Monday, March 27, 2017

ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​បុណ្យ​ទន្លេ​អាច​កើន​ដល់​ជាង ​១០​ម៉ឺននាក់​

ស្ទឹងត្រែង៖ ពិធីបុណ្យទន្លេ លើកទី៣ នៅខេត្តស្ទឹងត្រែងថ្ងៃដំបូង បានទទួលភ្ញៀវទេសចរចូលទស្សនាកម្សាន្ដប្រមាណ ៣ម៉ឺននាក់ ដែលកើនឡើងហួសពីការស្មាន។ នេះបើយោងតាមប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងពិធីជិះកង់ប្រណាំង ដើម្បីអបអរសាទរបុណ្យទន្លេ កាលពីថ្ងៃទី២៥ខែមីនា ឆ្នាំ២០១៧ ។

លោក ថោង ខុន បានបញ្ជាក់ថា ដំបូងឡើយលោករំពឹងមានភ្ញៀវទេសចរចូលរួមលេងកម្សាន្ដក្នុងឱកាសបុណ្យទន្លេរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមីនានេះត្រឹមតែ ៦ម៉ឺននាក់ប៉ុណ្ណោះ ។ ប៉ុន្ដែជាក់ស្ដែងសម្រាប់ថ្ងៃដំបូងមានភ្ញៀវទេសចរប្រមាណជាង ៣ម៉ឺននាក់បានចូលទស្សនា ដោយហេតុនេះ លោករដ្ឋមន្ដ្រី សង្ឃឹមយ៉ាងមុតមាំថា ចំនួនអ្នកចូលរួមរយៈពេល ៣ថ្ងៃនឹងកើនឡើងដល់ជាង ១០ម៉ឺននាក់ ។

លោករដ្ឋមន្ដ្រីបន្ថែមថា ដោយសារខេត្តស្ទឹងត្រែង គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយរបស់កម្ពុជា ដូច្នេះបន្ទាប់ពីបញ្ចប់បុណ្យទន្លេ ក្រសួងទេសចរណ៍នឹងបន្ដរៀបចំសកម្មភាពផ្សេងៗ រហូតអាចមានកិច្ចសហការជាមួយភាគីឡាវ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង។ មិនតែប៉ុណ្ណោះ ក្រសួងក៏មានគម្រោងច្បាស់លាស់លើការអភិរក្សសត្វផ្សោត រួមទាំងតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ ។


គួរបញ្ជាក់ថា ថ្ងៃទី២៥ ខែមីនាម្សិលមិញនេះ គឺជាថ្ងៃទី២ នៃការរៀបចំបុណ្យទន្លេ លើកទី៣ ហើយនៅល្ងាចថ្ងៃនេះដែរ ក៏នឹងមានការរៀបចំកម្មវិធីប្រកាសបើកពិធីបុណ្យទន្លេជាផ្លូវការ ដោយមានការចូលរួមពីលោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងមន្ដ្រីពាក់ព័ន្ធជាច្រើនផងដែរ ៕


No comments:

Post a Comment