Saturday, May 06, 2017

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ចូលកាន់មុខដំណែង​ នៃ មន្រ្តីរាជការ​ចំនួន​ ៤៧រូប​ នៅទីស្តីការ​ក្រសួងទេសចរណ៍​

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងនៃមន្រ្តីរាជការចំនួន ៤៧រូប ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានីខេត្តសរុបប្រមាណជា ១០០នាក់។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា មន្ត្រីដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យទាំង៤៧រូប រួមមានថ្នាក់អគ្គនាយក០១រូប នាយកវិទ្យាស្ថាន ០១រូប អគ្គាធិការ០១រូប អគ្គាធិការរង ០៥រូប អគ្គនាយករង០៥រូប នាយករងវិទ្យាស្ថាន ០៦រូប អធិការ០៤រូប ប្រធាននាយកដ្ឋាន ១២រូប និងទីប្រឹក្សា១២រូប (ដូចមានឯកសារជូនភ្ជាប់ខាងក្រោម)។

យោងតាមអនុក្រឹត្យលេខ ២៥៨ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦  ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍  រចនាសម្ព័ន្ធថ្មីរបស់ក្រសួងរួមមាន៖ អគ្គនាយកដ្ឋានចំនួន០៣ អគ្គាធិការដ្ឋាន ០១ វិទ្យាស្ថានជាតិទេសចរណ៍ ០១ នាយកដ្ឋានចំនួន២០ មន្ទីរទេសចរណ៍រាជធានី ខេត្ត ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច សាលាវិជ្ជាជីវៈទេសចរណ៍ និងគ្រឹះស្ថានអង្គរ។

លោក ថោង ខុន ក៏បានធ្វើការណែនាំដល់អគ្គនាយកទាំងអស់ ត្រូវពិនិត្យ និងបែងចែកភារកិច្ចជូនអគ្គនាយករងអោយបានច្បាស់លាស់ និងរៀបចំធ្វើការកែសម្រួលប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននីមួយៗ ឲ្យបានរហ័ស ពិសេសយកចិត្តទុកដាក់ថ្នាក់ការិយាល័យ និងធ្វើការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងនៅតាមមន្ទីរទេសចរណ៍រាជធានីខេត្ត ឲ្យបានសមស្របតាមរចនាសម្ព័ន្ធថ្មីរបស់ក្រសួង៕




No comments:

Post a Comment