Saturday, May 06, 2017

លោក គឹម សន្ដិភាព៖ អាមេរិកគួរពិចារណាឲ្យបានជ្រៅជ្រះជាងនេះ ជៀសវាងជឿនូវសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋានគតិយុត្តិ គ្មានភាពប្រាកដនិយម និងគ្មានយុត្តាធិការ!

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បែបនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ចេញប្រកាសគាំទ្រសេចក្តីថ្លែងការណ៍​ដែលចេញដោយ​សហភាពអឺរ៉ុប និងការិយាល័យនៃឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្តការឃុំខ្លួន មន្រ្តីអង្គការសង្គមស៊ីវិលចំនួន៥រូប​, នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា ​ភ្លាម​ៗបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ចេញប្រកាសគាំទ្រលើសេចក្តីថ្លែងការណ៍, ​​មន្រ្តី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ​លោក ​ផៃ ​ស៊ី​ផាន ​រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី ​បាន​ហៅ​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក ​ថា​ជា​ទង្វើ​ជ្រៀតជ្រែក ​និង​លូកលាន់​កិច្ចការ​ផ្ទៃ​របស់​កម្ពុជា ​ហើយ​អះអាង​ថា ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ ​គ្មាន​នរណា​ម្នាក់​ចូល​មក​ជ្រៀ​ក​ជ្រែក​ក្នុង​កិច្ចការ​តុលាការ​កម្ពុជា​បាន​ឡើយ​។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ សហរដ្ឋអាមេរិក ចេញប្រកាសគាំទ្រសេចក្តីថ្លែងការណ៍ដែលចេញដោយសហភាពអឺរ៉ុប និងការិយាល័យនៃ ឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្តការឃុំខ្លួន មន្រ្តីអង្គការសង្គមស៊ីវិលចំនួន៥រូប។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនៅលើ Facebook ផ្លូវការយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកគាំទ្រសេចក្តីថ្លែងការណ៍ ដែលចេញដោយសហភាពអឺរ៉ុប និងការិយាល័យនៃឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការបន្ត ការឃុំខ្លួនមុនសវនាការ លើបុគ្គលិករបស់សមាគមអាដហុក ដែលជាអង្គការមិនមែនរដ្ឋាភិបាលដ៏ល្បីមួយ គឺបុគ្គលិកដែលមានឈ្មោះ លឹម មុនី ណៃ វ៉ុងដា នី សុខា និងយី សុខសាន ព្រមទាំងលើលោក នី ចរិយា ដែលជាអតីតបុគ្គលិករបស់សមាគមអាដហុក។
អ្នកទាំង៥ នាក់ត្រូវបានឃុំខ្លួនដោយគ្មានសវនាការ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ យើងកត់សំគាល់ដោយក្តីព្រួយបារម្ភចំពោះផលប៉ះពាល់ នៃការបន្តឃុំខ្លួននេះ ទៅលើគ្រួសារនៃអ្នកជាប់ឃុំ និងការពន្យាពេលបើកសវនាការ ដោយគ្មានហេតុផលត្រឹមត្រូវ។ យើងក៏បានកត់សំគាល់ផងដែរ ពីទស្សនៈរបស់ក្រុមការងារ នៃអង្គការសហប្រជាជាតិដែលធ្វើការងារទាក់ទងនឹងការឃុំខ្លួនតាមអំពើចិត្ត កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ ថាការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ គឺជាការធ្វើតាមតែអំពើចិត្ត។ សហរដ្ឋអាមេរិកសូមលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឲ្យ បានហ្មត់ចត់នូវអនុសាសន៍ទាំងនេះ ហើយគោរពកាតព្វកិច្ចរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងរឿងនេះ»៕

No comments:

Post a Comment