Monday, February 26, 2018

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជំរុញឱ្យសមាគមខ្មែរ-ចិន ឲ្យរួមគ្នាថែរក្សាសមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងជំរុញដល់ថ្នាក់ដឹកនាំសមាគមខ្មែរ-ចិន ឲ្យរួមគ្នាថែរក្សាសមិទ្ធផល​ទាំងឡាយ ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កុំឲ្យរងការបំផ្លិចបំផ្លាញជាថ្មី ដូចក្នុងរបប​ប្រល័យពូជសាសន៍ ប៉ុល ពត។ការថ្លែងជំរុញរបស់ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ១២កើត ឆ្នាំរកា ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងពេលដែល​លោកនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឲ្យសមាគមខ្មែរ-ចិន ដឹកនាំដោយលោក ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន ចូលជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធផលការងារមួយចំនួន។
ក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងកោតសរសើរពីការប្រឹងប្រែងរកស៊ីរបស់បងប្អូនចិន ដែលមករស់នៅក្នុងប្រទេសកម្ពុជា ដោយបានកសាងជីវភាពពីគ្មានអ្វីសោះរហូតមានជីវភាពល្អប្រសើរ។
លោកនាយករដ្ឋមន្រ្ដី បានរំលឹកថា បងប្អូនចិន ដែលបានធ្វើដំណើរមកក្នុងប្រទេសកម្ពុជានាអំឡុងឆ្នាំ១៩២០ និងឆ្នាំ១៩៤០ គឺមានតែជើងក្តាមប្រៃសម្រាប់ធ្វើជាអាហារតែប៉ុណ្ណោះ តែពេលមកដល់ប្រទេសកម្ពុជា ក៏ប្រឹងប្រែងរកស៊ីរហូតមានជីវភាពធូរធា។ តែជាការសោកស្តាយសមិទ្ធផល ដែលបងប្អូនប្រជាពលរដ្ឋ​ចិន​ខិតខំរកបានមកដោយលំបាកនេះ ត្រូវបានបំផ្លាញចោលខ្ទេចខ្ទីនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។
លោកនាយករដ្ឋមន្រ្ដី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំចលនាតស៊ូរំដោះប្រទេសចេញពីរបប​វាលពិឃាដ ប៉ុល ពត បានគូសបញ្ជាក់ថា ក្រោយពេលប្រទេសជាតិត្រូវបានរំដោះ និងស្រោចស្រង់​ជាថ្មី​នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ក៏បានផ្តល់ឱកាសឲ្យបងប្អូនចិននៅកម្ពុជា បានរកស៊ីមានបានជាថ្មី រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ក្នុងន័យនេះលោកនាយករដ្ឋមន្រ្ដី បានរំលឹកដល់សមាគមខ្មែរ-ចិន ត្រូវយល់ឲ្យច្បាស់ពីគុណតម្លៃ​នៃ​សុខសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវរួមគ្នាថែរក្សាឲ្យ​បាននូវសមិទ្ធផល​ទាំងអស់នេះ មិនត្រូវឲ្យមានការបំផ្លេចបំផ្លាញទៀតនោះឡើយ។
ក្នុងជំនួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រីនៅព្រឹកមិញនេះ លោក ពង់ ឃាវសែ ក៏បានជម្រាបលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ពីរចនាសម្ព័ន្ធ និងការងារទូទៅរបស់សមាគមផងដែរ។ បើតាមលោក ពង់ ឃាវសែ បច្ចុប្បន្នសមាគមមានសមាជិកអចិន្ត្រៃយ៍១៨រូប និងសមាជិកសរុបប្រមាណ ៥០រូប។ ប្រធានសាមគមខ្មែរ-ចិនរូបនេះ បានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្រ្ដីថា សមាគមមានគោលដៅ​ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ទាំងសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងការងារផ្សេងៗទៀត។ ជាពិសេសចូលរួមលើកស្ទួយវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៕





No comments:

Post a Comment