Monday, February 26, 2018

(សូមទស្សនាវីដេអូ)៖ លទ្ធផលបណ្តោះអាសន្នបង្ហាញថា គណបក្សប្រជាជនកម្បុជា ទទួលបាន៥៨អាសនៈ ក្នុងការបោះឆ្នោតព្រឹទ្ធសភា

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជំរុញឱ្យសមាគមខ្មែរ-ចិន ឲ្យរួមគ្នាថែរក្សាសមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងជំរុញដល់ថ្នាក់ដឹកនាំសមាគមខ្មែរ-ចិន ឲ្យរួមគ្នាថែរក្សាសមិទ្ធផល​ទាំងឡាយ ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កុំឲ្យរងការបំផ្លិចបំផ្លាញជាថ្មី ដូចក្នុងរបប​ប្រល័យពូជសាសន៍ ប៉ុល ពត។ការថ្លែងជំរុញរបស់ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ១២កើត ឆ្នាំរកា ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងពេលដែល​លោកនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឲ្យសមាគមខ្មែរ-ចិន ដឹកនាំដោយលោក ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន ចូលជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធផលការងារមួយចំនួន។
ក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងកោតសរសើរពីការប្រឹងប្រែងរកស៊ីរបស់បងប្អូនចិន ដែលមករស់នៅក្នុងប្រទេសកម្ពុជា ដោយបានកសាងជីវភាពពីគ្មានអ្វីសោះរហូតមានជីវភាពល្អប្រសើរ។
លោកនាយករដ្ឋមន្រ្ដី បានរំលឹកថា បងប្អូនចិន ដែលបានធ្វើដំណើរមកក្នុងប្រទេសកម្ពុជានាអំឡុងឆ្នាំ១៩២០ និងឆ្នាំ១៩៤០ គឺមានតែជើងក្តាមប្រៃសម្រាប់ធ្វើជាអាហារតែប៉ុណ្ណោះ តែពេលមកដល់ប្រទេសកម្ពុជា ក៏ប្រឹងប្រែងរកស៊ីរហូតមានជីវភាពធូរធា។ តែជាការសោកស្តាយសមិទ្ធផល ដែលបងប្អូនប្រជាពលរដ្ឋ​ចិន​ខិតខំរកបានមកដោយលំបាកនេះ ត្រូវបានបំផ្លាញចោលខ្ទេចខ្ទីនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។
លោកនាយករដ្ឋមន្រ្ដី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំចលនាតស៊ូរំដោះប្រទេសចេញពីរបប​វាលពិឃាដ ប៉ុល ពត បានគូសបញ្ជាក់ថា ក្រោយពេលប្រទេសជាតិត្រូវបានរំដោះ និងស្រោចស្រង់​ជាថ្មី​នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ក៏បានផ្តល់ឱកាសឲ្យបងប្អូនចិននៅកម្ពុជា បានរកស៊ីមានបានជាថ្មី រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ក្នុងន័យនេះលោកនាយករដ្ឋមន្រ្ដី បានរំលឹកដល់សមាគមខ្មែរ-ចិន ត្រូវយល់ឲ្យច្បាស់ពីគុណតម្លៃ​នៃ​សុខសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវរួមគ្នាថែរក្សាឲ្យ​បាននូវសមិទ្ធផល​ទាំងអស់នេះ មិនត្រូវឲ្យមានការបំផ្លេចបំផ្លាញទៀតនោះឡើយ។
ក្នុងជំនួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រីនៅព្រឹកមិញនេះ លោក ពង់ ឃាវសែ ក៏បានជម្រាបលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ពីរចនាសម្ព័ន្ធ និងការងារទូទៅរបស់សមាគមផងដែរ។ បើតាមលោក ពង់ ឃាវសែ បច្ចុប្បន្នសមាគមមានសមាជិកអចិន្ត្រៃយ៍១៨រូប និងសមាជិកសរុបប្រមាណ ៥០រូប។ ប្រធានសាមគមខ្មែរ-ចិនរូបនេះ បានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្រ្ដីថា សមាគមមានគោលដៅ​ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ទាំងសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងការងារផ្សេងៗទៀត។ ជាពិសេសចូលរួមលើកស្ទួយវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៕





គ.ជ.ប បង្ហាញលទ្ធផលបឋមផ្លូវការនៅតាមភូមិភាគនីមួយៗនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤

នៅព្រលប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអំពីលទ្ធផលបឋមផ្លូវការ នៅតាមមណ្ឌលភូមិភាគទាំង៨ នៃការ​បោះ​ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤។ លទ្ធផលនេះ បានបង្ហាញថា គណ​បក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងគាំទ្រ ច្រើន​លើ​សលុបពីការបោះឆ្នោត ខណៈដែលគណបក្សផ្សេងៗទៀត មានចំនួនតិចតួចនៅឡើយ។

សូមមើលតារាងលទ្ធផលខាងក្រោម៖









លទ្ធផលបណ្តោះអាសន្ន បង្ហាញថា CPP ទទួលបាន៥៨អាសនៈ ក្នុងការបោះឆ្នោតព្រឹទ្ធសភា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ខ្លួន សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាចបានទទួល៥៨អាសនៈ ខណៈគណបក្ស៣ផ្សេងទៀត មិនបានទទួលអាសនៈនោះទេ។

តាមប្រភពពី គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលមានសរុបចំនួន៣៣ការិយាល័យ និង៨ភូមិភាគ ក្នុងឃុំ-សង្កាត់១.៦៤៦ គឺមានអ្នកទៅបោះឆ្នោតសរុបចំនួន ១១.៦៧០នាក់ ស្មើនឹង៩៩,៧៩% ក្នុងចំណោមអ្នកមានឈ្មោះទៅបោះឆ្នោតចំនួន ១១,៦៩៥នាក់។

គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភាពីមុនមានចំនួន ៦១នាក់ ប៉ុន្តែនីតិកាលទី៤នេះ សមាជិកព្រឹទ្ធសភា ត្រូវបានបង្កើនដល់៦២នាក់ ដោយក្នុងនោះ ២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា ហើយ៥៨រូបទៀត កើតចេញពីការបោះឆ្នោត៕