Monday, March 27, 2017

លោក កែវ រ៉េមី ឆ្លើយតបនឹងរបាយការណ៍ របស់ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ លោក កែវ រ៉េមី រដ្ឋលខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និង​ជាប្រធានគណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា របាយការណ៍របស់សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ស្តីពី «លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា»​ កាល​​​ពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ពុំបានឆ្លុះបញ្ចាំងពីការ​យល់​ឃើញរបស់អាស៊ានឡើយ។ លោក បានថ្លែងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹក​ថ្ងៃទី២៧ ខែមីនា នេះ នៅ​ទី​ស្នាក់​ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក កែវ រ៉េមី បានបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែង​ការ​ណ៍​ប្រតិ​កម្មនឹង របាយការណ៍របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ដោយ​ដាក់​ចំ​ណង​ជើង​ថា «ការ​វាយ​ប្រហារ​សមា​ជិក​សភា និង​ការ​គំរាម​កំហែង​ស្ថាប័ន​កម្ពុជា គឺ​ជា​សំឡេង​ជួង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា» ផងដែរ ប៉ុន្តែលោក Charl Santiago ដែលជា​សមាជិកសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃក្រុមនេះ បែរជា​លើកឡើងដោយ​គឃ្លើន​ថា​រាជរដ្ឋាភិបាលទទួលស្គាល់ការពិតទៅវិញ។
លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបញ្ជាក់ថា សិទ្ធិមនុស្សពុំមានស្តង់ដារ រួមណាមួយនោះឡើយ គឺអាស្រ័យលើវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សេដ្ឋកិច្ចរបស់ប្រទេស នីមួយៗមិនអាចប្រៀបធៀបបាននោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស លោក កែវ រ៉េមី បានលើកឡើងថា មានទំ​នាក់​ទំនងគ្នាយ៉ាងជិតស្និទ ហើយកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងល្អកន្លងមក ដូចជា៖ ១-កម្មវិធីសមធម៌របស់ UNDP នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ២-កម្មវិធីពិភាក្សាដេញដោលពាក់ព័ន្ធនឹងគោលនយោបាយរបស់បក្សនានាដែលរៀបចំដោយអង្គការ NDI និង IRI ៣- កម្មវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយអនុញ្ញាតឱ្យមានកម្មវិធីតុមូល បញ្ចេញគំនិតពីគ្រប់បក្សនយោបាយ ៤- កម្ពុជា អនុញ្ញាតឱ្យមានសារព័ត៌មានបរទេសដូចជា RFA, VOA, RFI, Phnom Penh Post, The Cambodian Daily ជាដើម៕


No comments:

Post a Comment