប្រជាជនចំនួន ២៦នាក់ មកពីបណ្តាខេត្តមួយចំនួនដូចជាកំពង់ស្ពឺ  កំពង់ចាម ព្រៃវែង ខេត្តកំពត និង រាជធានីភ្នំពេញ  ដោយពួកគាត់មកតាមរយៈសមាគមអភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជា ដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាអ្នកបំផុសបំផុលពីក្រោយខ្នង និងបានលួចចូលទៅប្រមូលផ្តុំគ្នាដើម្បីកាប់ឆ្ការុករានដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស ប៉ុន្តែបន្ទាប់ពីកគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោកអភិបាលរងខេត្តកំពត បានពន្យល់ណែនាំនោះ ពួកគាត់ក៏បាន សម្រេចចាកចេញពីតំបន់ដីព្រៃអភិរក្សនេះ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៧។ ចំណែកជនសង្ស័យជាមេក្លោងឈ្មោះ ប៉ាវ ប៊ុនថា ដែលជាអ្នកញុះញង់ពីក្រោយខ្នង ត្រូវបានសមត្ថកិច្ចបន្ថែមភស្តុតាង ដើម្បីឈានដល់ការអនុវត្តវិធានការច្បាប់តឹងរឹង។

ចំណាត់ការនេះ ធ្វើឡើងមួយយថ្ងៃក្រោយពីមានការរុករានប៉ុនប៉ងទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងទីតាំងឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ។ ក្រុមការងារចម្រុះខេត្តកំពត ដឹកនាំដោយ លោក នៃ គង់ អភិបាលរងខេត្ត និងព្រះរាជ្ញអាជ្ញារង ព្រមទាំងកំលាំងប្រដាប់អាវុធ នគរបាល កងរាជអាវុតហត្ថ និងអាជ្ញាធរ មូលដ្ឋាន សរុប ៥៨រូប បានចុះទប់ស្កាត់សកម្មភាព ទន្ទ្រានកាន់កាប់យកដី នៅចំណុច អូរដារ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ស្ថិតក្នុងដែនឧទ្យានជាតិ បូកគោ។

លោក នៃ គង់ អភិបាលរងខេត្ត បានឲ្យដឹងថា ជាលទ្ឋផលជាក់ស្តែង គឺបានជួបប្រជាជន ២៦នាក់នោះ ក្នុងនោះ មានស្ត្រី ២នាក់ បានស្ថិតនៅទីតាំងតែមួយរួមគ្នា និងបានសង់ជាតង់កៅស៊ូ ជាជំរុំ មិនទាន់មានសកម្មភាព កាប់រានដីព្រៃថ្មីនៅឡើយទេ។

នៅពេលជួបជាមួយពលរដ្ឋទាំងនោះ ក្រុមការងារបានសាកសួរពត័មាន មូលហេតុដែលមកចាប់យកដី ក៏ដូចជាធ្វើការពន្យល់ណែនាំ បកស្រាយ បញ្ចាក់ ហើយពួកគាត់ទាំងអស់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារ ដោយរុះរើតង់ ប្រមូលសំភារៈ ត្រឡប់មកវិញ និង បានចុះកិច្ចសន្យាម្នាក់ម្តងៗ ថានឹងវិលត្រឡប់ទៅស្រុកវិញ។

លោក នៃ គង់ អភិបាលរងខេត្ត បានបន្តថា តាមការបញ្ចាក់របស់ពួកគាត់ គឺមកតាមរយៈ ឈ្មោះ ប៉ាវ ប៊ុនថា ប្រធានសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជា ជាអ្នកញុះញង់ និងបំផុសបំផុលឱ្យមកចាប់ដីព្រៃខុសច្បាប់។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានថ្លែងថា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៧ មានប្រជាជនចំនួន ២៥នាក់ មកពីបណ្តាខេត្ត មួយចំនួនដូចជាកំពង់ស្ពឺ    កំពង់ចាម ព្រៃវែង ខេត្តកំពត និងរាជធានីភ្នំពេញ មកតាមរយៈសមាគមអភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជាដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានបានលួចចូលទៅប្រមូលផ្តុំគ្នា នៅចំណុចអូរដារ ស្ថិតនៅក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដើម្បីកាប់ឆ្ការរុករានដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស។

ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានថ្លែងបន្តថា ទីតាំងនេះធ្លាប់ត្រូវបានបង្ក្រាប និងបំផ្លាញចោលកន្លងទៅ ព្រោះជាការរុករានកាន់កាប់ដីព្រៃអភិរក្សដោយខុសច្បាប់។ ទោះបីជាមានការទប់ស្កាត់ពីកម្លាំងឧទ្យានុរក្សប្រចាំការនៅតំបន់នោះក៏ដោយ ក្រុមជនល្មើសបានលួចចូលទៅកាន់ទីតាំងនោះទាល់តែបាន។

លោក ស៊ុយ ធា បានបញ្ជាក់បន្ថែមទៀតថា ករណីពលរដ្ឋមកទន្ទ្រានចាប់យកដីនៅទីតាំងនេះ    គឺជាលើកទី២ហើយ    ដែលធ្វើឡើងតាមរយ:លិខិតរបស់រដ្ឋសភាដែលត្រូវបានក្លែងឆបោកដោយក្រុមសមាគមន៍ ។

គួរបញ្ជាក់ថា បន្ទាប់ពីការចេញលិខិតរបស់រដ្ឋសភា រៀបចំដោយគណៈកម្មការសិទ្ឋិមនុស្ស ទទួលពាក្យបណ្តឹង អង្គេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា   ស្នើសុំអោយអភិបាលខេត្ត    នៃគណៈអភិបាលខេត្តកំពត ពិនិត្យ និងជួយដោះស្រាយដី ៣០០០ហ.ត តាមរយៈប្រធានរដ្ឋសភា ជូនសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ឋជន   ដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានសមាគមន៍ គឺក្រុមរបស់សមាគមន៍នេះ បានយកលិខិតនេះ ទៅបំផុសបំផុលចលនាប្រជាជន នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ  ខេត្តព្រៃវែង ស្វាយរៀង កណ្តាល  កំពង់ធំ  កំពង់ចាម កំពង់ស្ពឺ    និងខេត្តកំពត  ដើម្បីមកយកដីនៅតំបន់អូរដា  អូររាន ចន្ទ័ក្រហម មេរនាស និងត្រពាំងភ្លង ស្ថិតនៅក្នុងដែនឧទ្យានជាតិព្រះមុនីវង្ស បូកគោ ភូមិសាស្រ្តខេត្តកំពត៕








No comments:

Post a Comment