Saturday, May 06, 2017

អង្គការJICA កំពុងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ -បាវិត​ និងជួយ​អភិវឌ្ឍន៍​កំពង់ផែ​ខេត្តព្រះសីហនុ​ ដែលមាន​ទឹកប្រាក់​ ៦០លាន​ដុល្លារអា​មេរិក

កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅវិមានសន្តិភាព លោក ហោ ណាំហុង បានអនុញ្ញាតឲ្យលោក កេអីឈី អីសឈីអី Keiichi ISHII រដ្ឋមន្ត្រីក្រសួងដែនដី រចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៏ជប៉ុនចូលជួបសម្តែងការគួរសម។
លោក អ៊ុ សុខកាន ទីប្រឹក្សាលោក ហោ ណាំហុង បានមានប្រសាសន៏ឲ្យដឹងថា លោក ហោ ណាំហុង បានមានប្រសាសន៏ថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានគម្រោងដែលបានកសាងបញ្ចប់ជាស្ថាពរ មានស្ពានស្យូបាសា(ស្ពានអ្នកលឿង)បានបញ្ចប់កាលពីឆ្នាំ២០១៥ និងផ្លូវជាតិលេខ១ កំពុងជួសជុលជិតបញ្ចប់ និងគម្រោងកំពុងអនុវត្តមានការកែលម្អរផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅដល់ប៉ោយប៉ែតប្រវែង ៣០០គីឡូម៉ែត្រ និងការកែលម្អស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា ជប៉ុន)។ ហើយអង្គការJICA កំពុងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ -បាវិត និងបានជួយអភិវឌ្ឍន៏កំពង់ផែខេត្តព្រះសីហនុ ដែលមានទឹកប្រាក់៦០លានដុល្លាអាមេរិក។
លោក អ៊ុ សុខកាន ក៏បានឲ្យដឹងទៀតថា ក្រៅពីនោះរដ្ឋាភិបាលជប៉ុន បានជួយដល់ក្រសួងដែនដីនគរូបនីយ៏កម្ម ដោយលោក កេអីឈី អីសឈីអី Keiichi ISHII រដ្ឋមន្ត្រីក្រសួងដែនដី រចនាសម្ព័ន្ធ ដឹក ជញ្ជូននិងទេសចរណ៏ជប៉ុន បានចុះហត្ថលេខាជាមួយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយ៏កម្មនិងសំណង់ កាលពីខែមករាឆ្នាំ ២០១៧ ដែលកិច្ចព្រមព្រៀងនេះ ជប៉ុនបានជួយដល់នយោបាយសាងសង់ផ្ទះ ផែនការអភិវឌ្ឍន៏ក្រុង និងជួយសហការរៀបចំផែនទី ទីតាំងដី និងជួយបណ្តុះបណ្តាលមន្ត្រីជំនាញនៃក្រសួងដែនដីនគរូបនីយ៏ និងសំណង់ នៅខេត្តព្រះសីហុន កោះកុង កំពត ខេត្តកែប។
តាមរយៈអង្គការJICA រដ្ឋាភិបាលជប៉ុនបានផ្តល់ឡានក្រុងចំនួន១៨០គ្រឿង និងជួយសាងសង់លូបង្ហូទឹកកុំឲ្យលិចទីក្រុងភ្នំពេញ បន្តដំណាក់កាលទី៤ សំរាប់ការអភិវឌ្ឍន៏ទីក្រុងភ្នំពេញ ដើម្បីឈប់ឲ្យមានលិចទឹកទៀតនៅពេលអនាគត។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងការបរទេស បានស្វាគមន៍រដ្ឋាភិបាលជប៉ុន ដែលមានគំរោងបើកស្ថានអគ្គកុងស៊ុលនៅខេត្តសៀមរាប និងស្វាគមន៍ទេសចរណ៍ជប៉ុន ដែលមកទស្សនាកម្ពុជាកាន់តែច្រើនតាមរយៈការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៏ANAតូក្យូ-ភ្នំពេញ។
គួរបញ្ជាក់ផងដែរថា៖ នៅក្នុងជំនួបនារសៀនោះ ភាគីជប៉ុន ឯកឧត្តមកេអីឈី អីសឈីអី បានរលឹកពីការសុំអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាពេលវេលាសមរម្យណាមួយក្នុងឆ្នាំ២០១៧នេះផងដែរ៕





No comments:

Post a Comment