(ភ្នំពេញ)៖ បក្សសង្គ្រោះជាតិ បានឈានមកដល់ដំណាក់កាល«ទឹកលិចដល់ច្រមុះ» ហើយ។ បក្សនេះអាចនឹងរលាយ បើរកវិធីសង្គ្រោះបន្ទាន់មិនទាន់ពេលវេលា។ គ្រោះថ្នាក់ដែលធំបំផុតនោះ គឺបក្សនេះអាចនឹងត្រូវ គ.ជ.ប លុបចេញពីបញ្ជីបោះឆ្នោត!?
ពេលនេះ ស្ថានភាពជំងឺដ៏ធ្ងន់ធ្ងរនិងកាចសាហាវរបំផុតបស់បក្សសង្គ្រោះជាតិ មិនមែនត្រូវការត្រឹមតែជា«ឈាមបញ្ចូល» ដើម្បីសង្គ្រោះបន្ទាន់នោះទេ ពោលគឺត្រូវការវះកាត់យក «បេះដូង» របស់អ្នកណាម្នាក់ក្នុងបក្សនេះ ដើម្បីយកមកសង្គ្រោះជីវិតបក្សទាំងមូលតែម្តង។ ពិតណាស់ ប្រសិនបើមេដឹកនាំបក្សនេះ គ្មានសេចក្តីក្លាហាន មិនអារកាត់ មិន«ធ្វើពលីកម្មដើម្បីសង្គ្រោះបក្ស»ទេ សូមត្រៀមទង់ក្រពើឲ្យហើយទៅ!។
វិបត្តិធំ៤យ៉ាងដែលក្លាយជាជំងឺមហារីកបេះដូងរួមរិតបក្សសង្គ្រោះជាតិគឺ៖ ការសម្រេចចិត្តខុសខាងនយោបាយ, សមាជខុសច្បាប់, វិបត្តិក្បាលម៉ាស៊ីន និងការបែកបាក់ហែកហួរដណ្តើមអំណាចផ្ទៃក្នុង។ លើសពីនេះ តើអ្វីខ្លះទៀតដែលគណបក្សសង្គ្រោះជាតិកំពុងប្រឈមជាក់ស្តែង? ហើយតើអ្វីជាសេនារីយោថ្មី ដើម្បីប្រើជាវិធីព្យាបាលក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នេះ?
ទី១) កំហុសខាងយុទ្ធសាស្ត្រនយោបាយ៖ ការសម្រេចចិត្តខុសខាងនយោបាយកើតឡើងផ្ទួនៗទាំងលោក សម រង្ស៊ី និងលោក កឹម សុខា។ ដោយសារតែបែកធ្លាយរឿងអាស្រូវផ្លូវភេទ លោក សម រង្ស៊ី សម្រេចចិត្តលាលែងពីបក្សក្រោមលេសថា សង្គ្រោះបក្ស។ កំហុសនេះ នាំដល់ការបង្កើតកំហុសថ្មី១ ទៀត គឺលោក កឹម សុខា សម្រេចចិត្តធ្វើសមាជទាន់ហន់ ដើម្បីក្រសោបយកបក្សនេះ ដោយភ្លេចមើល លក្ខន្តិកៈ ហើយបំពានលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់បក្ស។
ទី២) វិបត្តិផ្ទៃក្នុង៖ «សមាជទាន់ហន់» ដែលគេហៅថា «សមាជខុសច្បាប់» បាននាំដល់ការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងររវាងថ្នាក់ដឹកនាំនិងសកម្មជនក្នុងកូតាបក្ស សម រង្ស៊ី និងកូតាបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។ ទំនាស់និងការថ្នាំងថ្នាក់ គឺបានកើតឡើងទាំងនៅថ្នាក់មូលដ្ឋាន ថ្នាក់កណ្តាល និងក្នុងជួរថ្នាក់ដឹកនាំ។ មនុស្សរបស់លោក គង់ គាំ ក្នុងនោះមានទាំងកូនៗរបស់លោក គង់ គាំ, លោក ជា ប៉ូច, លោក នេត ណាត, លោកស្រី សេង ធារី និងមនុស្សជាច្រើនទៀត គឺមិនគាំទ្របេក្ខភាពលោក កឹម សុខា ជាប្រធានបក្សទេ។ សូម្បីតែលោក យឹម សុវណ្ណ ក៏មិនគាំទ្រនិងមិនឱនក្បាលធ្វើជាអនុប្រធានបក្សនៅក្រោមលោក កឹម សុខា ផងទេ។ នេះមិនទាន់រាប់ដល់បញ្ហារញ៉េរញ៉ៃដែលក្រុមលោក កឹម សុខា ខំក្រសោបយកតួនាទីរៀបចំបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ និងការតវ៉ាលើការទារលុយមុខតំណែងនេះផង។
ទី៣) បង្កើតកំហុសផ្នែកផ្លូវច្បាប់៖ ធ្វើសមាជទាន់ហន់ដោយបំពានលក្ខន្តិកៈបក្ស បានបង្កើតឲ្យមានកំហុសផ្នែកផ្លូវច្បាប់។ ឥឡូវនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនទទួលជួបទេ ប៉ុន្តែបានចាត់មន្ត្រីជំនាញបច្ចេកទេសឲ្យជួបជំនួស។ ពីព្រោះ ម៉ោងនេះមិនមែនរឿងនយោបាយទេ ហើយក្រសួងមហាផ្ទៃក៏មិនឆោត ឲ្យបក្សសង្គ្រោះជាតិខ្ចីដៃលេងល្បែងនយោបាយ ជជែករឿងនយោបាយធ្វើជាឡប់ឡែបិទបាំងស្ពិនភ្នែកប្រជាជន លើកំហុសផ្នែកច្បាប់នោះទេ។ ច្បាប់ គឺជាច្បាប់។ ម៉ោងនេះគឺនិយាយអំពីទិដ្ឋភាពច្បាប់ នឹងការអនុវត្តច្បាប់។
ទី៤) ដំណើរឈានទៅដល់ការរលាយបក្ស និងការលប់ចេញពីបញ្ជីឈ្មោះបោះឆ្នោត៖ នេះជាស្ថានភាពប្រកាសអាសន្ន!។ ច្បាប់មិនបានហាមឃាត់ទេ ហើយច្បាប់ក៏មិនអាចអនុវត្តបានដែរ បើសង្គ្រោះជាតិធ្វើអ្វីៗអនុលោមតាមតែលក្ខន្តិកៈបក្ស និងតាមតែភាពត្រឹមត្រូវ។ ឥឡូវនេះ បក្សមានជំងឺគាំងបេះដូងធ្ងន់ធ្ងរហើយ។ អ្នកនាំពាក្យ គ.ជ.ប គឺលោក ហង្ស ពុទ្ធា បាននិយាយប្រាប់វិទ្យុបារាំងថា «ប្រសិនក្រសួងមហាផ្ទៃសម្រេចមិនផ្តល់សុពលភាពទេ នោះ គ.ជ.ប ក៏សម្រេចលុបចោលសុពលភាព បេក្ខជនគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះដែរ»។ ពុទ្ធោ! ធ្ងន់ធ្ងរ!។
ទី៥) តើអ្វីជាសេនារីយោសង្គ្រោះបន្ទាន់?៖ ក្នុងជំងឺដ៏ធ្ងន់ធ្ងរទាំងអស់នេះ គឺត្រូវការមេបក្សម្នាក់ផ្តល់ បេះដូង មកសង្គ្រោះជីវិតបក្សទាំងមូល។ គណបក្សត្រូវតែធ្វើសមាជឡើងវិញបន្តបន្ទាប់ឲ្យត្រូវតាមខ្លឹមសារដែលមានចែងក្នុងលក្ខន្តិកៈបក្ស។ លោក កឹម សុខា ត្រូវតែលាលែង ហើយលោកស្រី ជូឡុង សូមួរ៉ា ភរិយាលោកសម រង្ស៊ី និង លោក គង់ គាំ ត្រូវតែឈរឈ្មោះជាបេក្ខភាពប្រធានបក្សដើម្បីបោះឆ្នោតឲ្យមានប្រជាធិបតេយ្យ។ ចំពោះតួនាទីអនុប្រធានបក្ស ក៏ត្រូវតែប្រកាសចំហរ និងបោះឆ្នោតឲ្យបានត្រឹមត្រូវតាមប្រជាធិបតេយ្យ កុំធ្វើបង្គ្រប់កិច្ចដូចសមាជថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
ទេវតាជួយបានតែអំពើល្អ និងភាពត្រឹមត្រូវទេ។ សារជូនពររបស់ «មេទេវតា» គឺជាគុណធម៌នយោបាយ និងជាការទូតនយោបាយ ដែលមិនទាក់ទងផ្លូវច្បាប់ ការទទួលស្គាល់ ឬការផ្តល់សុពលភាពណាមួយឲ្យបក្សព្រះអាទិត្យនោះទេ ទោះបីលោក សម រង្ស៊ី បានយល់ខុសចំពោះសារនេះក៏ដោយ។ អ្នកនយោបាយគួរតែធ្វើជាគំរូសម្រាប់ប្រជាជន ដែលត្រូវមានទាំងសមត្ថភាព សេចក្តីក្លាហាន សីលធម៌ និងគុណធម៌ បើមិនដូច្នោះទេ ប្រយ័ត្នត្រូវ «បណ្តាសាររបស់ទេវតា»។ គុណធម៌ និងសមត្ថភាពសំខាន់ណាស់! ដឹកនាំតែបក្សនយោបាយមួយពិបាកយ៉ាងនេះទៅហើយ… សូមប្រកាសអាសន្នម្តងទៀត! បក្សសង្គ្រោះជាតិកំពុងស្ថិតក្នុងស្ថានភាព «សង្គ្រោះបន្ទាន់ហើយ!»៕
ដោយ៖ សេនាជាតិ