Monday, September 27, 2021

វិភាគអន្តជាតិ៖ សម្ព័ន្ធភាព AUKUS នឹងរុញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្លាក់ចូលក្នុងការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ?


(ប៉េកាំង)៖ ការសន្យាជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមសម្ព័ន្ធភាពយោធាត្រីភាគី AUKUS រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី មិនត្រឹមតែធ្វើឱ្យបារាំងក្ដៅស្លឹកត្រចៀកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កឱ្យមានការព្រួយបារម្ភផងដែរពីលទ្ធភាពនៃការផ្ទុះឡើងនូវសង្រ្គាមត្រជាក់ថ្មីមួយ និងការរត់ប្រណំាងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅក្រោមសម្ព័ន្ធភាព AUKUS សហរដ្ឋអាមេរិក និងអង់គ្លេស បានយល់ព្រមផ្ទេរបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្ត្រាលី ដែលបាន ក្លាយជាប្រទេសទី៣ ទទួលបានបច្ចេកវិទ្យាបែបនេះពីអាមេរិក បន្ទាប់ពីអង់គ្លេស។ នាវាមុជទឹកនុយក្លេអ៊ែរនឹងជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹកអូស្ត្រាលីដោយអាច ឱ្យពួកគេធ្វើប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងចូលរួមជាមួយសហរដ្ឋអាមេរិកទប់ស្កាត់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។

ទំាងសហរដ្ឋអាមេរិក និងអង់គ្លេសបានបញ្ជាក់ថានាវាមុជទឹកដែលពួកគេនឹងជួយអូស្ត្រាលីផលិតនឹងមិនមានបំពាក់អាវុធនុយក្លេអ៊ែរឡើយ ពោលគឺគ្រាន់តែដើរដោយ ថាមពលនុយក្លេអ៊ែរតែប៉ុណ្ណោះ។ បើតាមក្រុមអ្នកជំនាញនុយក្លេអ៊ែរ ការរីកសាយ ឬការរត់ប្រណំាងអាវុធនុយក្លេអ៊ែរ ផ្ទុះ ឬមិនផ្ទុះឡើងគឺវាអាស្រ័យថាតើបច្ចេកវិទ្យា នុយក្លេអ៊ែរអ្វី ដែលអាមេរិកផ្ទេរឱ្យអូស្រ្តាលី ឬក៏ថាតើបច្ចេកវិទ្យានេះត្រូវផ្ទេរយ៉ាងដូចម្ដេច? ប៉ុន្តែ ចង់ ឬមិនចង់ ការអនុញ្ញាតឱ្យអូស្ត្រាលីមាននាវាមុជទឹកនុយក្លេអ៊ែរ វាមុខជានឹងជំរុញឱ្យបណ្ដាប្រទេសដទៃដូចជា ចិន និងរុស្ស៊ី ជាពិសេសវានឹងផ្ដល់ហេតុផលត្រឹមត្រូវ និងស្របច្បាប់ដល់កូរ៉េខាងជើងតែម្ដង ក្នុងការបង្កើនការប្រឹងប្រែង អភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្រោមហេតុផលការពារខ្លួន។

* វិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ នឹងផ្ទុះឡើងជាថ្មីនៅឥណ្ឌូ-ប៉ាស៊ីហ្វិក?

លោក មីលតុន ឡៃធិនបឺគ (Milton Leitenberg) ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាសន្តិសុខ និងអន្តរជាតិនៃសាកលវិទ្យាល័យ Maryland បាននិយាយថា ឥន្ធនៈប្រើប្រាស់សម្រាប់បង្កើតថាមពលរ៉េអាក់ទ័ររបស់នាវាមុជទឹកនុយក្លេអ៊ែរអាចនឹងត្រូវបានប្រើក្នុងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ តែព្រមពេលជាមួយគ្នា លោកមិនជឿឡើយថារដ្ឋាភិបាលអូស្រ្តាលីនឹងធ្វើដូច្នេះ។

តែទោះជាអូស្ត្រាលីចង់ ឬមិនចង់ វាមិនសំខាន់ឡើយ អ្វីដែលសំខាន់នៅត្រង់ថាការជួយផលិតនាវាមុជទឹកនុយក្លេអ៊ែរ វាមុខជានឹងធ្វើឱ្យប្រទេសមួយចំនួនដូចជាចិន រុស្ស៊ី រួមទាំងកូរ៉េខាងជើង មើលឃើញថានេះជាការគំរាមកំហែងដល់សន្តិសុខ និងផលប្រយោជន៍ជាតិរបស់ពួកគេនៅក្នុងតំបន់ ដ្បិតមិនថា Quad ឬ AUKUS នោះទេ គឺមានមុខព្រួញសំខាន់សំដៅលើប្រទេសទាំង ៣នេះ។

តួយ៉ាង កូរ៉េខាងជើងកាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះបានព្រមានថា «ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ» ថ្មីមួយនឹងផ្ទុះឡើង បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស យល់ព្រមផ្ទេរបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលី ហើយថានឹងចាត់វិធានការឆ្លើយតបភ្លាមៗ ប្រឆាំងទៅនឹងរាល់សកម្មភាព ទាំងឡាយណាបំផ្លាញ ឬគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។ ការព្រមានបែបនេះរបស់កូរ៉េខាងជើង គឺជាការបន្ទរតាមពីក្រោយចិនដែលបានព្រមានដូចគ្នាថាអាមេរិក និងអង់គ្លេស កំពុងបង្កហានិភ័យនៃការផ្ទុះឡើងនូវ «ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ» ក្នុងតំបន់។

បើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) មានមូលដ្ឋាននៅចក្រភពអង់គ្លេស បច្ចុបន្ន អាមេរិកមាន នាវាមុជទឹកនុយក្លេអ៊ែរសរុប ៦៨ គ្រឿង, រុស្ស៊ីមាន ២៩គ្រឿង, ចិនមាន ១២គ្រឿង, អង់គ្លេសមាន ១១គ្រឿង, បារាំងមាន៨គ្រឿង និងឥណ្ឌាមានមួយគ្រឿង បូករួម ទាំងអនាគតនាវាមុជទឹកនុយក្លេអ៊ែររបស់អូស្ត្រាលី។ គេនៅចាំបានថាវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ បានរុញឱ្យពិភពលោកទាំងមូលស្ថិតនៅមាត់ជ្រោះនៃសង្រ្គាម នុយក្លេអ៊ែរម្ដងរួចមកហើយ ជាពេលដែលអាមេរិក និងសូវៀតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរដាក់គ្នាទៅវិញទៅមក។

ពិភពលោកបានចៀសផុតពីសង្រ្គាមនុយក្លេអ៊ែរនៅពេលនោះ តែគ្មាននរណាម្នាក់ប្រាកដថាពិភពលោកនឹងមានសំណាងម្ដងទៀតនោះទេ។ ការបង្កើតសម្ព័ន្ធភាព AUKUS ត្រូវបានអ្នកជំនាញភាគច្រើនយល់ថាមានគោលដៅលើចិន ខណៈចិនខ្លួនឯងក៏ដឹងពីរឿងនេះច្បាស់ជាងនរណាៗទាំងអស់នោះដែរ ហើយកាន់តែដឹងច្បាស់ ទៅទៀតនោះ គឺអំណេះតទៅ ចិនគ្មានជម្រើសអ្វីផ្សេងក្រៅតែពង្រឹងសមត្ថភាពយោធាដើម្បីតាមឱ្យទាន់សហរដ្ឋអាមេរិក និងលោកខាងលិចនោះទេ។ នេះហើយជាអ្វី ដែលគេកំពុងព្រួយបារម្ភថាការរត់ប្រណាំងអាវុធមានទម្រង់ដូចគ្នាទៅនឹងអាមេរិក និងសូវៀតចាប់ផ្ដើមផ្ទុះឡើងជាថ្មីដោយគ្រាន់តែវាប្ដូរពីអាមេរិក និងសូវៀត មកជា
អាមេរិក និងចិន វិញប៉ុណ្ណោះ។

បន្ថែមពីលើនេះ រឹតតែសំខាន់ទៅទៀត មិនមែនមានតែចិនទេដែលនឹងគិតបែបនេះ។ រុស្ស៊ី ជាពិសេសកូរ៉េខាងជើង ក៏ប្រហែលជានឹងរៀបចំជើងព្រួលទុកជាមុនផងដែរ ដោយនឹងប្រើរឿងអាមេរិកជួយអូស្ត្រាលីផលិតនាវាមុជទឹកនុយក្លេអ៊ែរជាហេតុផលសំអាងពីភាពត្រឹមត្រូវ និងស្របច្បាប់លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយនឹង កាន់តែបង្កើនការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។ ដូច្នេះ ប្រសិនបើកូរ៉េខាងជើងបង្កើនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ឬក៏ផលិតនាវាមុជទឹកនុយក្លេអ៊ែរដែរ នោះគេត្រូវ សួរថាតើកូរ៉េខាងត្បូង ឬជប៉ុនអាចឈរនៅស្ងៀមដែរឬទេ? ត្រង់នេះមានន័យថាតើគេអាចធានាបានទេថាការឱ្យអូស្ត្រាលីមាននាវាមុជទឹកនុយក្លេអ៊ែរនឹងមិនជំរុញ លើកទឹកចិត្តឱ្យប្រទេសធំៗ ដទៃចង់ដើរតាមអូស្ត្រាលី ដែរ ឬក៏យ៉ាងណា?

* AUKUS ធ្វើឱ្យអាស៊ានឈឺក្បាល

ក្រោយសហរដ្ឋអាមេរិកប្រកាសពីការបង្កើតសម្ព័ន្ធភាព AUKUS និងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រទេសមួយចំនួនធំនៅស្ងៀម ហើយខ្លះបង្ហាញការព្រួយបារម្ភ និងជំទាស់ រីឯខ្លះទៀតបង្ហាញការគាំទ្រ។ ជប៉ុន និងហ្វីលីពីនបានបង្ហាញជំហរគាំទ្រចំពោះគម្រោងជួយអូស្ត្រាលីផលិតនាវាមុជទឹក នុយក្លេអ៊ែរ ខណៈសិង្ហបុរីដែលជាសម្ព័ន្ធមិត្តមួយដ៏គួរឱ្យទុកចិត្តរបស់អូស្ត្រាលីនៅក្នុងតំបន់ ថ្វីបើបានបង្ហាញគំនិតសុទិដ្ឋិនិយមចំពោះ AUKUS តែក៏បានបង្ហាញ ក្ដីព្រួយបារម្ភខ្លះដែរ។

ថៃ, វៀតណាម រួមទាំងកម្ពុជា មិនបានធ្វើអត្ថាធិប្បាយអ្វីភ្លាមៗនោះទេស្របពេលឥណ្ឌូណេស៊ី និងម៉ាឡេស៊ីបង្ហាញការព្រួយបារម្ភ និងព្រមានថាការជួយអូស្ត្រាលីផលិត នាវាមុជទឹកនុយក្លេអ៊ែរអាចនឹងបង្កទៅជាការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។ បណ្ដាប្រទេសជាសមាជិកភាគច្រើនសុទ្ធតែមានកង្វល់លើការបង្កើតសម្ព័ន្ធភាព AUKUS និងការជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដ្បិតភាគច្រើននៅក្នុងចំណោមបណ្ដាប្រទេសអាស៊ានគិតថាការអនុញ្ញាតឱ្យប្រទេស ណាមួយផលិតនាវាមុជទឹកនុយក្លេអ៊ែរ មិនអាចធានាបានឡើយថាទៅថ្ងៃមុខ នាវាប្រភេទនេះនឹងមិនបំពាក់អាវុធនុយក្លេអ៊ែរ។

សម្រាប់បណ្ដាប្រទេសអាស៊ាន ការបង្កើត AUKUS បន្ថែមពីលើ Quad ឬកិច្ចសន្ទនាសន្តិសុខចតុភាគីដែលមានអាមេរិក, អូស្រ្តាលី, ជប៉ុន និងឥណ្ឌាជាសមាជិក វាបានបង្ហាញកាន់តែច្បាស់ថា អាមេរិក អូស្ត្រាលី និងអង់គ្លេស មើលឃើញតំបន់សមុទ្រចិនខាងត្បូងជាកន្លែងត្រូវតតាំងជាមួយចិន។ អាស៊ានតែងតែអះអាងថាខ្លួនជាតំបន់ មានសន្តិភាព, សេរីភាព និងអព្យាក្រឹត ហើយមិនស្ថិតនៅក្រោមឥទ្ធិពលរបស់មហាអំណាចខាងក្រៅណាមួយឡើយ។ នៅឆ្នាំ១៩៩៥ អាស៊ានបានចុះហត្ថលេខាលើ សន្ធិសញ្ញាគ្មានអាវុធនុយក្លេអ៊ែរក្នុងតំបន់ (Treaty of Southeast Asia Nuclear Weapon-Free Zone) ដែលតម្រូវឱ្យបណ្ដាប្រទេសជាសមាជិកប្ដេជ្ញាមិនឱ្យមាន អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។

បើទោះជាពួកគេដឹងថា មិនថា ចិន, សហរដ្ឋអាមេរិក, អង់គ្លេស ឬក៏បារាំង មិនដែលខ្វល់នឹងសន្ធិសញ្ញានេះទេ ហើយតែងតែបញ្ជូននាវាចម្បាំងធ្វើដំណើរឆ្លងកាត់ សមុទ្រចិនខាងត្បូងក៏ដោយ តែអាស៊ានមិនចង់ឃើញសកម្មភាពយោធា ឬក៏ភាពតានតឹងផ្ទុះទៅជាជម្លោះនៅក្នុងតំបន់ ហើយសាយភាយទៅដល់ព្រំដែន ឬប្រទេស របស់ខ្លួនឡើយ។ ម្យ៉ាងវិញទៀត ជាគោលការណ៍អាស៊ានពេញចិត្តនឹងការទាញយកផលប្រយោជន៍ពីនយោបាយអព្យាក្រឹត ដោយមិនចង់រើសយកមហាអំណាច ណាមួយនោះទេ។

ប៉ុន្តែអ្នកជំនាញជាច្រើនយល់ថាប្រឈមមុខការប្រជែងគ្នារឹតតែខ្លាំងរវាងអាមេរិក និងចិន វាមុខជានឹងធ្វើឱ្យអាស៊ានពិបាកក្នុងការអនុវត្តនយោបាយអព្យាក្រឹត នៅក្នុង បរិបទដែលយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហាក់ដូចជាផ្ដល់សញ្ញាច្បាស់ឡើងៗដល់បណ្ដាប្រទេសដៃ ថាចង់ឈរខាងអាមេរិក ឬនៅខាងចិន៕

ប្រភព៖ SCMP (ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh News

 






អំណោយឧបត្ថម្ភរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ អំណោយរបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី ត្រូវបានលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នាំយកទៅប្រគល់ជូនកងកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សម្រាប់សាងសង់អគារជាបន្ត ពិសេសប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

នាឱកាសនោះ មានការចូលរួមពីសំណាក់លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបង្ហាញនូវសកម្មភាពបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ បង្ក្រាបបទល្មើសនានា ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរ អរគុណដល់ទឹកចិត្តរបស់កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្ត ដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល តាមតួនាទី ភារកិច្ចឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យកងកម្លាង ត្រូវតែបង្កើនការចូលរួមបង្ការទប់ស្កាត់ជំងឺ Covid-19 ឲ្យបានខ្លាំងក្លាបន្ថែមទៀត។

ចំពោះអំណោយនាំយកទៅផ្តល់ជូននាឱកាសនោះរួមមាន សុីម៉ង់ត៍ ៥០តោន អង្ករ១តោន ទឹកសុទ្ធ១០០កេស មី៥០កេស ម៉ាស២៥០០ម៉ាស អាល់កុល៩០លីត្រ បន្លែធម្មជាតិ និងថវិកាមួយចំនួនផងដែរ៕






ផ្នែកខាងលិចនៃប្រាសាទត្រពាំងផុងត្រូវបានជួសជុលរួចរាល់

សៀមរាប៖ ប្រាសាទត្រពាំងផុង ជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រាសាទនេះត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣។ ដោយសារកត្តា អាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង។

លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួសនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារបានចាប់ផ្តើមការងារជួសជុល ប្រាសាទត្រពាំងផុងផ្នែកខាងលិចកាលពីដើមឆ្នាំ២០២១មក ដោយគ្រោងនឹងចំណាយពេលវេលាចំនួន១ឆ្នាំ។ ប៉ុន្តែរហូតមកដល់ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ចប់ការជួសជុលដោយជោគជ័យ។

លោកបន្តថា ទោះបីការងារជួសជុលត្រូវបានបញ្ចប់ តែក៏មានក្រុមការងារផ្នែកអភិរក្ស ធ្វើការយាមល្បាត និងថែទាំប្រាសាទ ជាប្រចាំ ហើយក៏មានគម្រោងជួសជុលប្រាសាទនេះនៅផ្នែកផ្សេងៗទៀត។

សូមជម្រាបផងដែរថា ប្រាសាទត្រពាំងផុង មានទំហំខឿន ៧ម៉ែត្របួនជ្រុង កម្ពស់១៦ម៉ែត្រ ជាប្រាសាទទោល ធ្វើអំពីឥដ្ឋ។ ប្រាសាទនេះ ធ្លាប់មានប្រវត្តិជួសជុល និងធ្វើកំណាយស្រាវជ្រាវម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ១៩៣៦ ដោយសាលាបារាំងចុងបូពា៍ប្រទេស៕





អភិបាលខេត្តក្រចេះ ប្រគេនទេយ្យទាន ទេយ្យវត្ថុ រួមនិងបច្ច័យចូលរួមកាន់បិណ្ឌតាមបណ្តាវត្ត

ក្រចេះ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៦ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន មកវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០២វត្ត នៅក្នុងសង្កាត់កោះទ្រង់ ដើម្បីចូលរួមកាន់បិណ្ឌ និងចូលរូមផ្គត់ផ្គង់ទ្រទ្រង់ព្រះសង្ឃ ក្នុងកំឡុងពេលជំងឺកូវីដ-១៩ ។

  សូមជម្រាបផងដែរថា បច្ច័យប្រគេនក្នុង១វត្ត ទទួលបានគ្រឿងឧបភោគបរិភោប និងបច្ច័យចំនួន ១លាន៥០ម៉ឺនរៀល ដែលជាបច្ច័យរបស់ក្រុមការងារថ្នាក់កណ្តាល និងជាបច្ច័យរបស់លោកអភិបាលខេត្តផ្ទាល់សរុបអស់ចំនួន ៧លាន៩៤ម៉ឺនរៀល ។ 

បន្ទាប់ពីពិធីបង្សុកូលវេប្រគេន និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត រួចមកឯកឧត្តមក៏បានជម្រុញស្នើសុំដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ជាប្រចាំដើម្បីឈានទៅកាត់ផ្តាច់ឲ្យបាននូវឬសគល់ នៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលចូលទៅក្នុងសហគមន៍យើង។ 

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តនឹងបន្តការនាំយកទេយ្យទាន និងទេយ្យវត្ថុ រួមនិងបច្ច័យមកប្រគេនដល់ព្រះសង្ឃតាមបណ្តាលវត្តក្នុងក្រុងក្រចេះ ដើម្បីចូលរួមកាន់បិណ្ឌនិងចលរួមផ្គត់ផ្គង់ទ្រទ្រង់ ព្រះសង្ឃនាពេលបុណ្យកាន់បិណ្ឌក្នុងកំឡុងពេលបុណ្យជំងឺកូវីដ-១៩ ៕





ព្រះសិរមេទេវតាព្រះភ័ក្រ្ត ៤ បានរកឃើញកប់ក្នុងដីនៅក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វាតាកាវ

សៀមរាប៖ រូបចម្លាក់ព្រះសិរមេទេវតាត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវប្រទះឃើញកប់ក្នុងដីនៅក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វាតាកាវ កាលពីថ្មីៗនេះ។ រូបព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ដែលបានរកឃើញមានព្រះភ័ក្រ្ត ២ត្រឹមពាក់កណ្តាលច្រមុះចុះក្រោម។

ចំពោះចម្លាក់ព្រះសិរទេវតាដែលបានរកឃើញនេះ ក្រុមការងារបានយកទៅធ្វើការផ្គុំសាកល្បងជាមួយនឹងចម្លាក់ស្មាទេវតាដើម្បីផ្ទៀងផ្ទាត់ ជាលទ្ធផលចម្លាក់ព្រះភ័ក្រ្តដែលបានរកឃើញនោះពិតជាត្រូវគ្នាជាមួយនឹងតួខ្លួនមេទេវតាប្រាកដមែន។

បន្ទាប់ពីផ្គុំរួចរាល់ហើយ ក្រុមការងារបានសហការជាមួយនឹងនគរបាលការពារបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីយកចម្លាក់ព្រះភ័ក្រ្តនោះមករក្សាទុកនៅទីតាំងការដ្ឋានខ្លោងទ្វារតាកាវ ដើម្បីធ្វើការជួសជុលឡើងវិញ៕






សារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសទិវាទេសចរណ៍ពិភពលោក ខួបលើកទី៤១ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញសារលិខិតក្នុងឱកាសទិវាទេសចរណ៍ពិភពលោកខួបលើកទី៤១ ឆ្នាំ២០២១ ដែលត្រូវបានប្រារព្ធឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិបន្ន (TOURISM FOR INCLUSIVE GROWTH)។

គួរជម្រាបថា ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១នេះ ត្រូវបានប្រារព្ធជាផ្លូវការនៅសាធារណរដ្ឋកូតឌីវ័រ ខណៈប្រទេសជាសមាជិកទាំងអស់នឹងរៀបចំទិវានេះក្នុងប្រទេសរៀងៗខ្លួនទំហំអាចគ្រប់គ្រងបាន៕

ខាងក្រោមនេះជាសារលិខិតដែលមានខ្លឹមសារដូចតទៅ៖






លោក ស៊ុយ សែម អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួល «សម្ភារៈ ឧបករណ៍ និងបរិក្ខារតេស្តមេរោគកូវីដ១៩

ពោធិ៍សាត់៖  លោក  ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់  និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួល «សម្ភារៈ ឧបករណ៍ និងបរិក្ខារតេស្តមេរោគកូវីដ១៩  ប្រភេទPCR ដែលផ្តល់ជំនួយដោយ ទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ ក្រោមគម្រោង INT0098 ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់»។

ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណ ស្រុកប្រតិបត្តិសំពៅមាស ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពី លោក លោកស្រី ជាគណៈប្រតិភូអមដំណើរ ប្រធានអនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានODs និងមន្ទីរពេទ្យបង្អែក  ព្រមទាំងមន្ត្រីសុខាភិបាលជាច្រើនផ្សេងទៀត។







លោក គួច ចំរេីន ជួបសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩

ព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ លោក  គួច  ចំរេីន  សមាជិកគណៈកម្មាធិការកណ្តាគណបក្សប្រជាជនកម្ពុជា  អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា  ខេត្តព្រះសីហនុ  និងជាអភិបាល  នៃគណៈអភិបាល ខេត្តព្រះសីហនុ  បានជួបសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្ត ចំនួន ៨១នាក់ ដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ 

លោកអភិបាល ខេត្ត  បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្រុង ស្រុក ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នាពេលកន្លង។ 

ក្នុងឱកាសនោះ លោក គួច ចំរើន ក៏បានពាំនាំការផ្តាំផ្ញើសួសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន  ជូនចំពោះក្រុមយុវជនស្ម័គ្រចិត្តរបស់យើង ដែលបានចូលរួមយ៉ាងផុល ផុសក្នុងសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩។ 

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បាននាំយកថវិការបស់លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនក្រុមយុវជនស្ម័គ្រចិត្តស្រុកស្ទឹងហាវ ចំនួន៨១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន២០ម៉ឺនរៀល  ៕