Monday, May 10, 2021

លោកស្រី មិថុនា ភូថង ចុះជួបសំណេះសំណាល ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់

កោះកុង÷ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជា ខេត្តកោះកុង រួមដំណើរជាមួយសមាជិកគណៈកម្មាធិការសាខា លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួបសំណេះសំណាល ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ៣៣គ្រួសារ រលំផ្ទះខូចខាតទាំងស្រុង១គ្រួសារ កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ខូតខាតស័ង្កសីចំនួន៨២សន្លឹក ហ្វីប្រូស៊ីម៉ង់ចំនួន ៣៧០សន្លឹក ស្ថិតនៅសង្កាត់ដងទង់ចំនួន១៦គ្រួសារ សង្កាត់ស្ទឹងវែង៩គ្រួសារ និងសង្កាត់ស្មាច់មានជ័យ៣គ្រួសារ ក្នុងក្រុងខេមរភូមិន្ទ និងគ្រួសាររស់នៅភូមិចាំយាម (តំបន់៣០៣ ចំនួន ៥គ្រួសារ)ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។


មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ។


លោកស្រីបានបញ្ជាក់ថា អំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា។


ទន្ទឹមនេះ លោកស្រីអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែរក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសារអប់រំនានារបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

" ៣កុំ ៣ការពារ ២ចូលរួម"៖

- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត។

- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ 

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមចាក់វ៉ាក់សាំងការពារកូវីដ១៩ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។


សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១ឡូ  មី១កេស ទឹកសុទ្ធឱរ៉ាល់១កេស ព្រមទាំងថវិកាមួយចំនួនតាមរយៈអនុសាខាកាកបាទក្រហម ក្រុងខេមរភូមិន្ទ ដោយឡែកគ្រួសាររលំផ្ទះទាំងស្រុង លោកស្រីបានឧបត្ថម្ភបន្ថែម ១,០០០,០០០ រៀលផងដែរ៕





រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន១៦នាក់

 កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន១៦នាក់៖ លទ្ធផលតេស្តរហ័សកូវីដ-១៩ មានវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់ (នៅស្រុកស្រីសន្ធរ ០២នាក់ ស្រុកកងមាស០២នាក់ និងស្រុកបាធាយ០៧នាក់) និងលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈចំនួន០៥នាក់ (នៅស្រុកចំការលើចំនួន០៤នាក់ និងស្រុកកំពង់សៀម០១នាក់) និងករណីជាសះស្បើយចំនួន០៩នាក់ ក្នុងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១៕

សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖







ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥០៦នាក់ ខណៈជាសះស្បើយ១៧៩នាក់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៥០៦នាក់ ខណៈអ្នកជំងឺ១៧៩នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៩៧៤៣នាក់ ក្នុងនោះអ្នកជាសះស្បើយ៧៨២០នាក់ និងស្លាប់សរុបចំនួ១២៦នាក់៕




រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ ភូមិអកទៀង ឃុំតាំងក្រាំង ដែលមានប្រជាពលរដ្ឋមានវិជ្ជមានកូវីដ-១៩

 រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានចេញ សេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានប្រជាពលរដ្ឋមានវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាមនៅខាងក្រោមដូចតទៅ៖





លិខិតមិត្តអ្នកអាន៖ «ត្រកូលអ្នកនយោបាយក្បត់ជាតិបីជំនាន់» បញ្ចប់ត្រឹមទាយាទចុងក្រោយ!

 ប្រទេសកម្ពុជាយើងបានស្គាល់ «ត្រកូលអ្នកនយោបាយក្បត់ជាតិ» ៣ជំនាន់មកហើយដែលប្រវត្តិសាស្ត្របានចារទុកក្នុងក្រាំងមាស។ ប៉ុន្តែ វង្សត្រកូលមួយនេះក៍នឹងត្រូវបញ្ចប់ហើយត្រឹមទាយាទចុង ក្រោយរបស់ខ្លួនដែលកំពុងត្រៀមបញ្ចប់អាជីពនយោបាយ ក៏ដូចជាបញ្ចប់វង្ស ត្រកូល«ក្បត់ជាតិ»បីជំនាន់របស់ខ្លួនយ៉ាងអាម៉ាស់បំផុត។

ត្រកូល «អ្នកនយោបាយក្បត់ជាតិ» មួយនេះដែល បានបន្តពីជីតា ឪពុក រហូតដល់កូនត្រូវបានលោក «ភិនយ៉ូ ភុងចារ៉ឺន ដែលជាហោរាសាស្ត្រដ៏ល្បីនៅស្រុកថៃ» ទស្សន៍ទាយប្រាប់សកម្មជនអតីតបក្សប្រឆាំងនៅឆ្នាំ២០១៥ ថា មេបក្សរបស់ខ្លួននឹង «ជួបគ្រោះធំប្រៀបដូចពស់ដាច់ក្បាលនិងដាច់ដងខ្លួន - បាក់ឆ្អឹងខ្នង - ទៅមុខលែងរួច និង ថយក្រោយមិនកើត » ជាពិសេស គឺដូចអ្នកលេងអុក គឺ «អស់ផ្លូវ, អស់ក្រឡាដើរ ទាល់ច្រកនិងត្រូវគេព័ទ្ធជិត»។

រហូតមកដល់បច្ចុប្បន្ននេះ ពាក្យសំដី ទស្សន៍ទាយប៉ុន្មានឃ្លានេះ គឺគ្មានអ្វីខុសបន្ទិចនោះឡើយ ពោលគឺពេលនេះ វង្សត្រកូល«ក្បត់ជាតិ»បីជំនាន់នេះពិតជានឹងត្រូវដាច់ពូជក្បត់ជាតិត្រឹមនេះដូចអ្វីដែលហោរាសាស្ត្រ ថៃរូបនេះបាននិយាយបញ្ជាក់ថា «ជំហ៊ាន របស់លោក ហ៊ុន សែន ដែលកំពុង ដឹកនាំ គឺជាជំហ៊ានគីង្គក់ ប៉ុន្តែពីមួយជំហ៊ានទៅមួយជំហ៊ាន គឺលោក ហ៊ុន សែន ប្រើទម្ងន់ដំរី»។

ក្រោមកណ្តាប់ដៃបុរសខ្លាំងកម្ពុជាឈ្មោះ ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយតែ ម្នាក់គត់ក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលអាចបង្ក្រាបត្រកូល «ក្បត់ជាតិបីជំនាន់» នេះបាន ពីព្រោះសូម្បីតែជំនាន់ព្រះបរមរតនៈកោដ្ឋ ព្រះបិតាជាតិដ៏ល្បីល្បាញក៏មិនអាចផ្តាច់ឬសគល់ត្រកូល «ក្បត់ជាតិ» នេះបានដែរ។ មុនផុតរលត់ពីដែនដីកម្ពុជរដ្ឋ ត្រកូល «អ្នកនយោបាយក្បត់ ជាតិ»បានបង្ហាញសារជាតិចុងក្រោយរបស់ខ្លួនតាមរយៈ នយោបាយញុះញង់បំផ្លាញជាតិ ដោយយកឈាមនិងទឹកភ្នែកពលរដ្ឋខ្មែរធ្វើជាដើមទុន។ ល្បិចនយោបាយបំផ្លាញជាតិដែលទាយាទចុងក្រោយនៃ «ត្រកូលក្បត់ជាតិ ៣ជំនាន់» តែងប្រើអស់រយៈពេលជាងពីរទសវត្សរ៍មកហើយនោះ បានបង្ហាញរូបរាងម្តងទៀតនៅ ពេលនេះ។ ទាយាទចុងក្រោយនេះបាននិងកំពុងឆ្លៀតឱកាសដែលប្រទេសជាតិនិងប្រជាជនខ្មែរ កំពុងជួបការលំបាក ដោយសារជំងឺកូវីដ ១៩ ដើម្បីញុះញង់ឲ្យពលរដ្ឋងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ដូចដែលយើងបានដឹង ទាំងអស់គ្នារួចហើយ កាលពីប្រទេសកម្ពុជា នៅមានអ្នកឆ្លងតិចតួច «ទាយាទត្រកូលក្បត់ជាតិបីជំនាន់» រូបនេះ បានឃោសនាបំភាន់ខ្មែរថា ជនជាតិខ្មែរ «មានហ្សែន ពូជខ្មែរអង្គរ» ដែលមិនឆ្លងជំងឺកូវីដ-១៩ ទេ។ ដល់ពេលពលរដ្ឋខ្មែរចាប់ផ្តើមឆ្លង កាន់តែ ច្រើន «ទាយាទត្រកូលបំផ្លាញជាតិ» ដដែលនេះបានឃោសនាបំភាន់ថា កម្ពុជាគ្មានកូវីដពិតប្រាកដនោះទេ តែជា «កូវីដនយោបាយ»។ គោលដៅសំខាន់បំផុតរបស់ពួកគេ គឺកុំឲ្យពលរដ្ឋជឿថាមានរោគរាតត្បាតកូវីដ ១៩ បើទោះបីជាក្នុងប្រទេសដែលជននេះកំពុងរស់នៅ និងប្រទេសដែលខ្លួន ចាត់ទុកជាចៅហ្វាយនាយ មានឆ្លងរាប់សិបលាននាក់និងស្លាប់រាប់សែននាក់គរជើងលើគ្នាក៏ដោយ។ អ្វីដែលទាយាទ ចុងក្រោយនេះចង់បានគឺ ធ្វើយ៉ាងម៉េចដើម្បីឲ្យពលរដ្ឋខ្មែរឆ្លងនិងស្លាប់កាន់តែច្រើន គឺកាន់តែល្អសំរាប់ពួកគេ។ នៅពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែនផ្តើមស្វះស្វែងរក វ៉ាក់សាំងដើម្បីចាក់ការពារប្រជាពលរដ្ឋ ពួកគេនិយាយចំអកថា មិនទាន់ដល់ពេលដែលត្រូវនិយាយអំពីវ៉ាក់សាំងទេ។ ពេលវ៉ាក់សាំងមកដល់ ពួកគេឃោសនារារាំងមិនឲ្យខ្មែរទៅទទួល វ៉ាក់សាំងដោយប្រឌិតព័ត៌មានថា វ៉ាក់សាំងចិនយកមកសម្លាប់ខ្មែរ។ ប៉ុន្តែ នៅទីបំផុត នយោបាយ«បាយបិណ្ឌជាបាយបាត្រ» បានជំរុញឲ្យទាយាទត្រកូលក្បត់ជាតិនេះបែរមកទទួលស្គាល់វ៉ាក់សាំងចិនហើយអំពាវនាវឲ្យពលរដ្ឋខ្មែរទៅទទួលវ៉ាក់សាំងដោយបង្កប់ល្បិចពិសពុលបង្កចលាចលសង្គម។ ប៉ុន្តែ គ្រប់ស្នៀត គ្រប់ល្បិចកលរបស់ «ទាយាទត្រកូលក្បត់ជាតិ» ត្រូវបានបំបាក់ទាំងស្រុងដោយស្នាដៃលោក ហ៊ុន សែន។

ឥឡូវនេះ ស្រាប់តែ បញ្ជេញស្នៀតដដែលមកម្តងទៀតគឺជាស្នៀតដែលធ្លាប់ទទួលការបរាជ័យរាប់មិនអស់។ នោះគឺការអំពាវនាវឲ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ដោយយកហេតុផលគួរឲ្យអស់ សំណើចថា វិធានការ ដើម្បីបង្ការកុំឲ្យពលរដ្ឋខ្មែរឆ្លងកូវីដ ១៩ គឺជាទារុណកម្មដែលធ្វើទៅលើប្រជាពលរដ្ឋ។ សំណួរសួរថា តើនៅក្នុងប្រទេសដែល បុគ្គលនេះកំពុងជ្រកកោន មានវិធានការបែបនេះឬទេ? មានមនុស្សឆ្លងនិងស្លាប់ឬទេ? ចម្លើយឆ្លើយថាមាន ហើយមានច្រើននិងធ្ងន់ធ្ងរជាងកម្ពុជាឆ្ងាយណាស់។ ដូច្នេះ បើសិនជាចង់យកបញ្ហាកូវីដ នៅកម្ពុជាធ្វើជាកម្មវត្ថុនៃការស្តីបន្ទោសលើ

មេដឹកនាំប្រទេស ទាយាទចុងក្រោយនៃត្រកូលក្បត់ជាតិ ប្រហែលជាយល់ច្រឡំហើយ ។ ហើយអ្វីដែលជននេះនិងក្រុមបរិវាលើកឡើងវាទំនងជាឡងទៅត្រូវចៅហ្វាយនាយបរទេសរបស់ខ្លួន ឬប្រទេសដែលខ្លួនកំពុងរស់នៅច្រើនជាងពីព្រោះស្ថានភាព នៅទីនោះ ពិតជាធ្ងន់ធ្ងរជាងកម្ពុជាឆ្ងាយខ្លាំងណាស់។ ដោយហេតុតែចង់ចាប់កំហុសលោក ហ៊ុន សែន ពេក ជននេះក៏វង្វេងភ្លេចគិតថា ចៅហ្វាយខ្លួនឯងបាននិងកំពុងតែវ័ណ្ឌកជាងកម្ពុជា ទៅទៀត ហើយការ បន្ទោសកម្ពុជាថាគ្មានសមត្ថភាពគ្រប់គ្រងកូវីដ ១៩ គឺមានន័យ ស្មើនឹងការទះកំភ្លៀងចៅហ្វាយនាយរបស់ខ្លួនយ៉ាងពេញទំហឹង។ នេះហើយជាអ្វីដែលគេហៅថា «នយោបាយបាចអង្កាមបញ្ច្រាសខ្យល់»។

តើមានអ្នកនយោបាយណានៅលើភពផែនដីនេះដែលចង់ឃើញ ប្រទេសជាតិនិងប្រជាពលរដ្ឋរបស់ខ្លួនរងគ្រោះព្រោះតែដើម្បីកេងចំណេញ នយោបាយដូចក្រុមអ្នកនយោបាយ«ត្រកូលក្បត់ជាតិបីជំនាន់»នេះដែរឬទេ? គឺប្រាកដជាគ្មានទេ។ ដូច្នេះ ដោយសារតែអំពើអាក្រក់របស់ខ្លួន វាសនា«ត្រកូលនយោបាយក្បត់ជាតិ»ត្រូវបានចារ មកថាត្រូវបិទបញ្ចប់ត្រឹមនេះ ពីព្រោះប្រជាពលរដ្ឋខ្មែរបានកត់ត្រានិងចងចាំយ៉ាងច្បាស់ថា «ត្រកូល នយោបាយក្បត់ជាតិ» រូបនេះពុំបានធ្វើអ្វីសូម្បីតែបន្តិចបន្តួចឡើយដើម្បីជួយពលរដ្ឋខ្មែរក្នុងគ្រាដ៏លំបាកនៃដំណើរការប្រយុទ្ធប្រឆាំងនឹងកូវិដ១៩ ក្រៅតែពីការ បំពុលនិងញុះញង់អោយមានអំពើហិង្សាដើម្បីបំរើមហិច្ឆតានយោបាយនិងគំនុំសងសឹករបស់ខ្លួនតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋខ្មែរក៏ពិតជាបានដឹងនិងយល់ ច្បាស់ណាស់ថាតើនរណាដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដើម្បីការពារសេចក្តីសុខសានរបស់ពលរដ្ឋខ្មែរចេញពីការយាយីនៃជំងឺឆ្លងដ៏កាចសាហាវផង និងពីការ យាយីរបស់ «ទាយាទនៃត្រកូលនយោបាយក្បត់ជាតិ»ផង។

សរុបមកវីញ សំឡេងអំពាវនាវរបស់ «ទាយាទនយោបាយ ត្រកូលក្បត់ជាតិ»រូប នេះដែលចង់ឲ្យពលរដ្ឋនិងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាល ធ្លាប់បានធ្វើច្រើនលើកមកហើយ ហើយលើក នេះក៏គ្មានអ្វីចម្លែកអាចទាក់ទាញការចាប់អារម្មណ៍របស់ពលរដ្ឋខ្មែរនោះឡើយព្រោះវាគ្រាន់តែជាសំឡេង បំផុសញុះញង់ដែលគេធ្លាប់លឺឡើងសង្កៀរត្រចៀកទៅ ហើយៗនេះគឺដូចទៅនឹងអ្វីដែលហោរាសាស្ត្រថៃបានទស្សន៍ទាយបញ្ជាក់ រួចហើយថា ទាយាទ នយោបាយត្រកូល

ក្បត់ជាតិ»រូបនេះនៅសល់តែវិធីម៉្យាងគត់គឺ «បោះទូក បោះសេះអោយសត្រូវស៊ីដើម្បីការពារខ្លួនតែប៉ុណ្ណោះ» ពោលគឺការរុញអោយប្រជាជនងើបបះបោរ ប្រើអំពើហឹង្សានិងបំពានច្បាប់ដើម្បី អោយមានការប៉ះទង្គិចបង្ហូរឈាមដើម្បីជួយ សង្គ្រោះជីវិតនយោបាយនៃត្រកូលក្បត់ជាតិ៣ជំនាន់នេះតែប៉ុណ្ណោះ»។

ដោយ:អ្នកនយោបាយតុកាហ្វេ