Wednesday, December 14, 2016

លោក អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជា-ជប៉ុន នឹងត្រូវបានពង្រឹងនិងពង្រីកថែមទៀតនៅលើគ្រប់វិស័យ

(ភ្នំពេញ)៖ នៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សា ការងារជាមួយលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថាកម្ពុជា-ជប៉ុន នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនៅលើគ្រប់វិស័យ។
នៅក្នុងជំនួបសម្តែងការគួរសមនោះ លោក អូនព័ន្ធមុនីរ័ត្ន បានសម្តែងនូវសេចក្តីសង្ឃឹមថា ប្រពៃណីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនៅលើគ្រប់វិស័យ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរដែលបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ ដ៏ល្អក្នុងរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែប្រទេសទាំងពីរគឺជាដៃគូយុទ្ធសាស្រ្តថែមទៀតផង។
លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកក្នុងការចូលរួមចំណែកក្នុងការជួយកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា និងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ផងដែរ។ គោលនយោបាយសហប្រតិបត្តិការរបស់ប្រទេសជប៉ុនសម្រាប់កម្ពុជា គឺជាការចូលរួមអនុវត្តឱ្យបានសម្រេចនូវគោលនយោបាយអភិវឌ្ឍន៍ ពិសេសគោលដៅកាត់បន្ថយភាពក្រីក្រ ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨។
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសដូចខាងក្រោម៖



លោក នី ចរិយា ត្រូវបាន​សាលា​ឧទ្ធរណ៍ សម្រេច​ឱ្យជាប់ពន្ធនា​គារ៦ខែ និង​ពិន័យ​ប្រាក់​៦លានរៀល

 ភ្នំពេញ៖  នៅថ្ងៃទី ១៤ ធ្នូឆ្នាំ ២០១៦នេះលោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាឧទ្ធរណ៍ បានចេញសាលដីកាសម្រេចតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស លោកនី ចរិយា អតីតអគ្គលេខាធិការរង គ ជ ប អោយជាប់ពន្ធនាគារ៦ខែ និងពិន័យប្រាក់អោយបង់ចូលថវិការដ្ឋ៦លានរៀល ។
លោក នី ចរិយា ត្រូវបានព្រះរាជអាជ្ញារងលោក សុក កែវបណ្ឌិត និង លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដាក់ពាក្យប្តឹងកាលពីខែកក្កដា ឆ្នាំ២០១៥ ក្នុងគ្រាដែលលោក មានតួនាទីជាប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក មុននឹងក្លាយជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
បណ្តឹងនោះ ប្រឆាំងនឹងលោក នី ចរិយា ជុំវិញការលើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ និងទី២០ ខែឧសភា ឆ្នាំ២០១៥ ដែលត្រូវបានសារព័ត៌មាន ជាច្រើនដកស្រង់សម្ដីចុះផ្សាយថា មន្ត្រីតុលាការទាំងពីររូប អនុវត្តនីតិវិធីឃុំខ្លួន មិនត្រឹមត្រូវទៅលើពលរដ្ឋក្នុងជម្លោះដីធ្លីពីរនាក់នៅខេត្តសៀមរាប និងការចោទប្រកាន់ មន្ត្រីតុលាការខេត្តនេះ ឃុបឃិតគ្នា យកដីពលរដ្ឋខ្មែរ ប្រគល់ឲ្យសហគមន៍ជនជាតិវៀតណាម ក្នុងទំនាស់ដីធ្លីមួយកន្លែងក្នុងខេត្តសៀមរាប ទោះបីជាជនជាប់ចោទ បានអះអាងមិនធ្លាប់លើកឡើងបែបនេះក្តី៕

រាជរដ្ឋាភិបាលកម្ពុជាទទួលបានពានរង្វាន់ពីព្រះអង្គម្ចាស់ Michael of Kent ខិតខំសង្គ្រោះជីវិតប្រជាពលរដ្ឋ តាមរយៈការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃប្រទេសកម្ពុជាបានទទួលពានរង្វាន់ពីព្រះអង្គម្ចាស់ Michael of Kent នៅពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំសម្រាប់ការខិតខំរបស់ គណៈកម្មាធិការជាតិក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលក្នុងនោះក៏មានការកំណត់ឱ្យអ្នករួមដំណើរតាមទោចក្រយានយន្ត (ម៉ូតូ) ត្រូវតែពាក់មួកសុវត្ថិ ភាពដែលជាលទ្ធផលបានជួយសង្រ្គោះជីវិតមនុស្ស និងការពារការរងរបួសធ្ងន់ធ្ងរបានយ៉ាងច្រើន។
យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាកចរាចរណ៍ បានថយចុះប្រមាណ២៥៩នាក់ ហើយអ្នករងរបួសធ្ងន់ បានថយចុះប្រមាណ៥៩៦នាក់នៅក្នុងរយៈពេល១១ខែដំបូង ឆ្នាំ២០១៦ បើប្រៀបធៀបទៅនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០១៥។
ព្រះអង្គម្ចាស់ Michael of Kent បានមានព្រះបន្ទូលថា៖ «គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់ជីវិតមនុស្សប្រមាណ១,២៥លាននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក ហើយបណ្តាប្រទេសដែលមានកម្រិតចំណូលទាបដូចជាប្រទេសកម្ពុជាទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង»។ ព្រះអង្គម្ចាស់បានមានព្រះបន្ទូលបន្ថែមទៀតថា៖ «ការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក គឺជាឧទាហរណ៍ដ៏មានឥទ្ធិពលមួយនៃការផ្លាស់ប្តូរជាវិជ្ជមានដោយបានធ្វើឱ្យប្រសើរឡើងនូវច្បាប់ និង បទដ្ឋានពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហការរវាងវិស័យសាធារណៈ និងសង្គមស៊ីវិល ដែលអាចបង្កើតជាគំនិតផ្តួចផ្តើមថ្មី។ កិច្ចសហប្រតិបត្តិការរបៀបនេះ គឺឆ្លុះបញ្ចាំងអំពីមូលហេតុដែលនាំឱ្យរូបខ្ញុំបង្កើតកម្មវិធីពានរង្វាន់នេះឡើងក្នុង រយៈពេលជិត៣០ឆ្នាំកន្លងមក»។
កាលពីឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានសម្លាប់ជីវិតមនុស្ស ៣០ដងច្រើនជាងចំនួនអ្នកស្លាប់ដោយសារជម្ងឺគ្រុនចាញ់ គ្រុនឈាម និងគ្រាប់មីន/អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបូកបញ្ចូលគ្នាទៅទៀត។ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីដែលក្នុងនោះ ក៏បានតម្រូវជាលើកដំបូងឱ្យអ្នករួមដំណើរ តាមម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពបន្ថែមពីលើការកំណត់ការពាក់ មួកសុវត្ថិភាពចំពោះអ្នកបើកបរម៉ូតូ ត្រូវបានអនុម័តក្នុងឆ្នាំ២០១៥ និងបានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៦មក។
ព្រះអង្គម្ចាស់ Michael of Kent ដែលជាអ្នកគាំទ្រដ៏មុតមាំម្នាក់លើវិស័យសុវត្ថិភាពចរាចរណ៍ នៅលើសកលពិភពលោកដ៏យូរមកហើយ បានប្រគល់ពានរង្វាន់ជូន លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ លោក (Lord) Robertson ដែលជាអតីតប្រធានគណៈកម្មការ សុវត្ថិភាពចរាចរណ៍សកល និងលោក Andrew Jones រដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ នៃចក្រភពអង់គ្លេស ក៏បាន ចូលរួមក្នុងពិធីនេះដែរ។ តំណាងជាន់ខ្ពស់អង្គការមូលនិធិបង្ការរបួសអាស៊ី ដែលបានបំពេញការងារយ៉ាងជិតស្និទ្ធជាមួយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ក៏មានវត្តមានក្នុងចំណោមគណៈប្រតិភូកម្ពុជា ដែលអញ្ជើញទៅចូលរួមទទួលពានរង្វាន់នេះដែរ។ បន្ថែមពីលើនេះ មានអ្នកចូលរួម ជាង៣០០នាក់ផ្សេងទៀតដែលរួមមានអ្នកជាជ័យលាភីពានរង្វាន់ និងអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ជាច្រើនរូប មកពីបណ្តាប្រទេសនានាលើពិភពលោកបានចូលរួមក្នុងពិធីប្រចាំឆ្នាំមួយនេះ៕





លោក ហ៊ុន សែន គាំទ្រ និងលើកស្ទួយជនពិការគ្រប់វិស័យ

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ដល់ជនរួមជាតិ ជាពិសេសយុវជន និងយុវតី ចូលរួមគាំទ្រលើក ទឹកចិត្តនៅក្នុង “ពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ “ ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរ ជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។
លោកនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវទៅដល់ យុវជន យុវតីដែលស្នេហាវិស័យកីឡា សូមចូលរួមរត់ប្រណាំងទាំងអស់គ្នា ដើម្បីអបអរសាទរ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជាយើង។
នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន បានសរសេរថា៖ «គាំទ្រ និងលើកស្ទួយជនពិការគ្រប់វិស័យ៖ សូមជនរួមជាតិ ជាពិសេសយុវជន និងយុវតី ចូលរួមគាំទ្រលើក ទឹកចិត្តនៅក្នុង “ពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ “ ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។
យុវជន យុវតីដែលស្នេហាវិស័យកីឡា សូមចូលរួមរត់ប្រណាំងទាំងអស់គ្នា ដើម្បីអបអរសាទរ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជាយើង។ សូមជូនពរបងប្អូនជនពិការទូទាំងប្រទេសជួបតែសេចក្តីសុខ និង សំណាងល្អគ្រប់គ្នា»។
គួររម្លឹកដែរថា ចំពោះកម្ពុជា គឺដោយសារសង្រ្គាម និងរបបវិនាសកម្មប៉ុលពត គឺបានបន្សល់ទុកនូវស្រ្តីមេម៉ាយ កុមាកំព្រា និងជនពិការយ៉ាងច្រើន។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុក ដាក់ផ្តល់កម្មសិទ្ធិដីធ្លី និងផ្ទះសម្បែងដើម្បីជួយជនពិការ និងក្រុមគ្រួសារបានទទួលសេវាសង្គមដូចៗគ្នាដោយគ្មានការរើសអើង។
គួរបញ្ជាក់ផងដែរថា ដើម្បីសម្រួលដល់ជីវភាពជនពិការ លោក ហ៊ុន សែន ក៏បានសម្រេចផ្តល់ទីតាំងរមណីយដ្ឋាន ”វត្តភ្នំ” ដែលមានសន្តិសុខល្អសម្រាប់ក្រុមពិការមានឱកាសសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញផងដែរ៕










ប្រធានាធិបតីហ្វីលីពីន ចូលគាល់ និងជួបសវនាការ ជាមួយព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអញ្ជើញចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះបរមរាជវាំង។ លុះដល់ពេលរសៀលថ្ងៃដដែលនេះ លោកប្រធានាធិបតី នឹងចូលជួបសំណេះសំណាលពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព។
លោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ។
សូមជំរាបថា លោក រ៉ូឌ្រីកូ ឌូតឺតេ និងកំពូលអ្នកប្រដាល់ ប៉ាគីអាវ បានមកដល់កម្ពុជានៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅកម្ពុជាជាច្រើនរយនាក់ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ ជាទីដែលលោកប្រធានាធិបតីស្នាក់នៅ៕








ប្រាសាទ​ភ្នំបា​ខែង ត្រូវបាន​ជួសជុ​ល​ស្តារ​ឡើង​វិញ ដោយ​អាជ្ញា​ធរ​ជាតិ​អប្សរា សហការ​ជាមួយ​​ស្ថាប័ន​មូល​និធិ​ពិភព​លោក

លោក​ប្រធានាធិប​តីហ្វីលី​ពីន ចូលគាល់​ជួបសវនាការ​ជាមួយ​ព្រះមហាក្ស​ត្រខ្មែរ​

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ អញ្ជើញចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន និងកំពូលអ្នកប្រដាល់ ប៉ាគីអាវ បានមកដល់កម្ពុជានៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការទទួល ស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅកម្ពុជាជាច្រើនរយនាក់ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញទីដែលលោកប្រធានាធិបតីស្នាក់នៅ។
សូមជម្រាបផងដែរថា នៅរសៀលនេះលោកប្រធានាធិបតី នឹងចូលជួបសំណេះសំណាលពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។
លោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ។






លោក ថោង ខុន៖ សេ្តចប្រដាល់ Manny Pacquiao សន្យានឹងមកកម្ពុជាជាថ្មីម្តងទៀត ដើម្បីជួយបង្ហាត់បង្រៀនកីឡាករប្រដាល់កម្ពុជា

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានថ្លែងថា សេ្តចប្រដាល់ Manny Pacquiao សន្យានឹងអញ្ជើញមកកាន់កម្ពុជាជាថ្មីម្តងទៀត ដើម្បីជួយបង្ហាត់បង្រៀនដល់កីឡាករកម្ពុជា តាមការស្នើសុំរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។លោករដ្ឋមន្រ្តី បានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកីឡាករស្តេចប្រដាល់ Manny Pacquiao នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ថោង ខុន បានបញ្ជាក់បន្ថែមថា ពេលវេលានៃការអញ្ជើញត្រឡប់មកកម្ពុជាសារជាថ្មី របស់ស្តេចប្រដាល់រូបនេះ មិនទាន់ច្បាស់លាស់នៅឡើយទេ ព្រោះលោកបានសន្យាចេញពីទឹកចិត្តរបស់គាត់ថា នឹងមកកម្ពុជាជាថ្មីដើម្បីជួយបង្ហាត់ដល់កីឡាករប្រដាល់ខ្មែរ នៅពេលវេលាសមរម្យណាមួយ៕





លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា អាណត្តីទី៦

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា អាណត្តីទី៦ ដែលប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈចំនួន៤គឺ៖
១. ពិភាក្សា និងអនុម័តលើបាយការណ៍សកម្មភាព ឆ្នាំ២០១៦ និងផែនការការងារ ឆ្នាំ២០១៧
២. ពិភាក្សា និងអនុម័តលើរបាយការណ៍ចំណូល-ចំណាយ ឆ្នាំ២០១៦ និងព្យាករណ៍ចំណូលថវិកា ឆ្នាំ២០១៧
៣. សំណើអនុម័តលើផែនការថវិកាចំណាយជាអាទិភាព ឆ្នាំ២០១៧
៤. បញ្ហាផ្សេងៗ
ក្នុងឱកាសនោះ មុនបើកកិច្ចប្រជុំ សមាជិកគណ:កម្មាធិការកណ្តាល បុគ្គលិកកាកបាទក្រហម នាយកសាខាកាកបាទក្រហមទាំង២៥ខេត្ត-រាជធានី បានរៀបចំពិធីចម្រើនជន្មាយុរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គម្រប់៦២ ឈានចូល ៦៣ឆ្នាំ ដើម្បីសម្តែងអំណរសារទរ និងប្រសិទ្ធិពរជ័យបវរសួស្តី សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាឲ្យជោគជ័យបន្តបន្ទាប់ថែមទៀត៕




រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ ( ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ )។
ដោយពិនិត្យឃើញថា ឥទ្ធិពលនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅលើពិភពលោក និងក្នុងតំបន់បាននិងកំពុងជះឥទ្ធិពលចំពោះប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទៅតាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការមួយចំនួនផងដែរដូចជា៖ វិធានការអប់រំ វិធានការរដ្ឋបាល វិធានការអនុវត្តច្បាប់ វិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សូមអានខ្លឹមសារនៃផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ដូចខាងក្រោម៖