Monday, May 10, 2021

លោកស្រី មិថុនា ភូថង ចុះជួបសំណេះសំណាល ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់

កោះកុង÷ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជា ខេត្តកោះកុង រួមដំណើរជាមួយសមាជិកគណៈកម្មាធិការសាខា លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួបសំណេះសំណាល ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ៣៣គ្រួសារ រលំផ្ទះខូចខាតទាំងស្រុង១គ្រួសារ កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ខូតខាតស័ង្កសីចំនួន៨២សន្លឹក ហ្វីប្រូស៊ីម៉ង់ចំនួន ៣៧០សន្លឹក ស្ថិតនៅសង្កាត់ដងទង់ចំនួន១៦គ្រួសារ សង្កាត់ស្ទឹងវែង៩គ្រួសារ និងសង្កាត់ស្មាច់មានជ័យ៣គ្រួសារ ក្នុងក្រុងខេមរភូមិន្ទ និងគ្រួសាររស់នៅភូមិចាំយាម (តំបន់៣០៣ ចំនួន ៥គ្រួសារ)ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។


មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ។


លោកស្រីបានបញ្ជាក់ថា អំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា។


ទន្ទឹមនេះ លោកស្រីអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែរក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសារអប់រំនានារបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

" ៣កុំ ៣ការពារ ២ចូលរួម"៖

- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត។

- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ 

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមចាក់វ៉ាក់សាំងការពារកូវីដ១៩ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។


សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១ឡូ  មី១កេស ទឹកសុទ្ធឱរ៉ាល់១កេស ព្រមទាំងថវិកាមួយចំនួនតាមរយៈអនុសាខាកាកបាទក្រហម ក្រុងខេមរភូមិន្ទ ដោយឡែកគ្រួសាររលំផ្ទះទាំងស្រុង លោកស្រីបានឧបត្ថម្ភបន្ថែម ១,០០០,០០០ រៀលផងដែរ៕





No comments:

Post a Comment